ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ជា សុផារ៉ា ពី​ម្សិលមិញ​បាន​ព្រមាន​ដល់​ប្រតិបត្តិករ និង​ក្រុមហ៊ុន​ម៉ៅការ​សំណង់​ទាំងអស់​ត្រូវតែ​អនុវត្ត​ច្បាប់​ស្ដីពី​សំណង់​ និង​សាងសង់​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស បន្ទាប់ពី​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ផ្លូវការ​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​មាន​ការគាំទ្រ​ពី​សង្គម​ស៊ីវិល និង​ជំរុញ​ឲ្យ​អនុវត្តមាន​តម្លាភាព​។

ក្នុង​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​សំណង់​ជូន​អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ពី​ម្សិលមិញ លោក​ ជា សុផារ៉ា ថ្លែង​ថា ក្រសួង​បានធ្វើ​ការបណ្ដុះបណ្ដាល​ច្បាប់​ស្ដីពី​សំណង់​នេះ​ទៅ​ដល់​រូបវន្តបុគ្គល ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ទៅលើ​វិស័យ​សំណង់ ឬ​អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ត្រូវតែ​មាន​វិញ្ញាបនបត្រ​។ ប្រតិបត្តិករ​មិនមាន​វិញ្ញាបនបត្រ​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទេ គណៈកម្មការ​ក្រសួង​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្ដែង​។ ប្រសិនបើ​រកឃើញ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង អាជ្ញាធរ​ប្ដឹង​អ្នកទទួល​ខុសត្រូវ​ការដ្ឋាន​សំណង់​នោះ​ទៅ​តុលាការ​។

កម្មវិធី​នេះ​មាន​ការចូលរួម​ពី​វិស្វករ អ្នកជំនាញ​ស្ថាបត្យកម្ម ប្រតិបត្តិករ​ផ្នែក​ការងារ​សំណង់ ក្រុមហ៊ុន​ម៉ៅការ​សំណង់ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​ប្រមាណ​ជាង​ ៤ ​ពាន់​នាក់​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៤ ខែមករា​។

លោក​បាន​បញ្ជាក់ថា​៖ «​ពីមុន​យើង​មិនទាន់​មានច្បាប់ តែ​បច្ចុប្បន្ន​យើង​មានច្បាប់​ហើយ ហើយ​ជឿជាក់​ចុះ​ថា ខ្ញុំ​នឹង​អនុវត្ត​វា​ឲ្យ​បាន​។ តែបើ​អត់​ច្បាប់​ខ្ញុំ​អត់​ដឹង​ធ្វើ​យ៉ាងម៉េច​ដែរ ព្រោះ​ពីមុន​យើង​ទៅ​អង្វរ​គេ​ធ្វើឲ្យ​មាន​ស្ដង់ដា សុវត្ថិភាព គុណភាព គឺ​គេ​អត់​ស្ដាប់​យើង​ទេ​។ តែ​ឥឡូវនេះ​ខ្ញុំ​អត់​ទៅ​សំពះអង្វរ​ប្រតិបត្តិករ​ទាំងអស់​នោះ​ទៀត​ទេ គឺ​យើង​អនុវត្ត​ច្បាប់​»​។

លោក​រដ្ឋមន្ត្រី​បន្ថែមថា​៖ «​យើង​នឹង​ចុះ​ត្រួតពិនិត្យ ហើយ​យក​មក​ធ្វើជា​ឯកសារ រួច​យក​សំណុំរឿង​ធ្វើជា​ដើមបណ្ដឹង​ដាក់​ទៅ​តុលាការ​ឲ្យ​ព្រះរាជអាជ្ញា​ចេញ​លិខិត​កោះហៅ​អ្នកទទួល​ខុសត្រូវ​ការដ្ឋាន​ហ្នឹង​។ បើ​យើង​ធ្វើ​ដូច្នេះ ទើប​យើង​អាច​សម្រេច​បាន​ដូច​គោល​បំណង​នៃ​ច្បាប់​ស្ដីពី​សំណង់​នេះ​»​។

លោក​បញ្ជាក់ទៀត​ថា ច្បាប់​នេះ​ត្រូវ​បាន​ធានា​ឲ្យ​មាន​សុវត្ថិភាព សន្ដិសុខ ឬ​សុវត្ថិភាព​ដល់​ម្ចាស់​សំណង់ អ្នក​ប្រើប្រាស់ និង​សាធារណជន​នានា​។ គោលបំណង​របស់​ច្បាប់​នេះ​ក៏​ចូលរួម​លើក​កម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​នឹង​រុញច្រាន​កំណើនសេដ្ឋកិច្ច​ឲ្យ​កាន់តែ​រីកចម្រើន​ដែរ​។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ ច្រឹក សុខនីម ថ្លែងថា ដោយសារ​ធ្លាប់មាន​ហានិភ័យ​ចំនួន​ ២ ​ករណី​កន្លងមកនេះ ទើប​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជំរុញ​ឲ្យ​ពង្រឹង​គុណភាព​បន្ថែមទៀត​។ លោក​គាំទ្រ​ឲ្យ​មានការ​អនុវត្ត​ច្បាប់ និង​ការពង្រឹង​គុណភាព និង​សុវត្ថិភាព​សំណង់​នៅ​កម្ពុជា ដើម្បី​ចៀសវាង​ហានិភ័យ​ណាមួយ​កើតឡើង​ទៀត​។

លោក​និយាយថា​៖ «​ច្បាប់​ថ្មី​ស្ដីពី​សំណង់​នេះ គឺជា​ការដាក់បន្ទុក​មួយ​ទៀត​ដល់​ប្រតិបត្តិករ និង​អ្នកម៉ៅការ​សំណង់​ដោយ​ច្បាប់​បាន​ហាម​កម្មករ​មិន​ឲ្យ​ស្នាក់​ក្នុង​អគារ​ដែល​កំពុង​សាងសង់​។ អ៊ីចឹង​អ្នកទទួល​ខុសត្រូវ​ការងារ​នេះ​កំពុង​ដោះស្រាយ​កន្លែង​ស្នាក់នៅ​របស់​កម្មករ​។ ច្បាប់​នេះ វា​មាន​ការប៉ះពាល់​ខ្លះ​ចំពោះ​ប្រតិបត្តិករ តែ​យ៉ាងណា​យើង​កំពុង​គិត​ដោះស្រាយ​ទាំងអស់គ្នា​»​។

លោក​ ទី ប៊ុននី សមាជិក​វិស្វករ​អាស៊ាន​ថ្លែង​ថា ចំពោះ​ច្បាប់​ថ្មី​ស្ដីពី​សំណង់​នេះ​បាន​ចូលរួម​ច្រើន​ជាមួយ​វិស័យ​សំណង់​នៅ​សម័យនេះ ប៉ុន្ដែ​វា​ក៏​នៅមាន​ចំណុច​ខ្វះចន្លោះ​មួយចំនួន​ដែល​គួរតែមាន​ការកែប្រែ ឬ​ធ្វើ​វិសោធនកម្ម​ដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​មើល​ទៅលើ​លក្ខខណ្ឌ​មាត្រា​មួយចំនួន​នៃ​ច្បាប់​នេះ គឺ​នៅ​មាន​ចំណុច​ខ្វះចន្លោះ​។ មើល​ទៅ​អង្គច្បាប់​ថា តើ​គេ​បង្កើត​មកនេះ ដើម្បី​អ្វី​? ច្បាប់​នេះ​គឺ​មាន​ប្រយោជន៍​ច្រើន ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​អនុវត្ត​បែបណា​? យើង​ចាំមើល​ទាំងអស់​គ្នា​»​។

លោក​ សួ ឆ្លូញ មន្ត្រី​ទំនាក់ទំនង​នៃ​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា​សាទរ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​លោករដ្ឋមន្ត្រី​ ជា សុផារ៉ា ក្នុង​ការអនុវត្ត​ច្បាប់​សំណង់​។ លោក​ជំរុញ​មន្ត្រី​អនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​សម្រាប់​សំណង់​អ្នកមាន​អំណាច និង​សំណង់​របស់​អ្នក​គ្មាន​អំណាច​។

លោក​បន្តថា ទន្ទឹម​នឹង​ការអនុវត្ត​ច្បាប់​លើ​សំណង់​អគារ​នេះ មន្ត្រី​ពាក់ព័ន្ធ​ក៏​ត្រូវតែ​យកចិត្ត​ទុកដាក់​ទៅលើ​កម្មករសំណង់​ដែរ ព្រោះ​ពួកគាត់​ជា​អ្នករងគ្រោះ​មុនគេ​។ ដូច្នេះ​ក្រុមហ៊ុន​ម៉ៅការ​សំណង់ ឬ​ប្រតិបត្តិករ​ផ្នែក​សាងសង់ គួររៀបចំ​កន្លែង​ស្នាក់នៅ​ឲ្យ​កម្មករ​នៅ​ខាងក្រៅ​សំណង់​អគារ​ដែល​កំពុង​សាងសង់​។ ទិញ​ឧបករណ៍​សុវត្ថិភាព​សម្រាប់​កម្មករ និង​ការបរិភោគ​អាហារ​ឲ្យ​មាន​អនាម័យ​ល្អ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​មើលឃើញថា ទន្ទឹមនឹង​សំណង់​មិនទាន់​មាន​គុណភាព​ល្អ មន្ត្រី​ជំនាញ​ក៏ត្រូវ​គិតដល់​សុវត្ថិភាព​កម្មករសំណង់​ដែរ​។ ការងារ​នេះ ខ្ញុំ​យល់​ថា​យើង​គួរ​ពង្រឹង​ការងារ​របស់ មន្ត្រី​អធិការកិច្ច​បន្ថែម​ទៀត ព្រោះ​ពួកគាត់​មួយ​ចំនួន​នៅ​ព្រងើយកន្តើយ​នឹង​ការងារ​គាត់​នៅឡើយ​។ លើស​ពីនេះ​បើ​រកឃើញ​ការដ្ឋាន​សំណង់​ណា​ដែល​មិន​ប្រក្រតី គួរតែ​ចាត់វិធានការ​តាមច្បាប់​ភ្លាម​»៕