សៀមរាបៈ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា យុទ្ធនាការ «ផ្ទះ ១ អំពូល ១» ដោយត្រូវដំឡើងអំពូលសូឡាប្រើថាមពលពន្លឺព្រះអាទិត្យនៅក្នុងភូមិព្រះដាក់តាមបណ្ដាខ្នងផ្ទះប្រជាពលរដ្ឋសម្រេចបានជិត ១០០ ភាគរយហើយ ដោយគ្រោងធ្វើឱ្យរួចរាល់ត្រឹមខែមករា ដើម្បីបន្តអនុវត្ដយុទ្ធនាការនេះទៅតាមបណ្ដាភូមិ-ឃុំដទៃទៀត។
លោក ឃឹម ហ្វីណង់ ថ្លែងថាក្នុងចំណោមផ្ទះប្រជាពលរដ្ឋជាង ៥១៨ ខ្នង ផ្ទះក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រីដែលជាភូមិគោលដៅជំហានសាកល្បងដំបូងនៃយុទ្ធនាការ «ផ្ទះ ១ អំពូល ១» ត្រូវបានក្រុមការងាររបស់រដ្ឋបាលស្រុកបន្ទាយស្រីចុះទៅដំឡើងអំពូលសូឡាបានប្រមាណ ៤០០ អំពូល នឹងគ្រោងដំឡើងឱ្យបានរួចរាល់ត្រឹមចុងខែមករានេះ។
លោកថ្លែងថា៖ «ក្នុងខែក្រោយៗទៀតយើងនឹងដំឡើងអំពូលសូឡានេះក្នុង ១ ឃុំៗតែម្ដង យើងលែងធ្វើម្ដង ១ ភូមិហើយ ព្រោះវាមានការយឺតយ៉ាវពេក។ នៅខែក្រោយនេះយើងគ្រោងដំឡើងនៅឃុំរំចេក ឃុំនេះតូចជាងគេក្នុងចំណោមឃុំនានានៃស្រុកបន្ទាយស្រី។ យុទ្ធនាការដំឡើងអំពូលសូឡានេះ យើងអាចធ្វើត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ នេះគឺអាចចប់ហើយ»។
ភូមិព្រះដាក់ជាភូមិ ១ ក្នុងចំណោមភូមិ ៣៦ នៃស្រុកបន្ទាយស្រីដែលមានប្រជាពលរដ្ឋជាង ៥១៨ ខ្នងផ្ទះត្រូវបានរដ្ឋបាលស្រុកបន្ទាយស្រី ជ្រើសរើសក្នុងជំហានដំបូងនៃយុទ្ធនាការ «ផ្ទះ ១ អំពូល ១» ក្នុងការបំពាក់អំពូលសូឡាប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ដោយចាប់ផ្តើមកាលពីដើមខែមករាឆ្នាំនេះ។
លោក ហ្វីណង់ បានសម្ដែងការភ្ញាក់ផ្អើលដោយបានឆ្លុះបញ្ចាំងពីការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ ខណៈពលរដ្ឋក្នុងភូមិបានចូលរួមគាំទ្រជួយជីករណ្តៅបង្គោលទម្រអំពូល កាប់មែកឈើដែលបាំងពន្លឺថ្ងៃ និងពលរដ្ឋមួយចំនួនធំបានចំណាយប្រាក់ទិញស៊ីម៉ងត៍ថ្មល្អិត និងខ្សាច់សម្រាប់ចាក់ការពារជើងអំពូលដោយខ្លួនឯងទៀតផង បើទោះបីជាក្នុងដំណាក់កាលសាកល្បងនៃយុទ្ធនាការនេះ រដ្ឋបាលស្រុកបន្ទាយស្រីមិនតម្រូវឱ្យពួកគាត់ចូលរួមចំណាយអ្វីទាល់តែសោះក៏ដោយ។
លោកបញ្ជាក់ថា៖ «អរគុណដល់អ្នកភូមិព្រះដាក់ចំពោះស្មារតីចូលរួមស្រឡាញ់ប្រយោជន៍រួម និងមានភាពស្រុះគ្នាជាសហគមន៍។ អ្វីដែលយើងទទួលបានពីការងារនេះ គឺលើសពីការរំពឹងទុកទៅទៀត។ ឥឡូវក្មេងៗត្រឡប់មកពីរៀនពេលយប់ងាយស្រួល។ អ្នកធ្វើដំណើរឆ្លងកាត់ងាយស្រួលក្នុងការឆ្លងកាត់។ ពលរដ្ឋប្រកបរបរលក់ដូរអាចបន្ដមុខរបររបស់ខ្លួនបានយូរជាងមុន ហើយមានពលរដ្ឋក្នុងភូមិខ្លះ ក្រោយពេលមានពន្លឺភ្លើងពីអំពូលសូឡាពួកគាត់កំពុងពិចារណាប្រកបរបរលក់ដូរបន្ថែមទៀតផងដែរ»។
លោក ហ្វីណង់ បន្ដថា ក្នុងយុទ្ធនាការដំបូងក្នុងភូមិព្រះដាក់នេះបានចំណាយថវិកាប្រមាណជាង ៣ ម៉ឺនដុល្លារ។ រដ្ឋបាលស្រុកបន្ទាយស្រីនឹងអនុវត្ដយុទ្ធនាការនេះនៅភូមិ ៣៦ ទៀតនៃស្រុកបន្ទាយស្រីដែលមានផ្ទះពលរដ្ឋសរុបជិត ១ ម៉ឺនខ្នងផ្ទះ។
លោក ឡឹក វន់ មេភូមិព្រះដាក់បានសម្ដែងការសប្បាយចិត្ដក្រោយមានការដំឡើងអំពូលសូឡាធ្វើឱ្យភូមិព្រះដាក់ទាំងមូលភ្លឺ ស្រស់ស្អាតនាពេលយប់ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិ ស្ថាបនាឡើងដោយបេតុងផងធ្វើឱ្យភូមិព្រះដាក់មានភាពទាក់ទាញពីសាធារណជនផងដែរ។
លោកថា៖ «ពលរដ្ឋ ពួកគាត់ក៏មានការសប្បាយចិត្ដដែរដោយមានការគិតគូរពីថ្នាក់ដឹកនាំស្រុកបែបនេះ។ ក្រោយដំឡើងអំពូលសូឡាបែបនេះ ពេលល្ងាចឡើងពលរដ្ឋចេញមកជួបជុំគ្នាព្រោងព្រាតមានភាពអ៊ូអរណាស់។ ខ្ញុំក្នុងនាមតំណាងពលរដ្ឋក្នុងភូមិព្រះដាក់ប្ដេជ្ញាថែរក្សាសមិទ្ធផលនេះ»។
លោកមេភូមិបញ្ជាក់ថាតាមរយៈការដំឡើងអំពូលសូឡានេះបានជួយដល់សេដ្ឋកិច្ច ការរស់នៅ និងការពារសន្ដិសុខសុវត្ថិភាពដល់ពលរដ្ឋក្នុងភូមិព្រះដាក់ទាំងមូល និងអ្នកដែលធ្វើដំណើរឆ្លងកាត់ពេលយប់ផងដែរ។
លោក ហែម ទីណា ពលរដ្ឋមួយរូបនៅភ្នំពេញបានសាទរចំពោះការដំឡើងអំពូលសូឡានៅក្នុងភូមិព្រះដាក់នេះដោយចាត់ទុកថា នេះជាគំនិតផ្ដួចផ្តើមល្អរបស់អភិបាលស្រុកបន្ទាយស្រី។ ប៉ុន្ដែលោកស្នើថា៖ «បន្ទាប់ពីការដាក់ឱ្យដំណើរការនេះរួចរាល់ ១០០ ភាគរយ ហើយសូមលោកអភិបាលស្រុក បង្កើតឱ្យមានជំនាញថែទាំសម្អាត ជួសជុល បន្ទះកញ្ចក់ពន្លឺព្រះអាទិត្យ (បន្ទះសូឡា) តាមរយៈក្រុមប្រឹក្សាភូមិ ឃុំ ឬប្រជាការពារភូមិ»៕