ភ្នំពេញៈ រដ្ឋាភិបាល សង្គម​ស៊ីវិល រួមទាំង​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត​បង្ហាញ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការបង្កើត​សកម្មភាព​ជា​វិជ្ជមាន ដើម្បី​រួមគ្នា​ប្រឆាំង​នឹង​វិបត្តិ​ប្លាស្ទិក​ដែល​កំពុង​ផ្តល់​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភពផែនដី ជាពិសេស​មនុស្ស​ និង​សត្វ ខណៈ​ការប្រើប្រាស់​ប្លាស្ទិក​កំពុង​មាន​ការកើនឡើង​ខ្លាំង​ទាំង​ក្នុង​ប្រទេស​ កម្ពុជា​ និង​ពិភពលោក​។

ការប្រកាស​ពី​ការប្ដេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការកាត់បន្ថយ​សំណល់​ប្លាស្ទិក​នេះ​បាន​ធ្វើឡើង​នៅក្នុង​វេទិកា​ជាតិ​ស្តីពី​សកម្មភាព​ទប់ស្កាត់​សំណល់​ប្លាស្ទិក​នៅ​កម្ពុជា កាលពី​ម្សិលមិញ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ១០០ ​នាក់​ ដោយ​បាន​ធ្វើការ​ជជែក​ពិភាក្សា​ជុំវិញ​វិធានការ និង​ការផ្សព្វផ្សាយ​ពី​ផលវិបាក​នៃ​សំណល់​ប្លាស្ទិក​។

លោក Richard Marshall សេដ្ឋវិទូ​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​នៅ​កម្ពុជា​ (UNDP) ​បាន​លើកឡើង​ថា រហូត​មក​ទល់​ពេល​នេះ ការប្រើប្រាស់​សំណល់​ប្លាស្ទិក​​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​ទៅ​ ៨,៣ ​ពាន់​លាន​តោន ឬ​ស្មើនឹង​ចំនួន​ដំរី​ជាង ​១ ​ពាន់​លាន​ក្បាល​។ លោក​បន្តថា ជាង​នេះ​ទៅ​ទៀត​តាម​ការព្យាករ បើសិន​បើ​គ្មាន​ការទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ សំណល់​ប្លាស្ទិក​នេះ​អាច​នឹង​កើនឡើង​ដល់​ ៣៤ ​ពាន់​លាន​តោន​នៅក្នុង​​ឆ្នាំ​ ២០៥០ ខាងមុខ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​រស់នៅ​ក្នុង​ពិភព​មួយ​ដែលមាន​ប្លាស្ទិក ហើយ​នៅក្នុង​ឆាកជីវិត​ប្រចាំថ្ងៃ​របស់​យើង ក៏​ជួប​នឹង​បញ្ហា​លើ​ការចំណាយ​ដ៏ធំធេង​ទៅលើ​ប្លាស្ទិក​។ បញ្ហា​ទាំងនេះ​មិន​មាន​ភាពងាយស្រួល​នោះទេ ស្របពេល​ដែល​វា​ត្រូវការ​ចំណាយ​ពេល​រលាយ​ទៅវិញ​ដល់​ទៅ​រាប់រយឆ្នាំ​»​។

លោក Richard ថ្លែងថា​ជា​រៀងរាល់​ឆ្នាំ​បរិមាណ​សំណល់​ប្លាស្ទិក​ប្រមាណ​ជា ៨ ​លាន​តោន​ បាន​ហូរ​ចូលទៅ​កាន់​សមុទ្រ​តាមរយៈ​ទន្លេធំៗ​ជាច្រើន​ក្នុង​​នោះ​ទន្លេមេគង្គ​ក៏​ជា​ប្រភព​នៃ​ការបំពុល​មួយ​ផងដែរ​។ ដូច្នេះ​មានតែ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​ការប្រើប្រាស់​ប្លាស្ទិក​ប៉ុណ្ណោះ ទើប​អាច​ទប់ស្កាត់​នូវ​ការកើនឡើង​នៃ​សំណល់​ប្លាស្ទិក​ទាំងនេះ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា សំណល់​ប្លាស្ទិក មិនមែន​​គ្រាន់តែ​ជា​ក្តីកង្វល់​របស់​ពិភពលោក​នោះទេ ប៉ុន្តែ​កម្ពុជា​ក៏​កំពុង​តែមាន​ក្តីកង្វល់​ខ្លាំង​ជុំវិញ​ការកើនឡើង​នៃ​សំណល់​ប្លាស្ទិក​នេះ​ផងដែរ​។

លោក​បន្តថា មានតែ​ការ​ផ្តើម​ចេញពី​ការ​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ប្លាស្ទិក​ទៅលើ​អាហារ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ទូទៅ​នោះទេ ទើប​អាច​ដោះស្រាយ​បាន ព្រោះ​កំណើន​ទាំងនេះ​គឺ​មាន​ការចូលរួម​ចំណែក​ពី​ការផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​ ការវេចខ្ចប់​អាហារ និង​កង្វះ​ការយល់ដឹង​ពី​វិធី​ក្នុង​ការទុកដាក់ និង​ញែក​សំណល់​សំរាម​នានា​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក​បាន​បញ្ជាក់ថា​៖ «​ផលប៉ះពាល់​បរិស្ថាន​ដែល​បង្កឡើង​ដោយ​ប្លាស្ទិក​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ​មកលើ​ជីវចម្រុះ ជីវិត​សត្វ​សមុទ្រ បរិស្ថាន​ធម្មជាតិ និង​បាន​បង្ក​ហានិភ័យ​ដល់​សុខុមាលភាព​សាធារណៈ​។ បណ្ដា​ប្រទេស​អាស៊ាន​បាន​ទទួល​ស្គាល់​ពី​តម្រូវការ​ក្នុង​ការចាត់​វិធានការ និង​សកម្មភាព​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​នៃ​សំណល់​ប្លាស្ទិក​។ ក្នុងនោះ​ក៏មាន​កម្ពុជា​មួយ​ដែរ​ដែល​​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​»​។

តាមរយៈ​ការទប់ស្កាត់​នេះ​លោក នេត្រ ភក្ត្រា បាន​អះអាង​ថា​កម្ពុជា​​បាន​អនុវត្ត​វិធាន​ជាច្រើន​ដូចជា បន្ត​អនុវត្ត​វិធានការ​ដ៏តឹងរ៉ឹង​ប្រឆាំង​នឹង​ការ​លួច​នាំចូល​ទំនិញ​ហាមឃាត់ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ជាដាច់ខាត​ចំពោះ​ការនាំ​ចូល​​នូវ​សំណល់​ប្លាស្ទិក​មក​កែច្នៃ​​នៅ​កម្ពុជា​។ ​លើស​ពី​នេះ​ថែម​ទាំង​​បាន​ផ្សព្វផ្សាយ និង​បន្ត​ផ្សព្វផ្សាយ​អប់រំ​ពី​ផលប៉ះពាល់​ពី​សំណល់​ប្លាស្ទិក​ទៅកាន់​ប្រជាពលរដ្ឋ ជាពិសេស​ការ​ទុកដាក់​សំណល់​ប្លាស្ទិក​ឲ្យ​បាន​ត្រឹមត្រូវ​។

តាម​ទិន្នន័យ​ឆ្នាំ​ ២០១៨ បាន​បង្ហាញថា សំណល់​រឹង​ដែល​បាន​ប្រមូល​ចាក់​នៅ​ទីលាន​សរុប​មាន​ប្រមាណ​ ១ ៧០៩ ៣៧៩ តោន​ ធៀប​នឹង​ឆ្នាំ​ ២០១៧ កើនឡើង​ជាង ២ ​សែន​តោន​ ឬ​ស្មើនឹង​ ១៣,៦៨ ​ភាគរយ​។ បន្ថែម​ពីនេះ សំរាម​ដែល​បាន​បង្កើតឡើង​ក្នុង​ ១ ​ឆ្នាំៗ​នៅ​ប្រទេស​ កម្ពុជា​ មាន​ប្រមាណ​ជាង ៤ លាន​តោន​ ក្នុង​នោះ​ប្រមាណ​ជា ២០ ​ភាគរយ ​នៃ​សំរាម​ទាំងនេះ​គឺជា​សំណល់​ប្លាស្ទិក ហើយ​រាជធានី​ភ្នំពេញ​បាន​បង្កើត​បរិមាណ​សំរាម​ច្រើនជាងគេ​ដោយ​ក្នុង​ ១ ​ថ្ងៃៗ​មាន​ប្រមាណ​ជា ៣ ០០០ តោន​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន​៕