ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីមន្ត្រី ដែលបានកាងឱ្យឈ្មួញនាំជ្រូកខុសច្បាប់ពីប្រទេស វៀតណាម ចូលមកកម្ពុជា ដោយបានអំពាវនាវឲ្យពលរដ្ឋរាយការណ៍ពីមន្ត្រី ដែលអនុញ្ញាតឲ្យមានការនាំជ្រូកចូលខុសច្បាប់ ស្របពេលជំងឺប៉េស្ដជ្រូកអា្រហ្វិកនេះកំពុងបន្តរាលដាលដល់ខេត្តកណ្ដាល បន្ទាប់ពីផ្ទុះឡើងនៅខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី ពីថ្ងៃម្សិលមិញ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មានមនុស្សមួយក្រុមស្លៀកពាក់ជាឯកសណ្ឋានមន្ត្រី បានគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនគិតអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំឡើយ។ ពួកគេបានអនុញ្ញាតឱ្យមានការលួចនាំជ្រូកចូលខុសច្បាប់ពីប្រទេសវៀតណាម ដែលករណីនេះលោកចាត់ទុកថា អាចធ្វើឱ្យប៉ះពាល់សុខុមាលភាពសាធារណៈនិងមុខរបរចិញ្ចឹមជ្រូកនៅកម្ពុជា។
លោកបន្តថា ការស៊ើបអង្កេតនេះ បន្ទាប់ពីលោកទទួលបានព័ត៌មានទាក់ទងនឹងមន្ត្រីយោធា ១ ក្រុម បានអនុញ្ញាតឱ្យនាំជ្រូកខុសច្បាប់ពីប្រទេស វៀតណាម ចូលតាមខេត្តស្វាយរៀង ដោយរំលោភលើសារាចរណែនាំរបស់ក្រសួងកសិកម្ម។
លោកថ្លែងថា៖ «សូមជម្រាបជូនតែប៉ុណ្ណឹងសិន ដោយសាររឿងហ្នឹងវាថ្មីពេកសម្រាប់យើងធ្វើការ។ ប៉ុន្តែសម្រាប់រដ្ឋាភិបាល យើងយកប្រជាពលរដ្ឋជាធំ។ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺជាផលប្រយោជន៍របស់រាជរដ្ឋាភិបាលក្នុងការផ្ដល់សេវាកម្មឬក៏ក្នុងការបម្រើ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា មន្ត្រីទាំងអស់ជាអ្នកបម្រើរបស់មហាជន»។
លោក ផៃ ស៊ីផាន បានអំពាវនាវឱ្យពលរដ្ឋ ជាពិសេសអ្នករស់នៅតាមច្រករបៀងតាមព្រំដែន ចូលរួមរាយការណ៍អំពីមន្ត្រីដែលអនុញ្ញាតឱ្យមានការនាំចូលជ្រូកខុសច្បាប់ពីប្រទេសជិតខាង ជាពិសេសពីប្រទេស វៀតណាម តាមរយៈការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក។
ការលើកឡើងនេះ បន្ទាប់ពីលោក ផៃ ស៊ីផាន កាលពីថ្ងៃទី ១០ កក្កដា បានចែករំលែកព័ត៌មានមួយដែលបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «HC ហ៊ុន ជា ដើម្បីខ្មែរ» ដែលអះអាងថា នៅខេត្តស្វាយរៀងមានទាហាន ១ ក្រុមតូច បានកាងឱ្យនាំជ្រូកខុសច្បាប់ចេញពីប្រទេស វៀតណាម ហើយបន្តថា ករណីនេះបានធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់ប្រជា ពលរដ្ឋអ្នកចិញ្ចឹមជ្រូកនៅក្នុងខេត្តស្វាយរៀង និងបានស្នើឱ្យមានវិធានការផ្ដន្ទាទោសតាមច្បាប់ចំពោះមន្ត្រីយោធាទាំងនោះ។
ទោះយ៉ាងណា ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងសុំការបំភ្លឺពីលោកប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀងបានទេពីម្សិលមិញ ដោយសារអ្នកលើកទូរស័ព្ទថា ច្រឡំលេខ ខណៈលោក កឹង ឃន ស្នងការនគរបាលខេត្តថា ជាប់ប្រជុំ។ រីឯលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង មិនលើកទូរស័ព្ទ។
ខេត្តស្វាយរៀង និងខេត្តតាកែវ ត្រូវបានក្រសួងកសិកម្មចេញប្រកាសកាលពីថ្ងៃទី ៨ កក្កដា នេះ អំពីករណីផ្ទុះឡើងជំងឺប៉េស្ដជ្រូកអាហ្រ្វិក បន្ទាប់ពីជំងឺនេះបានផ្ទុះឡើងដំបូងនៅកម្ពុជាក្នុងខែមីនា ស្ថិតក្នុងខេត្តរតនគិរី និងបន្ទាប់មករាលដាលដល់ខេត្តត្បូងឃ្មុំ។
បើតាមតួលេខរបស់នាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណៈបសុព្យាបាលបានបង្ហាញនៅថ្ងៃម្សិលមិញដែរថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកបានធ្វើឱ្យជ្រូកចំនួន ២ ៥៥៧ ក្បាលងាប់ ដែលក្នុងនោះប្រហែល ៧០០ ក្បាល ត្រូវបានសម្លាប់ចោល។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វបាន លើកឡើងក្នុងសន្និសីទដែរថា រយៈពេលកន្លះឆ្នាំ ២០១៩ នេះការលួចនាំចូលជ្រូកខុសច្បាប់ពីប្រទេស វៀតណាម ចំនួន ៥៥ ករណី ដែលមានជ្រូកសរុប ១ ៤៨២ ក្បាល ត្រូវបានបង្ក្រាប។ ប៉ុន្តែលោកអះអាងថា ក្នុងចំណោមជ្រូកនាំចូលខុសច្បាប់ទាំងនោះពុំរកឃើញមានផ្ទុកជំងឺប៉េស្ដជ្រូកអាហ្រ្វិកឡើយ។
លោកបន្ថែមថា៖ «នេះបង្ហាញឱ្យឃើញថា ឆ្នាំនេះបន្ទាប់ពីមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី សូម្បីតែខេត្តក៏មានសម្ទុះកើនឡើងក្នុងការបង្ក្រាបដែរ ប៉ុន្តែក៏នៅមានខេត្តមួយចំនួននៅមាន [ភាព] ទន់ខ្សោយក្នុងការងារ (បង្ក្រាប) នេះ»។
ជុំវិញការបង្ក្រាបការដឹកជ្រូកខុសច្បាប់ពីវៀតណាមនេះ កាលពីថ្ងៃទី ៨ កក្កដា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានសម្រេចផ្ទេរតួនាទីលោក រី ដាវិន ពីប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ មកបញ្ឈរជើងនៅក្រសួងវិញ ក្រោយពីរកឃើញថា មន្ត្រីនេះបានព្រងើយកន្ដើយចំពោះការងារទប់ស្កាត់ជំងឺប៉េស្ដជ្រូកអាហ្រ្វិក។
ចំណែកលោកអុល ដូរិន ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកណ្ដាលបានប្រាប់ភ្នំពេញប៉ុស្ដិ៍ដែរថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកបានរាលដាលដល់ឃុំក្រាំយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាលហើយ។ គិតមកដល់ថ្ងៃម្សិលមិញ មានជ្រូកជាង ៥០០ ក្បាលបានងាប់ ហើយតាមការធ្វើតេស្ដឈាមនៅថ្ងៃទី ៨ កក្កដា នេះ ជ្រូកទាំងនោះបានឆ្លងជំងឺប៉េស្ដជ្រូកអាហ្រ្វិក។
លោកបញ្ជាក់ថា៖ «ឥឡូវវាកំពុងងាប់ជាបណ្ដើរៗ ហើយឥឡូវហ្នឹងយើងកំពុងធ្វើការ (បាញ់ថ្នាំសម្លាប់មេរោគ)»៕
វីដេអូ៖