ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​អះ​អាង​ថា​ប្រសិនបើមានការដកប្រព័ន្ធ​​អនុ​គ្រោះ​ពន្ធលើ​ទំនិញ​គ្រប់​មុខ​របស់​កម្ពុជា​លើក​លែង​តែ​គ្រឿង​សព្វាវុធ (EBA) របស់​សហ​ភាព​អឺរ៉ុប​ នឹង​មិន​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​របស់​​កម្ពុជា​នោះ​ទេ​ ខណៈ​ក្រសួង​នានា​របស់​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​នោះ​។

បន្ទាប់​ពីស​ភា​អឺរ៉ុប​បាន​អំពាវ​នាវ​ដល់​គណៈកម្មកា​រ​អឺរ៉ុប​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​កាត​ព្វកិច្ច​របស់​កម្ពុជា​ក្រោម​អនុ​សញ្ញា​ក្នុង​មាត្រា​១៩​នៃ​បទ​ប្បញ្ញត្តិ​របស់ EBA ​ឥឡូវ​នេះ​ដំណើរ​ការ​នីតិ​វិធី​បាន​និង​កំពុង​ពិភាក្សា​ទាក់​ទង​នឹង​ឯក​សារ​ ​ដោយ​ត្រូវ​ប្រើ​ពេល​ប្រមាណ​១​ឆ្នាំ​ហើយ​ប្រសិន​គេ​នៅ​តែ​មើល​ឃើញ​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​ផ្ទុយ​នឹង​កាត​ព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​ EBA នេះ នោះ​ប្រព័ន្ធ​​អនុ​គ្រោះ​ពន្ធ​នាប​ច្ចុប្បន្ន​​នឹង​ត្រូវ​ដក​ចេញ​ជា​បណ្តោះ​អា​សន្ន​។

ទោះ​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​អឺរ៉ុប​ លោក Daniel Rosario បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ​១៧ ​ខែ​តុលា នេះ​ថា គិត​ត្រឹម​ថ្ងៃ​​ពុធ ​[១៧ តុលា] នេះ ​គណៈ​កម្មការ​អឺរ៉ុប ​មិន​ទាន់​​​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ចាប់​ផ្តើម​ដំណើរ​​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះនៅ​ឡើយ​ គឺ​គណៈ​កម្ម​ការ​​កំពុង​​រៀប​ចំ​ឯក​សារ​នេះ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ​ហេង​ សួរ​ បាន​ថ្លែងថា​រដ្ឋា​ភិបាល​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA នេះ។

លោក​ថ្លែង​ថា៖«មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​មួយ​​របស់​គ្រប់​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់។ យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយនឹង​ដោះ​ស្រាយ​មួយ​ជំហាន​ម្តង​ៗ។ នេះ​មិន​មែន​ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ទេ។ ដូច្នេះ​ហើយ​មិន​ចាំ​បាច់​ចេញ​ផ្សាយ​ផែន​ការ​អនា​គត​ណា​មួយ​នោះ​ទេ។ យើង​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់​សម្រាប់​ឆ្នាំ​ ២០២១»។

លោក ហេង សួរ​ បាន​លើក​ឡើង​ថា​ ប្រសិន​បើ​មាន​ការ​សម្រេច​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហ​ភាព​អឺរ៉ុប​សម្រាប់​ទំនិញ​កម្ពុ​ជា​មែន ​នោះ ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​រឹងមាំ​តាមរយៈ​ការ​ពង្រឹង​ ស្ថាប័ន​សាធារ​ណៈ ​ពង្រឹង​ផលិត​ភាព ​និង​ធន​ធាន​មនុស្ស ​ព្រម​ទាំង​កាត់​បន្ថយ​រនាំង​រដ្ឋបាល​មិន​ចាំ​បាច់​មួយ​ចំនួន​ដើម្បី​ធានាបាន​នូវ​ការ​ប្រកួត​ប្រជែង​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​យូរ​អ​ង្វែង​ទៅ​លើ​វិស័យ​កាត់​ដេរ​នេះ។

លោក​បាន​បន្តថា​ ម្យ៉ាង​ទៀត​ការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ក៏​មិន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​កម្ពុជា​ជួប​បញ្ហា​នោះដែរ ពីព្រោះ​ ដោយ​ស្វ័យ​ប្រវត្តិ​ កម្ពុជា​នឹង​បាត់បង់​ភាព​អនុ​គ្រោះ​ពន្ធ​នេះ នៅ​អំឡុង​ឆ្នាំ​ ២០២១ ​ឬ​ ២០២៣​ ដោយ​សារ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ហើយ។

លោក​ អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិប្ប​តេយ្យ​កម្មករ​ កាត់​ដេរ​កម្ពុជា​បាន​ថ្លែង​ថា​វិធីសាស្ត្រ​របស់​ក្រសួង​ការងារ​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ផលិត​ផល​វិស័យ​កាត់​ដេរ​ ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប បាន​ពី ២០ ​ទៅ ៣០ ​ភាគ​រយ ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាន​នាំ​ចេញ​ ប្រ​មាណ​៤៥ ​ភាគ​រយ។

លោក​ថ្លែង​ថា៖ «នៅក្នុង​ឆ្នាំ ​២០១៧​ ​ ផលិត​ផល​កាត់​ដេរ​ផលិត​បាន​ត្រូវបាន​បញ្ជូន​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ ចំនួន​ជាង ​៤០ ​ភាគ​រយ។ ការបង្កើតបាន​អាជីវកម្ម​ដូច​បច្ចុប្បន្ន​ ដោយសារ​យើង​ទទួល​បាន​ការ​សម្រប​សម្រួល​ ១០០ ​ភាគ​រយ​ ប៉ុន្តែ​ បន្ទាប់​មក​យើង​ត្រូវ​ដក​ចេញ​ពី EBA ដូច្នេះ​ពួក​គេ​នឹង​យក​ពន្ធ​ពី​យើង​ពី ៩ ភាគ​រយ​ ទៅ ១២ ​ភាគរ​យ»។

លោក​បន្ថែម​ថា៖«យើង​ដែល​ជា​សហជីព​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​កម្មករ​កម្ម​ការិនី​កាត់​ដេរ ដោយ​សារតែ​កម្មករ​ជាច្រើន​ធ្វើការ​នៅក្នុង​ឧស្សា​ហ​កម្មនេះ។ ពួកគេ​អាច​ប្រឈម​នឹង​ការ​អត់​កា​រងារ​ធ្វើ និង​គ្មាន​ប្រាក់​ចំណូល ដូច្នេះ​យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ហើយ​ច្បាស់​ជា​ជួប​ការ​លំបាក»។

លោក ​អាត់​ ធន់​ បាន​ទទូច​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា​និង​សហភាព​អឺរ៉ុប​ឱ្យ​បន្ត​កិច្ចចរចាដើម្បី​កុំ​ឲ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ។

លោក​បញ្ជាក់​ថា៖ ​«ជំហរ​សំខាន់​ៗ គឺ​ភាគី​ពីរ​ទាំង​រដ្ឋា​ភិបាល​និង​សហ​ភាព​អឺរ៉ុប។ ​ប្រសិន​បើ ​ពួកគេ​ទាំង​ពីរ​មិនមាន​ការ​សម្រុះ​សម្រួល​គ្នា​ហើយ​ឈាន​ទៅ​ដល់​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ នោះ​ពួក​យើង​ដែលជា​សហជីព​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ឧទា​ហរណ៍​ការបង្កើត​ការងារ​ថ្មី​សម្រាប់​កម្មករ​គឺ​វា​ពិតជា​ពិបាក​ណាស់​សម្រាប់​កម្មក​រ​ហេ​តុ​ដូច​នេះហើយ​ទើប​យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​បន្ត​កិច្ច​សន្ទនា​ជាមួយ​សហ​ភាព​អឺរ៉ុប​ពីព្រោះ​វា​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​របស់​យើង​​បាន​ច្រើន»។

ប្រសិន​បើ​មិន​មាន​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​ EBA នេះ ​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ពន្ធ​បាន​ប្រមាណ​ ៦៧៦​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

គួរ​រំឭក​ថា ​កាលពី​ឆ្នាំ ២០១៧ កន្លង​ទៅ កម្ពុជា​បាន​នាំ​ចេញ​ផលិត​ផលវិស័យ​កាត់ដេរ​ទៅ​កាន់​ទីផ្សារ ​សហភាព​អឺរ៉ុប​ ដែល​មាន​តម្លៃ​ជិត ​៤ ​ពាន់​លាន​ដុល្លារ ​ព្រម​ទាំង​បាន​ជួយ​ផ្តល់​ការ​ងារ​ដល់ក​ម្មករ​ជាង​ ៤០ ​ម៉ឺន​នាក់។​ ប៉ុន្តែ​ រហូត​មក​ទល់​បច្ចុប្បន្ន ​វិស័យ​វាយ​នភ័ណ្ឌ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​បាន​ជួយ​ការ​ងារ​ដល់​កម្មករ​ប្រ​មាណ ​៨០ ​ម៉ឺន​នាក់​ ៕ NS