កោះកុង/សៀមរាប: រដ្ឋបាលខេត្តកោះកុងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះពលរដ្ឋណាដែលចូលទៅកាប់ទន្ទ្រានយកដីនៅក្នុងតំបន់ដីទំហំ ៩ ៣០៦ ហិកតានៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខណៈអភិបាលស្រុកបន្ទាយស្រីប្ដេជ្ញាទប់ស្កាត់សកម្មភាពឈូសឆាយកាប់រានដីព្រៃកោងកាងទឹកសាប រំលោភយកដីធ្វើជាកម្មសិទ្ធិ។
តាមលិខិតរដ្ឋបាលខេត្តកោះកុងចុះថ្ងៃទី ៧ ខែកុម្ភៈដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីថ្ងៃអាទិត្យឲ្យដឹងថា ទីតាំងដីទំហំ ៩ ៣០៦ ហិកតាដែលបានកាត់ចេញពីឧទ្យានជាតិបទុមសាគរតាមព្រះរាជក្រឹត្យលេខ ០៧១៦ ចុះកាលពីខែកក្កដាឆ្នាំ ២០១៦ សម្រាប់ផ្តល់ជាគោលនយោបាយបែងចែកជូនដល់ពលរដ្ឋដែលត្រូវបានផ្លាស់ប្តូរលំនៅឋានចេញពីទីតាំងគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION Development Group Co., Ltd តែប៉ុណ្ណោះ។
លិខិតបន្តថា កន្លងមកសាលាខេត្តកោះកុងបានចេញសេចក្តីជូនដំណឹងលេខ ០៥២ ចុះកាលពីខែសីហា ឆ្នាំ ២០០៧ ស្តីពីការបញ្ឈប់ជាបន្ទាន់នូវការចេញលិខិតផ្ទេរកម្មសិទ្ធិ ទិញ លក់ និងការបែងចែកនៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ និងសេចក្តីសម្រេចលេខ ១១៥ ចុះកាលពីខែមេសាឆ្នាំ ២០១០ ស្តីពីការទុកជាមោឃភាពនូវរាល់ការផ្ទេរកម្មសិទ្ធិ លក់ ទិញនៅក្នុងឧទ្យានជាតិបទុមសាគរដែលចុះហត្ថលេខាដោយមេឃុំកោះស្ដេច ភ្ញីមាស ព្រែកខ្សាច់ តានួន និងមេឃុំថ្មសក្នុងស្រុកបទុមសាគរដែលស្ថិតនៅលើទីតាំងដីវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION Development Group Co., Ltd។
លិខិតបន្ថែមថាកាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០០៩ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២៣៤ ស្តីពីការធ្វើមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ និងឯកសារផ្សេងៗទៀតដែលបញ្ជាក់ពីសិទ្ធិកាន់កាប់ដីធ្លីមិនស្របច្បាប់នៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរក្នុងតំបន់វិនិយោគក្រុមហ៊ុន UNION Development Group Co., Ltd ខេត្តកោះកុង។
រដ្ឋបាលខេត្តកោះកុងបញ្ជាក់ថា៖ «ប៉ុន្តែបច្ចុប្បន្នរដ្ឋបាលខេត្តពិនិត្យឃើញថា មានប្រជាពលរដ្ឋមួយចំនួនបានចូលទៅកាប់ទន្ទ្រានដីចំណុច ៩ ៣០៦ ហិកតា ធ្វើជាកម្មសិទ្ធិលក់ ទិញ និងផ្ទេរសិទ្ធិកាន់កាប់ខុសច្បាប់។ រដ្ឋបាលខេត្តកោះកុងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះប្រជាពលរដ្ឋទាំងឡាយណាដែលមិនព្រមបញ្ឈប់ ហើយនៅតែបន្តចូលទៅកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខុសច្បាប់។ ដូច្នេះសូមប្រជាពលរដ្ឋដែលពាក់ព័ន្ធត្រូវបញ្ឈប់សកម្មភាព និងដកខ្លួនចេញជាបន្ទាន់»។
លោក សុខ សុធី អ្នកនាំពាក្យសាលាខេត្តកោះកុងបានថ្លែងពីថ្ងៃអាទិត្យថា ពលរដ្ឋដែលមានទំនាស់ដីធ្លីកន្លងមកត្រូវបានអាជ្ញាធរផ្ដល់សំណងរួចរាល់អស់ហើយ ប៉ុន្ដែប្រជាពលរដ្ឋមួយចំនួននៅតែធ្វើការទាមទារដីក្នុងទីតាំង ៩៣០៦ ហិកតានេះ។ លោកបានបញ្ជាក់ថា៖ «ពលរដ្ឋដែលរស់នៅក្នុងទីតាំងដី ៩ ៣០៦ ហិកតាកន្លងមកនេះយើងបានផ្ដល់សំណងឲ្យគាត់ហើយគ្មានអ្នកតវ៉ាអ្វីទៀតទេ រីឯអ្នកដែលតវ៉ារាល់ថ្ងៃនេះគឺពលរដ្ឋដែលមកពីតំបន់ផ្សេងគ្មានអត្តសញ្ញាណច្បាស់លាស់ ហើយអាជ្ញាធរបានប្រាប់គាត់ និងសម្របសម្រួលជាច្រើនលើកមកហើយគឺពួកគាត់នៅតែមិនស្ដាប់យើងទេ»។
ប៉ុន្តែអ្នកស្រី សាំង ពុយ ដែលជាតំណាងពលរដ្ឋមានទំនាស់ដីធ្លីជាង ១៨០ គ្រួសារនៅឃុំកោះស្ដេច ស្រុកបទុមសាគរថ្លែងថា ក្រុមអ្នកស្រីបានរស់នៅក្នុងទីតាំងដីឃុំកោះស្ដេចនេះតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ប៉ុន្ដែអាជ្ញាធរបែរជាចោទពួកអ្នកស្រីថា ជាពលរដ្ឋចំណូលថ្មីរស់នៅលើដីរដ្ឋខុសច្បាប់ទៅវិញ។ អាជ្ញាធរមិនដោះស្រាយសំណងអ្វីឲ្យពួកអ្នកស្រីទេ ក្រោយពីក្រុមហ៊ុន UNION Development Group Co., Ltd បានឈូសឆាយផ្ទះ និងដំណាំចោលអស់កាលពីឆ្នាំ ២០០៨ កន្លងទៅ។ អ្នកស្រីបន្តថា អាជ្ញាធរបានផ្ដល់សំណងជូនពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារប៉ុណ្ណោះ រីឯពលរដ្ឋជាង ២០០ គ្រួសារទៀតមិនទាន់ទទួលបានសំណងទេ។ ពលរដ្ឋដែលនៅសេសសល់មិនទាន់បានសំណងនេះនៅតែបន្តការតវ៉ារហូតដល់មានដំណោះស្រាយ។ «អាជ្ញាធរគេថាពួកខ្ញុំអ្នករស់នៅក្រៅតំបន់មានទំនាស់ដីធ្លី ហើយថា ពួកខ្ញុំហ្នឹង មិនដឹងចំណាកស្រុកមកពីណា តែការពិតពួកខ្ញុំរស់នៅកន្លែងនេះតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ»។
ករណីស្រដៀងគ្នានេះដែរលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានប្ដេជ្ញាទប់ស្កាត់សកម្មភាពឈូសឆាយការកាប់ព្រៃកោងកាងលិចទឹក និងព្រៃក្បាលជប់ដោយខុសច្បាប់ រំលោភយកដីធ្វើជាកម្មសិទ្ធិនៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី។
លោក ហ្វីណង់ មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទលោកពុំមានអ្នកទទួល។ ប៉ុន្ដែលោកបានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកថា លោកនឹងមិនអនុញ្ញាតឲ្យមានអំពើរំលោភបំពានច្បាប់តាមរយៈសកម្មភាពឈូសឆាយកាប់ព្រៃកោងកាងលិចទឹក និងព្រៃក្បាលជប់ដោយខុសច្បាប់រំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះជាដាច់ខាត។
លោកបញ្ជាក់ថា៖ «បើគិតថា ធ្វើអំពើល្មើសច្បាប់ហើយអាចបិទបាំងយករួចខ្លួនកេងផលប្រយោជន៍បាន នោះជាការយល់ច្រឡំធំហើយ។ ខ្ញុំជឿជាក់ថា អ្នកស្រុកបន្ទាយស្រីរបស់ខ្ញុំក្នុងសម័យកាលនេះនឹងមិនបណ្តោយឲ្យជនខិលខូចល្មើសច្បាប់ ធ្វើអ្វីបានតាមអំពើចិត្តនោះឡើយ។ ខ្ញុំសូមធ្វើការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រីបន្តរាយការណ៍ និងឈឺឆ្អាលទៅលើរាល់សកម្មភាពខុសច្បាប់នៅក្នុងស្រុក ដើម្បីការពារប្រយោជន៍រួមសម្រាប់បន្ទាយស្រីយើងទាំងអស់គ្នា»៕