ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​ទី​ ២៦ ខែ​កុម្ភៈ​ នេះ​បាន​ឯកភាព​ផ្ដល់​ជំនួយ​ឥតសំណង​ចំនួន ១ ៤៣១ ៨៥២ ដុល្លារ​អាមេរិក​ ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​ចំនួន​ ៣ ​លើ​ការបោសសម្អាត​គ្រាប់បែក​ចង្កោម ការលើក​កម្ពស់​សន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​ការលើក​កម្ពស់​លក្ខខណ្ឌ​កសិកម្ម​ប្រកប​ដោយ​ចីរភាព​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។

ការចុះកិច្ចសន្យា​ផ្ដល់​ជំនួយ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការ​ការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​ទាំង​ ៣ ​នៅ​ស្ថានទូត​ជប៉ុន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការផ្ដល់​ជំនួយ​របស់​ស្ថានទូត​ជប៉ុន​កាលពី​ថ្ងៃទី​ ២៦ ខែ​កុម្ភៈ​ បានបញ្ជាក់​ថា​៖ «​រដ្ឋាភិបាល​ជប៉ុន​យល់ព្រម​ផ្តល់​ថវិកា​សរុប ១ ៤៣១ ៨៥២ ដុល្លារ​អាមេរិក​ ដល់​អង្គការ​ចំនួន ៣ ក្រោម​គោលការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា ថវិកា​ចំនួន ២៦៥.៥៥២ ដុល្លារ​អាមេរិក សម្រាប់​អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍​ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ (FIDR) ដើម្បី​អនុវត្ដ​គម្រោង​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។

ថវិកា​ចំនួន ៧២៩ ៥០៩ ដុល្លារ​​អាមេរិក​ សម្រាប់​អង្គការ​សកម្មភាព​កម្ចាត់មីន​ជប៉ុន (JMAS) ដើម្បី​អនុវត្ត​គម្រោង​ផ្ទេរ​បច្ចេកទេស​មេកានិច​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការបោសសម្អាត​មីន​ក្នុង​ខេត្ត​កំពង់ធំ និង​ថវិកា​ចំនួន ៤៣៦ ៧៩១ ​ដុល្លារ​អាមេរិក ​សម្រាប់​វិទ្យាស្ថាន​កែលម្អ និង​អភិរក្ស​បរិស្ថាន (ERECON) ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​ស្ថានភាព​កសិកម្ម​ប្រកប​ដោយ​ចីរភាព ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ខេត្តកំពង់ចាម​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ ជប៉ុន​ ប្រចាំ​កម្ពុជា​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ​ស្ថានទូត​ជប៉ុន​បានផ្ដល់​ជំនួយ​ជាង ១២០ គម្រោង​ នៅ​កម្ពុជា​តាមរយៈ​​កម្មវិធី​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ជួយ​ទៅដល់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​ក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា​នាពេល​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាននិង​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ប៉ុន្ដែ​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​កែលម្អ​នូវ​គុណភាព​ជីវភាព​រស់នៅ​របស់​ប្រជាជន ដូចជា ការ​បោសសម្អាតមីន ការកាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍ​សង្គម បរិស្ថាន និង​ការអប់រំ​ជាដើម​»​។

លោក​ ទូត ​សង្ឃឹម​ថា​ជំនួយ​ទាំងនេះ​នឹង​កែលម្អ​នូវ​គុណភាព​ជីវភាព​របស់​ប្រជាជន​ក្នុង​តំបន់​របស់​គម្រោង​ដែល​ទទួល​បាន​ជំនួយ​នេះ​។

លោក​ថា​ប្រទេស​ជប៉ុន​នឹង​បន្ត​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​។ ទាក់ទង​នឹង​សកម្មភាព​បោសសម្អាត​មីន​នេះ​កាលពី​ថ្ងៃ​ពុធ ទី​ ២៦ ខែ​កុម្ភៈ​នេះ​ដែរ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន (JMAS) មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​ចុះ​ហត្ថលេខា​ស្តីពី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​​ជា​ដៃគូ​លើ​គម្រោង​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​កម្ទេច​មីន​ក្នុង​ខេត្តកំពង់ធំ​ផងដែរ​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ គម្រោង​បោសសម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ​នឹង​ប្រើប្រាស់​ថវិកា ៣១៧.០១៩.៦១ ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ចាប់ពី​ថ្ងៃទី​ ១ ខែ មីនា ឆ្នាំ​ ២០២០ ​ដល់​ថ្ងៃទី​ ២៨ ខែ​កុម្ភៈ ​ឆ្នាំ​ ២០២១ នឹង​អនុវត្ត​នៅក្នុង​ស្រុក​ចំនួន​ ២ ​គឺ​ស្រុក​កំពង់ស្វាយ និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ​៕