ភ្នំពេញ​: លោក​ឧត្តមេសនី​យ៍ត្រី វ៉ាន់ រ៉ាម៉ុន អនុ​ប្រធាន​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ និង​ជា​ម្ចាស់​ភាគ​ហ៊ុន​កំពង់​ចម្លង​ទូកដរ អរិយក្សត្រ-ភ្នំ​ពេញ បាន​ «ធ្វើ​អត្តឃាត» បាញ់​សម្លាប់​ខ្លួន​ឯង ដោយ​ប្រើប្រាស់​កាំភ្លើង​ខ្លី​ប្រភេទ ​K59 ដោយ​សារ​តែ​មាន​វិបត្តិ​ផ្ទៃ​ក្នុង​គ្រួសារ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​នគរ​បាល​ជំនាញ។

លោក ផន ស្រេង អធិការ​រងស្រុក​ល្វាឯម ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ បានឲ្យ​ដឹង​ថា យោង​តាម​ការ​ធ្វើកោសល្យ​វិច្ច័យ​ទៅ​លើ​អាវុធ និង​សាកសព​ជន​រងគ្រោះ ព្រម​ទាំង​ការ​ពិនិត្យ​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ នៅ​កន្លែង​កើត​ហេតុរួច​មក ​ក្រុម​មន្ត្រី​នគរ​បាល​​ជំនាញ​ ដែល​មួយ​ចំនួន មក​ពីថ្នាក់​ខេត្ត​ផង​ដែរ​នោះ បាន​ធ្វើ​ការ​សន្និដ្ឋាន​រួមគ្នា​ថា ការស្លាប់​របស់​លោក​ឧត្តម​សេនី​យ៍​​ត្រី វ៉ាន់ រ៉ាម៉ុន អនុ​ប្រធាន​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ និង​ជា​ម្ចាស់​ភាគ​ហ៊ុន​កំពង់​ចម្លង ទូកដរ​ អរិយក្ស​ត្រ-ភ្នំ​ពេញ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នោះ គឺ​​ជា​ករណី «ធ្វើ​អត្ត​ឃាត​បាញ់​សម្លាប់​ខ្លួន​ឯង» ដោយ​នៅ​កន្លែង​កើត​ហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ក្បាល​គ្រាប់​កាំភ្លើង​ខ្លី​មួយ​គ្រាប់​ សំបក​កាទូស​មួយ ​កាំភ្លើង​ខ្លី​មួយ​ដើម​ប្រភេទ​ K-59​ លេខ​ ៣១១៧ ដែល​ក្នុង លិខិត​អនុញ្ញាត​ប្រើ​ប្រាស់​អាវុធ​នោះ​ បញ្ជាក់​ថា​ ជា​កម្មសិទ្ធិ​របស់​ជនរង​គ្រោះ​ បង់កាំភ្លើង​ខ្លី​ចំនួន​ ៣ និង​គ្រាប់​សរុប​ ១៧​ គ្រាប់។

លោក​បាន​បញ្ជាក់​ថា៖ ​«ជន​រងគ្រោះ​ បាន​ស្លាប់​នៅ​លើ​គ្រែ​ដែក​តូច​មួយ​ ដែល​មាន​ក្រាល​ពូក​ ដោយ​ជើង​ម្ខាង​គងទៅ​លើ​កៅ​អី​បង្អែក មាន​ពាក់​ស្បែង​ជើង និង​ស្រោម​ជើង​យ៉ាង​ត្រឹម​ត្រូវ និង​មាន​ស្នាម​បាញ់​ដោយ​គ្រប់​កាំភ្លើង​ខ្លីប្រភេទ​ K59 នៅ​លើ​សៀត​ថ្កា ផ្នែក​​ខាង​ស្ដាំ​ ធ្លាយ​​​ទៅ​ម្ខាង ​ត្រង់​ចំណុច​គុម្ពត្រចៀក​ខាង​ឆ្វេង។ យោង​តាម​ស្ថាន​ភាព​នេះ​ ក្រុម​មន្ត្រី​ជំនាញ​យើង​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិត​ជា​ធ្វើ​អត្ត​ឃាត​បាញ់​សម្លាប់​ដោយ​ខ្លួន​ឯង​» ។

ប៉ុន្តែ​នៅ​ពេល​ដែល​សួរ​ថា តើ​មូល​ហេតុ​អ្វី​ ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ ​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​បាញ់​សម្លាប់​ខ្លួន​ឯង​យ៉ាង​ដូច្នោះ​?​ លោក ស្រេង បាន​បដិសេធ​ធ្វើ​ការ​ពន្យល់​ អំពី​បញ្ហា​នេះ ដោយ​លោក​អះអាង​ថា ក្រុម​មន្ត្រី​ជំនាញ​ បាន​ព្យាយាម​សាក​សួរ​ក្រុម​គ្រួសារ ​និង​សាច់​ញាតិជន​រ​ង​គ្រោះ ដើម្បី​ប្រមូល​ព័ត៌មាន​លម្អិត អំពី​បញ្ហា​នេះ​ដែរ តែ​ក្រុម​គ្រួសារ​សាច់​ញាតិ​ជន​រង​គ្រោះ ដែល​នៅ​ពេល​នេះ កំពុង​តែ​មាន​ទុក្ខ​ក្រៀម​ក្រំ​ ចំពោះម​រណៈ​ភាព​របស់​ជន​រង​គ្រោះ ដូច្នេះ​ពួក​គាត់​ មិន​បាន​សហ​ការ​ផ្ដល់​ព័ត៌​មាន​លម្អិត​ដល់​សមត្ថកិច្ច​នោះ​ទេ ដោយ​ពួក​គាត់​ខ្លះបាន​ប្រាប់​ថា «ជន​រង​គ្រោះ​មាន​ជំងឺ​និង​វិ​បត្តិ​ផ្ទៃ​ក្នុង​គ្រួសារ​តិច​តួច​»។​

យោង​តាម​របាយ​ការណ៍​របស់ន​គរបាល​ស្រុក​ល្វាឯម ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​ ៥ ខែ ​ធ្នូ ​បាន​បញ្ជាក់​ថា ករណី​ធ្វើ​អត្ត​ឃាត​បាញ់​សម្លាប់​ខ្លួន ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខាង​លើ​នេះ​ កើត​ឡើង​នៅ​វេលាម៉ោង​ ៥ និង ១៥ នាទី​ល្ងាច​ថ្ងៃទី ​​៤​ខែ ​ធ្នូ​។

បុរស​ម្នាក់​ឈ្មោះ វ៉េង ដារិទ្ធ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​កំពង់​ចម្លង តំណាង​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ វ៉ាន់ រ៉ាម៉ុន បាន​ចូល​ក្នុង​ផ្ទះ​របស់​ជន​រង​គ្រោះ ដើម្បី​បូម​ប្រេង ដោយ​ឃើញ​ទ្វារ​របង បិទ​ខ្ទាស់​គន្លឹះ​ក្នុង​ជាប់​ ឈ្មោះ​វ៉េង ដារិទ្ធ ក៏ ផ្លោះ​របង​ចូល​ រៀប​ទុយ​យោ​ប្រេង ហើយ​ក៏​បាន​ដើរ​ទៅ​គោះ​ទ្វា​រ​បន្ទប់​ជន​រង​គ្រោះ តែ​មិន​ឮ​សំឡេង​ឆ្លើយ​តប​នោះ​ទេ។

បន្ទាប់​មក​ ដារិទ្ធ ក៏បាន​ច្រាន​ទ្វារ​ចូល​ទៅ​ក៏ឃើញ​ជន​រង​គ្រោះ ដេក​ស្លាប់​លើគ្រែ​ដែក ក្រាល​ពូក និង​ហូរឈា​ម​ពេញ លើ​ឥដ្ឋការ៉ូ បន្ទាប់​មក​ ក៏រាយ​ការណ៍​ជូន​សមត្ថ​កិច្ច ហើយ​ករណី​នេះ កម្លាំង​ជំនាញ​បច្ចេក​ស្រុក សហការ ជាមួយ​កម្លាំង​ជំនាញ​បច្ចេក​ទេស​ខេត្ត និង ពេទ្យ មណ្ឌល​សុខ​ភាព​អរិយក្ស​ត្រ មេឃុំ ភូមិ បាន​ចូល​រួម ពិនិត្យ​សាក​សព ៕