ភ្នំពេញៈ ក្រោយពីទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក មេបញ្ជាការកងអង្គរក្សដ៏មានឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី លោក ហ៊ីង ប៊ុនហៀង បានប្រកាសវាយបកទៅលើជនអាមេរិកណាដែលមិនគោរពអធិបតេយ្យភាព និងមានមហិច្ឆតាឈ្លានពានប្រទេសកម្ពុជា ហើយបានជំរុញឲ្យប្រទេសមហាអំណាចមួយនេះបង្កកទ្រព្យសម្បតិ្តរបស់លោកឲ្យបានឆាប់ចុះ។
ក្នុងលិខិតចេញពីម្សិលមិញ ២ ថ្ងៃក្រោយសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបិទទិដ្ឋាការមិនឲ្យជាន់ដីអាមេរិក ព្រមទាំងបង្កកទ្រព្យសម្បត្តិផងនោះ នាយឧត្តមសេនីយ៍ផ្កាយមាស ៤ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកចង់ធ្វើជាមិត្តរបស់អាមេរិកណាស់ ប៉ុន្តែថាលោកមានចិត្តយ៉ាងមុតមាំ ដើម្បីរក្សាការពារសុខសុវត្ថិភាពជូនប្រជាជនកម្ពុជាឲ្យបានដាច់ខាត «និងត្រៀមខ្លួនជានិច្ចដើម្បីវាយបកទៅលើជនអាមេរិកណាដែលមិនគោរពនូវអធិបតេយ្យភាពនៃប្រទេសឯករាជ្យមួយព្រមទាំងមានមហិច្ឆតាឈ្លានពានមកលើប្រទេសខ្ញុំ ហើយថែមទាំងបានគាំទ្រ និងញុះញង់ពួកក្បត់ជាតិដែលមានក្នុងប្រទេសកម្ពុជា»។
លោកបញ្ជាក់ថាថ្វីដ្បិតតែលោកចង់ធ្វើជាមិត្តរបស់អាមេរិកក៏ពិតមែនក្នុងនាមលោកជាពលរដ្ឋខ្មែរគឺលោកមិនគោរពច្បាប់របស់អាមេរិកនោះទេ។
លោក ហ៊ីង ប៊ុនហៀង បញ្ជាក់ថា៖ «ខ្ញុំជាពលរដ្ឋខ្មែរសុទ្ធសាធ។ ដូច្នេះខ្ញុំមិនត្រូវបានគោរពតាមច្បាប់របស់អាមេរិកនោះទេ ខ្ញុំ ដាច់ខាតគោរពតាមច្បាប់របស់កម្ពុជាដែលជាប្រទេសមួយមាននីតិរដ្ឋពេញលេញនៅលើឆាកអន្តរជាតិ»។
ឆ្លើយតបនឹងការបង្កកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍រូបនេះអះអាងថា លោកមិនមានទ្រព្យសម្បត្តិសម្រាប់ទុកឲ្យសហរដ្ឋអាមេរិកបង្កកនោះទេ ហើយបានជំរុញឲ្យសហរដ្ឋអាមេរិកបង្កកទ្រព្យសម្បត្តិរបស់លោកឲ្យបានលឿនបំផុត ប្រសិនបើរកឃើញថាលោកមានទ្រព្យសម្បត្តិនៅអាមេរិក។ លោកក៏បានថ្លែងបែបចំអកឲ្យសហរដ្ឋអាមេរិកថាមិនចាំបាច់ផ្តល់ទិដ្ឋាការឲ្យលោកទេព្រោះលោកមិនចង់ទៅអាមេរិកឡើយ។
ជាមួយនឹងការប្រកាសនេះលោកក៏បានប្រាប់ទៅសហរដ្ឋអាមេរិកអំពីការឈឺចាប់របស់លោក និងក្រុមគ្រួសារក៏ដូចជាប្រទេសជាតិដែលលោកថា ការឈឺចាប់របស់លោកគឺបង្កឡើងដោយសារទង្វើរបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់គ្រាប់បែករាប់លានតោនមកលើប្រជាជនខ្មែរក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។
លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីទប់ស្កាត់ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ និងបក្ខពួកប្រឆាំងដែលមានបំណងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាមានបរទេសនៅពីក្រោយខ្នង»។ លោកក៏បានប្រកាសប្តេជ្ញាការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារឲ្យបានជាដាច់ខាត។
ទណ្ឌកម្មដែលធ្វើឡើងដោយសហរដ្ឋអាមេរិកលើមន្ត្រីយោធាជាន់ខ្ពស់ និងជាមេអង្គរក្សរបស់លោក ហ៊ុន សែន បាន និងកំពុងធ្វើឲ្យមានការប្រតិកម្មក្នុងជួរមន្ត្រីជាន់ខ្ពស់ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាលដោយបានរួមគ្នាចេញសេចក្តីប្រកាសថ្កោលទោសសហរដ្ឋអាមេរិកជាបន្តបន្ទាប់។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឲ្យដឹងថាក្រសួងការពារជាតិនឹងស្នើតាមរយៈក្រសួងការបរទេសកម្ពុជាទៅប្រទេសមហាអំណាចមួយនេះសុំឲ្យឆ្លើយបំភ្លឺរឿងការដាក់ទណ្ឌកម្មលើមន្ត្រីរបស់ខ្លួន។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃម្សិលមិញថា៖ «យើងមិននៅស្ងៀមទេ។ ខ្ញុំឮថាក្រសួងការពារជាតិតាមរយៈក្រសួងការបរទេសកម្ពុជានឹងសុំឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកពន្យល់ជាលម្អិតពីព្រោះរាជរដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបាននូវការដាក់ទណ្ឌកម្ម ពីព្រោះការដាក់ទណ្ឌកម្មនេះវាអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាជាមួយនឹងការងាររបស់សហរដ្ឋអាមេរិក ពីព្រោះយើងមានលំហកិច្ចសហប្រតិបត្តិការច្រើនណាស់ជាមួយសហរដ្ឋអាមេរិក។ គ្មាននរណាមិត្តមួយជីវិត ហើយក៏សត្រូវមួយជីវិតដែរ។ ចំពោះគោលជំហរកម្ពុជាយើង ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យើងមិនមើលឃើញសហរដ្ឋអាមេរិកជាខ្មាំងជាមួយកម្ពុជាទេ»។
ស្របពេលដែលស្ថាប័នផ្សេងៗរបស់រដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសហរដ្ឋអាមេរិកជាបន្តបន្ទាប់ប្រឆាំងការដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង នោះគណបក្សឆន្ទៈខ្មែរដែលចាត់ទុកថាខ្លួនជាព្រលឹងរបស់អតីតគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំត្រូវបានតុលាការកំពូលរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំមុនបានចេញមុខគាំទ្រវិធានការរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង ដោយថា ទណ្ឌកម្មលើមេអង្គរក្សរូបនេះពិតជាមានហេតុផលត្រឹមត្រូវ ហើយស្វាគមន៍ឲ្យបន្តដាក់ទណ្ឌកម្មដល់អ្នកចូលរួមបំផ្លាញរបបប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍ពីម្សិលមិញរបស់គណបក្សឆន្ទៈខ្មែរបញ្ជាក់ថា៖ «គណបក្សឆន្ទៈខ្មែរស្នើសូមកុំឲ្យយកចំណាត់ការនេះ គ្រាន់តែជាថ្នូរនយោបាយ ហើយទម្លាក់ចោលវិធានការខាងលើតទៅឲ្យសោះ»។
យោងតាមទំព័រហ្វេសប៊ុកថ្ងៃទី ១៣ មិថុនារបស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ គឺកូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បានជួបពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាជាមួយលោក ស្កត់ បាស់ប៊ី (Scott Busby) ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិមនុស្សដោយកញ្ញាស្នើសហរដ្ឋអាមេរិក «បន្តនិងបន្ថែមនូវចំណាត់ការផ្សេងៗទៀតក្នុងគោលបំណងជំរុញឲ្យប្រទេសកម្ពុជា ត្រឡប់មកដើរលើគន្លងប្រជាធិបតេយ្យវិញដើម្បីឲ្យមានសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែងឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក»។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង ជាវិធានការបរាជ័យរបស់សហរដ្ឋអាមេរិកដោយលោកថាលោក ហ៊ីង ប៊ុនហៀង មិនមានទ្រព្យសម្បត្តិឲ្យសហរដ្ឋអាមេរិកបង្កកនោះទេ។
លោក សុខ ឥសាន បញ្ជាក់ថា៖ «ចំណាត់ការដាក់ទណ្ឌកម្មនោះមិនមានប្រសិទ្ធភាពទេហើយក៏យើងមិនខ្វល់ខ្វាយដោយយើងអត់មានអ្វីដែលជាការខាតបង់សម្រាប់អាមេរិករឹបអូសទេ។ ក្រុមឧទ្ទាមក្រៅច្បាប់ដែលធ្វើសកម្មភាពអមិត្តជាមួយនឹងប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ពួកគេកាន់តែបង្កើតឡើងនូវពិរុទ្ធភាពរបស់ខ្លួនហើយខ្ញុំយល់ថា ពួកគេគ្មានថ្ងៃបានចូលស្រុកវិញទេ»៕