ភ្នំពេញៈ រដ្ឋសភានឹងបោះឆ្នោតនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីផ្ដល់សេចក្ដីទុកចិត្ត លើការតែងតាំង និងកែសម្រួលសមាសភាពរដ្ឋមន្ត្រីចំនួន ៥ រូប និងតែងតាំងទេសរដ្ឋមន្ត្រីចំនួន ៥ រូបតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា និងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៧ ខែមីនា បានផ្ញើលិខិតមួយជូនទៅលោក ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំលោក ហេង សំរិន រៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តរបស់រដ្ឋសភាលើការតែងតាំង និងកែសម្រួលសមាសភាពនៃរាជរដ្ឋាភិបាលដោយមានការតែងតាំងទេសរដ្ឋមន្ត្រីចំនួន ៥ រូបដែលជាអតីតរដ្ឋមន្ត្រី និងកែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រីថ្មី ៥ រូបដែលត្រូវជំនួសអតីតរដ្ឋមន្ត្រីមុន។
ក្នុងលិខិតរបស់លោកដដែលនោះលោក ហ៊ុន សែន បានតែងតាំងលោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺលោកបន្តនៅក្នុងក្រសួងដដែលដែលទើបប្ដូរឈ្មោះពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាទេសរដ្ឋមន្ត្រី។
លោកបានស្នើតែងតាំងលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំនួសលោក អង្គ វង្ស វឌ្ឍានា។ លោក ជា វ៉ាន់ដេត តំណាងរាស្ត្រខេត្តតាកែវ និងជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី ៣) នៃរដ្ឋសភា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក។
លោក ឈិត សុខុន រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអតីតអភិបាលខេត្តព្រះសីហនុត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាជំនួសលោក ហ៊ឹម ឆែម។ ចំណែកលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជំនួសលោក ពេជ្រ ប៊ុនធិន។
ចំណែកអតីតរដ្ឋមន្ត្រី ទាំង ៤ រូបរួមមានលោក ហ៊ឹម ឆែម លោក អង្គ វង្ស វឌ្ឍនា លោក ត្រាំ អ៊ីវតឹក និងលោក ពេជ្រ ប៊ុនធិន ត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីម្សិលមិញមិនបានបដិសេធលើលិខិតដែលមានការចែកចាយលើបណ្ដាញសង្គមទេ ប៉ុន្តែលោកថាជាធម្មតាមានតែលោកនាយករដ្ឋមន្ត្រីម្នាក់គត់ដែលដឹងពីការតែងតាំង និងកែសម្រួលនេះហើយរដ្ឋសភាអាចដឹងពេលទទួលលិខិតរបស់លោក។ លោកយល់ថា លិខិតនេះប្រហែលត្រូវបានបែកធ្លាយ។
ទោះយ៉ាងណាលោកពន្យល់ថា ការរុះរើរដ្ឋមន្ត្រីក្រសួងទាំង ៤ នេះជាផែនការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រៀមជាយូរមកហើយ។
លោកថ្លែងថា៖ «សម្ដេចនៅពេលចាប់ផ្ដើមអាណត្តិនេះលោកបានថា លោកនឹងមានការដោះដូរខ្លះនៅពេលពាក់កណ្ដាលទី។ លោកធ្វើឲ្យសមាជិករាជរដ្ឋាភិបាលដែលរាប់តាំងពីរដ្ឋមន្ត្រីឡើងទៅមានភាពឆ្លើយតបមានភាពរស់រវើកឲ្យមានភាពឆ្លើយតបនឹងការងារ ហើយលោកបង្វិលចុះបង្វិលឡើង អានោះជាការរៀបចំរបស់នាយករដ្ឋមន្ត្រីដែលទទួលខុសត្រូវចំពោះមុខរដ្ឋសភា»។
លោកបន្តថា ការផ្លាស់ប្ដូរនេះមិនពាក់ព័ន្ធនឹងស្ថានភាពប្រទេស និងពិភពលោកបច្ចុប្បន្នដែលកំពុងមមាញឹកលើការប្រឈមមុខជាមួយជំងឺកូវីដ-១៩នោះទេ។ លោកថាជំងឺនេះគឺមានគណៈកម្មការសម្រាប់ដោះស្រាយរួចហើយ ដោយមានលោកនាយករដ្ឋមន្ត្រីជាប្រធាន ហើយមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាអនុប្រធាន។
លោកថ្លែងថា៖ «យើងមើលឃើញថា ការរៀបចំសម្រួលសមាសភាពរបស់គណៈរដ្ឋមន្ត្រីហ្នឹងប៉ះពាល់ត្រឹមក្រសួង គឺក្រសួងជំនាញ ដើម្បីប្រសិទ្ធភាពការងារដែលនេះជាការយល់ឃើញរបស់នាយករដ្ឋមន្ត្រី។ ដូច្នេះខ្ញុំចាត់ទុកសារនេះថាជាសារដែលបានបែកធ្លាយ ពិបាកនឹងយកមកពិចារណា»។
ទោះជាយ៉ាងណាក៏ដោយយោងតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីមាត្រា ២១ ចែងថា៖ «នាយករដ្ឋមន្ត្រីលើកសំណើផ្លាស់ប្ដូរ និងជំនួសសមាជិករាជរដ្ឋាភិបាលជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ ក្រោយពីរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ សមាជិករាជរដ្ឋាភិបាលនោះត្រូវតែងតាំងដោយព្រះមហាក្សត្រ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ក្រសួងទាំង ៤ ដែលមានការដោះដូររដ្ឋមន្ត្រីនេះមិនមែនជាក្រសួងដែលពាក់ព័ន្ធខ្លាំងទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទេ ជាពិសេសក្រសួងមុខងារសាធារណៈ និងធម្មការ និងសាសនាគឺជាក្រសួងដែលប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍។ ប៉ុន្តែប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំងលើក្រសួងដែលធ្វើការពាក់ព័ន្ធនឹងការធ្វើស្រែចម្ការ ទឹក ការលក់ស្រូវអង្ករ ការផ្ទេរកម្មសិទ្ធិដីធ្លី។
លោកថ្លែងថា៖ «មានក្រសួង ២ ក្នុងចំណោម ៤ នោះមានក្រសួងយុត្តិធម៌ ដែលមានការត្អូញត្អែរច្រើនពីប្រជាពលរដ្ឋដែលគួរតែមានការកែសម្រួលហើយ ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ហ្នឹងក៏យើងឃើញថា ការគ្រប់គ្រងលើសេវាទូរគមនាគមន៍ក៏មានបញ្ហាដែរ តាំងពីប្រសិទ្ធភាពតាំងពីភាពស្មោះត្រង់នៃក្រុមហ៊ុនទូរស័ព្ទដៃឯកជនទៅលើអតិថិជនទាំងអស់នេះដែលរដ្ឋត្រូវធ្វើនិយតកម្មត្រូវធ្វើអន្តរាគមន៍ដើម្បីធានាការគោរពសិទ្ធិដល់អតិថិជន។ យើងឃើញថា សកម្មភាពរបស់ក្រសួងនេះនៅមានតិចតួចណាស់ គ្មានអ្វីដែលគួរឲ្យទទួលយកបានពីសំណាក់ប្រជាពលរដ្ឋទេ»។
លោកថា ក្រសួងដែលគួរតែពង្រឹងគុណភាពសេវាកម្មសម្រាប់ប្រជាពលរដ្ឋគឺក្រសួងដែលពាក់ព័ន្ធនឹងជីវភាពប្រជាពលរដ្ឋជាក់ស្ដែងប្រចាំថ្ងៃ ដូចជាក្រសួងកសិកម្ម និងក្រសួងធនធានទឹកដែលធ្វើការហាក់ដូចជាត្រួតស៊ីគ្នា ប៉ុន្តែប្រជាពលរដ្ឋធ្វើស្រែតែ ១ រដូវ ស្ទើរតែរកទឹកធ្វើស្រែមិនបាន។
បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក៏គួរតែត្រូវបានពង្រឹងផងដែរ ដែលក្នុងក្រសួងនេះមានបញ្ហាសាមញ្ញមួយចំនួនដូចជាពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន សៀវភៅគ្រួសារថ្មីត្រូវធ្វើសៀវភៅស្នាក់នៅថ្មី។ រដ្ឋាភិបាលបានប្ដូរខណ្ឌ សង្កាត់អីចុះឡើង កាត់ពីនេះទៅនោះ ដូច្នេះប្រជាពលរដ្ឋគាត់អស់លុយហើយ ហើយការផ្ទេរសិទ្ធិដីធ្លី ប្រជាពលរដ្ឋត្អូញត្អែររហូតក្នុងមួយឆ្នាំអី មិនទាន់កាត់ឈ្មោះបានផង ហើយអស់លុយទៀត។ លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកសភានៃអតីតបក្សប្រឆាំងមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕