ភ្នំពេញ: ក្រុមយុវជន​ប្រមូល​សំរាម​នៅ​ប្រឡាយទឹក​ស្អុ​យ​បឹងត្របែក ដែល​ហៅ​ខ្លួន​ឯ​ង​ថា​ជា​ «យុវជន​សំរាម» នៅ​តែ​ប្រកាស​ជំហ​របស់ខ្លួន ក្នុងការបន្ត​ប្រមូល​សំរាម​ រហូត​ដល់​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​គ្មាន​សំរាម បើ​ទោះ​បី​ជា​ពួកគេ​ត្រូវ​បាន​អាជ្ញា​ធរ​ខណ្ឌ​ចំការ​មន​រារាំង​មិន​ឲ្យ​រៀប​ចំ​ពិធី​សង្ក្រាន្ត នៅ​ទី​តាំង​ដែល​ពួក​គេ​កំពុង​ប្រមូល​សំរាម​ក៏ដោយ។

បន្ទាប់ពី​ពួកគេ​ ទទួលស្គាល់​ចំពោះ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ ជា​​កំហុសដោយ​សារ​តែ​ពួកគេ​មិន​បាន​សុំ​ការ​អនុ​ញ្ញាត ក្រោយពី​​អាជ្ញាធរ​ហាម​ឃាត់​ពួកគេ​មិន​ឲ្យ​រៀបចំ​ពិធី​សង្ក្រាន្ត​យុវ័ន​នៅ​លើ​សា​ឡង់​ចាស់​មួយ​នៅ​លូទឹក​ស្អុយ​បឹ​ង​ត្របែកដើម្បី​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី។

កាលពី​ថ្ងៃ​សៅ​រ៍ អាជ្ញាធរ​ខណ្ឌចំការមន បាន​ចុះ​​ទៅ​ហាម​ឃាត់​ការរៀបចំ​ពិធី​សង្ក្រា​ន្ត​​​យុវ័ន ដែល​បង្កើតឡើង​ដោយ​ក្រុម ​«យុវជន​សំរាម» មាន​គ្នា​ប្រមាណ ៣០ នាក់ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាពរ​វា​ង​យុវជន ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​ចង់​ផ្ញើ​សារ​អប់​រំ​​ឲ្យ​ពលរដ្ឋនៅក្នុង​តំបន់ និង​សា​ធា​រណជន​ទូទៅ​យល់​ដឹង​ពី​ការ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​និង​ឲ្យ​បញ្ឈប់​ការ​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល។

ប៉ុន្តែ​កម្មវិធី​នេះ មិន​បាន​ប្រារព្ធ​ធ្វើឡើង​ពេញ​លេញ​​នោះទេ ដោ​​យ​ចាប់ផ្តើម​បានតែ​ ១ ម៉ោង​កន្លះ​ប៉ុណ្ណោះ​ ក៏​ត្រូវ​បា​ន​អាជ្ញាធរ​ក្នុង​ខណ្ឌ​នេះចុះ​រារាំងក្រោម​ហេ​តុផលមិនបាន​សុំច្បា​ប់​អនុ​ញ្ញា​ត និង​ធ្វើឡើង​គ្មាន​លក្ខណៈ​បច្ចេ​ក​​ទេសដែល​អា​ច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ។ យ៉ាង​ណា​ក្តី​ការរារាំង​ពី​អាជ្ញា​ធរ​ខណ្ឌ​ចំការ​មន​​នេះបាន​ធ្វើ​ឲ្យ​មាន​ការ​រិះគ​ន់​​ជា​ច្រើន​ពី​​សាធា​រណជន​។

ស្ថាបនិក​នៃ​ក្រុម «យុវជន​សំរាម​» លោក សាន ដា​រ៉ា​វិត បាន​ថ្លែង​ក្នុង​វី​ដេអូ ដែលមាន​អ្នក​ចូល​ទស្សនា​ជិត ៥ ម៉ឺន​នា​ក់ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក កាលពី​ថ្ងៃអង្គារ និង​ក៏​បាន​ថ្លែង​​បញ្ជាក់ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ម្សិលមិញ​ថា វា​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ ដែល​អាជ្ញា​ធ​រ​ក្នុង​ខណ្ឌ​នេះ មករា​រាំង​ការរៀបចំ​កម្មវិធី​សង្ក្រាន្ត​យុវ័ន ​របស់​ពួក​លោក​ដែល​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​ឲ្យ​មាន​ការ​ចាប់អារម្មរណ៍​ពី​សាធារណជន​​​ដើ​ម្បី​កុំ​ឲ្យ​មាន​ការ​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន។

តែ​យ៉ាងណាលោក ទទួល​ស្គាល់​​ចំពោះ​កំហុសដែ​ល​​មិនបាន​ជូន​ដំណឹង​​ ឬក៏​សុំ​ច្បាប់​ពី​​អាជ្ញាធរ​ក្នុង​ការ​​រៀបចំ​កម្មវិធី​នេះ ព្រោះតែ​គិតថា នេះ​ជា​កម្មវិ​ធី​​កម្សាន្តតូច​មួយ​ដើម្បី​ទាក់​ទាញ​ឲ្យ​មាន​ការ​ចាប់​អារម្មរណ៍​​ហើ​យ​ក៏​គ្មាន​ចេតនា​អា​ក្រក់​ដែរ​ ​ទើប​មិនបាន​ជូន​​ដំណឹង​ឬសុំ​ច្បាប់។

លោក សាន ដា​រ៉ា​វិត បាន​​និយាយ​ថា ការហាម​មិន​ឲ្យ​ធ្វើ​កម្មវិធី​សង្ក្រាន្ត គឺជា​រឿង​មួយ​ផ្សេងតែ​ពួក​លោក​នៅតែ​ប្រកា​ន់​ជំហរ​ក្នុង​ការ​បន្ត​ប្រមូល​សំរាម ​នៅក្នុង​ប្រឡាយ​ទឹក​ស្អុយ​នេះ​ បើទោះជា​ចំណាយ​ពេល​ពេញ​មួយ ជីវិត​ក៏ដោយគឺ​រហូត​ទា​ល់​​តែ​ប្រជាពលរដ្ឋ ឈប់​ចោល​សំរាម​ហើយ​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ កម្ពុជា​ លែង​មាន​សំរាម​​ពាល​វាល​ពាសកាល។

លោ​ក​ថា​៖ ​«ខ្ញុំ​គិតថា ប្រជាពលរដ្ឋ​យើ​ង​ចោល​សំរា​ម​ពាសវាល​ពាស​​កា​ល​​យូរ​ឆ្នាំ​ហើយ ដូច្នេះ​ទៅជា​ទម្លាប់​ហើយ ដែល​មិន​អាចធ្វើ​ឲ្យ​ពលរដ្ឋ​កែប្រែ​ទម្លាប់​នេះ​ភ្លាមៗ​ដែរ»។ ខ្ញុំ​គិតថា ខ្ញុំ​ត្រូវតែ​ចំណាយពេល​បន្តិច​ទៀត បើទោះជា​មួយជីវិត​ក៏ដោយ ហើយ​ក្រៅពី​ប្រមូល​សំរាម​នៅក្នុង​ប្រឡាយ ផែនការ​បន្ត គឺ​នឹងធ្វើ​នៅលើ​គោក ក្នុង​រាជធានី​បន្ត​ទៀត»។

ជាមួយនឹង​ការប្រកាស​នេះ ស្ថាបនិក​រូបនេះ អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធជាពិសេស​អាជ្ញា​ធ​រ សូម​ចូលរួម​គាំទ្រ​សកម្ម​ភាព​​របស់​ពួកខ្លួន ដើម្បី​ឲ្យ​គោលដៅ​ក្នុងការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា គ្មាន​សំរាម ទទួលបាន​ជោគ​ជ័យ ហើយ​ការងារ​នេះគ្រាន់​តែ​​ជាការ​ងារ​ស្ម័គ្រចិត្ត និងគ្មាន​ចេតនាអា​ក្រក់​ណា​មួយ​នោះ​ទេ។

លោក​បញ្ជាក់ថា៖ «យើង​ធ្វើ​នេះ គឺ​ប្រើ​ចិត្ត​យកមក​ធ្វើ អត់​មាន​គិត​ក្នុង​បំណង​អ្វី​ទេ ហើយ​ជាទូទៅ​អ្វី​ទាំងនេះ គឺជា​ការ ទទួល ខុសត្រូវ​របស់​អាជ្ញា​ធរ តែ​យើង​ចង់​ចូលរួម​ ដើម្បី​ឲ្យ​សង្គម​មួយ​នេះ មានការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ»។

លោក ធឹម សំអាន អភិបា​លរង​ខណ្ឌចំការមន បាន​​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា កន្លង​មក​​​អាជ្ញា​ធរ​​តែង​តែ​លើក​ទឹក​ចិត្ត​ចំពោះ​សកម្មភាព​របស់​យុវជ​ន​ប្រមូល​សំរាម​​ទាំង​នោះតែ​គ្រា​ន់​​តែ​ការធ្វើ​កម្មវិធី​សង្ក្រាន្ត​របស់​ពួកគេ អាជ្ញាធរ​មើលឃើញ​ពី​ហានិភ័យ​ដែល​អាច​នឹង​កើត​មានទើ​បអាជ្ញាធរ​ចុះ​ហាម​ឃា​ត់។ ប៉ុន្តែ​​ទោះ​យ៉ាង​ណា​ក្រៅ​ពី​ថ្លែង​​យ៉ាង​ដូច្នេះ លោក​ច​ង់​ឲ្យ​ក្រុម​យុវជន​ទាំង​នោះងាក​មក​ធ្វើ​សកម្មភាព​ចុះអប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​ទុកដាក់​សំរា​ម​វិញ ហើយ​ទុក​ការងារ​ប្រមូល​សំរាម​ចេញ​ពី​ក្នុង​ប្រឡាយ​នេះឲ្យ​អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ​វិញ។

លោក​​​បញ្ជាក់ថា៖ «បើ​និយា​យ​​រួមប្អូនៗមាន​អាក​ប្បកិរិយា​ឆន្ទៈ​ក្នុង​ការ​ប្រមូល​សំរា​ម​ហ្នឹង បង​អរគុណ ប៉ុន្តែ​បង​ចង់​អ៊ីចេះ ​ក្នុង​នាម​បង​ជា​អាជ្ញាធរ បង​ចង់​បង្វែ​​រ​​ឲ្យ​ប្អូន​ងាក​មក​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរ​ដ្ឋ​វិញ ហើយ​ទុក​ការងារ​ប្រមូល​​សំរាម​ហ្នឹង​ឲ្យ​បង​ធ្វើ​វិញ។ ព្រោះ​​វា​អាច​គ្រោះ​ថ្នាក់​ណាស់ នៅពេល​មាន​អ្នក​ចូលរួម​ប្រមូ​ល​សំរាម​ ដែល​គ្នា​នៅ​តូចៗ​ហើយ​ទឹក​ប្រឡា​យ​ជ្រៅតែ​មិនមែន​រារាំង​សកម្មភាព​ប្អូន​ទេ»។

រហូត​មកដល់​ពេលនេះគឺមា​ន​​​រយៈពេល ៣៦ ថ្ងៃ​ហើយ ដែល​ក្រុម «យុវជន​សំរាម» បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​សកម្ម​ភាព​ប្រមូល​សំរាម​នៅ​ប្រឡាយ​ទឹក​ស្អុយ​បឹងត្របែក ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅតាម​ប្រឡាយ​ ក៏ដូចជា​ពលរដ្ឋ​ទូទៅ ស្ញើចសរសើរ និង​ចូលរួម​កាត់បន្ថយ​ការ​បោះ​សំរាម​ចូលក្នុង​ប្រឡា​យ ដោយ​បាន​កែប្រែ​ប្រឡាយ​នេះ ឲ្យ​មាន​សោ​ភណភាព ​ខណៈ​ដែល​កាល​ពី​មុន​ប្រឡាយ​នេះ​ពេញ​ខាប់​ទៅ​ដោយ​សំរាម៕