ភ្នំពេញៈ កងរាជអាវុធហត្ថ​ស្នងការដ្ឋាន​នគរបាល និង​អាជ្ញាធរ​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​សន្តិសុខ ការរក្សា​សណ្ដាប់ធ្នាប់​សម្រាប់​ពេល​សវនាការ​លោក​ កឹម សុខា ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ ២ ​ថ្ងៃ​។

នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ឃួង ស្រេង បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រះរាជអាជ្ញា ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤​។

លោក ឃួង ស្រេង បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ថា កិច្ចប្រជុំ​នោះ​គឺធ្វើ​ឡើង​ដើម្បី​ត្រួតពិនិត្យ និង​ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង គ្រឿង​ស្រវឹង​គ្រឿងញៀន​ខុសច្បាប់​ក្នុង​រាជធានី​ភ្នំពេញ និង​ជាពិសេស​កិច្ចការការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។

នៅ​ខេត្ត​បន្ទាយមានជ័យ​លោក បោន ប៊ិន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​បាន​ផ្សព្វផ្សាយ​ផែនការ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការចូលរួម​ពី​សំណាក់​អាវុធហត្ថ​គ្រប់លំដាប់​ថ្នាក់​ដែល​បម្រើការងារ​នៅក្នុង​ជួរ​កងរាជអាវុធហត្ថ​ខេត្ត​ជាច្រើន​រូប​ទៀត​។

ហ្វេសប៊ុក​របស់​កងរាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជាក់ថា​៖ «​ក្នុង​កិច្ចប្រជុំ​នោះដែរ​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​ (​បោន ប៊ិន​) ​បានដាក់​ចេញ​នូវ​វិធានការ​ដល់​គ្រប់​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង ស្រុក ត្រូវ​យក​ចិត្ត​ទុកដាក់​ស្រាវជ្រាវ តាមដាន និង ក្ដាប់​រាល់​ព័ត៌មាន មុខសញ្ញា​អមិត្ត និង​ក្រុមប្រឆាំង ព្រមទាំង​សហការ​ឱ្យ​បាន​ល្អ ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទប់ស្កាត់ និង​ចាត់​វិធានការ​ចំពោះ​ការប្រមូលផ្ដុំ គាំទ្រ ទាមទារ​តវ៉ា​ផ្សេងៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ក្នុង​ការ​ដំណើរការ​បើកសវនាការ​ជម្រះក្ដី ជនជាប់ចោទ កឹម សុខា នាពេលខាងមុខ​»​។

លោក អេង ហ៊ី អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែងប្រាប់​កាលពី​ម្សិលមិញ​ថា​ការផ្សព្វផ្សាយ​អំពី​ផែនការ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​សវនាការ​កាត់ទោស​លោក កឹម សុខា នេះ​ធ្វើឡើង​គ្រប់​រាជធានី​ខេត្ត​ទូទាំងប្រទេស​។

កិច្ចប្រជុំ​បែបនេះ​ក៏មាន​ធ្វើឡើង​នៅឯ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ដែរ​។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា ការរឹតបន្តឹង​សន្តិសុខ​នេះ​ជា​វិធាន​ការធានា​សន្តិសុខ​របស់​នគរបាល​ជាតិ ចំណែក​ការប្រជុំ​នៅតាម​ស្នងការ​គឺជា​ការបែងចែក​ការដឹកនាំ​ដើម្បី​ធានា​សុវត្ថិភាព​នៅក្នុង​ភូមិសាស្ត្រ​របស់គេ​។

លោក​បន្តថា​៖ «​សម្រាប់​ការកាត់ក្ដី​លោក កឹម សុខា យើង​បាន​ត្រៀម​រៀបចំ​ផែនការ​រួចហើយ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ ធានា​សុវត្ថិភាព ដើម្បី​ឲ្យ​ដំណើរការ​ក្ដី​កុំ​ឲ្យ​មាន​អ្នក​មក​ឆាឆៅ​។ ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​គាត់​មក​ស្ដាប់​ច្រើនពេក យើង​នឹង​រៀបចំ​សណ្ដាប់ធ្នាប់​។ យើង​អត់​មាន​ហាមឃាត់​គាត់​មិន​ឲ្យ​គាំទ្រ​ទេ កុំ​ឲ្យ​តែ​គាត់​មក​ប្រឆាំង​នឹង​ដំណើរការ​ក្ដី ឬ​គាត់​មក​អុកឡុក​ធ្វើបាតុកម្ម​អី គឺ​អត់​បានទេ​។

លោក​បន្តថា​៖ «​យើង​ធានា​សណ្ដាប់ធ្នាប់ បើ​គាត់​រំខាន​ច្រើនពេក​យើង​រៀបចំ​សណ្ដាប់ធ្នាប់ តែបើ​គាត់​ធ្វើបាតុកម្ម យើង​ត្រូវ​រំសាយ​ហើយ ព្រោះ​គាត់​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការកាត់ក្ដី​បាន​ន័យថា​គាត់​ប្រឆាំងនឹង​ច្បាប់​បាត់​ហើយ​»​។

យោងតាម​ឯកសារ​ស្ដីពី​សន្តិសុខ សណ្ដាប់ធ្នាប់​នាពេល​សវនាការ​លោក កឹម សុខា ដែល​មាន​ហត្ថលេខា​លោក សៅ សុខា និង​លោក នេត សាវឿន ចុះ​ថ្ងៃទី​ ១៦ ធ្នូ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​សមត្ថកិច្ច​បាន​ព្យាករ​ថា​ «​ក្រុម​ជ្រុលនិយម​ក្នុង និង​ក្រៅ​ប្រទេស​» នៅតែ​ព្យាយាម​រិះរក​គ្រប់​ឧបាយកល​ដើម្បី​អូសទាញ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មក​ប្រមូលផ្ដុំ​នៅ​ភ្នំពេញ​ធ្វើការ​ប្រឆាំងនឹង​ការកាត់ក្ដី​។ សមត្ថកិច្ច​ព្យាករ​បានដែរ​ថា នឹង​មាន​ក្រុម​បង្កចលាចល បង្ក​ការប៉ះទង្គិច​គ្នា រំខាន​ដល់​សវនាការ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៅតាម​បណ្ដាញ​សង្គម​។

ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​នាពេល​នេះ​ថ្នាក់ដឹកនាំ​អាវុធហត្ថ និង​នគរបាល​បាន​ឲ្យ​សមត្ថកិច្ច​សហការគ្នា​ត្រៀម​ខ្លួន​រួចរាល់​នូវ​គ្រប់​សម្ភារ និង​ដាក់​កម្លាំង​នៅ​កន្លែង​ដែល​អាចមាន​ការប្រមូល​ផ្ដុំគ្នា​។ សវនាការ​សំណុំរឿង​ «​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស​» លើ​លោក កឹម សុខា នឹងត្រូវ​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ​គឺ​ថ្ងៃទី​ ១៥ និង​ទី​ ១៦ ខែមករា ទាំង​ព្រឹក និង​ល្ងាច​៕