ភ្នំពេញៈ រដ្ឋសភា​គ្រោង​នឹង​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​ និង​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​ស្រប​ពេលដែល​ច្បាប់​នេះ​កំពុង​ត្រូវការ​ជា​ប្រញាប់​ពី​រាជរដ្ឋាភិបាល​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ហេង សំរិន ប្រធានរដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា ដើម្បី​សម្រេច​បញ្ជូន​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​មក​ពិភាក្សា​អនុម័ត​នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​នៅ​ថ្ងៃ​នេះ​រួមទាំង​ការបោះឆ្នោត​ជ្រើសតាំង ផ្លាស់ប្ដូរ​សមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋសភា​មួយចំនួន​។

លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ម្សិលមិញ​ថា ច្បាប់​នេះ​ត្រូវ​បាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ និង​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​បាន​ពិនិត្យ ហើយ​ឯកភាព ដើម្បី​បញ្ជូន​មក​ឱ្យ​រដ្ឋសភា​បើក​កិច្ចប្រជុំពេញអង្គ ពិភាក្សា​ និង​អនុម័ត​។

លោក ប៉េងឡុង ថា​៖ «​ខាង​គណៈកម្មការ​ជំនាញ​បាន​ពិនិត្យ​ និង​ពិចារណា ហើយ​បាន​ស្រាវជ្រាវ និង​សិក្សា​រួចហើយ ហើយ​បានស្នើ​សុំឱ្យ​យក​ច្បាប់​ហ្នឹង​ឱ្យ​រដ្ឋសភា​បើក​កិច្ចប្រជុំពេញអង្គ​ដើម្បី​អនុម័ត​។ គេ​បាន​ដាក់ឱ្យ​រដ្ឋសភា​បើក​កិច្ចប្រជុំពេញអង្គ​អនុម័ត បាន​សេចក្ដី​ថា ច្បាប់ហ្នឹង​សមរម្យ និង​សមស្រប​តាម​ខ្លឹមសារ​ដែល​គួរតែ​ដាក់​ឱ្យ​សភាអនុម័ត​ដែល​គេ​មិន​ទាត់ចោល​ច្បាប់​ហ្នឹង​ទេ​»​។

លោក ប៉េងឡុង បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​ដែល​រដ្ឋសភា​បើក​កិច្ចប្រជុំពេញអង្គ​អនុម័ត​ច្បាប់​ឱ្យបាន​ឆាប់ ដោយសារ​ធ្វើឡើង​តាម​សំណូមពរ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវការ​ច្បាប់​នេះ​ជា​ប្រញាប់​។

លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃទី​ ៧ មេសា​ថា លទ្ធភាព​នៃ​ការប្រើ​ច្បាប់​នេះ​មាន​តែ​ ០,១ ​ភាគរយ​ប៉ុណ្ណោះ ពីព្រោះ​លោក​មាន​ជំនឿ​រហូតដល់​ជាង ៩៩ ​ភាគរយ​ថា កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩ បាន​ហើយ​បាន​អះអាង​ដែរ​ថា សភាពការណ៍​របស់​កម្ពុជា​មិនទាន់​ដល់​អាសន្ន​ដែល​ត្រូវដាក់​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​ប្រញាប់ប្រញាល់​នោះទេ​។

តែ​កម្ពុជា​មាន​តម្រូវការ​ចាំបាច់​ឲ្យ​មានច្បាប់​នេះ​ក្នុង​ដៃ​តែប៉ុណ្ណោះ​។ លោក​បញ្ជាក់ដែរថា លោក​មិន​ចង់​ប្រើ​ច្បាប់​នេះ​ទេ ព្រោះ​ការប្រកាស​ដាក់​ប្រទេស​នៅក្នុង​គ្រាអាសន្ន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ និង​ប៉ះទង្គិច​ដល់​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​​ជាច្រើន​ទៀត​៕