បាត់ដំបងៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីម្សិលមិញបានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនរួមទាំងអាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំបំពាក់ស្លាក និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវសំខាន់ៗក្នុងរាជធានី-ខេត្ត ដើម្បីជួយសម្រួលដល់មន្ត្រីនគរបាលចរាចរណ៍ក្នុងការបំពេញតួនាទី អនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព និងប្រកបដោយគណនេយ្យភាព។
ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង លោក ស ខេង ថ្លែងថាកន្លងមកការស្ដារផ្លូវជាតិ ឬសាងសង់ផ្លូវថ្មីក្នុងរាជធានី-ខេត្ត មិនបានរៀបចំបំពាក់ស្លាក និងភ្លើងសញ្ញាចរាចរណ៍ និងកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវនោះទេ។ នេះជាផ្នែកមួយដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយអ្នកបំពានច្បាប់ចរាចរណ៍អាចគេចខ្លួនពីការផាកពិន័យរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ផងដែរ។
លោក ស ខេង ថ្លែងថា៖ «យើងមិនអាចពឹងផ្អែកតែលើកម្លាំងនគរបាលចរាចរណ៍ក្នុងការត្រួតពិនិត្យសុវត្ថិភាពសណ្ដាប់ធ្នាប់ចរាចរណ៍លើដងផ្លូវបានទេ ព្រោះផ្លូវមានច្រើនខ្វាត់ខ្វែង និងវែងឆ្ងាយ។ ការបំពាក់ស្លាក និងភ្លើងសញ្ញាចរាចរណ៍រួមទាំងកាមេរ៉ាសុវត្ថិភាពនៅលើដងផ្លូវអាចជួយសម្រួលដល់ការងាររបស់មន្ត្រីនគរបាលចរាចរណ៍យើងក្នុងការបំពេញតួនាទីអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព និងគណនេយ្យភាព»។
លោកឲ្យដឹងទៀតថា ឆ្នាំ ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅក្នុងកម្រិតទាបបំផុត ដើម្បីឈានទៅដល់ការសម្រេចគោលដៅសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិដែលថា ឆ្នាំ ២០៣០ នឹងគ្មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
ទោះយ៉ាងណាលោករដ្ឋមន្ត្រីមហាផ្ទៃអះអាងថា ការពង្រឹងការអនុវត្តច្បាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ វាមិនមែនជា «រឿងសាមញ្ញពេកនោះទេ»។ លោកថា អត្រាស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៩ បានកើនឡើងយ៉ាងគំហុកបើធៀបទៅនឹងឆ្នាំមុនៗហើយវានៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់ថែមទៀតក្នុងខែមករា ដើមឆ្នាំ ២០២០។
លោកបញ្ជាក់ថា៖ «ប៉ុន្តែមកដល់ខែកុម្ភៈ ឆ្នាំ ២០២០ នេះអត្រាស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះទៅវិញ គួរឲ្យកត់សម្គាល់គឺធ្លាក់ចុះជាង ៣០ ភាគរយ ឬប្រមាណជាង ៥០ នាក់នៃជនរងគ្រោះ បើធៀបទៅនឹងខែមករា»។
បើតាមលោក ស ខេង ពេលនេះក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូនព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតកំពុងពិភាក្សាគ្នាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការផាកពិន័យចំពោះអ្នកបំពានច្បាប់ចរាចរណ៍។ លោកថា សេចក្ដីព្រាងអនុក្រឹត្យនេះជាយន្តការមួយឈានទៅរកការកែប្រែ ឬធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ដែលពាក់ព័ន្ធនឹងការផាកពិន័យ ដើម្បីឲ្យមានលក្ខណៈធ្ងន់ធ្ងរជាងមុន។
ជាមួយគ្នានេះលោកបានអំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពនៃជីវិតទាំងអស់គ្នា និងជំរុញឲ្យមន្ត្រីនគរបាលជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សហគមន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោក គង់ រតនៈ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និយាយថា ជាការពិតការបំពាក់ស្លាក និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ និងការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ទៅដល់ប្រជាពលរដ្ឋដល់ថ្នាក់មូលដ្ឋាន គឺជាភាពចាំបាច់បំផុត ដើម្បីឈានទៅរកការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោកបានថ្លែងថា៖ «បើគ្រាន់តែដាក់ស្លាក និងភ្លើងសញ្ញាចរាចរណ៍ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវនោះ វាមិនគ្រប់គ្រាន់ទេ បើខ្វះការផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ដើម្បីឲ្យចូលរួមគោរព និងអនុវត្តច្បាប់ទាំងអស់គ្នាទេនោះ»៕