ភ្នំពេញៈ ប្រទេស កម្ពុជា បានទទួលស្គាល់អគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គឺលោកស្រី Spaniard Carmen Moreno ដែលនឹងមកជំនួសលោក George Edgar ដែលនឹងចាកចេញពីកម្ពុជានៅខែកញ្ញាខាងមុខខណៈដែលប្លុក ២៨ ប្រទេសនេះកំពុងដំណើរការនីតិវិធីព្យួរ EBA។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្ដិការអន្តរជាតិ បានបញ្ជាក់កាលពីម្សិលមិញថា៖ «រដ្ឋាភិបាល បានឯកភាពហើយផ្តល់ការឯកភាពទទួលបេក្ខភាពលោកស្រី (Spaniard Carmen Moreno) ជាទូតថ្មីរបស់ EU ប្រចាំនៅកម្ពុជា»។
លោកស្រី Carmen Moreno ដែលជាជនជាតិអេស្ប៉ាញ បច្ចុប្បន្ន គឺជាមន្ត្រីជាន់ខ្ពស់នៃកិច្ចប្រជុំអាស៊ីអឺរ៉ុប ហៅកាត់ថា ASEM និងជាតំណាងពិសេស នៃក្រសួងការបរទេសអេស្ប៉ាញ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។ លោកស្រីគឺជាអតីតឯកអគ្គរដ្ឋទូតនៃប្រទេស អេស្ប៉ាញ ប្រចាំថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាផងដែរ កាលពីឆ្នាំ ២០១២។
លោក George Edgar បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ តាមរយៈសារអេឡិចត្រូនិកកាលពីម្សិលមិញថា កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការមកដល់របស់លោកស្រី Carmen Moreno គឺមិនទាន់កំណត់នៅឡើយ ប៉ុន្តែលោកសង្ឃឹមថា លោកស្រីនឹងមកដល់នៅចន្លោះដើម និងពាក់កណ្តាលខែកញ្ញាខាងមុខ។
ការផ្លាស់ប្តូរអគ្គរដ្ឋទូតថ្មីរបស់ EU នេះ ធ្វើឡើងស្របពេលដែល EU បានចាប់ផ្តើមនីតិវិធីជាផ្លូវការ សម្រាប់ការព្យួរ EBA ពីកម្ពុជាកាលពីខែកុម្ភៈ។ កាលពីខែមិថុនាក្រុមបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុបបានមកទស្សនកិច្ចកម្ពុជា។
ពួកគេនឹងធ្វើរបាយការណ៍ស្តីពីលទ្ធផលស៊ើបអង្កេតរបស់ពួកគេ នៅពាក់កណ្តាលខែសីហា។ ប៉ុន្តែសេចក្តីសម្រេចចុងក្រោយ នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយ។
សហភាពអឺរ៉ុបបានថ្លែងថា បេសកកម្មកាលពីខែមិថុនា បានពិនិត្យមើលទៅលើបញ្ហាសំខាន់មួយចំនួនក្នុងចំណោមក្តីបារម្ភសំខាន់ៗក្នុងប្រទេសកម្ពុជារួមមានការរំលោភបំពានសិទ្ធិនយោបាយសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសមាគម សិទ្ធិរៀបចំ និងចរចារួម ការរំលោភយកដីធ្លី ដែលបង្កឡើងដោយសម្បទានដីសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យស្ករស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនទាន់ដឹងពីគោលនយោបាយរបស់លោកស្រី Carmen Moreno យ៉ាងណានោះទេ ដោយសារលោកស្រីគឺជាអគ្គរដ្ឋទូតថ្មី។ តែលោកជឿជាក់ថា លោកស្រីនឹងធ្វើកិច្ចការក្នុងន័យសហប្រតិបត្តិការទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អថែមទៀតរវាងកម្ពុជា និង EU។
លោក មាស នី អ្នកសិក្សាពីបញ្ហាសង្គមថ្លែងថា តាមដែលលោកទទួលព័ត៌មានពី EU នេះគឺជាការផ្លាស់ប្តូរតំណែងជាទៀងទាត់ធម្មតានៃអាណត្តិរបស់អគ្គរដ្ឋទូត EU។ «ខ្ញុំគិតថា នៅក្នុងឋានៈជាអគ្គរដ្ឋទូត សម្រាប់ EU ដូចជាមិនមានឥទ្ធិពលអ្វីដែលធ្វើឱ្យមានការផ្លាស់ប្តូរទៅដល់ដំណើរការនៃការសម្រេចចិត្តរបស់ EU (លើ EBA) នៅការិយាល័យធំរបស់គេទេ ព្រោះអីនៅក្នុង EU យើងដឹងស្រាប់ហើយថា មានសមាជិកដល់ទៅ ២៨ ប្រទេស ហើយទម្រាំតែមានការសម្រេចអ្វីមួយនោះ វាទាមទារ ត្រូវការឱ្យមានដំណើរការនីតិវិធីរបស់គេ ស្មុគស្មាញ ហើយត្រូវប្រើពេលវេលាច្រើន»៕