ក្រចេះ/ស្ទឹងត្រែងៈ រដ្ឋបាល​ព្រៃឈើ បាន​អះអាង​ថា ក្រុមហ៊ុន​ Think Biotech មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ និងឈើ​ច្បោះជ័រ​ក្នុង​តំបន់​ព្រៃឡង់ និង​ព្រៃ​សហគមន៍​មួយចំនួន ដូច​ការចោទប្រកាន់​របស់​ក្រុម​សកម្មជន​ព្រៃឈើ និង​បរិស្ថាន​មួយចំនួន​ថា មាន​កាប់​ឈើ និង​ឈើ​ច្បោះ​ជ័រ​ក្នុង​តំបន់​ព្រៃឡង់ និង​ព្រៃ​សហគមន៍​ប្រាសាទ​ទឹកខ្មៅ​នោះទេ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ​ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា ទន្ទឹមនឹង​នេះ​រដ្ឋបាល​ព្រៃឈើ​បាន​ចាត់​ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្ដាល សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ព័ត៌មាន​ដល់ទី​វាល​ដោយ​ប្រើ​វិធីសាស្ត្រ​មួយ​ចំនួន រួមមាន ការស្រាវជ្រាវ​ឯកសារ រូបភាព​ផ្កាយរណប ប្រើប្រាស់​ Drone ដើម្បី​ត្រួតពិនិត្យ​លើ​​ទីវាល ការពិនិត្យ​ទីវាល​ជាក់ស្ដែង​ដោយ​ Radom Checks និង​ការជួប​សម្ភាស​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ តំណាង​សហគមន៍​ព្រៃឈើ និង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដែល​ស្ថិត​នៅក្នុង និង​ខាងក្រៅ​ក្រុមហ៊ុន​ Think Biotech​។

រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹងថា «​ជា​លទ្ធផល ក្រុមការងារ​បាន​រកឃើញ​ថា ក្រុមហ៊ុន Think Biotech មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ និង​ឈើ​ច្បោះ​ជ័រ​ក្នុង​តំបន់​ព្រៃឡង់ និង ព្រៃ​សហគមន៍​ខាងលើ​នោះទេ​។

ក្រុមការងារ​មាន​ការសោកស្ដាយ​ចំពោះ​ការមិន​សហការ​ជាមួយ​ក្រុមការងារ​​ពី​សំណាក់​សកម្មជន​បរិស្ថាន​ក្នុង​ការចុះពិនិត្យ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន បទល្មើស​ព្រៃឈើ នៅ​ទីវាល​ជាក់ស្ដែង​ដែល​ខ្លួន​បាន​ផ្ដល់​ព័ត៌មាន​ដល់​បណ្ដាញ​សារព័ត៌មាន​ថា ក្រុមហ៊ុន Think Biotech មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ និង​ឈើ​ច្បោះជ័រ​នៅក្នុង​តំបន់​ព្រៃឡង់ និង​ព្រៃ​សហគមន៍​៕