ភ្នំពេញៈ ក្រសួងបរិស្ថានកំពុងរៀបចំតាក់តែងគោលនយោបាយគ្រប់គ្រងសំរាម និងសំណល់រឹងនៅតាមទីប្រជុំជន ដើម្បីពង្រឹងការដោះស្រាយបញ្ហាសំរាមឱ្យមានប្រសិទ្ធភាព និងមានបរិស្ថានស្អាត ប្រកបដោយភាពទាក់ទាញ ខណៈដែលបច្ចុប្បន្នក្នុង ១ ថ្ងៃ កម្ពុជាបានផលិតសំរាមជាង ១ ម៉ឺនតោន។
នេះបើតាមការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពការងារក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាពគុណភាពខ្យល់នៅកម្ពុជា» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅទីស្តីការគណៈរដ្ឋមន្ដ្រីកាលពីម្សិលមិញ។
លោកថ្លែងថា បញ្ហាសំរាមគឺជាបញ្ហាដែលរាជរដ្ឋាភិបាលកម្ពុជាមានក្រសួងបរិស្ថានជាសេនាធិការបានយកចិត្ដទុកដាក់។ លោកបន្តថា៖ «ក្រោយពីរាជរដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី បច្ចប្បន្ននេះរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំតាក់តែងនូវគោលនយោបាយ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនក្នុងគោលបំណងពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាមសំណល់ទីប្រជុំជនឱ្យមានប្រសិទ្ធភាព សុវត្ថិភាពបរិស្ថាន ដោយធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយទៅជាប្រទេសមានសោភណភាព បរិស្ថានស្អាត និងអនាម័យល្អប្រកបដោយភាពទាក់ទាញ»។
លោក នេត្រ ភក្ដ្រា បញ្ជាក់ថាពាក់ព័ន្ធនឹងការរៀបចំតាក់តែងគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជននេះបច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងតាក់តែងដោយគោលដៅសំខាន់ក្នុងការតាក់តែងគោលនយោបាយគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជននេះគឺធ្វើយ៉ាងណាត្រូវរៀបចំនូវយន្តការឱ្យបានត្រឹមត្រូវទាំងការប្រមូល និងការគ្រប់គ្រង។
លោកបានថ្លែងថា៖ «គោលនយោបាយនេះ គឺយើងកំពុងតែជំរុញដោយត្រូវធ្វើយ៉ាងម៉េចត្រូវចេញគោលនយោបាយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថាក្រោយពេលដែលរាជរដ្ឋាភិបាលដកអាជ្ញាប័ណ្ណពីក្រុមហ៊ុន ស៊ីនទ្រី គឺយើងត្រូវរៀបចំនូវយន្តការឱ្យបានត្រឹមត្រូវ ពេញលេញ លើការគ្រប់គ្រងសំរាម និងសំណល់រឹងនេះ»។
លោកបន្តថា៖ «យើងសង្ឃឹមថាគោលនយោបាយនេះនឹងចេញឱ្យអនុវត្ដក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះស្ថានភាពពេលនេះគឺជាស្ថានភាពមួយចាំបាច់ដែលយើងត្រូវរៀបចំគោលនយោបាយឱ្យបានត្រឹមត្រូវទាំងការគ្រប់គ្រងទៅលើតំបន់ដែលត្រូវប្រមូលសំរាម និងការបង្កើតទីលានចាក់សំរាមផ្សេងៗ ដើម្បីត្រៀមខ្លួននូវការអនុវត្ដនូវយន្តការគ្រប់គ្រងសំរាមទាំងមូល»។
បើតាមលោក ភក្ដ្រា ក្នុងការគ្រប់គ្រងបញ្ហាសំរាមនេះរាជរដ្ឋាភិបាលទើបតែធ្វើប្រតិភូកម្មមុខងារទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិដោយបានផ្ដល់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន ដើម្បីអនុវត្ដផែនការគ្រប់គ្រងសំរាមនេះ។
លោកថ្លែងថា ជាលទ្ធផលកញ្ចប់ថវិកាអនាម័យបរិស្ថាននេះធ្វើឱ្យមានការប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងនៅទីប្រជុំជនតាមបណ្ដាខេត្ដ-ស្រុក-ខណ្ឌ គឺមានភាពល្អប្រសើរ។ រដ្ឋបាលខេត្ដ-ស្រុក-ខណ្ឌមួយចំនួន បានរៀបចំផែនការគ្រប់គ្រងថវិកាគ្រប់គ្រងសំរាមអនាម័យបានច្បាស់លាស់ ហើយភាគច្រើនបានអនុវត្ដល្អដោយមានកិច្ចសហការគ្នារវាងអង្គភាពពាក់ព័ន្ធ។
បើតាមក្រសួងបរិស្ថានបរិមាណសំរាមសរុបដែលបានបង្កើតឡើងនៅកម្ពុជាគឺមានជាង ១ ម៉ឺនតោននៅ ក្នុង ១ ថ្ងៃ និងសរុប កម្ពុជាបង្កើតសំរាមប្រមាណជិត ៤ លានតោន ក្នុង ១ ឆ្នាំ ដែលក្នុងនោះ ៦៥% ជាសំណល់សរីរាង្គ ២០% ជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងទៀត។ ក្នុងចំណោមសំរាមដែលបង្កើតឡើងគឺមានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅពីនោះត្រូវបានយកទៅបោះចោលអនាធិបតេយ្យនៅតាមដងផ្លូវ ខ្លះបោះចោលក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុត។
លោក ភក្ដ្រា បានបញ្ជាក់ថា៖ «ការកើនឡើងនូវបរិមាណសំរាម សំណល់រឹងពី ១ ឆ្នាំទៅ ១ ឆ្នាំ បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់គុណភាពបរិស្ថាន សុខភាពសាធារណៈ និងការបាត់បង់សោភណភាពទីប្រជុំជនរាជធានី-ខេត្ត-ក្រុង-ស្រុក ខណៈការអនុវត្តជាក់ស្តែងលើការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជាបច្ចុប្បន្ន ជាទូទៅនៅជួបប្រទះឧបសគ្គជាច្រើនដែលអាចបង្កផលប៉ះពាល់នាពេលអនាគត»។
លោកបន្តថា ប៉ុន្តែទោះជាមានបញ្ហាប្រឈមខ្លះ ស្ថានភាពគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជននៅទូទាំងប្រទេសនាឆ្នាំ ២០១៩ កន្លងទៅមានភាពល្អប្រសើរជាងឆ្នាំមុនៗដោយរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាអនាម័យបរិស្ថាន ការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងពីទីប្រជុំជន ដែលបានបង្កើតនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ជាពិសេសនៅតាមទីប្រជុំជន ក្រុងមានការបោសសម្អាតបានល្អតាមដងផ្លូវ សួនច្បារសំខាន់ៗ និងបានបំបាត់គំនរសំរាមអនាធិបតេយ្យ មួយចំនួនដែលមានក្នុងទីប្រជុំជនក្រុងនាពេលកន្លងមក៕