បន្ទាយមានជ័យ: ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ គ្រោង​បញ្ជូន​ខ្លួន​យុវតី ២ នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​​ជួញដូរ​គ្រឿងញៀន​ចំនួន ១ គី​​ឡូក្រាម​កន្លះ​ ទៅ​តុលាការ​ខេត្ត ខណៈ​ក្មេងប្រុស​ម្នាក់​អាយុ ១៣ ឆ្នាំ ត្រូវ​​បាន​ដោះលែង​វិញ ក្រោ​យពី​រក​ឃើញ​មិន​មាន​​ជាប់​ពាក់ព័ន្ធ ​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ពួកគេ​ទាំង ៣ នាក់ កា​ល​ពី​ថ្ងៃទី ១៤ ខែ កក្កដា​ នៅ​ភូមិ​កំ​ង់​​ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ។

លោក ង៉េ​ង សុជា ស្នងការរង​​ខេត្ត​បន្ទាយមានជ័យ​ ទទួល​ផែន​គ្រឿង​​ញៀន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ម្សិល​មិញ​ថា សមត្ថ​កិច្ច​ជំនាញ​ កំពុង​សាកសួរ​ជនសង្ស័យ​ជា​យុវតី​ទាំង ២ នាក់​នេះ​ ជុំវិញ​ករណី​ជួញដូរ​គ្រឿង​ញៀន​ចំនួន ១ គីឡូក្រាម​កន្លះ។

លោក​បន្តថា ជនសង្ស័យ ២ នាក់ និង​វត្ថុតាង​គ្រឿងញៀនត្រូវបាន​​កម្លាំ​ង​​​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​​​ញៀន​ខេត្ត និង​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​​រូបលោក​ផ្ទាល់ ក្រោម​ការ សម្រប សម្រួល​ពី​លោ​ក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បង្ក្រាប​បាន​​​នៅ​ថ្ងៃទី ១៤ ខែ​ កក្កដា។

លោក សុជា បញ្ជាក់ថា៖ «ឥឡូវនេះ យើង​កំពុង​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នៅឡើយ ហើយ​ប្រ​ហែ​លជា​ថ្ងៃទី ១៧ កក្កដា ​នេះ យើង​នឹង​បញ្ជូន​ទៅ​តុលាការខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វី​ច្បាប់ ហើយ​ពេល​ខ្ញុំ​បញ្ជូន​ទៅ​ដល់​តុលាការ​ហើយ គឺ​តុលាការ​ចាត់​ចែង​យ៉ាងណា គឺ​នៅលើ​គាត់​ទៅ ខ្ញុំ​ហួស​ដែន​សមត្ថកិច្ច​ហើយ»។

តាម​របាយ​ការណ៍​រប​ស់​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជា​លទ្ធផល​របស់​កម្លាំង​នគរបាល​ការិយា​​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​ បានធ្វើការ​ស៊ើបអង្កេត ស្រាវ​ជ្រាវ​ តាម​វិធានការ​ជំនាញដោយ​ក្នុង​ប្រតិ​​បត្តិការ​នេះ សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេងប្រុស​ម្នាក់ និង​យុវតី​ចំនួន ២ នាក់ ដោយ​ទី១ ឈ្មោះ សៀ​ប ម៉ា​យ៉ា អាយុ ២០ ឆ្នាំ ខ្មែរ​អ៊ិស្លា​ម ស្នាក់នៅ​ភូមិ​សង្កាត់​កំព​ង់​ស្វាយ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ មុខរបរ​លក់​ខោអាវ ទី២ ឈ្មោះ លាង ឧ​សភា អាយុ ២៥ ឆ្នាំ ជន​ជាតិ​ខ្មែរ ស្នាក់នៅ​អគារ​កា​ស៊ី​ណូ ហូ​លី​ដេ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​​ក្រុង​ប៉ោយប៉ែត មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ និង​ក្មេងប្រុស​អាយុ ១៣ ឆ្នាំ មាន​មុខ​ក្នុង​កន្លែង​ប្រតិ​ប​តិ្ត​ការបង្ក្រាប ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​មិន​ពាក់ព័ន្ធ សមត្ថ​កិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ និង​ឲ្យ​វិល​ត្រឡប់​ទៅផ្ទះ​វិញ។

របាយកាណ៍​បញ្ជាក់​ថា៖ «សមត្ថ​​​​កិច្ច​​បាន​ធ្វើការ​ឆែកឆេរ​រកឃើញ​វត្ថុ​​តាង​នៅ​នឹង​ផ្ទះ​របស់​ជនសង្ស័យ​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១៩ ថង់​តូច និង ១ ថង់​ធំ ថ្លឹង​សរុប​ទាំង​សម្បក​ស្មើ ១ គីឡូក្រាម​កន្លះ ថ្នាំ​គ្រាប់​ អ៊ិ​ក​ស្តា​ស៊ី​ចំនួន ១៥ ​គ្រា​ប់កូន​ដប​ដែ​ល​មាន​វត្ថុ​រា​វ​នៅក្នុង​ដប​ចំនួន ៧ ដប (ថ្នាំ​គ្រវី) សំប​ក​ថង់​ប្លា​ស្ទិ​ករួមទាំង​ឧ​បករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន»។

លោក ង៉េ​ង សុជា ថ្លែង​បន្ថែមថា ដោ​យ​អនុវត្តតាម​បទបញ្ជា​របស់​លោ​ក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទា​យ​មា​ន​ជ័​យ ដើម្បី​អនុវត្ត​គោល​នយោ​​​​​​​​​បា​យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​បម្រើ​ប្រជា​ពលរដ្ឋ ព្រមទាំង​ចូលរួម​ការ​លុប​បំ​បា​​ត់​គ្រឿង​ញៀន​នៅ​តាម​ក្លិប​កម្សាន្ដ​នានា​ទូ​ទាំង​ខេត្ត​​​នៅ​ក្នុង​ឆ្នាំ​ ២០១៩​ នេះ លោកក៏ដូច​ជា​កម្លាំង​នគរបាល​ជំនាញ​នឹង​ខិតខំ​ចាត់​វិធាន​ការ ស៊ើបអង្កេត​ស្រាវជ្រាវ​មុខ​សញ្ញា​ជួញ​ដូរនិង​ប្រើប្រាស់​គ្រឿង​ញៀ​ន​ឲ្យ​ដូចជា​ភ្លៀងរលឹម​បន្ថែម​ទៀត៕