ភ្នំពេញៈ ក្រុម​គ្រួសារ​មួយ​​ដែលមាន​បន្ទប់​​ជួលជិត ១ ០០​០ ​កាល​ពី​ម្សិលមិញ​បាន​ព្រម​ពន្យា​​រពេល ៣ ខែ និង​បញ្ចុះ​ ៥ ដុល្លារ ក្នុងការ​ដំឡើងថ្លៃ​​បន្ទប់​ជួលបន្ទាប់ពី​កម្មករ​រោងចក្រប្រមាណ​ ១០០ នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​​បន្ទប់​ជួល​នេះ បាននាំគ្នា​តវ៉ា​ក្រោយ​ពី​​ម្ចាស់​ផ្ទះ​​​ប្រកាស​ឡើង​ថ្លៃ ១០ ដុល្លារ។

ចាប់​តាំង​ពី​ថ្ងៃអាទិត្យ​មកកម្ម​​ក​​រ​រោងចក្រដែល​បាន​ជួល​បន្ទ​ប់​ក្នុង​សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រមាណ ១០​០ នាក់ បាន​បន្ត​ឈរ​ប្រមូល​ផ្តុំ​គ្នា​នៅ​ប្លុ​ក​ផ្ទះជួល ដើម្បី​ឲ្យ​ម្ចាស់​ផ្ទះ​ជួល កុំ​ដំឡើងថ្លៃ​បន្ទប់​ខ្ពស់​ពេក​ដោយ​​និយាយ​ថា ពួកគេ​មិនអាច​រត់​រួច​ជាមួយនឹង​ការ​ចំណាយ​បន្ថែម​នេះបាន​ទេ​ បើ​​ទោះជា​ប្រាក់​ខែ​គោល​ក្នុង​ឆ្នាំ​ថ្មី​នេះ ​ឡើងដល់ ១៨២ ដុល្លារ​ក្តី​។ តែ​ក្រោយ​ការតវ៉ា​ចំនួន ២ ថ្ងៃ គឺ​នៅ​ថ្ងៃអាទិត្យ និងថ្ងៃ​ចន្ទ​​ម្សិល​ម្ង៉ៃ​រួចមក ក៏មាន​ការស​ម្រ​ប​​សម្រួល​ពី​អាជ្ញាធរ ហើយ​​ភាគី​ខាង​ម្ចាស់​ផ្ទះជួល​ ក៏​យល់​ព្រម​តាម​សំណើ។

លោក ប៊ុន មករា ដែល​ជា​​ម្ចាស់​ផ្ទះ​ជួល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ​ថា ​លោក យល់ព្រម​តាម​សំណើរ​បស់​បង​ប្អូន​​កម្មករ​ ដែល​ស្នើសុំ​ដំឡើង​ត្រឹម​តែ​ ៥​ ដុល្លារ ហើយ​ពន្យា​រពេល ៣ ខែ​ទៅ​មុខ។ លោក​បន្តថា បើ​ការ​សម្រេច​បែប​នេះ​កម្មករ​នៅ​តែ​មិន​អាច​ទទួល​យក​បាន​​ទៀត លោក​ក៏​គ្មាន​ជម្រើស​ដែរ។

លោកថា៖ «៧ ឆ្នាំ​ហើយ ផ្ទះជួលយើង​​មិនដែល​ឡើងថ្លៃ​ទេ បើទោះជា​ផ្ទះជួល​នៅ​ជុំវិញ​យើង ឡើង​ខ្ពស់ជាង​យើង​អស់​ក៏ដោយ ព្រោះតែ​យើង​គោរ​ព​តាម​ការប្រកាស​របស់​ស​ម្តេច ​(ហ៊ុន សែន) មិន​​ឲ្យ​ឡើងថ្លៃ។ តែ​ពេលនេះ បើ​ទោះ​ជា​​យើង​ឡើងថ្លៃក៏​នៅ មាន​តម្លៃ​ទាប​ជាង​គេ​ដែរ ដូច្នេះ​បើ​បងប្អូន​អាច​នៅ​បានក៏​នៅ តែបើ​នៅ​មិនបាន​ យើង​ក៏​មិន​​បង្ខំ​គាត់​ដែរ ដោយ​យើង​ទុក​ពេល ៣ ខែ​ហើយឲ្យ​គាត់​អាច​រក​កន្លែង​ថ្មី»។

បើតាម​លោក ប៊ុន មករា ក្រុមគ្រួសារ​លោក មាន​បន្ទប់​ជួល​ជិត ១ ០០០ មាន​តម្លៃចាប់​ពី ២០ ដល់ ៤០ ដុល្លារទៅ​ តា​ម​​ទំហំ និង​សោភណ​ភាព​បន្ទប់។

លោក កង វង ចៅសង្កាត់​ចោមចៅ ១ ​ថ្លែង​ថា បន្ទា​ប់​​ពី​ផ្ទុះ​ការតវ៉ា លោក​ក៏​ព្យាយាម​ជួយ​សម្របសម្រួល និង​ស្នើ​ឲ្យ​កម្មករ​រក្សា​ភាព​ស្ងៀមស្ងាត់ រង់ចាំ​ការជជែក​ដោះស្រាយ​ជាមួយ​ម្ចាស់​ផ្ទះ​ជួលហើយ​ពេលនេះភាគី​ខាង​ម្ចាស់ផ្ទះ បាន​ឯកភាព។ ​លោក​សង្ឃឹម​ថា កម្មករ​ដែល​បាន​ជួល​បន្ទប់​ពី​ម្ចាស់ផ្ទះ​នេះ យល់​យោគ និង​ឯកភាព​តាម​ការសម្រេច​​នេះ ព្រោះ​អ្វី​ដែល​បាន​សម្រេច គឺជា​អ្វីដែល​កម្មករ​បាន​ទាមទារ។

លោក​បញ្ជាក់ថា៖ «បើ​កម្មករ​នៅតែ​បន្ត​ការតវ៉ា យើង​នៅតែ​មាន​វិធានការ​​ជួយ​គាត់​អ៊ីចឹង និង​ព្យាយាម​សម្រប​សម្រួល​ជាមួយ​ម្ចាស់ផ្ទះ ដើម្បី​ឲ្យ​បងប្អូន​កម្មករ​យើង​ទទួល​យក​បាន​។ តែ​យ៉ាងណា​បងប្អូន​យើង​ក៏ត្រូវ​​យោគ​យល់​​ខ្លះ​ដែរ ព្រោះ​ម្ចាស់​ផ្ទះជួល​នេះ​គាត់​​មិន​ដែល​ឡើ​ង​ថ្លៃ​​ទេ ហើយ​បន្ទប់​គាត់​ក៏​ធូ​រថ្លៃ​ជាង​គេ​ដែរ»។

កម្មករ​រោងចក្រ ដែល​បាន​ជួល​បន្ទប់​នេះ​ជាង ២ ឆ្នាំ ដោ​យ​គ្រាន់តែ​ប្រាប់​ឈ្មោះ​ថា សម្បត្តិ បាន​និយាយ​ពីម្សិលមិញ​ថា បើ​ការដំឡើងថ្លៃ​​ទាបជាង​នេះ​កម្ម​ករ​​ទាំងអស់អាច​នឹង​ទទួល​យក​បាន ព្រោះតែ​ស្ថានភាព​របស់​​កម្មករ​​បច្ចុប្បន្ននៅតែមាន​ភាពខ្វះ​ខាត បើទោះ​​ជា​ប្រាក់ខែ​បាន​ឡើង​ក៏ដោយ ហើយ​​បើ​​ស្របពេល​ឡើង​ប្រាក់ខែ​នេះ ផ្ទះជួល​ក៏​ឡើង​ដែរនោះ ការ​ដំឡើង​ប្រាក់​ខែ ក៏​មិន​អាចជួយ​ឲ្យ​ជីវភាព​របស់​​កម្មករ​បានល្អ​ប្រសើរ​ដែរ។ «បើ​ឡើង​ច្រើន​ពេកខ្ញុំ​មាន​លុយ​ណា​ឲ្យបើមួ​យ​​​​ខែៗ រកតែ​លុយ​បង់ថ្លៃ​បន្ទប់​មិន​គ្រាន់​ផង។ អ៊ីចឹង​សុំ​ឲ្យ​គាត់ បើ​ឡើងថ្លៃ​អី សុំ​​ឲ្យ​សមរម្យ​ទៅ ព្រោះ​បើ​ប្រាក់ខែ​គោល​ឡើង ៤-១០ ដុល្លារ ហើយ​បើ​ផ្ទះ​ជួល ឡើង​ប៉ុណ្ណឹង​ដែរ មាន​អី​រំពឹង​ទៀត»។

ច្បាប់​ភតិសន្យា​ពិសេស ឬ​ហៅថា​ ច្បាប់​គ្រប់គ្រង​ផ្ទះជួល​ ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ឆ្នាំ ២០១៥ ដែល​​មាន ៤ ជំពូក និង ១១ មាត្រា មាន​គោលបំណង​គ្រប់គ្រង​បន្ទប់​ជួល និង​ទំនាក់ទំនង​រវាង​កម្ម​ករ សិស្ស និង​និស្សិត ជាមួយ​នឹង​ម្ចាស់ផ្ទះ​ ដែលមាន​បន្ទប់​ជួល​ស្នាក់នៅ​ឲ្យ​មាន​លក្ខណៈ​រៀបរយ​ព្រមទាំង​ជួយ​ដោះ​ស្រា​​យ​សំណូមពរ​របស់​កម្មក​រ សិស្ស និង​និស្សិតទាក់ទង​នឹង​តម្លៃ​បន្ទ​ប់​ជួល​សមស្រប​ នឹង​កម្រៃ​ប្រាក់​គោល​ប្រចាំ​ខែ​ទាបហើ​យ​​ច្បាប់​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​ផ្ទះជួល​ដំឡើងថ្លៃ​ឈ្នួល​ផ្ទះ​សម្រាប់​កម្មករ និស្សិត និង​សិស្ស​ ដែល​ជួល​​ផ្ទះ​ក្នុង​អំឡុង​ពេល ២ ឆ្នាំ​នៃ​ការជួល​ផ្ទះ តែ​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​ជួល​ផ្ទះ​អាច​ឈប់​ជួល​ពេលណា​ក៏បាន៕