ភ្នំពេញៈ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ និង​ជា​មេបក្ស​ខ្មែរ​ក្រោក​ស្នើឲ្យ​ក្រសួងមហាផ្ទៃ​បកស្រាយ​ភាព​មិន​ប្រក្រតី​ជុំវិញ​អាយុ​របស់​បេក្ខជន​ប្រឡង​ចូល​មន្ត្រីនគរបាល​សម្រាប់​សម័យ​ប្រឡង​ក្នុង​ឆ្នាំ ២០១៩ កន្លងទៅនេះ​ដែល​មាន​អាយុ​វ័យក្មេង​ផ្ទុយ​ពី​លក្ខខណ្ឌ​ច្បាប់​អនុញ្ញាត ខណៈ​លោក​ក៏​គ្រោង​នឹងដាក់​របាយការណ៍​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះដែរ​។

លោក​ សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ដែលជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​នគរបាលជាតិ​ដែល​ទើបតែ​ប្រកាស​លទ្ធផល​ថ្មីៗ​នេះ​ហាក់ដូច​មាន​ភាពមិន​ប្រក្រតី និង​មាន​លក្ខណៈ​មិន​ស្របច្បាប់​។

លោក​ សាប៊ុង បន្តថា ភាពមិន​ស្របច្បាប់​ដែល​លោក​សំដៅ​នោះ​គឺ​មាន​បេក្ខជន​មួយ​ចំនួន​ដែល​មាន​អាយុ​តិច​ខុស​ពី​ការកំណត់​ដោយ​ច្បាប់​។ អ្នកខ្លះ​មាន​អាយុ​ត្រឹម​ ១៦ ​ឆ្នាំ គិត​ត្រឹម​សម័យ​ប្រឡង ឆ្នាំ​ ២០១៩ និង​អ្នក​ខ្លះទៀត​ទើបតែ​មាន​អាយុ​ ១៧ ​ឆ្នាំ គិត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​ឆ្នាំ​ ២០២០ ​នេះ​ប៉ុណ្ណោះ​។ លោក​រំពឹង​ថា​អ្វី​ដែល​លោក​បានលើកឡើង​នេះ​នឹងមាន​ការបកស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​លើ​ឯកសារ​គតិយុត្ត​ឲ្យ​បាន​ច្បាស់​របស់​ក្រសួងមហាផ្ទៃ ដើម្បី​បង្ហាញ​ចំពោះ​បញ្ហា​ខុសច្បាប់​នេះ​ដល់​សាធារណជន​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ស្រាវជ្រាវ​ទៅលើ​ផ្លូវច្បាប់ ថា​តើ​ផ្លូវច្បាប់​អាច​ឲ្យ​បេក្ខជន​អាយុ​ប៉ុន្មាន​ចូល​ប្រឡង​? បើ​ផ្លូវច្បាប់​កំណត់​ឲ្យ​ចាប់ពី​អាយុ​ ១៨ ​ឆ្នាំ​ឡើងទៅ​ហើយ​ស្រាប់តែ​អាយុ​ ១៦ ​ឆ្នាំ​អាច​ប្រឡង​ចូល​បាន បាន​ន័យថា ខុសច្បាប់​ហើយ​។ ដូច្នេះ​បើ​ខុសច្បាប់​បែបនេះ​គឺ​យើង មាន​តែ​វិធានការ​ធ្វើ​របាយការណ៍​ទៅ​សម្តេចតេជោ​តែម្តង​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​គិតថា វា​មិនមាន​ភាពស្របច្បាប់ ព្រោះ​បើ​មាន​ភាពស្របច្បាប់​គួរតែ​ក្រសួងមហាផ្ទៃ​បង្ហាញ​ឯកសារ​គតិយុត្ត​មួយណា ថា​តើ​មាន​លក្ខខណ្ឌ​ណា អនុញ្ញាត​ឲ្យ​ក្មេង​អាយុ​ ១៦ ​ឆ្នាំ​ចូល​ប្រឡង​ធ្វើជា​ប៉ូលិស​។ ប៉ុន្តែ​បើសិន​ជា​អត់​មាន​ទេ នេះ​គឺ​មិន​មាន​ភាពស្របច្បាប់​»​។

លោក​ សាប៊ុង អះអាង​ថា​ក្រុម​ការងារ​កំពុង​បន្ត​ស៊ើបអង្កេត​ ដើម្បី​រក​តួលេខ​បេក្ខជន​ប្រឡង​ជាប់ ដែល​មាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ខណៈ​ពេល​នេះ​បាន​រកឃើញ​បេក្ខជន​ប្រឡង​ជាប់​ជា​ស្ថាពរ និង​បម្រុង​ជិត​ ១០ ​នាក់​ហើយ​ដែល​ទទួល​បាន​សិទ្ធិ​ប្រឡង ខុស​គោលការណ៍​អាយុ​នេះ​។

កាលពី​ថ្ងៃទី​ ២២ ធ្នូ ឆ្នាំ​ ២០១៩ ​ក្រសួង​មហាផ្ទៃ​បានរៀបចំ​ដំណើរការ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាលជាតិ​ទូទាំង​ប្រទេស សម្រាប់​បំពេញ​នៅតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​។ នៅ​ចុង​សប្តាហ៍​មុន​ក្រសួង​បាន​ប្រកាស​លទ្ធផល​ជា​បន្តបន្ទាប់ ដែល​ក្នុង​នោះ​ឃើញ​មាន​បេក្ខជន​ខ្លះ​បាន​ប្រឡង​ទើបតែ​មាន​អាយុ​ ១៦ និង​ ១៧ ​ឆ្នាំ​ប៉ុណ្ណោះ​។

សេចក្តី​ប្រកាស​ស្តីពី​ការប្រឡង ជ្រើសរើស​បេក្ខជន​ចូល​បម្រើការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​ ២៦ មិថុនា​ ២០១៩ ​ឲ្យ​ដឹងថា លក្ខខណ្ឌ​ដែល​បេក្ខជន​អាច​ដាក់​ពាក្យ​ប្រឡង​បាន​ត្រូវ​មាន​អាយុ​យ៉ាងតិច​ ១៨ ​ឆ្នាំ​ហើយ​មិន​លើសពី​ ២៥ ​ឆ្នាំ​។ ការកម្រិត​អាយុ​នេះ​ត្រូវ​បាន​រំកិល​ពី​ ២៥ ​ឆ្នាំ​ដល់​អាយុ​ ៣៥ ឬ​ ៤០ ​ឆ្នាំ​អាស្រ័យ​លើ​កម្រិត​វប្បធម៌​របស់​បេក្ខជន​ទទួលបាន​។

លោក​ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការប្រឡង​គឺ​មាន​គណៈកម្មការ​មួយ​ដែល​ត្រូវបាន​ចាត់តាំង​សម្រាប់​ធ្វើការ​រៀបចំ​ និង​គ្រប់គ្រង​ការប្រឡង​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ ខ្ញុំ​នឹង​ទទួល​យក​មតិយោបល់​របស់​គាត់​។ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ដែរ ព្រោះ​ការប្រឡង​នេះ​មាន​គណៈកម្មការ​គេ​រៀបចំ ហើយ​មាន​ចម្ងល់​អី​ឲ្យ​គាត់​ទាក់ទង​ទៅ​គេ​ហ្នឹង​ទៅ​»​។

លោក​ សន ជ័យ នាយក​ប្រតិបត្តិ អង្គការ​សម្ព័ន្ធ​គណនេយ្យភាព សង្គម​កម្ពុជា​ជំរុញ​ឲ្យ​មាន​ការស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​អាយុ​ ១៦ ​ឬ​ ១៧ ​ឆ្នាំ​គឺ​ច្បាស់​ណាស់ កម្រ​ពួកគេ​រៀន​ចប់​វិទ្យាល័យ​។

លោក​ថា​៖ «​បើ​វា​មាន​លក្ខណសម្បត្តិ​ណាមួយ​ផ្ទុយ​ពី​លក្ខខណ្ឌ​ដែល​បានស្នើ​ឡើង​ដោយ​ក្រសួងមហាផ្ទៃ​ខ្ញុំ​គិតថា នេះ​ជា​រឿង​មួយ​ដែល​ត្រូវ​ស៊ើបអង្កេត បើសិន​ជាមាន​មនុស្ស​ដែល​ក្រោម​អាយុ​ដែល​បាន​កំណត់​ដោយ​លក្ខខណ្ឌ​សម្រាប់​បេក្ខជន​នោះ​»៕