ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា​នឹង​បង្កើត​ក្រុមការងារ​ពិសេស​មួយ សម្រាប់​ចុះ​ត្រួតពិនិត្យ​នៅតាម​បណ្តា​ឃុំ-សង្កាត់ ទូទាំង​ប្រទេស ដើម្បី​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ស្រប​ពេល​ដែល​ឆ្នាំ​ ២០២០ ​នេះ​គ្រប់​ឃុំ-សង្កាត់​ជាង​ ១ ៦០០ នៅ​ទូទាំង​ប្រទេស​នឹង​ទទួល​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​ជា​លើកដំបូង​ជាង​ ១១ ​ម៉ឺន​ដុល្លារ​។

ការប្រកាស​ពី​ការបង្កើត​ក្រុម​ការងារ​ពិសេស​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ម្សិលមិញ ស្រប​ពេល​ដែល​លោក ស ខេង ចុះ​ទៅ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​ក្នុង​ខេត្ត​ព្រៃវែង​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ២០ ខែ​កុម្ភៈ​ ក្នុង​សន្និបាត​ក្រសួងមហាផ្ទៃ​ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ពង្រឹង​ជាថ្មី​ចំពោះ​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​នេះដែរ​។

លោក ស ខេង ថ្លែង​ថា​៖ «​ខ្ញុំ​កំពុងតែ​រៀបចំ​ឲ្យ​មាន​ក្រុមការងារ​ពិសេស​មួយ តែ​មិនមែន​ចុះ​តែ​ ១ ​កន្លែង​ទេ គឺ​ទៅ​គ្រប់​កន្លែង គ្រប់​ខេត្ត ដើម្បី​ជួយ​ត្រួតពិនិត្យ​លើ​កិច្ចការ​មួយ​ចំនួន​ដែល​ក្នុងនោះ​មាន​ការត្រួតពិនិត្យ​ការអនុវត្ត​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​។ ទី​ ២ ធ្វើការ​ត្រួតពិនិត្យ​ប៉ុស្តិ៍​នគរបាល មើលថា​មាន​ចំនួន​ក្របខ័ណ្ឌ សកម្មភាព​ការងារ​បាន​ជាប់លាប់​ទេ ហើយ​ [​មន្ត្រី​] ​បាន​បណ្តុះបណ្តាល​គ្រប់គ្រាន់​ ឬ​ទេ​មុន​នឹង​មក​ធ្វើការ​នេះ​។ តើ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​ទេ​? [​ក្រុមការងារ​ពិសេស​] ​គឺ​សិក្សា​ពី​រឿងនេះ​»​។

បន្ថែម​ពីនេះ​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​ក៏​បាន​អះអាង​ដែរ​ថា ក្រុមការងារ​ពិសេស ដែល​គ្រោង​នឹង​បង្កើត​នេះ​ក៏​មាន​ភារកិច្ច​ចុះ​ត្រួតពិនិត្យ​លើ​ប្រសិទ្ធភាព​ការងារ​របស់​ឃុំ​នីមួយៗ​ផងដែរ​។ ព្រោះថា​ក្នុង​ពេល​ខាងមុខ រាជរដ្ឋាភិបាល​នឹង​ទម្លាក់​លុយ​ជាង ១១ ​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ឃុំ​សម្រាប់​ធ្វើការ​អភិវឌ្ឍ​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​នឹង​ទម្លាក់​លុយ​ច្រើនណាស់​ដែល​ថវិកា​អភិវឌ្ឍន៍​ទទួល​បាន​ ៧៥០០០ ​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ បូក​ទាំង​លុយ​ផ្សេងៗ​ទៀត​នឹង​ទទួលបាន​ជាង​​ ១១ ​ម៉ឺន​ដុល្លារ ហើយ​ឆ្នាំ​ ២០២១ និង​ ២០២២ នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​។ ក្នុង​ប្រវត្តិសាស្ត្រ ឃុំ មិន​ដែល​ទទួលបាន​ថវិកា​ច្រើន​បែប​នេះ​ទេ ដែល​យើង​គិត​មើល​ថា​ក្នុង​ ១ ​ស្រុក​ខ្មែរ​មាន​ឃុំ​ចំនួន ​១ ៦៤៦ ឃុំ ទូទាំង​ប្រទេស​គុណ​ទៅ​។ យើង​គ្រាន់តែ​ចំណាយ​មកលើ​ឃុំ​ខ្លួនឯង វា​អស់​ប៉ុន្មាន​ហើយ ថវិការដ្ឋ​ហ្នឹង​»​។

លោក ស ខេង ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​ខេត្ត​ព្រៃវែង​ម្សិលមិញ​។ ហ្វេសប៊ុក​លោក ​ស ខេង

លោក​ អៀង សុខុម មេឃុំ​អំពិល​ក្រៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បញ្ហា​ពង្រឹង​សន្តិសុខ​នេះ នៅតែ​ជា​បញ្ហា​ប្រឈម​របស់​ឃុំ ព្រោះ​តែ​កម្លាំង​ប្រជាការពារ​ឃុំ​មាន​មិន​គ្រប់គ្រាន់​។ ម្យ៉ាង​នៅ​ខ្វះខាត​ថវិកា និង​ការចាយវាយ​។ បន្ថែម​ពីនេះ​លោក​ថា ការចុះ​បង្ក្រាប​បទល្មើស​មួយ​ចំនួន​តែងតែ​មាន​ឧបសគ្គ ដោយ​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ផងដែរ ព្រោះ​ឃុំ​ខ្លួនឯង​ផ្ទាល់​មិន​អាច​ធ្វើ​អ្វី​តែ​ម្នាក់ឯង​នោះទេ​។

លោក​ប្រាប់ថា​៖ «​បើសិន​ជា​មាន​ក្រុមការងារ​ពិសេស​ចុះមក​ពង្រឹង​នៅ​ឃុំ​របស់​ខ្ញុំ គឺ​មាន​ការត្រេកអរ​ណាស់ ព្រោះ​ឃុំ​ខ្ញុំ​ហាក់​មាន​ការ​ខ្វះខាត​បន្តិច​ត្រង់​ថា យើង​អាច​គ្រប់គ្រង​បាន​តែ​កម្លាំង​ប្រជាការពារ​ទេ ប៉ុន្តែ​ប្រជាការពារ​នេះ វា​ខ្វះ​នូវការ​គាំទ្រ​។ កន្លងទៅ​​សូម្បីតែ​ឯកសណ្ឋាន​នេះ​ក៏​ខ្ញុំ​សុំ​ពី​ក្រុមការងារ​ទម្រាំ​តែ​បាន​។ ខ្ញុំ​នឹង​ស្វែងរក​វិធីសាស្ត្រ​ណា​ដែល​អាច​ដោះស្រាយ​បាន ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​»​។

ទោះយ៉ាងណា​ចំពោះ​ការអភិវឌ្ឍ​ឃុំ​ជាមួយ​នឹង​កញ្ចប់​ថវិកា​ដែល​រដ្ឋ​ផ្តល់​ឲ្យ លោក​ សុខុម រំពឹង​ថា​ឃុំ​របស់​លោក​នឹង​ទទួល​បាន​ការអភិវឌ្ឍ​ល្អប្រសើរ​ជាង​មុន​ច្រើន បើ​ធៀប​ទៅ​នឹង​ឆ្នាំមុនៗ​ដែល​ទទួលបាន​កញ្ចប់​ថវិកា​បន្តិចបន្តួច​។ ព្រោះថា កញ្ចប់​ថវិកា​ទាំងនេះ​នឹង​គ្រាប់​គ្រាន់​ឲ្យ​ឃុំ​លោក​ធ្វើការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ឃុំ​ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​។

តាម​ការស្ទង់មតិ​នៅ​ឆ្នាំ​ ២០១៩ ដែល​បាន​បង្ហាញ​នៅក្នុង​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​ ៨៤ ​ភាគរយ​ បាន​បង្ហាញ​ពី​ភាពជឿជាក់​របស់​ពួកគេ​មក​លើ​កម្លាំង​មាន​សមត្ថកិច្ច និង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​នៅក្នុង​ភូមិ​សង្កាត់​របស់​ពួកគេ​ក្នុង​អត្រា​ ៨១,១ ​ភាគរយ​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លើកឡើង​ថា រដ្ឋាភិបាល​នៅ​តែ​បរាជ័យ​ក្នុង​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ព្រោះ​តែ​បច្ចុប្បន្ន បញ្ហា​ល្បែង​ស៊ីសង គ្រឿងញៀន ជន​ពាលា​អាវាសែ​នៅ​តែ​បន្ត​កើតមាន​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​នៅតែ​មាន​ការភ័យខ្លាច​។

ជាមួយ​នឹង​ការពង្រឹង​ជាថ្មី​នូវ​គោលនយោបាយ​នេះ​លោក​ចង់​ឃើញ ការដាក់ចេញ​សកម្មភាព​ដោយ​ភាពរឹងមាំ ព្រោះ​ថា​បើ​រដ្ឋាភិបាល​មិន​បែងចែក និង​ដាក់ចេញ​នូវ​វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ រដ្ឋាភិបាល​នៅ​តែ​ទទួល​បរាជ័យ​បន្តទៀត​។

លោក​បាន​បញ្ជាក់​ថា​៖ «​គោលនយោបាយ​នេះ​មើល​ទៅ​មិន​ស៊ីគ្នា​ទាល់​តែសោះ ឃុំ​ហាក់​មាន​តួនាទី​ច្រើន ប៉ុន្តែ​ពួកគេ​មាន​តែ​អំណាច​រដ្ឋបាល​ដែល​មិនមាន​ឥទ្ធិពល​អ្វី​ច្រើន​ក្នុង​ការបង្ក្រាប​បទល្មើស​នៅតាម​មូលដ្ឋាន​នោះទេ​។ ភាគច្រើន​ពេល​ដឹង​រឿង​បាន​ត្រឹមតែ​រាយការណ៍​។ នៅពេល​មាន​បទល្មើស​ជាក់ស្តែង​គឺ​សមត្ថកិច្ច​របស់​ប៉ូលិស​នៅ​តាម​មូលដ្ឋាន​ [​ជា​អ្នក​ប្រឈម​] ហើយ​នៅ​ពេល​រាយការណ៍​ទៅ​ ២-៣ ​ថ្ងៃ​ក្រោយ​បាន​ចុះទៅ គឺ​វា​យឺត​មែនទែន​»​។

ចំពោះ​កញ្ចប់​ថវិកា​ដែល​រាជរដ្ឋាភិបាល​ទម្លាក់​ទៅ​ឲ្យ​ឃុំ-សង្កាត់​នីមួយៗ​ធ្វើការ​អភិវឌ្ឍ​នោះ​លោក​ សន ជ័យ យល់​ថា​ប្រសិន​បើ​មិនមាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ការដាក់ចេញ​គោលនយោបាយ​របស់​ឃុំ​ទាំងអស់​នោះទេ​។ កញ្ចប់​ថវិកា​ទាំងនោះ​នឹង​ត្រូវបាន​ចាយវាយ​មិន​ចំ​គោលដៅ ហើយ​ក៏​អាច​បង្ក​ជា​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​នៅ​ថ្នាក់ក្រោម​ជាតិ​ផងដែរ​៕