ភ្នំពេញៈ ​ស្ថាប័ន​​មួយ​ចំនួន​ប្តេជ្ញា​ជំរុញ​ឲ្យ​ព​ន្លឿ​ន​សេច​ក្តី​​ព្រាង​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិ​ត​ផល​គ្រឿង​ស្រវឹង​ឲ្យ​ចេ​ញ​ជា​រូបរាង​​ឲ្យ​បាន​ឆាប់​បន្ទាប់ពី​​សេច​ក្តី​ព្រាង​ច្បាប់​នេះ ត្រូវបាន​ជាប់គាំង​នៅ​ក្រសួង​​សុខា​ភិបា​ល​​​ចាប់​​តាំងពី​ឆ្នាំ ២០១៥ ខណៈ​​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីមានការ​រក​ឃើញ​ថា ពល​រដ្ឋ​​ជិត​ ១០០ ​ភាគ​រយ សូម​ឲ្យ​រដ្ឋាភិបាលមា​ន ​វិធាន​ការ​បន្ថែម​ទៅលើ​​ការ​គ្រប់គ្រង​​គ្រឿង​ស្រវឹង។

សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ការ​ត្រួតពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង ដែលមាន​ប្រមាណ ៣៩ មាត្រា និង ១១ ជំពូក ដោយ​មា​​ន​​គោលដៅ​សម្រាប់​ចាត់វិធា​ន​ការក្នុងការ​គ្រប់​គ្រង និង​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ការលើក​កម្ពស់​ការយល់ដឹង និង​ការចូលរួម​របស់​ភាគី​ពាក់​​ព័ន្ធ ជាពិសេស​សាធារណជន​ អំពី​គ្រោះថ្នាក់​នៃ​ការប្រើ​ប្រាស់​ផលិត​ផល​គ្រឿង​ស្រវឹងដែល​នឹង​មាន​វិសាលភាព​គ្រប​ដណ្តប់​​ទូទាំង​ប្រទេស។

សេច​ក្តី​ព្រាង​ច្បាប់​នេះត្រូវ​បា​ន​ជាប់គាំង​នៅ​ក្រសួង​សុខា​ភិបា​ល​ បន្ទាប់ពី​បានរៀបចំ​ពិភាក្សា និង​ឯកភា​ព​​ពី​អន្តរក្រសួង​ចប់​រួច​រាល់​តាំងពី​ឆ្នាំ ២០១៥។ នេះ​បើតាមលោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។

លោក ពេ​ជ្យ​ ស្រស់ ប្រាប់​ភ្នំពេញប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​ចន្ទ​​ថា៖ «​ច្បាប់​នេះគឺ​សំខា​ន់ដូច​ខ្ញុំ​បញ្ជា​ក់​​អ៊ីចឹង ខ្ញុំ​ធ្វើ​ការងារ​នេះ ហើយ​ព្យាយាម​ជំរុញ​ឲ្យ​អស់លទ្ធភាព និង​បំពេញ​តួនាទី​របស់ខ្ញុំ។ ខ្ញុំ​នឹ​ង​ជំរុញ​ឲ្យ​ច្បាប់​ទាំង​ឡាយ​ណា ដែល​មាន​សារៈសំខាន់​ឲ្យ​ចេញ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ»។

កាលពី​ថ្ងៃទី ១១ ខែ មេសា​ កន្លងទៅ លោក ស្រស់ បាន​ដា​ក់​សំណើទៅ​កាន់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួង​ពាណិ​ជ្ជកម្មដើម្បី​ឲ្យ​មាន​វិធានការ​ទប់​ស្កាត់​ការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​យ៉ាង​អនាធិបតេយ្យ ដែល​ការផ្សព្វ​ផ្សាយ​បែប​នេះធ្វើ​ឲ្យ​មនុស្ស​ផឹក​គ្រឿង​ស្រវឹ​ង​​កាន់​តែ​ច្រើន​ដែល​ជា​ដើម​ហេតុ​​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​​ឲ្យ​មាន​អំពើ​ខុសច្បាប់​ផ្សេង​ៗ​ក្នុង​សង្គម។

បន្ទាប់​ពី​មាន​ការ​ដាក់​សំ​ណើនេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បាន​ប្រកា​ស​គាំទ្រ និង​ថ្កោលទោស​ចំពោះ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ដែ​ល​មាន​ការផ្ដល់​រង្វាន់។ លោក​ក៏បាន​ប្រកាស​ពី​ការតាំង​ចិត្ត និង​ដាក់ចេញ​ជា​វិធានការ​ចំនួន​ ២ ដើម្បី​ឲ្យ​ក្រសួង​ត្រៀម​អនុវត្ត​​ផងដែរ ដោយ​ទី១ រៀប​ចំ​សេច​ក្តី​​​ព្រាង​អនុ ក្រឹត្យ​ស្ដីពី​ការគ្រប់​គ្រង​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ដាក់ជូន​នាយករដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច។ ទី២​ រៀបចំ​ប្រកា​ស​​អន្តរក្រសួង​ ស្ដីពី​ការគ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​អនុលោម​តាម​ច្បាប់​ស្ដីពី​ការគ្រ​ប់​គ្រង​គុណ​ភាព និង​សុវត្ថិភាព​ផលិត​ផល​ទំនិញ និង​សេវា។

លោកស្រី ឡោក ខេង ប្រធា​ន​​​គណៈកម្មការ​ទី ៨ នៃ​រដ្ឋសភា ​ឲ្យ​ដឹង​ថា គណៈ​កម្មការ​ក៏មាន​វិធានការ​ក្នុងការ ជំរុញ​ឲ្យ​ព​ន្លឿ​ន​​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ​ ខណ:លោកស្រី​អះអាងថា ក្រសួង​សុខាភិបាល កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ច្បាប់​នេះ។

លោកស្រី​បញ្ជាក់ថា៖ «ខ្ញុំ​កំពុងតែ​ព្រួយ​បារម្ភ​ខ្លាំងណាស់ពី​បញ្ហា​គ្រឿ​ង​ស្រ​វឹង​ហ្នឹង ព្រោះ​វា​បណ្តាល​ឲ្យ​មាន​វិបត្តិ​នៅក្នុង​សង្គម​ច្រើន ជាពិសេស​ប៉ះពាល់​ទៅលើ​សុ​ខ​​ភាព​ប្រជាពលរដ្ឋ ដែល​យើង​ត្រូវតែ​ខិតខំ​ធ្វើ​យុទ្ធនាការ​ប្រយុ​ទ្ធ​​ប្រឆាំង​​បញ្ហា​ទាំង​នេះ»។

លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ពី​ម្សិលមិញបាន​បដិសេធ​ធ្វើ​អ​ធិប្បា​យ​ជុំវិញ​នីតិវិធី​នៃ​សេចក្តី​ព្រាង​ច្បា​ប់​ស្តីពីការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​នេះ ដោយ​បង្វែរ​សំណួរ​ទៅ​អ្នក​នាំ​ពាក្យ។ ប៉ុន្តែលោក​ស្រី ឱ វណ្ណឌី​ន រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​​សុខា​ភិបា​ល និង​លោកស្រី យក់ សម្បត្តិ អគ្គ​​នាយិកា​រដ្ឋបាល​នៃ​ក្រសួង​សុខា​​ភិ​បាលបាន​បដិសេធ​ធ្វើ​អធិប្បា​​យ​ដោយ​មាន​ប្រសាសន៍​ថា​ជាប់​​រវល់​ប្រជុំ។

លោក មុំ គង់ នាយក​ប្រតិប​ត្តិ​​​អង្គការ​ចលនា​ដើម្បី​សុខ​ភា​ព​​កម្ពុជាថ្លែង​ថា វា​គួរតែ​ដល់​ពេ​ល​ហើយ ដែល​រដ្ឋាភិបា​ល ជា​ពិសេ​ស​ក្រសួង​សាមីពិភា​​ក្សា​​ព​ន្លឿ​ន​ឲ្យ​ច្បាប់​នេះឆាប់​បាន​ដាក់​ប្រើ​ប្រា​ស់​ជា​ប្រយោជន៍​សង្គម។ លោក​បន្ត​ថា សេចក្តី​ព្រាង​ច្បាប់​នេះ គឺធ្វើ​ឡើង​ស្របទៅ​នឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​ច្បាប់​អន្តរជាតិ ​ក្នុងការកាត់​បន្ថយ​ផលប៉ះ​ពាល់​ពី​គ្រឿង​ស្រវឹ​ង​ហើយ​វាក៏ជា​អ្វី​ដែល​ពលរដ្ឋ​កម្ពុជាចង់​បាន​ផងដែរ។

លោក​បញ្ជាក់​ថា៖ «​ខ្ញុំ​គិតថា ដល់ពេល​វេលា​ស័ក្តិ​សម និង​ជា​ពេលវេលា​ដែល​គួរតែ​​បញ្ចប់​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់ សម្រាប់​ការត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ហ្នឹង​ហើយ»។

សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹងត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​ការស្ទង់​មតិ​​​របស់​សាក​ល​​​​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កា​ល​​ពី​ចុង​ឆ្នាំ​ ២០១៤ បាន​រក​ឃើ​ញ​ថា ពលរដ្ឋ​កម្ពុ​ជារហូត​ដល់​ទៅ ៩៦ ភាគរយ​ សំ​ណូ​ម​​ពរ​ឲ្យ​រដ្ឋាភិបាលមាន​វិធាន​ការ​បន្ថែម​ទៅ​លើ​​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង និង​របាយការណ៍​ស្រាវជ្រាវ​​​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការអភិវឌ្ឍ​កាល​ពី​ឆ្នាំ ២០១៥ បាន​​រក​ឃើ​ញ​ថា គ្រឿង​ស្រវឹង និង​គ្រឿង​ញៀ​ន គឺជា​បញ្ហា​ដ៏​ធំ​របស់​យុវជន។

លើស​ពី​នេះ មូលនិធិ​អាស៊ី​ កា​ល​​ពី​ឆ្នាំ ២០១៧ ក៏រក​ឃើញ​ដែរ​ថា គ្រឿង​ស្រវឹង​ គឺជា​កត្តា​រួម​ចំណែក​យ៉ាង សំខាន់​ក្នុង​អំពើ​ហិង្សា​ប្ដី​ប្រពន្ធ ឬ​ដៃគូ​ស្និទ្ធ​ស្នា​ល ហើយ​ស្រដៀង​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO​) ​កាល​ពី​ឆ្នាំ ២០១៦ បាន​ចាត់​ទុ​​ក​​គ្រឿង​ស្រវឹង ជា​ទំនិញ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​សង្គម។

តំណាង​ក្រុម​ហ៊ុន​ស្រាបៀរ​មួយ​​ចំនួន​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់​ទង​កាល​ពី​ម្សិលមិញ​ បាន​បដិសេធ​ធ្វើ​អធិប្បាយ៕​