ភ្នំ​ពេញៈ ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ចុះ​ចុះ​បញ្ជី​មូល​និធិ​ កែម ​ឡី​ ដែល​ទើប​បង្កើត​ថ្មី​ជា​ផ្លូវ​ការហើយ ​បន្ទាប់ពី​បាន​ពិនិត្យ​មើល​ពាក្យ​ស្នើសុំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​នោះ។

កាលពី​ម្សិល​មិញ​លោក​ ឈឹម​ កាន ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម ​និង​គណ​បក្សនយោបាយ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​អះ​អាង​អំពី​ការ​ចុះបញ្ជី​មូលនិធិ​នេះ​ថា​បាន​ជោគ​ជ័យ។

លោក​មាន​ប្រសាសន៍​ថា៖«យើង​បាន​អនុ​ញ្ញាត​ចុះ​បញ្ជី​មូលនិធិ​កែម​ឡី​រួច​ហើយ»។ លោក​ កាន​ បាន​បន្ថែមថា ​លោក​មិន​បាន​ចាំ​អំពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ​ទេ​ ប៉ុន្តែ​គឺ​ប្រហែល​ជា​មួយ​ឬ​ពីរ​សប្តាហ៍​មុន។

លិខិត​ចុះ​បញ្ជី​នោះ​ត្រូវបាន​ចុះហត្ថ​លេខា​ដោយ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​លោក​ ប៉ុល​ លឹម នៅ​​ថ្ងៃទី ៣០​ ខែ​មករា។ លោក​កែម ​ឡី​ត្រូវបាន​គេ​ធ្វើ​ឃាត​កាល​ពី​ខែសីហា​ឆ្នាំ២០១៦ មិន​យូរ​ប៉ុន្មាន​បន្ទាប់ ពី​លោក​បាន និយាយ អំពី​របាយ​ការណ៍ ​ថ្មី​មួយ​របស់​អង្គការ Global Witness ស្តីពី​គ្រួសារ ​របស់ លោក​នាយក រដ្ឋ​មន្ត្រី​ហ៊ុន​សែន។

លោក សៅ​ កុសល ​ប្រធាន​មូលនិធិ​ថ្មី​បាន​ថ្លែង​ថា៖« គោល​បំណង​នៃ​មូលនិធិ​នេះ​គឺ​បន្ត​នូវ​អ្វីដែល​លោក​កែម​ឡី​បាន​ធ្វើ..... ពីព្រោះ​ដូច​អ្នក​បានដឹង​ស្រាប់​ហើយ​លោក​កែម​ឡី​ត្រូវបាន​បាញ់សម្លាប់​ដោយ​សារតែ​លោក​[គាំទ្រ]​សេរី​ភាព​បញ្ចេញ​មតិ»។

លោក​បញ្ជាក់ថា ​មូលនិធិ​នេះ​ អាច​នឹង​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែមីនា ​ហើយ​នឹង​ធ្វើការ​ស្រាវ​ជ្រាវ​បញ្ហា​សង្គម ​ឧទា​ហរណ៍​ដូចជា​ផល​ប៉ះពាល់​នៃ​ដី​សម្បទាន​ដី​ទៅលើ​សហ​គមន៍ ហើយ នៅ​ពេល​​ចាប់ផ្តើម​នឹង​ចេញ​ប្រតិបត្តិ​ការ។ ពួកគេ​ក៏​នឹង​ស្វែង​រក​មេធាវី​ម្នាក់​ដើម្បី«​លើក​ទឹកចិត្ត​ដល់​រដ្ឋា​ភិបាល» ឱ្យធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​សម្លាប់​លោក​កែម​ ឡី​ ម្តង​ទៀត ​ដោយ​សា​តែ​ឥឡូវ​នេះ[ការ​ស៊ើប​អង្កេត​ពីមុន​]ហាក់​មិន​សម​ហេតុ​ផល​ទេ។

លោក​កុសល ​បាន​បន្តថា៖«សមា​គមន៍​មូលនិធិ​កែម​ឡី» នៅតែ​បន្ត​ស្វែងរក​មូល​និធិ​សម្រាប់ សកម្មភាព​របស់​ពួកគេ។ យោង​តាម​លក្ខន្តិកៈ​រប​ស់​មូល​និធិ​នេះ​ប្អូន​ប្រុស​របស់​លោក ​កែម ​ឡី​ គឺ​លោក​ កែម​ រិ​ទ្ធិ​សិទ្ធ ​គឺជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ហើយ​លេខា​ធិការ​ សមា​គម​គឺ​លោក ​សេង ​សារី​៕ NS