សៀមរាបៈ រដ្ឋមន្ត្រីបរិស្ថានអាស៊ានកាលពីថ្ងៃពុធម្សិលមិញបានធ្វើការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយពីការបំពុលផ្សែងអ័ព្ទឆ្លងដែនដែលកើតចេញពីការទន្ទ្រានដីព្រៃ និងការដុតព្រៃដែលធ្វើឱ្យប៉ះពាល់បរិស្ថានដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន។
ការពិភាក្សានេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី ១៥ នៃភាគីសន្និសីទកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែននៅខេត្តសៀមរាបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែ តុលា។
កាលពីខែ មិថុនា ឆ្នាំ ២០០២ ប្រទេសអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន ហើយបានចូលជាផ្លូវការនៅខែ វិច្ឆិកា ឆ្នាំ ២០០៣។
លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ានបានថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានកាលពីថ្ងៃអង្គារថាស្របពេលប្រឈមនឹងការបំពុលផ្សែងអ័ព្ទថ្មីៗនេះដែលបានធ្វើឱ្យប៉ះពាល់ដល់បណ្តាប្រទេសអាស៊ានជាច្រើន អាស៊ានត្រូវការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីសម្របសម្រួលគំនិតផ្តួចផ្តើមដែលមានស្រាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលផ្សែងអ័ព្ទនេះ។
លោក Dato Lim Jock Hoi ថ្លែងថាមេដឹកនាំអាស៊ានបានផ្តល់ទំនុកចិត្តលើយន្តការកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែនដើម្បីទប់ស្កាត់ និងតាមដានការបំពុលផ្សែងអ័ព្ទឆ្លងដែន ដើម្បីធានាថាបរិស្ថាន និងសុខភាពមនុស្សមិនត្រូវបានរងផលប៉ះពាល់។
លោក Dato Lim Jock Hoi បញ្ជាក់ថា៖ «កិច្ចការនេះអាចធ្វើទៅបានតាមរយៈការខិតខំប្រឹងប្រែងរួមគ្នានៅកម្រិតថ្នាក់ជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។ ក្នុងស្មារតីសាមគ្គីភាព និងភាពជាដៃគូ និងស្របតាមតម្រូវការសមត្ថភាព និងស្ថានភាពរៀងៗខ្លួនរដ្ឋសមាជិកអាស៊ានត្រូវតែមានគោលបំណងពង្រឹងវិធានការសហប្រតិបត្តិការក្នុងតំបន់បន្ថែមទៀតដែលអាចអនុវត្តដើម្បីទប់ស្កាត់ផ្សែងអ័ព្ទនេះ»។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជាដែលតែងតែចូលរួមចុះល្បាតព្រៃ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីបរិស្ថានកម្ពុជាលោក សាយ សំអាល់ បានស្នើដល់រដ្ឋមន្ត្រីបរិស្ថានអាស៊ានឱ្យដោះស្រាយបញ្ហាផ្សែងអ័ព្ទដែលបណ្តាលមកពីភ្លើងឆេះព្រៃ នៅឥណ្ឌូនេស៊ី ហើយជះឥទ្ធិពលដល់ប្រទេសសាំងហ្គាពួរ និងម៉ាឡេស៊ីជាដើម។
លោកបានថ្លែងថា បើតាមរបាយការណ៍ថ្មី ទីក្រុងហូជីមិញប្រទេសវៀតណាម និងទីក្រុងបាងកកប្រទេសថៃក៏កំពុងមានបញ្ហាប្រឈមពីការបំពុលខ្យល់នេះដែរ។
លោក ម៉ូរី បន្តថា កត្តាចម្បងដែលបណ្តាលឱ្យមានបញ្ហាបំពុលខ្យល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺបណ្តាលមកពីការបំពុលដែលកើតចេញពីថាមពលដើរដោយធ្យូងថ្ម ភ្លើងឆេះព្រៃ និងការកាប់រុករានដុតព្រៃ ដើម្បីធ្វើកសិកម្មទាំងខ្នាតតូច និងខ្នាតធំ។
លោក ម៉ូរី ថ្លែង បន្ថែមថា៖ «វាជាពេលវេលាមួយដែលរដ្ឋមន្ត្រីអាស៊ាន គួរតែគិតគូររឿងអភិរក្សព្រៃឈើឱ្យមានប្រសិទ្ធភាពហើយទប់ស្កាត់ការកាប់ទន្ទ្រានព្រៃ ដុតព្រៃគ្រប់រូបភាពដើម្បីដាំដំណាំកសិកម្ម និងកសិឧស្សាហកម្ម។ រដ្ឋាភិបាលអាស៊ាន គួរតែគិតអំពីជម្រើសថាមពលកកើតឡើងវិញ ដើម្បីជំនួសពីការទាញថាមពលដើរដោយធ្យូងថ្ម»។
លោកបានថ្លែងបន្តទៀតថា រដ្ឋាភិបាលក្នុងតំបន់បានធ្វើការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែមិនសូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិរក្ស និងការការពារបរិស្ថានទេ ជាពិសេសជម្រើសក្នុងការទាញយកថាមពលពីធ្យូងថ្ម និងថាមពលវារីអគ្គិសនីក្តីនៅក្នុងតំបន់ដោយមិនសូវខ្វាយខ្វល់ពីការប៉ះពាល់ដល់បរិស្ថានគឺធ្វើយ៉ាងម៉េចទាញឱ្យតែបាន។
លោក ស ម៉ូរី បន្ថែមថា៖ «នៅក្នុងប្រទេស កម្ពុជា ក្តី យើងគួរតែពិចារណាក្នុងការដករោងចក្រឧស្សាហកម្មធុនធ្ងន់ដែលបំពុលសំឡេង ហើយនិងខ្យល់ខ្លាំងទៅក្រៅក្រុងវិញ ព្រោះយើងត្រូវគិតគូរសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅទីក្រុង»៕