ភ្នំពេញៈ អគារ​ពន្ធនាគារ​ថ្មី​ដែល​នៅ​ជិត​ពន្ធនាគារ​ព្រៃស​ត្រូវ​បាន​បញ្ចប់​ការសាងសង់ និង​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ឆាប់ៗ​នេះ ដែល​នឹង​អាចជួយ​កាត់បន្ថយ​ភាព​ចង្អៀតណែន​នៃ​ចំនួន​អ្នកទោស ហើយ​មន្ទីរ​ឃុំឃាំង​ថ្មី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជំនួស​ឱ្យ​ពន្ធគារ​រាជធានី​ភ្នំពេញ​ ឬ​ប៉េហ្ស៊ី​ជា​បណ្តោះអាសន្ន​។ នេះ​បើ​តាម​លោក​ ចាន់ គីមសេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បញ្ជាក់​ពី​ថ្ងៃ​អាទិត្យ​។

ទីតាំង​អគារ​ពន្ធនាគារ​ថ្មី​នេះ​ស្ថិត​នៅ​ក្បែរ​ពន្ធនាគារ​ព្រៃស​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ត្រូវ​បាន​សាងសង់​ឡើង​នៅលើ​ផ្ទៃដី​ទំហំ​ ១,៥ ​ហិកតា ​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៧ ដោយ​ក្រុមហ៊ុន​គន្ធ រីខុន ហូលឌីង ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៤ ​លាន​ដុល្លារ​អាមេរិក​។

លោក​ ចាន់ គីមសេង បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១៧ វិច្ឆិកា ថា​នៅ​ព្រឹក​ថ្ងៃទី​ ១៥ ខែ​វិច្ឆិកា ក្រុមហ៊ុន គន្ធ រីខុន ហូលឌីង បាន​ប្រគល់​អគារ​ពន្ធនាគារ​ថ្មី​ទំនើប​នេះ​ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ​ដើម្បី​ធ្វើការ​គ្រប់គ្រង​។ អគារ​ពន្ធនាគារ​ថ្មី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជំនួស​ឱ្យ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ប៉េហ្ស៊ី​ (PJ) ​បណ្តោះអាសន្ន​សិន​រហូត​ដល់​ពន្ធនាគារ​រាជធានី​ភ្នំពេញ​នេះ​សាងសង់​រួចរាល់​។

លោក​បាន​បញ្ជាក់ថា​៖ «​តាម​គោលការណ៍​របស់​សម្តេច​ក្រឡា​ហោម​ (​ស ខេង​) ​ផ្តល់​ជូន​ពន្ធនាគារ​ភ្នំពេញ​ប្រើប្រាស់​មួយរយៈ ដោយសារ​ពន្ធនាគារ​ភ្នំពេញ​រាល់ថ្ងៃ​តូចចង្អៀត​។ ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ហ្នឹង​គឺ​គ្មាន​កន្លែង​ដាក់​ទេ​រាល់ថ្ងៃ​ហ្នឹង ហើយ​បាន​យក​ពួកគេ​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ព្រៃស​។ ឥឡូវ​កន្លែង​ហ្នឹង​យើង​ផ្តល់​ឲ្យ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប្រើប្រាស់​មួយរយៈ​ដើម្បី​ឱ្យ​ (​ពន្ធនាគារ​) ​ភ្នំពេញ​ហ្នឹង​បាន​សាងសង់​កន្លែង​ថ្មី​» ។

លោក​បន្តថា​៖ «​យើង​ត្រូវ​ពិនិត្យ និង​បំពេញ​ចំណុច​មួយ​ចំនួន​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ ដោយសារ​វា​មិន​ទាន់​គ្រប់គ្រាន់​។ ពេល​ខ្លី​ទេ វា​មិនយូរ​ទេ ដើម្បី​ធ្វើឲ្យ​វា​មាន​របៀបរៀបរយ​ថែមទៀត​។ យើង​ក៏ត្រូវការ​ឯកសារ​គតិយុត្ត​ស្តីពី​ការដូរ​ទីតាំង​ដើម្បី​ដាក់​ទៅ​រាជរដ្ឋាភិបាល​។ វា​មិន​ដល់​ ១ ​ខែ​ទេ យើង​នឹង​ខិតខំ​ធ្វើឱ្យ​បាន​លឿន​» ។

ទោះ​ជា​យ៉ាងណា​ពន្ធនាគារ​ថ្មី​នេះ មិនមែន​ជា​ពន្ធនាគារ​ទំនើប​ (VIP) ​សម្រាប់​តម្រូវឱ្យ​អ្នក​ជាប់ឃុំ​ដែល​មាន​លទ្ធភាព​បង់ប្រាក់​នោះ​ទេ ។ កាលពី​ពេល​កន្លង​ទៅ​ក្រសួង​មហាផ្ទៃ​គ្រោង​នឹង​សាងសង់​ពន្ធនាគារ​ទំនើប​ (VIP) ​សម្រាប់​ជន​ជាប់ឃុំ​ដែល​មាន​លទ្ធភាព​បង់ប្រាក់​តម្រូវ​ឱ្យ​ពួកគេ​បង់ប្រាក់​សម្រាប់​ការស្នាក់​នៅក្នុង​ពន្ធនាគារ​នេះ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​លុប​វិញ​។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ ឱ្យដឹង​កាលពី​ថ្ងៃទី​ ១៧ វិច្ឆិកា ថា ក្រសួង​មហាផ្ទៃ​បានសម្រេច​បោះបង់​ចោល​គម្រោង​ពន្ធនាគារ​ទំនើប​ (VIP) ​នេះ​វិញ បន្ទាប់ពី​បាន​​ធ្វើការ​សិក្សា​ហើយ រក​ពុំ​ឃើញ​មាន​ប្រទេស​ណាមួយ​ធ្វើ​ពន្ធនាគារ​ទំនើប​បែប​នេះ សម្រាប់​ឃុំខ្លួន​អ្នក​ជាប់ឃុំ​ដែល​មាន​លទ្ធភាព​បង់ប្រាក់​។ លោក​ សុភ័គ បន្ត​ថា​ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​លិខិត​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ស្នើ​បោះបង់ចោល​គម្រោង​ពន្ធនាគារ​ទំនើប​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ដំបូង​យើង​បាន​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល​រួចហើយ ដែលថា​យើង​ធ្វើ​ពន្ធនាគារ​មួយ​សម្រាប់​អ្នក​ដែល​ចង់​បាន​កន្លែង ដែល​ទូលាយ​ហើយ​បង់ប្រាក់​បន្តិចបន្តួច​។ ប៉ុន្តែ​នៅពេល​ដែល​យើង​ធ្វើទៅ​ និង​ពិនិត្យ​ពិចារណា​ផ្លូវច្បាប់​ទៅ វា​ធ្វើ​ទៅ​មិន​រួច ដោយសារ​តែ​អត់​មាន​ប្រទេស​ណា​គេ​ធ្វើតាម​គំរូ​ហ្នឹង​ទេ​។ ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់ គេ​ចាំមើល​យើង​ដែរ យើង​ក៏​បោះបង់​គម្រោង​ចោល​វិញ​។ យើង​ត្រូវសុំ​ទៅ​រដ្ឋាភិបាល​សិន ទើប​សម្រេចបាន ។ ឥឡូវ​នេះ​យើង​មិនទាន់​សុំ​នៅ​ឡើយ ហើយ​ដរាប​ណា​យើង​មិនទាន់​សុំ​រដ្ឋាភិបាល យើង​មិនទាន់​សម្រេច​បានទេ​»​។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ (​លីកាដូ​) ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​លុប​គម្រោង​ពន្ធនាគារ VIP របស់​រដ្ឋាភិបាល​នេះ​។ លោក​ចាត់ទុក​ការសម្រេច​លុបចោល​បែប​នេះ​នឹង​ជួយ​លុបបំបាត់​ការរិះគន់​ពាក់ព័ន្ធ​នឹង​ការរើសអើង​អ្នកមាន និង​អ្នកក្រ​នៅក្នុង​ពន្ធនាគារ​។

លោក​ សំអាត បញ្ជាក់ថា​៖ «​ពន្ធនាគារ​ឯកជន​នេះ​គឺ​វា​មិនល្អ​ទេ​សម្រាប់​កម្ពុជា​យើង ដោយសារ​តែ​វា​អាច​បង្ក​ការរើសអើង និង​បង្កលក្ខណៈ​ងាយស្រួល​ទៅដល់​អ្នក​ដែល​មាន​លុយ​។ ពិសេស​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន បទល្មើស​ប្លន់ ពួកគេ​អាច​នឹង​អត់​ខ្លាច​នឹង​ប្រព្រឹត្ត​ទេ ដោយសារ​ពួកគេ​អាច​ទៅ​នៅក្នុង​ពន្ធនាគារ​ឯកជន​ដែល​ជា​កន្លែង​ល្អ​»​។

លោក នុត សវនា អគ្គនាយករង​ពន្ធនាគារ និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នាពេល​កន្លង​ទៅ​ថា រហូត​មក​ទល់​ពេលនេះ​ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​មាន​ជាង​ ៣៦ ៦០០ ​នាក់ ​ក្នុង​នោះ​ស្រី​ជាង​ ៣ ០០០ ​នាក់​ ដែល​ភាគច្រើន​ជា​បទល្មើស​គ្រឿងញៀន​។ ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​ ១ «​ម​ ១» មាន​ចំនួន​ ៩ ៤៥០ ​នាក់ និង​មណ្ឌល​អប់រំ​កែប្រែ​ទី​ ២ «​ម​ ២» (​ហៅថា គុក​ព្រៃស​) មាន​ចំនួន​ ១ ៨៥៥ នាក់​៕

វីដេអូ៖