ភ្នំពេញៈ ក្នុង​ចំណោម​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​ចំនួន​ ២៨ ថ្ងៃ ​ត្រូវបាន​រដ្ឋាភិបាល​​កាត់​បន្ថយ​ចំនួន​ ៦ ថ្ងៃ​ចេញ​ មក​នៅ​ត្រឹម​ ២២ ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០២០​ ខាង​មុខ។ សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ដែលត្រូវ​បានលុប​ចេញ​នោះ ​គឺ​មាន​ ៣ ថ្ងៃ ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជាសកល ​ដូចជា​ទិវា​កុមារអន្តរជាតិ ១ មិ​ថុនា​ ​ទិវា​រំឭក​ខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ តុលា សម្រាប់​កម្ពុជា​ និង​ទិវាសិទ្ធិ​មនុស្ស​ ១០ ធ្នូ។

អនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់ សម្រាក​ការងារ​របស់​មន្ត្រីរាជការ​ និយោជិត ​កម្មករ​ប្រចាំ​ឆ្នាំ​ ២០២០ ​ដែល​ចុះហត្ថ​លេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចុះ​ថ្ងៃទី ២ ខែ សីហា ​បាន​បង្ហាញ​ថា ​ឆ្នាំ ២០២០ ​ព្រះរាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​មហាក្សត្រ​ខ្មែរ ​ព្រះករុណា ​ព្រះ​បាទ​សម្តេច​ ព្រះបរមនាថ​ នរោត្ត​ម ​សីហមុនី ​ត្រូវបាន​កាត់​បន្ថយ​ចំនួន​ ២ ថ្ងៃ ​មក​នៅត្រឹម​ ១ ថ្ងៃ ​គឺ​នៅ​ថ្ងៃទី ២៩ ​ខែតុលា។ ចំណែក​ថ្ងៃ​ឈប់​សម្រាក​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ​ត្រូវបាន​បង្កើន​ដល់​ ៤ ថ្ងៃ ​គឺ​នៅ​ថ្ងៃ​ទី ១៣-១៤-១៥-១៦ ខែ​មេសា។

ក្រៅពី​កំណត់​យ៉ាង​ដូច្នេះ​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បានសម្រេច​លុប​ពិធី​បុណ្យជាតិ​ចំនួន ២​ ផ្សេង​​ទៀត​ ដូចជា ​ពិធី​បុណ្យ​មាឃ​បូជា ​ទិវា​ជាតិ​នៃ​ការចង​ចាំ ។

អនុក្រឹត្យ​នោះ​បញ្ជា​ក់ថា​៖ «ចំពោះ​ក្រសួង ​ស្ថាប័ន​មានភារ​កិច្ច​ទំនាក់​ទំន​ង​​អន្តរជាតិ​ត្រូវ​​រក្សា​​មន្ត្រី​ប្រចាំការ​ជា​អចិន្រៃ្តយ៍ ​សម្រាប់​ដោះស្រាយ​ការងារ​។​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ណាដែល​មាន​ខ្លឹមសារ​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ ត្រូវ​ចាត់​ទុកជា​និរា​ករណ៍»។

លោក ​ផៃ ស៊ី​ផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​មិនអាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ ​ពី​ម្សិល​មិញ។ ប៉ុន្តែ​លោក​ឯក ថា ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ កន្លង​មក​អ្នកវិនិយោគ ​តែងតែ​លើក​​ឡើង ពី​ការឈប់​សម្រាក​របស់​កម្ពុជា​ ដែលមាន​ចំនួន​ច្រើនជាង​ប្រទេស​មួយ​ចំនួន។ ដូច្នេះ​ការសម្រេច​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ ​គឺ​មាន​ចេតនា​តែ​មួយ​គត់​ គឺ​ដើម្បី​ទាក់ទាញ​អ្នក​​វិយោគ ។

លោក​បញ្ជាក់ថា​៖​ «កុំ​ឲ្យមាន​ការបក​ស្រាយ​ខុស​ពីនេះ ​គឺយើង​ ត្រូវការ​កាត់​បន្ថយ ​ជារឿង​​សាមញ្ញ​បំផុត ​ដោយ​យើង​ត្រូវ​ការ​កាត់បន្ថយ​ថ្ងៃ​សម្រាក​ ព្រោះ​យើង​ត្រូវការ​ធ្វើឲ្យ​ប្រទេស ​កម្ពុជា ​កាន់តែ​មានភាពទាក់​ទាញ​​​សម្រាប់​អ្នកវិនិយោគិន​ជាតិ​ និង​អន្តរជាតិ»។

ទោះ​យ៉ាងណា ​លោក​មិន​បាន​​ឆ្លើយ​តប​នោះ​ទេ ​ចំពោះ​សំណួរ​ដែលសួរថា ​ហេតុអ្វី​បាន​រដ្ឋាភិបាល​ជ្រើសរើស​ការ​លុប​ចោល​​ថ្ងៃ​បុណ្យ​សំខាន់​ទាំងនេះ​ ស្របពេល​មាន​មតិ​រិះគន់​ជាច្រើន​ ជុំវិញ​បញ្ហា​នេះ។

កាលពី​ខែមីនា​កន្លងទៅ ​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្លាប់បាន​ប្រកាសថា ​ចាប់​ពី​ឆ្នាំ ២០២០ ​ទៅ​ ថ្ងៃ​ឈប់​សម្រាក​សម្រាប់​មន្ត្រីរាជការ ​និង​កម្មករ​នឹងត្រូវ​កាត់បន្ថយឲ្យ​មក​នៅ​តិច​ជាង ​២៨ ថ្ងៃ ​ដើម្បី​លើក​ទឹកចិត្ត​ដល់​អ្នកវិនិយោគ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ​លោក​លើកឡើងថា​ កម្ពុជា ​ជា​ប្រទេស​ក្រីក្រ ​ប៉ុន្តែ​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាង​ប្រទេស​អ្នក​មាន​ទៅ​ទៀត។

ទោះ​យ៉ាង​ណា ចំពោះ​ប្រតិ​ទិន​​ឈប់​សម្រាក​ការងារ​ប្រចាំ​ឆ្នាំ ២០២០ ខាងមុខនេះ​ ក៏ត្រូវ​បាន​រង​ការរិះគន់​ពី​សំណាក់​ប្រជា​ពល​រដ្ឋ ​អ្នកវិភាគ​ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង​ដែរ។ ​អ្នកខ្លះ​បាន​លើក​ឡើងថា ​ថ្ងៃ​សំខាន់ៗ ​ទាំង​នេះ ​មិន​គួរ​ត្រូវបាន​លុប​ចោល​នោះ​ទេ។

លោក​ស្រី ចក់ សុភាព ​នាយិកា​​​មជ្ឈ​​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី​​ដោយ​​បង្ហាញ​ការយល់ស្រប​ចំពោះ​ភាពចាំបាច់​នៃ​ការកាត់បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ការងារ​ ដើម្បី​ឧត្តមភាព​សេដ្ឋ​កិច្ច​នៃ​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ។ ប៉ុន្តែ​លោក​ស្រី​បាន​ថ្លែង​ថា​ការ​សម្រេច​ ​​លុបចេញ​នូវ​ថ្ងៃសម្រាកមួយ​ចំនួន​ដូចជា ​ទិវា​សិទ្ធិ​កុមារ​ និង​សិទ្ធិ​មនុស្ស​ហាក់​ប្រាសចាក​ពី​ការ​ឲ្យ​តម្លៃ​ទៅលើ​គោលការណ៍​សិទ្ធិមនុស្ស​ដែល​កម្ពុជា​បាន​ប្តេជ្ញា​អនុវត្ត។

លោក​ស្រីបន្តថា​ ព្រោះការអនុ​ញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​សម្រាក​​ថ្ងៃ​ទាំងនេះ​នឹង​ពាំ​នាំ នូវបរិយាកាស​​មួយ​ដែល​ពលរដ្ឋ​អាច​ឈ្វេងយល់​បន្ថែម​ពី​គុណ​តម្លៃ​នៃ​សិទ្ធិ ព្រមទាំង​ផ្តល់នូវ​ភាពងាយ​ស្រួល​សម្រាប់​ពួកគាត់​អាច​ចូលរួម​ពេញ​លេញ​ក្នុង​ការ​ប្រារព្ធ​ទិវា​ទាំងនោះ​ខណៈ​​សូម្បី​តែ​​បច្ចុប្បន្ន​ ពួកគាត់​តែង​រង​គំនាបមួយចំនួន​ពី​សហ​គ្រាស​​ មិន​ឲ្យ​ពួកគាត់​អាច​ចូល​រួម​ បើទោះបី​ជា​ថ្ងៃ​ឈប់សម្រាក​របស់​ពួកគាត់​ក្តី។

អ្នកការពា​សិទ្ធិមនុស្ស​រូបនេះ​បញ្ជាក់​ថា​៖ «ខ្ញុំ​យល់ថា​ នេះ​ជា​ឱកាស​នៃ​ការធ្វើ​កំណែទម្រង់​ដ៏​ប្រសើរ​លើ​ថ្ងៃ​សម្រាក​ និង​ដើម្បី​បញ្ចប់​នូវ​ការខ្វែង​មតិ​នានា​លើ​ទិវា​មួយចំនួន​កន្លង​មក។ ដូចជា​ទិវា​រំដោះជាតិ​ ៧ មករា ​ទិវា​រំឭក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទិវា​ឯករាជ្យ​ជាតិ​ និង​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​ជាដើម»។

លោក​ស្រីបន្ថែមថា ​កំណែទម្រង់​​ខាងលើ​អាច​ច្របាច់​បញ្ចូល ​គ្នា​ជា​ថ្ងៃ​តែមួយ​ហើយ​អាច​ហៅ ថា​ទិវា​ឯករាជ្យ​ និង​ឯកភាព​ជាតិ​ដែលជា​ទិវា​មួយ​សម្រាប់​ជាតិ​ទាំងមូល​អាច​ប្រារព្ធ​ដោយ​រីករាយ​ទាំង​អស់​គ្នា​​មិនមែន​សម្រាប់​ បក្ស​ក្រុមឬ​កម្រិត​តែ​រាជការ​នោះ​ទេ។ ប្រទេស​ជាច្រើន​បាន​កំ​ណ​ត់​ទិវា​ជាតិ​របស់គេ​ហើយ​ការ​​ប្រារព្ធ​នោះ​ មានកម្ម​វិធី​ជាច្រើន​ដែល​ពលរដ្ឋ​ចូល​រួម​កុះករ។

លោក​ស្រី ចក់ សុភាព ​បាន​បន្តថា​៖​ «ជារួម​មិន​ថា​ការ​កំណត់​​យ៉ាងណា​នោះទេ ​សូម​ឲ្យ​ស្មារតី​នៃ​ការគោរព​ និង​ការពារ​សិទ្ធិ​មនុស្ស ​ព្រម​ទាំង​ភាព​ចាំ​បាច់​សម្រាប់​ការផ្សះផ្សា​ជាតិ ​ឯក​រាជ្យ​ជាតិ ​ជា​របៀបវារៈ​ចាំបាច់​សម្រាប់​យើង​ ទាំង​អស់គ្នា ​ដើម្បី​ការអភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចីរភាព​និង​សន្តិភាព​ពេញ​​លេញ»។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោ​បាយ ​បានលើកឡើង​ដែរ​ថា ​ការលុបចោល​​ថ្ងៃ​ឈប់​សម្រាក ​៦ ថ្ងៃ ​នៅ​ឆ្នាំ ​២០២០​ គឺជា​រឿង​អយុត្តិធម៌​ សម្រាប់​និយោជិត ​និង​កម្មករ​ដែល​ត្រូវធ្វើ​ការ​នៅ​ថ្ងៃ​ទាំងនេះ ​ដើម្បី​ជួយ​កាត់​បន្ថយ​​តម្លៃ​ទំនិញ​ផលិត​ក្នុង​ស្រុក​ សម្រាប់​ប៉ះប៉ូវ​ទៅនឹង​ពន្ធ​បន្ថែម​ បើ​អស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ។

លោក​បន្តថា​៖ «ដើម្បី​ឲ្យ​យុត្តិធម៌គេ​ត្រូវ​បញ្ចូល​ថ្ងៃ​ឈប់សម្រាក​​ ដែល​ទៅជា​ថ្ងៃ​ធ្វើការ​ទាំង​នោះ​ ជា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​និយោជិត​និង​កម្មករ​ម្នាក់ៗ​ទៅវិញ ​គឺ​គេ​អាច​យក​ថ្ងៃ​ណាមួយ​ក៏បាន ​ដើម្បី​ឈប់សម្រាក​តាម​ការ​ជ្រើស​រើស​របស់​គេ»៕