កណ្តាលៈ មេឃុំ​ព្រែក​ទន្លាប់​លោក ងឺ សារី បដិសេធ​ការចោទប្រកាន់​ថា​លោក និង​ប្រជាពលរដ្ឋ ប្រមាណ​ ៥០ ​គ្រួសារ​ បាន​ឃុបឃិត គ្នា​លក់​ដី​បឹង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ១ ​កន្លែង​ នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែកទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល​ដែល​មាន​ផ្ទៃដី​សរុប​ទំហំ ២៣៩,១៤៥០ ហិកតា ​ទៅ​ឲ្យ​ឈ្មួញ​ស្ងាត់ៗ​។ មន្ត្រី​ជំនាញ​អះអាង​ថា​នឹង​ចុះពិនិត្យ និង​រឹបអូស​វិញ បើ​ទោះបី​បឹង​នោះ​ត្រូវ​លក់​ក៏ដោយ​។

ការបដិសេធ​នេះ បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ពី​ការឃុបឃិត​លក់​ដី​បឹង​នេះ​ដោយ​មាន​ទាំង​បង្ហាញ​ស្នាម​មេដៃ និង​ឯកសារ​មួយ​ចំនួន​ផង​។ ប្រភពព័ត៌មាន​អះអាង​ថា​លោក​ ងឺ សារី មេឃុំ​ព្រែក​ទន្លាប់​បាន​ដឹកនាំ​ប្រជាជន​ដែល​រស់នៅ​ភូមិ​ព្រែកបាក់ និង​ភូមិ​ស្ពានដែក ឃុំ​ព្រែកទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល ឲ្យ​មក​ចូលរួម​សហការ​ផ្ដិតមេដៃ​លក់​ដី​បឹង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៅ​ឲ្យ​ឈ្មួញ​តាមរបៀប​លាក់​ការសម្ងាត់​។

លោក​ ងឺ សារី មេឃុំ​ព្រែកទម្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដោយ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំងនេះ និង​បាន​អះអាង​ថា​៖ «​គាត់​ចុះផ្សាយ​តែ​ម្ខាង អត់​បាន​មក​យក​ព័ត៌មាន​ពី​ខាង​ខ្ញុំ​។ ឯកសារ​ដែល​ចុះផ្សាយ​ហ្នឹង មិន​ដឹង​គាត់​បាន​ពី​ណា​មក អត់​មាន​ពាក់ព័ន្ធ​នឹង​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​អត់​មាន​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ទាំងអស់​ហ្នឹង​ឯណា​»​។

ទោះ​យ៉ាងណា​លោក​ទទួល​ស្គាល់​ថា ផ្នែក​ខ្លះ​នៃ​បឹង​នេះ​ពិត​ជា​មាន​ប្រជាពលរដ្ឋ​បាន​កាន់កាប់​អាស្រ័យ​ផល​ពិតមែន​។ ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់​បាន​ទេ​ថា តើ​មាន​ចំនួន​ប៉ុន្មាន​គ្រួសារ​ឲ្យ​ពិតប្រាកដ ព្រោះ​ប្រជាពលរដ្ឋ​ទាំងនោះ​មួយ​ចំនួន​មកពី​ឃុំ​ក្បែរៗ​នោះ​។

លោក សារី បន្តថា​៖ «​រឿង​ដី​បឹង​ជាទូទៅ​ការកាន់កាប់ ការ​អាស្រ័យផល ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឲ្យ​ប្រជាពលរដ្ឋ​គាត់​មាន​ការកាន់កាប់​អាស្រ័យ​ផល​ស្របច្បាប់​ឲ្យ​តែ​បំពេញ​តាម​លក្ខខណ្ឌ​នោះ​អាច​នឹង​ដាក់​ពាក្យសុំ​កាន់កាប់​ពិត​។ ប៉ុន្តែ​ឲ្យ​មាន​ការឃុបឃិត​គ្នា​ខុសច្បាប់​នោះ​មិន​បានទេ​»​។

យោង​តាម​ឯកសារ​ចំនួន​ ១០ ​សន្លឹក​ ដែល​ផ្សាយ​ក្នុង​បណ្តាញ សារព័ត៌មាន​បានបង្ហាញ​ពី​ស្នាម​មេដៃ និង​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន​ ៥០ ​គ្រួសារ​នោះ​។ ឯកសារ​បាន​បញ្ជាក់ថា ពួកគេ​ទាំង​នោះ​បាន​កាន់កាប់​ដី​ទំហំ​ចន្លោះ​ពី ២ ​ម៉ឺន​ទៅ​ ៥ ​ម៉ឺន​ ៥ ​ពាន់​ម៉ែត្រការ៉េ ប៉ុន្តែ​ឯកសារ​នេះ​មិនមាន​ចុះ​កាលបរិច្ឆេទ​នោះទេ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ផ្តិតមេដៃ​លក់​ដី​បឹង​នេះ​បាន​ទេ​។ ប៉ុន្តែ​លោក​ ងឺ សារី អះអាង​ថា​លោក​នឹង​ពិនិត្យ​ឈ្មោះ​ដែល​មាន​នៅក្នុង​លិខិត​ទាំងនោះ ដើម្បី​ឲ្យ​បាន​ច្បាស់​ថា ឈ្មោះ និង​ស្នាម​មេដៃ​ទាំងនោះ​ជា​ពលរដ្ឋ​ដែល​មាន​ទីលំនៅ និង​កំពុង​អាស្រ័យផល​នៅ​បឹង​នោះ ឬ​យ៉ាងណា​ស្រប​ពេល​លោក​អះអាង​ថា​មិន​បាន​ស្គាល់​។

ស្ត្រី​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅក្នុង​ឃុំ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា កន្លង​ទៅ​ខ្លួន​ធ្លាប់តែ​ឮ​ពាក្យ​ចចាមអារ៉ាម​ពី​ការឃុបឃិត​លក់​ដី​បឹង​នេះ​ពិតមែន​។ ប៉ុន្តែ​អ្នកស្រី​មិន​មាន​ភ័ស្តុតាង​ច្បាស់លាស់​យ៉ាងណា​នោះទេ ព្រោះ​គ្រាន់​តែ​ជា​ប្រជាពលរដ្ឋ​តូចតាច​នៅក្នុង​ឃុំ​។

អ្នកស្រី​ប្រាប់​ថា​៖ «​និយាយ​ទៅ​បឹង​ហ្នឹង​ប្រជាពលរដ្ឋ​គាត់​រកស៊ី​ចិញ្ចឹមជីវិត​ធម្មតា នៅពេល​ទឹក​វា​ឡើង វា​ស្រក​អី​ទៅ ប្រជាពលរដ្ឋ​រក​នេសាទ និង​ដាំដុះ បេះ​ត្រកួន បេះ​ព្រលឹត​អី​អ៊ីចឹងទៅ​។ តែ​រឿង​ទិញ​លក់​នេះ យើង​មិន​ហ៊ាន​អះអាង​ទេ ប៉ុន្តែ​គ្រាន់​ឮ​ពាក្យ​តៗ​គ្នា​ថា ប្រជាពលរដ្ឋ​ដែល​នៅ​ហ្នឹង លក់​ឲ្យ​ទៅ​គាត់ (​មេឃុំ​) ​ហ្នឹង​។ គ្រាន់តែ​ការលក់ដូរ​នេះ ខ្ញុំ​ឮ​តាម​ពាក្យ​អ្នក​ដែល​គាត់​ធ្លាប់​លក់​ហ្នឹង​ថា មាន​អ្នកផ្សេង​ចូល​ទិញ​ដី​តំបន់​នេះ មេឃុំ​គាត់​មិន​ឲ្យ​លក់​ទេ ដោយ​បង្ក​ការលំបាក​ដល់​អ្នកទិញ​ផ្សេង​អី​អ៊ីចឹង​។ ប៉ុន្តែ​បើ​លក់​ឲ្យ​គាត់ វា​បាន អាហ្នឹង​វា​អ៊ីចឹង​»​។

លោក​ លឹម ច័ន្ទសុភី ប្រធាន​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តកណ្តាល និយាយ​ថា​លោក​មិន​ធ្លាប់​ទទួល​បាន​សំណើសុំ​ចុះបញ្ជី​ផ្នែក​ណាមួយ​នៃ​បឹង​នេះ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់​នោះទេ​។ លោក អះអាង​ថា​មន្ទីរ​នឹង​ពិនិត្យ​លើ​ករណី​នេះ ខណៈ​ក្រុមការងារ​កំពុង​ពន្លឿន​នីតិវិធី​ចុះបញ្ជី​ដី​បឹង​ទាំងអស់​ក្នុង​ខេត្ត ដើម្បី​កំណត់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ចៀសវាង​ការរំលោភបំពាន​ពី​សំណាក់​ជនខិលខូច​។

បន្ថែម​ពីនេះ​លោក​ សុភី ក៏​អះអាង​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ក្នុង​បឹង​នេះ ឬ​នៅតាម​បឹង​ទាំងឡាយ​អាច​មាន​សិទ្ធិ​អាស្រ័យ​ផល​តែប៉ុណ្ណោះ​ដោយ​មិន​អាចមាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់​ដែល​ឈាន​ទៅ​មាន​ការទិញ​លក់​លើ​ដី ឬ​ផ្ទៃ​បឹង​របស់​រដ្ឋ​បានទេ​។

លោក​បញ្ជាក់ថា​៖ «​បើ​មាន​ការអះអាង​បែប​នេះ​យើង​នឹង​មើល​ដែរ​ថា វិសាលភាព​បឹង​នេះ​មាន​ទំហំ​ប៉ុន្មាន ប៉ុន្តែ​បើ​មាន​ឈ្មោះ​ថា​បឹង​បែបនេះ​ហើយ យើង​ពិចារណា ចុះបញ្ជី​ (​កម្មសិទ្ធិ​រដ្ឋ​) ​ហើយ​។ ចំពោះ​ការពាក់ព័ន្ធ​នឹង​ការសុំ​ចុះ​បញ្ជី​នោះ​ខាង​មន្ទីរ​នឹង​ពិនិត្យ​ហើយ​តាម​និយាម​ការ​មក​ក្នុង​ការចុះវាស់វែង បើសិន​ជា​ដី​បឹង យើង​កាត់ចេញ បើ​ទោះ​ជា​គាត់​អាស្រ័យ​ផល​ក៏ដោយ គឺ​មាន​សិទ្ធិ​តែ​អាស្រ័យ​ផល​ទេ​»​។

ក្នុងករណី​ដែល​មាន​ការទិញ​លក់​ដី​ទាំងនោះ​លោក​ លឹម ច័ន្ទសុភី អះអាង​ថា​៖ «​ពួកគេ​មានតែ​ប្រឈម​នឹង​ការដកហូត​ទេ ហើយ​អ្នក​ដែល​ទិញ គាត់​ប្រឈម​នឹង​ការខាតបង់​លុយកាក់​។ ឧទាហរណ៍ គាត់​ទៅ​ទិញ​ (​ដី​បឹង​) ចុងក្រោយ រដ្ឋ​សម្រេច​ចុះបញ្ជី​ទៅ គាត់​មាន​អ្វី​តវ៉ា​ទៀត ព្រោះ​តាម​ច្បាប់​ដី​រដ្ឋ​មិនអាច​លក់ដូរ​បាន មិនមែន​ជា​កម្មវត្ថុ​នៃ​ការលក់ដូរ​បានទេ​»​។

តាម​ការអះអាង បឹង​ដែល​កំពុង​មាន​ភាពចម្រូងចម្រាស​ពី​ការរំលោភបំពាន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ស្គាល់ និង​ហៅ​ឈ្មោះ​ខុសៗ​គ្នា​ទៅ​តាម​តំបន់​ដែល​ពួកគេ​កំពុង​រស់នៅ​ក្បែរ ហើយ​វា​ជា​ប្រភព​ចំណូល​មួយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការប្រកបរបរ​នេសាទ​ចិញ្ចឹម​ជីវិត​របស់​ពួកគេ​៕