ភ្នំពេញ៖ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ ​២០១៩ អ្នក​ដឹកនាំ​នយោបាយ​សំខាន់ៗ​ រួម​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក៏​ដូច​ជា​អតីត​មេ​ដឹកនាំ​អតីត​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ចេញ​សារ​នយោបាយ​រៀងៗ​ខ្លួន​ដោយ​​​ភាគ​ច្រើន​ផ្ដោត​លើ​សន្តិភាព ខណៈ​​ដែល​អ្នក​វិភាគ​យល់​ថា កម្ពុជា​នឹង​ជួប​នូវ​បញ្ហា​ប្រឈម​ និង​ឱកាស​មួយ​ចំនួន​នៅ​ក្នុង​ឆ្នាំ​ ​២០២០ ​នេះ​។

លោក​ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​មាន​រូប​លោក​ និង​ភរិយា សំពះ​ព្រះសង្ឃ អម​ដោយ​សារ​នយោបាយ​ដែល​សរសេរ​​ថា៖ «ប្រទេស​មាន​សុខ​​សន្តិភាព ​គឺ​ផ្តល់​ឱកាស​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗ​ធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ​ឆ្ងាយ​​ជិត​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ ជា​ពិសេស​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ដោយ​គ្មាន​ការ​បារម្ភ​ភ័យ​ព្រួយ​អ្វី​ឡើយ»។

ចំណែក​លោក ស ខេង ​​វិញ​ បាន​ចេញ​សារ​ដាច់​ដោយ​ឡែក​ ២ ដែល​ ១ ​​ជូន​ដល់​កង​កម្លាំង​នគរបាល​ជាតិ និង​មន្ត្រី​រាជការ និង​​ ១ ​ទៀត​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​មូល។ លោក​បាន​​ថ្លែង​អំណរគុណ​ដល់​កងកម្លាំង​នគរបាល​ជាតិ មន្ត្រី​រាជការ​ទាំង​អស់​ចំណុះ​ក្រសួង​មហាផ្ទៃ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ការ​លះបង់​ក្នុង​ការ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​​វិជ្ជា​ជីវៈ​បម្រើ​ជាតិ និង​ប្រជាជន ដោយ​ស្មោះស្ម័គ្រ​ និង​ទទួល​សមិទ្ធផល​ធំៗ​ជា​ច្រើន​ក្នុង​ឆ្នាំ​ ២០១៩​ កន្លង​ទៅ។

លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ក៏​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ប្ដេជ្ញា​​ចិត្ត​ដ៏​មោះមុត​របស់​កងកម្លាំង​នគរបាល​ជាតិ​ និង​មន្ត្រី​រាជការ​ស៊ីវិល​ទាំង​អស់ ក្នុង​បុព្វហេតុ​ចូល​រួម​ថែរក្សា​ ការពារ​សន្តិភាព សណ្ដាប់​ធ្នាប់​សាធារណៈ និង​​សុវត្ថិភាព​សង្គម​ជា​ពិសេស​ការ​​ទប់ស្កាត់​បាន​នូវ​ផែនការ​ដ៏​ខ្មៅ​ងងឹត ក្នុង​ចេតនា​ប៉ុនប៉ង​បំផ្លិច​បំផ្លាញ​សុខ​សន្តិភាព ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជន​ឧទ្ទាម​ក្បត់​ជាតិ»។

លោក ស ខេង បន្ត​ថា ការ​រួម​ចំណែក​ពួត​ដៃ​គ្នា​ធានា​បាន​យ៉ាង​រឹងមាំ​នូវ​ឯករាជ្យ​សន្តិភាព​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​ ពី​សំណាក់​មន្ត្រី​រាជ​​ការ​ស៊ីវិល និង​កងកម្លាំង​នគរ​បាល​ជាតិ​គ្រប់​លំដាប់​ថ្នាក់​បាន​​ផ្ដល់​លក្ខខណ្ឌ​អំណោយ​ផល​​ ឲ្យ​កម្ពុជា​បន្ត​នូវ​វឌ្ឍនភាព​សេដ្ឋកិច្ច​សង្គម និង​ការ​រីក​ចម្រើន​ជឿន​លឿន​ទៅ​មុខ​ជា​លំដាប់ ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។

លោក​ក៏​អំពាវនាវ​ឲ្យ​កងកម្លាំង​នគរបាល​ជាតិ និង​មន្ត្រី​រាជការ​បន្ត​កិច្ច​ខិតខំ​ត​ទៅ​ទៀត ​ដើម្បី​បង្កើត​នូវ​សមិទ្ធផល​ធំៗ និង​ជោគជ័យ​ថ្មី​ជូន​ជាតិ​ និង​ប្រជាជន​ក្នុង​ឆ្នាំ​ ​២០២០ ​នេះ។

ចំណែក​​នៅ​លើ​សារ​ជូន​​ពរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ លោក ស ខេង​បាន​ថ្លែង​ថា កម្ពុជា​បាន​​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ប៉ុន្តែ​កម្ពុជា​នៅ​តែ​អាច​សម្រេច​បាន​ នូវ​សមិទ្ធផល​ផ្លែ​ផ្កា​ជា​ច្រើន ក្នុង​ដំណើរ​ការ​កសាង​​ និង​អភិវឌ្ឍ​ ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ នៃ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ។ លោក​សរសេរ​ថា​៖ «ខ្ញុំ​ព្រះ​ករុណា​ សូម​យក​ឱកាស​ដ៏​ថ្លៃថ្លា​នេះ សម្ដែង​នូវ​អំណរ​គុណ​ និង​ការ​គោរព​កោត​សរសើរ​ដ៏​ស្មោះ​​ ចំពោះ​ទឹក​ចិត្ត ​និង​មនសិការ​ស្នេហា​ជាតិ​ដ៏​ខ្ពង់ខ្ពស់​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ដែល​បាន​ចូលរួម​ចំណែក​ការពារ ​រក្សា​សន្តិភាព បូរណភាព​ទឹក​ដី និង​ស្ថិរភាព​នយោបាយ ដោយ​បាន​រួបរួម​គ្នា​លើក​ស្ទួយ​ និង​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ​ធ្វើ​ឲ្យ​បរាជ័យ​រាល់​ឧបាយកល និង​មហិច្ឆតា​ទាំង​ឡាយ​ដែល​ប៉ុនប៉ង​បំផ្លិច​បំផ្លាញ​ និង​បង្ក​មហន្តរាយ​ដល់​ប្រទេស​ជាតិ ក្នុង​ចេតនា​បំបែក​បំបាក់​ស្មារតី​សាមគ្គីភាព​ឯកភាព​ជាតិ និង​ភាព​សុខដុមរមនា​នៅ​ក្នុង​សង្គម»។

ដោយ​ឡែក​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ក្នុង​សំណុំ​រឿង​ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» បាន​សរសេរ​សារ​យ៉ាង​ខ្លី​នៅ​លើ​​ហ្វេសប៊ុក​របស់​​លោក​ថា៖ «សូម​​ឲ្យ​ទសវត្សរ៍​ថ្មី​នេះ​នាំ​មក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​នាំ​កម្ពុជា​ឆ្ពោះ​ទៅ ​រក​សន្តិភាព​ពិត​ប្រាកដ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ទទួល​បាន​សេចក្តី​សុខ​ទាំង​កាយ​ និង​ចិត្ត»។

ចំណែក​លោក សម រង្ស៊ី ក៏​បាន​ចេញសារ​​មួយ​ផង​ដែរ ​ដោយ​​ជូនពរ​ឲ្យ​ប្រទេស ​កម្ពុជា ​មាន​ការ​​ផ្លាស់ប្ដូរ​វិជ្ជមាន ​គឺ​ការ​គោរព​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ដែល​ស្រឡាញ់​​សេរីភាព និង​យុត្តិធម៌​ និង​ចង់​រស់នៅ​ក្រោម​របប​ប្រជាធិបតេយ្យ​​​ដ៏​ពិត​ប្រាកដ។ លោក​ក៏​​លើក​ឡើង​ដែរ​ថា អ្វី​ដែល​ពលរដ្ឋ​ចង់​ឃើញ​នៅ​ឆ្នាំ ​២០២០ ​នេះ ​គឺ​ការ​រក្សា​បាន​នូវ EBA ជន​រងគ្រោះ​ពី​អតីតកាល​ទទួល​បាន​យុត្តិធម៌ ជន​ដែល​មាន​អាយុ​ក្រោម ​៣៥ ​ឆ្នាំ ​ចាប់​ផ្តើម​ឃើញ​ពន្លឺ​សេរីភាព ប្រកប​ដោយ​យុត្តិធម៌ និង​បញ្ញាញាណ និង​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ មាន​ជ័យ​ជម្នះ​លើ «​របប​ផ្ដាច់​ការ»។

ប៉ុន្តែ​ការ​អំពាវនាវ​របស់​លោក​ ​សម រង្ស៊ី ​ពាក់ព័ន្ធ​នឹង​ EBA ​នៅ​​ពេល​នេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​លោក​ធ្លាប់​លើក​ឡើង​កាល​ពី​ពេល​មុន​ថា ​ប្រជាពលរដ្ឋ​​គាំទ្រ​​ឲ្យ​សហភាព​អឺរ៉ុប​ដក EBA ហើយ​​ឲ្យ​ប្រជាពលរដ្ឋ​ទ្រាំ​លំបាក​មួយ​រយៈ​ខ្លី​មុន​នឹង​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ។ លោក​សម រង្ស៊ី បាន​សរសេរ​ថា៖ «​[ទី៤]​ សូម​ឲ្យ​ថ្នាក់​ដឹកនាំ​ប្រទេស ​កម្ពុជា ​​​សព្វថ្ងៃ ចេះ​ភ្ញាក់​ខ្លួន និង​ចេះ​កែ​ខ្លួន​ បើ​អាច​ធ្វើ​ទៅ​បាន ហើយ​សូម​ឲ្យ​មាន​ឆន្ទៈ​កែ​លម្អ​នយោបាយ​ដ៏​អាក្រក់​របស់​ខ្លួន ជា​ពិសេស​ សូម​ឲ្យ​ចេះ​គោរព​សិទ្ធិ​មនុស្ស និង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​បញ្ចៀស​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ពី​សហភាព​​អឺរ៉ុប ដូច​មាន​ចែង​ក្នុង​ចំណុច​ទី១ ខាង​លើ»។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ឆ្នាំ ២០២០ កម្ពុជា​នឹង​​​មាន​​ឱកាស​មួយ​ចំនួន​ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ក៏​ដូច​ជា​ការ​ពង្រីក​ខ្លួន​លើ​ឆាក​អន្តរជាតិ។​ លោក​ថា ​ឆ្នាំ ​២០២០ ​នេះ ​សភាពការណ៍​នយោបាយ ​មាន​ការ​ធូរ​ស្រាល ពោល​គឺ​សកម្មភាព​របស់​លោក សម រង្ស៊ី អាច​ថមថយ ខណៈ​ដែល​សំណុំ​រឿង​របស់​លោក កឹម សុខា បាន​ធូរ​ស្រាល​ខ្លះ​រួច​ហើយ បន្ទាប់​ពី​ត្រូវ​បាន​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

ចំពោះ​ការ​អភិវឌ្ឍ​វិញ លោក គិន​ ភា ​ថា​ កម្ពុជា​ក៏​មាន​ឱកាស​ក្នុង​ការ​ស្រូប​យក​ការ​វិនិយោគ​ពី​បរទេស​ដោយ​ផ្អែក​លើ​កត្តា​ស្ថិរភាព​នយោបាយ និង​សុខ​សន្តិភាព​។ លើស​ពី​នេះ​កម្ពុជា ​ក៏​នឹង​មាន​ឱកាស​ពង្រីក​ច្រក​ការ​ទូត និង​មុខ​មាត់​​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ ដោយសារ​តែ​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អឺរ៉ុប (ASEM) ដែល​​​មេ​ដឹកនាំ​ពិភព​លោក​ពាក់​កណ្ដាល​ផែន​ដី​នឹង​មក​កម្ពុជា​។

ទោះ​យ៉ាង​ណា​លោក​ថា កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដូច​ជា​​លទ្ធភាព​នៃ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំង​ស្រុង ​ឬ​ដោយ​ផ្នែក។

លោក​ថ្លែង​ថា៖ «បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ត្រៀម​លក្ខខណៈ​ក្នុង​ការ​បាត់បង់​ក៏​ដោយ តែ​ការ​បាត់​មួយ​ផ្នែក ឬ​បាត់​ទាំង​ស្រុង​ ក៏​វា​បង្កើត​ជា​ក្ដី​ព្រួយ​បារម្ភ និង​ជា​បញ្ហា​ប្រឈម​សម្រាប់​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា ​ពោល​គឺ​បាត់បង់​នូវ​ឧត្ដមភាព​សម្រាប់​ការ​ប្រកួត​ប្រជែង​។ បញ្ហា​ប្រឈម​ទី​២ គឺ​ថា ទោះបី​ជា​រឿង​នយោបាយ​ហាក់​ដូច​ស្រួល​បួល ប៉ុន្តែ​លោក សម រង្ស៊ី ជា​និច្ចកាល​ នឹង​បង្ក​លក្ខណៈ​មួយ​ដែល​មិន​ឲ្យ​កម្ពុជា​មាន​សភាព​ស្ងប់ស្ងាត់»។ លោក​​បន្ត​ថា បញ្ហា​រសើប​ទី​៣​ ដែល​នឹង​បន្ត​កើត​ឡើង​គឺ​រឿង​សន្ធិសញ្ញា​បន្ថែម​រឿង​​ព្រំដែន​កម្ពុជា​-​វៀតណាម និង​រឿង​ជនជាតិ​វៀតណាម​ នៅ​ខេត្ត​កំពង់​ឆ្នាំង ដែល​ពាក់ព័ន្ធ​នឹង​ដី ​៤០ ​ហិកតា​ ដែល​ពួក​គេ​រស់នៅ។

លោក​និយាយ​ថា៖ «នេះ​ជា​ចំណុច​ដែល​អ្នក​នយោបាយ​ អាច​ទាញ​យក​ទៅ​ធ្វើ​ជា​ការ​ប្រើប្រាស់​កំហឹង​ប្រជាពលរដ្ឋ​ឬ ​[យក] មនោសញ្ចេតនា​ជាតិ​របស់​ប្រជាពលរដ្ឋ ទៅ​ធ្វើ​ជា​ព្រឹត្តិការណ៍​នយោបាយ ​ហើយ​រឿង ​៤០ ​ហិកតា ​ដែល​ឲ្យ​អ្នក​រស់នៅ​លើ​ទឹក​នៅ​កំពង់ឆ្នាំង​នោះ ក៏​មិន​មែន​ជា​រឿង​មួយ​តូច​ទេ។ ខ្ញុំ​គិត​ថា ​វា​ជារឿង​មួយ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ភាព​ច្បាស់​លាស់​ ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន​»។

ស្រដៀង​គ្នា​នេះ​ អ្នក​វិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា កម្ពុជា​ប្រឈម​នឹង​បញ្ហា​ធំៗ ​២ គឺ​ការ​សម្រេច​ចិត្ត​ដក ឬ​មិន​ដក EBA របស់​សហភាព​អឺរ៉ុប ហើយ​ទី​២ គឺ​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ ប្រសិន​បើ​ឬ​នៅ​ពេល​ដែល​កម្ពុជា​ឈប់​គោរព​តាម​គោល​នយោបាយ​អព្យាក្រឹត​របស់​អាមេរិក​ហើយ​​ផុង​ខ្លួន​ក្នុង​ទីលាន​របស់​ចិន។ ​«ទី៣ កម្ពុជា​នឹង​ប្រឈម​ថា​ តើ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ និង​អាមេរិក នឹង​មាន​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ណា​ខ្លះ​ចំពោះ​កម្ពុជា ហើយ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាង​ណា​ហើយ​កម្ពុជា​​ត្រូវ​រក្សា​នូវ​នយោបាយ​ក្នុង​ស្រុក​យ៉ាង​ដូច​ម្ដេច​?»៕