មណ្ឌលគិរី: រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក ចាន់ សាវុឌ្ឍ កាលពី​ម្សិលមិញ​បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ជុំវិញ​ការផ្តល់​ដី​រដ្ឋ​ជិត​ ១ ​ម៉ឺន​ហិកតា​ ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ខេត្ត​នេះ ប៉ុន្ដែ​ព្រះរាជអាជ្ញា​បាន​អះអាង​ថា​លោក ចាន់ សាវុឌ្ឍ មិន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ ដោយសារ​ចូលកាន់​តំណែង​ក្រោយ​ការផ្ដល់​ដី​នេះ​។

លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក ចាន់ សាវុឌ្ឍ បាន​ចូល​បំភ្លឺ​រួចរាល់​ហើយ​ដោយ​មិនមាន​ការឃាត់ខ្លួន​ទេ​។

លោក​បន្តថា ក្រោយពី​សាកសួរ​ជិត​ ៥ ​ម៉ោង ​លោក​បាន​អនុញ្ញាត​ឲ្យ​លោក ចាន់ សាវុឌ្ឍ ត្រឡប់​ទៅវិញ​។ ​តាម​ចម្លើយ​របស់​លោក ចាន់ សាវុឌ្ឍ ថា​គាត់​ទើបតែ​ចូលកាន់​តំណែង​កាលពី​ឆ្នាំ​ ២០១៨​។ ដូច្នេះ​ការងារ​កន្លង​​មកនេះ​ត្រូវបាន​គេ​អនុវត្ត​មុនពេល​លោក​មកដល់​ពោល​គឺ​ពី​ឆ្នាំ​ ២០១១ និង​ឆ្នាំ​ ២០១៣​។

លោក​ថា​៖ «​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​គ្រោង​នឹង​កោះហៅ​អ្នក​ផ្សេងទៀត ដោយ​ខ្ញុំ​កំពុង​រៀបចំ​លិខិត​ស្នើសុំ​មួយ​ទៀត​ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ឲ្យ​ក្រសួង​ចាត់​មន្ត្រី​រូប​ណា​ម្នាក់​ដែល​បាន​ដឹង​ពី​រឿងនេះ​ច្បាស់ ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​ដឹង​​ថា មន្ត្រី​រូប​ណា​ដែល​ត្រូវ​ចូលមក​បំភ្លឺ​បន្តទៀត​ទេ​»​។

លោក ចាន់ សាវុឌ្ឍ កាលពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការចូល​បំភ្លឺ​នេះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​លោក​មិន​មាន​អ្នកទទួល​។

ប៉ុន្ដែ​លោក ចាន់ ហេង នាយក​រង​ខុទ្ទកាល័យ​ក្រសួង​កសិកម្ម​បាន​ថ្លែងថា លោក ចាន់ សាវុឌ្ឍ ពិតជា​បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​រួចរាល់​ហើយ ប៉ុន្ដែ​លោក​មិនបាន​ដឹង​ពី​រឿង​អ្វី​ផ្សេងទៀត​ទេ​ «​គាត់​ចូល​ទៅ​បំភ្លឺ​រួចរាល់​ហើយ​​គាត់​មក​ធ្វើការ​វិញ​នៅ​រសៀល​នេះ​ទៀត​ (​រសៀល​ថ្ងៃទី​ ១២ ​កញ្ញា​) ប៉ុន្ដែ​ខ្ញុំ​មិនដឹង​ដំណើររឿង​យ៉ាងណាទេ​»​។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​លោក ហៀង សុភក្ត្រ កាលពី​ថ្ងៃទី​ ២៧ សីហា​​បាន​កោះហៅ​លោក ចាន់ សាវុឌ្ឍ​ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ១២ ខែ​ កញ្ញា វេលា​ម៉ោង​ ៩ ​ព្រឹក បន្ទាប់ពី​លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួង​នេះ​បាន​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ២១ ខែ​ សីហា កន្លងមក​ពាក់ព័ន្ធ​ករណី​តែមួយ​។

បើតាម​ដីកា លោក សាវុឌ្ឍ ត្រូវ​ចូល​បំភ្លឺ​ពី​រឿង​ការអនុញ្ញាត​ជំហាន​ទី​ ១ ក្នុង​អនុតំបន់ I ចំនួន​ ១ ០០០ ​ហិកតា អនុតំបន់ ​II ចំនួន​ ២ ០០០ ​ហិកតា អនុតំបន់ III ចំនួន ២ ០០០ ហិកតា អនុតំបន់ IV ​ចំនួន ២ ០០០ ​ហិកតា អនុតំបន់ V ចំនួន ២ ៧៤១ ​ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន​ផេស៊ីហ្វិក ហ្គ្រេន យ៉ញស្តុក ខមភេនី លីមីធីត ក្នុង​ខេត្ត​មណ្ឌលគិរី​។

លោក អ៊ាង ម៉េងលី មន្ត្រីសម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា នេះ​បង្ហាញ​ឲ្យ​ឃើញថា តុលាការ​ខេត្ត​មណ្ឌលគិរី​បាន​និង​កំពុង​ធ្វើការ​ទៅតាម​នីតិវិធី​ច្បាប់ ប៉ុន្ដែ​តុលាការ​គួរ​កោះហៅ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត បើ​ទោះបី​មាន​បុណ្យ​ស័ក្ដិ​ខ្ពស់​យ៉ាងណា​ក៏ដោយ​។

លោក​បន្តថា ទោះ​អ្នក​ផ្ដល់​សិទ្ធិ​នៅ​ឆ្នាំ​ ២០១១ ឬ​ ២០១៨ ក៏ដោយ ប្រសិន​បើ​រកឃើញ​​ថា ពួកគាត់​មាន​ជាប់​ពាក់ព័ន្ធ​ការចេញ​ច្បាប់​អនុញ្ញាត​មិនប្រក្រតី​ឲ្យ​ទៅ​បុគ្គល​ ឬ​ក្រុមហ៊ុន​ណាមួយ​នោះ ត្រូវតែ​ចូល​បំភ្លឺ​​ និង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល​សូម​អំពាវនាវ​ឲ្យ​តុលាការ​អនុវត្ត​ច្បាប់​កុំ​ឲ្យ​មាន​ការរើសអើង ទោះបី​ជា​អ្នកមាន​ឋានៈ ឬ​តួនាទី​ខ្ពស់​ក៏ដោយ​។ ខ្ញុំ​ក៏​រំពឹង​ថា​តុលាការ​នឹង​អនុវត្ត​ច្បាប់​ឯករាជ្យ​ប្រសិន​បើ​គាត់​រកឃើញ​ភ័ស្ដុតាង​ជាក់លាក់​ពី​ជនសង្ស័យ​»៕