ប៉ៃលិនៈ មនុស្ស​ចំនួន​ ១០ ​នាក់​ ក្នុង​ចំណោម​ ៦៨ ​នាក់​ ដែល​ជា​អ្នកបើកបរ រថយន្ត អ្នកជិះ​ម៉ូតូ ទាំង​អ្នក​ឌុប និង​អ្នក​រួមដំណើរ​ជាមួយ​ដែលមាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ធ្វើការ​អប់រំ និង​ឲ្យ​គ្រួសារ​ធានា​យក​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន បន្ទាប់ពី​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅតាម​ដងផ្លូវ​ក្នុង​ភូមិ​ប៉ាងរលឹម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន​កាលពី​ថ្ងៃទី​ ១៥ ​កុម្ភៈ​។

លោក​វរសេនីយ៍ទោ គិត ធីរ៉ា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ប៉ៃលិន​បាន​ប្រាប់​ពី​ម្សិលមិញ​ថា មាន​មនុស្ស​ប្រុស​ចំនួន​ ១០ ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ដែល​ការរកឃើញ​នេះ​បន្ទាប់ពី​សមត្ថកិច្ច​អនុវត្ត​ផែនការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ជាពិសេស អនុវត្ត​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​។

លោក​បញ្ជាក់ថា ចំពោះ​អ្នក​ទាំង​ ១០ ​នាក់​នោះ​ សមត្ថកិច្ច​របស់​លោក​បាន​ប្រគល់​ទៅ​ឲ្យ​អាណាព្យាបាល និង​គ្រួសារ​ពួកគេ​អស់ហើយ ក្រោយពី​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​ពួកគេ​ធានា និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រើប្រាស់​គ្រឿងញៀន​តទៅទៀត​។

លោក​បន្តថា ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ក្នុង​ក្រុងប៉ៃលិន​នេះ​បាន​អនុវត្ត​ក្នុង​ ១ ​សប្តាហ៍​ ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ម្តង​ជួនកាល​ ១ ​សប្តាហ៍​ ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ ២ ​ដង​ជាប្រចាំ​។ ការអនុវត្ត​បែបនេះ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុងប៉ៃលិន ពិសេស​ធានា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល​តែម្តង​។

លោក​ប្រាប់ថា​៖ «​ពួកគេ​ត្រូវ​ឪពុកម្តាយ​មកសុំ​ធានា​យក​ទៅ​អប់រំ​កែប្រែ យក​ទៅ​មណ្ឌល​ខ្លួនឯង​។ តាមពិតទៅ​គ្នា​ជា​អ្នករងគ្រោះ​ដោយ​គ្រឿងញៀន​ដែរ​ទេ​»​។

មន្ត្រី​នគរបាល​រូបនេះ​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​ក៏​ចង់​ពញ្ញាក់​ស្មារតី​ដល់​អ្នកបើកបរ​ដែល​មាន​ការប្រើប្រាស់​គ្រឿងញៀន​។ ព្រោះ​បើ​បើកបរ​មាន​ផ្ទុក​សារធាតុញៀន​បែបនេះ​ធ្វើឲ្យ​អ្នកបើកបរ​យានយន្ត​ទាំងនោះ​មានការ​ភ្លើតភ្លើន និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​រួមដំណើរ​លើ​ដងផ្លូវ​ផង​។

ដោយឡែក​លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាល​ក្រុងប៉ៃលិន ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ការងារ​នេះ​សមត្ថកិច្ច​បាន​អនុវត្ត​ជាប្រចាំ ហើយ​នៅ​យប់​ថ្ងៃទី​ ១៥ កុម្ភៈ នោះ​មាន​កម្លាំង​ចំនួន​ ៣១ ​នាក់​។ ក្នុងនោះ​សមត្ថកិច្ច​បាន​ហៅ​មនុស្ស​ចំនួន​ ៦៨ ​នាក់​ ដើម្បី​ឆែកឆេរ​រក​អាវុធជាតិផ្ទុះ​ ប៉ុន្តែ​រកឃើញ​មនុស្ស​ ១០ ​នាក់ ​ដែល​មាន​ផ្ទុក​សារធាតុ​ញៀន​។ ចំពោះ​អ្នក​ទាំង​ ១០ ​នាក់​នោះ​ មាន​អាយុ​ចន្លោះ​ពី​ ១៩ ​ដល់​ ៣៤ ​ឆ្នាំ​ហើយ​ជា​អ្នករស់នៅ​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្តសៀមរាប​។ ក្នុង​ចំណោម​អ្នក​ទាំង​ ១០ ​នាក់ ​មាន​ម្នាក់​ជា​អ្នកបើករថយន្ត​ប្រភេទ​ក្រឡុក​ស៊ីម៉ងត៍​។

លោក​ យ៉ែមសារិទ្ធ បញ្ជាក់ថា ជា​គោលការណ៍​ចំពោះ​អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​ដែល​មាន​ផ្ទុក​សារធាតុ​ញៀន​សមត្ថកិច្ច​ត្រូវតែ​ដកហូត​យក​បណ្ណ​បើកបរ​រក្សាទុក​។ ប៉ុន្តែ​មនុស្ស​ទាំង​ ១០ ​នាក់​ដែលមាន​ផ្ទុក​សារធាតុញៀន​ក្នុង​ទឹកនោម​មាន​ជន​ខ្លះ​គ្មាន​បណ្ណ​បើកបរ​ម៉ូតូ​។ ដូច្នេះ​លោក​គ្រាន់តែ​ធ្វើការ​អប់រំ និង​ជំរុញ​ឲ្យ​ពួកគេ​ទៅ​ធ្វើ​បណ្ណ​បើកបរ​ម៉ូតូ ក្រោយពី​ប្រគល់​ពួកគេ​ទៅ​ឲ្យ​អាណាព្យាបាល និង​ក្រុមគ្រួសារ​កាលពី​ថ្ងៃទី​ ១៦ ​កុម្ភៈ​។

លោក​បន្តថា ចំពោះ​បុរស​អ្នកបើក​រថយន្ត​ម្នាក់​ឈ្មោះ​ វ័ល្ល ញ៉ា អាយុ​ ២១ ​ឆ្នាំ​រស់នៅ​ភូមិ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប​មាន​ផ្ទុក​សារធាតុញៀន និង​បាន​ដកហូត​រថយន្ត​ ១ ​គ្រឿង​ ម៉ាក សានែល ប្រភេទ​ក្រឡុក​ស៊ីម៉ងត៍ ពណ៌​ស ពាក់​ស្លាក​លេខ​ប៉ៃលិន​ 3A-9999 ជា​បណ្តោះអាសន្ន ដើម្បី​ដោះស្រាយ​។ សមត្ថកិច្ច​បាន​ដកហូត​បណ្ណ​បើកបរ​រថយន្ត​ប្រគល់​ឲ្យ​ខាង​នគរបាល​ចរាចរណ៍​ខេត្ត​ប៉ៃលិន​យក​ទៅ​រក្សាទុក​រយៈពេល​ ៦ ​ខែ​ទើប​ប្រគល់​ឲ្យ​សាមីខ្លួន​វិញ​។ នេះ​ជា​គោលការណ៍​ដើម្បី​ឲ្យ​ជន​នោះ​មាន​ការកែប្រែ​ខ្លួន​ និង​មាន​ការរាងចាល​ផង​៕