ភ្នំពេញៈ អង្គការ​យូនីសេហ្វ​បាន​រកឃើញ​ថា កុមារ​អាយុ​ចាប់ពី ១១ ដល់​ ១៨ ឆ្នាំ​ ដែល​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូចជា​ Instagram, Facebook, YouTube, WhatsApp, PubG ​និង Mobile Legends ទាំង​ក្មេងប្រុស និង​ក្មេងស្រី​ត្រូវ​បាន​រាយការណ៍​ថា ពួកគេ​បាន​ផ្ញើ និង​ត្រូវបាន​ស្នើសុំ​ឲ្យ​ផ្ញើ​រូបភាព​អាក្រាត ខណៈ​នាយិកា​អង្គការ​នេះ​មើលឃើញ​ថា បណ្តាញ​សង្គម​ផ្តល់នូវ​ឱកាស​ធំធេង​ដល់​កុមារ ប៉ុន្តែ​វា​ក៏​ផ្តល់​ឱ្យ​ពួកគេ​នូវ​ហានិភ័យ​ផងដែរ ហើយ​ហានិភ័យ​ទាំងនេះ​កំពុង​កើនឡើង​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អង្គការ​យូនីសេហ្វ​ដែល​ដាក់​នៅលើ​របាយការណ៍​របស់​អង្គការ​នេះ​ប្រចាំ​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក ស្តីអំពី​ឧក្រិដ្ឋកម្ម​លើ​ការសិក្សា​ពី​ការប្រើប្រាស់​បណ្ដាញ​សង្គម​នៅក្នុង​តំបន់​អាស៊ីបូព៌ា​ក្នុង​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ ដោយ​បាន​ប្រមូល​ព័ត៌មាន​ពី​ការយល់ឃើញ​របស់​កុមារ​អាយុ​ចាប់ពី​ ១១ ​ដល់​ ១៨ ​ឆ្នាំ​ចំនួន​ ៣០១ ​នាក់ និង​ការពិនិត្យ​លើ​ឯកសារ​ស្រាវជ្រាវ​ដែលមាន​ស្រាប់ និង​ការប្រមូល​ទិន្នន័យ​ក្នុង​ប្រទេស​ទាំង​ ៤ ​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ដាក់​ចំណងជើង​ធំៗ​ថា​៖ «​កសាង​ភាព​ធន់​សម្រាប់​កុមារ ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព​នៅលើ​បណ្ដាញ​សង្គម​» និង​ចំណងជើង​ទី​ ២ ​សរសេរថា «​ជីវិត​យើង​នៅលើ​អ៊ីនធឺណិត​៖ ការប្រើប្រាស់​បណ្ដាញ​សង្គម​របស់​កុមារ និង​មនុស្ស​វ័យ​ជំទង់​នៅ​អាស៊ី​បូព៌ា​៖ ឱកាស​ហានិភ័យ និង​គ្រោះថ្នាក់​»​។

ការសិក្សា​នេះ​ក៏​ប្រមូល​ទស្សនៈ​យល់ឃើញ​របស់​ក្រុម​កុមារ​ដែល​ជា​ធម្មតា​មិនត្រូវ​បាន​គេ​បញ្ចូល​នៅក្នុង​ការសិក្សា​ប្រភេទ​នេះ ដូចជា​កុមារ​មកពី​គ្រួសារ​មាន​ប្រាក់ចំណូល​ទាប កុមារ​ជួប​ការលំបាក កុមារ​មាន​ពិការភាព កុមារ​អនាថា និង​កុមារ​ជា​ជនភៀសខ្លួន​ជាដើម​។ ក្នុងប្រទេស​ដែល​ត្រូវបាន​សិក្សា​ទាំងនេះ ប្រធានបទ​ចំនួន​ ៣ ​បាន​លេចឡើង​ក្នុង​នោះ​រួមមាន ការខ្វះខាត​ចំណេះដឹង​ឌីជីថល​ក្នុង​ចំណោម​ឪពុក ម្ដាយ និង​អ្នក​ថែទាំ​កុមារ ការឆ្លើយតប​បែប​រឹតត្បិត​ពី​សំណាក់​មនុស្ស​ពេញវ័យ ចំពោះ​ការយល់ឃើញ​ពី​ការប្រព្រឹត្ដ​អំពើ​ឆ្គាំឆ្គង​របស់​កុមារ​ពេល​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ការខ្វះ​វិធីសាស្ដ្រ​ផ្អែកលើ​ភ័ស្តុតាង​សម្រាប់​ជួយ​ឲ្យ​កុមារ​មាន​សុវត្ថិភាព​នៅលើ​អ៊ីនធឺណិត​។ របាយការណ៍​នេះ​បាន​ផ្ដោតលើ​ហានិភ័យ​នៃ​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​នៅលើ​អ៊ីនធឺណិត ហើយ​បានផ្ដល់​វិធីសាស្ដ្រ​ការពារ​កុមារ​ឲ្យ​ទៅ​យូនីសេហ្វ និង​ដៃគូ​ផងដែរ​។

លោកស្រី ខារិន ហ៊ុលហ្ស៊ុប ​នាយិកា​យូនីសេហ្វ ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​បាន​ថ្លែងថា បណ្តាញ​សង្គម​ផ្តល់នូវ​ឱកាស​ធំធេង​ដល់​កុមារ ប៉ុន្តែ​វា​ក៏​ផ្តល់ឱ្យ​ពួកគេ​នូវ​ហានិភ័យ​ផងដែរ ហើយ​ហានិភ័យ​ទាំងនេះ​កំពុង​កើនឡើង​។ ការហាម​មិនឱ្យ​ពួកគេ​ប្រើ​បណ្តាញ​សង្គម មិនមែន​ជា​ការឆ្លើយតប​ដើម្បី​ការពារ​កុមារ​ពី​ហានិភ័យ និង​គ្រោះថ្នាក់​នោះទេ​។

លោកស្រី​បន្ដថា​៖ «​យើង​ចាំបាច់​ត្រូវ​ស្វែងយល់​ពី​ហានិភ័យ​ដែល​កុមារ​កំពុង​ប្រឈម​លើ​អ៊ីនធឺណិត របៀប​ដែល​ពួកគេ​ប្រើ​បណ្តាញ​សង្គម​របៀប​ដែល​ពួកគេ​យល់​ពី​ហានិភ័យ​ដែល​ពួកគេ​ប្រឈម និង​ជំហាន (​ប្រសិនបើ​មាន​) ដែល​ពួកគេ​អាចអនុវត្ត​ដើម្បី​ការពារ​ខ្លួន​។ ខ្ញុំ​ជឿជាក់​ថា របាយការណ៍​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការសម្រួច​ការពិភាក្សា និង​រៀបចំ​កម្មវិធី​ផ្តោតលើ​ការការពារ​កុមារ​តាម​អ៊ីនធឺណិត​ក្នុង​តំបន់​ និង​រក្សា​សុវត្ថិភាព​កុមារ​»​។

របាយការណ៍​ខ្លី​នេះ​បាន​រកឃើញ​ថា កុមារ​នៅ​តំបន់​អាស៊ី​បូព៌ា​ប្រើ​វិធីសាស្ត្រ​ដូចគ្នា​ទៅនឹង​អ្វីដែល​គេ​បានឃើញ​នៅ​ទូទាំង​ពិភពលោក ដើម្បី​ការពារ​ខ្លួន​នៅតាម​អ៊ីនធឺណិត​ដូចជា ការកំណត់​គណនី និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ (Profile) ​ជា​ឯកជន និង​បិទ​មិន​ឲ្យ​ផ្ញើ​សារ និង​រូបភាព​ចូល​ដោយ​មិនបាន​ស្នើសុំ​ពី​មនុស្ស​ចម្លែកៗ ដែល​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​។

ប៉ុន្តែ​កុមារ​ព្រម​ទទួល​យក​សំណើសុំ​ជជែក​ (chat) ​និង​សំណើសុំ​ធ្វើ​មិត្តភក្តិ​ (friend request) ​ពី​មនុស្ស​ចម្លែកៗ ជាពិសេស​អ្នក​ដែល​អះអាង​ថា ខ្លួន​ជា​មនុស្ស​ស្រី ព្រោះ​កុមារ​មិន​សូវ​ចាត់ទុក​មនុស្ស​ស្រី​ជា​ជន​ចម្លែក​នៅក្នុង​បរិបទ​អ៊ីនធឺណិត​ឡើយ​។ កុមារ​នឹង​បិទ​ទំនាក់ទំនង​ជាមួយ​អ្នក​ទាំងនោះ នៅពេល​ណា​ដែល​ការសន្ទនា​ខុសពី​ចិត្ត​របស់​ពួកគេ​តែប៉ុណ្ណោះ​។

របាយការណ៍​នេះ​បញ្ជាក់ថា​៖ «​ទាំង​ក្មេងប្រុស និង​ក្មេងស្រី​ត្រូវ​បាន​រាយការណ៍​ថា ពួកគេ​បាន​ផ្ញើ និង​ត្រូវបាន​ស្នើសុំ​ឲ្យ​ផ្ញើ​រូបភាព​អាក្រាត​។ កុមារ​ ២ ​នាក់​ក្នុង​ចំណោម​ ៥ ​នាក់​នៅក្នុង​ក្រុម​ពិភាក្សា (focus group) ​សម្រាប់​ការស្រាវជ្រាវ​នេះ​បាន​រាយការណ៍​ថា ពួកគេ​មាន​បទពិសោធ​មិនល្អ​ទាល់តែ​សោះ ហើយ​ពួកគេ​មិន​ចង់​ប្រាប់​នរណា​ម្នាក់​អំពី​រឿង​នោះឡើយ​។ ជាង​ពាក់កណ្តាល​នៃ​ចំនួន​កុមារ​បាន​ជួប​អ្នក​ដែល​គេ​ស្គាល់​តាម​អ៊ីនធឺណិត​ជា​លើកដំបូង​ក្នុង​ជីវិត​ពិត ហើយ​ភាគច្រើន​នៃ​កុមារ​សង្ឃឹមថា​ពួកគេ​អាចបង្កើត​ទំនាក់ទំនង​ស្នេហា​។ ក្នុងករណី​ភាគច្រើន​ពួកគេ​មិនបាន​រាយការណ៍​អំពី​គ្រោះថ្នាក់​ពី​ការជួប​គ្នា​នោះទេ ប៉ុន្តែ​បែរ​ជា​លើកឡើង​ពី​ការខកចិត្ត​ទៅវិញ​»​។

របាយការណ៍​នេះ​បាន​ផ្តល់​អនុសាសន៍​ជាច្រើន​សម្រាប់​ក្រុមគ្រួសារ សាលារៀន សហគមន៍ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត​ដែល​ក្នុងនោះ​មាន​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការគាំទ្រ​សម្រាប់​ការចិញ្ចឹម​កូន​តាម​ប្រព័ន្ធ​ឌីជីថល និង​ការចិញ្ចឹម​កូន​ក្នុង​យុគសម័យ​ឌីជីថល​ដូចជា​ការគ្រប់គ្រង​កូន​តាមបែប​ឌីជីថល​គួរតែ​ត្រូវបាន​បញ្ចូល​ទៅក្នុង​កម្មវិធី​ចិញ្ចឹម​កូន​ដែល​ផ្អែកលើ​ភ័ស្តុតាង ហើយ​គួរ​ពិចារណា​បែងចែក​កម្រិត​ខុសគ្នា​នៃ​ចំណេះដឹង​ឌីជីថល​ក្នុង​ចំណោម​អ្នកមើល​ថែទាំ​កុមារ​ដែល​ជា​ស្ត្រី និង​បុរស​ក៏ដូចជា​កំណត់​ពី​កម្រិត​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ជាដើម​។

កាលពី​ថ្ងៃទី​ ១១ ខែ​កុម្ភៈ​នេះ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ក្រសួង​ពាក់ព័ន្ធ​បាន​សហការ​គ្នា​ធ្វើ​យុទ្ធនាការ​ស្ដីពី​ការ «​ការលើកកម្ពស់​សុវត្ថិភាព​អ៊ីនធឺណិត​សីលធម៌​សង្គម និង​តម្លៃ​គ្រួសារ​» ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​អ៊ីនធឺណិត​បច្ចេកវិទ្យា​ឌីជីថល​ប្រកប​ដោយ​សុវត្ថិភាព​ពិសេស​ក្នុង​ចំណោម​កុមារ និង​យុវវ័យ​នៅ​កម្ពុជា​ផងដែរ​ក្នុង​នោះ​មាន​កុមារ​ប្រមាណ ៦០០ ​នាក់​បាន​ចូលរួម​។

អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ឪពុកម្ដាយ អ្នក​មើលថែ​កុមារ និង​គ្រូបង្រៀន​គួរតែ​ណែនាំ​កុមារ​ឲ្យ​ឆ្ពោះ​ទៅ​រក​ការប្រើប្រាស់​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​ដោយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ឧបករណ៍ និង​ចំណេះដឹង​ដើម្បី​មាន​ជម្រើស​កាន់តែ​ល្អប្រសើរ​ជាង​មុន​ ខណៈ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​អាចជួយ​បង្កើត​សុវត្ថិភាព​អ៊ីនធឺណិត​តាមរយៈ​ការផ្សព្វផ្សាយ​នូវ​មាតិកា​ល្អៗ និង​សេវាកម្ម​ប្រកបដោយ​សុវត្ថិភាព​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ភាព​ទទួល​ខុសត្រូវ​ដល់​សង្គម​៕