ភ្នំពេញៈ ក្រុមហ៊ុន​ចំនួន ៥ ​ដែល​បានធ្វើ​អាជីវកម្ម​ពាក់ព័ន្ធ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក ​ខេត្ត​មណ្ឌលគិរី ​នឹងត្រូវ​ដក​ហូត​អាជ្ញាប័ណ្ណ​ និង​បញ្ឈប់​ឲ្យ​ធ្វើអាជីវកម្ម​បន្តទៀត​ បើសិន​រកឃើញ​មាន​ការជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ​ខណៈ​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ក្រុមហ៊ុន​ទាំងនោះ​ជា​បន្ដបន្ទាប់ ​ក្រោយពី​រថយន្ដ​ដឹកឈើ​ចំនួន​ ៦ គ្រឿង​ទៀត ​ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅ​ស្រុក​សេសាន ​ខេត្ត​ស្ទឹងត្រែង។

ការព្រមាន​ដកហូត​អាជ្ញាប័ណ្ណនេះ ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​ «វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល ដែលមាន​តំណាង​ក្រសួងបរិស្ថាន​ តំណាង​រដ្ឋបាល​ព្រៃឈើ ​និង​តំណាង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ​ដើម្បី​បង្ហាញ​ពី​វិធានការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្ម​ជាតិ​ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​នា​ថ្ងៃទី ១៨ ​ខែ​ កក្កដា ​នេះ។

លោក​ អេង ហ៊ី ​អ្នកនាំពាក្យ​គណៈ​កម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ថ្លែងថា ​តាម​ការស៊ើបអង្កេត​​ករណី​ជាក់​ស្ដែង​នៅក្នុង​ក្រុមហ៊ុន​ទាំងនេះនឹង​ចាត់​ទុកជា​ការអង្កេត​បឋម​ ហើយ​ចាប់ផ្ដើម​ស៊ើប​ជំហាន​បន្តដើម្បី​ប្រមូល​យក​ព័ត៌មាន​មក​ស្រាវជ្រាវ​រក​វត្ថុ​តាង​បន្ថែម​មក​បញ្ជាក់។ ដូច្នេះ​បុគ្គល​ណា​ដែល​ពាក់ព័ន្ធ ​សមត្ថ​កិច្ច​នឹង​ឃាត់ខ្លួន ​ប៉ុន្ដែ​បើ​រក​មិនឃើញ​ពាក់ព័ន្ធ​នឹង​មិន​មាន​ការ​ឃាត់​ខ្លួន​ទេ។

វីដេអូ

លោក​បន្តថា ​ក្រុមហ៊ុន​ទាំង​ ៥​ នោះ​រួមមាន ​ក្រុមហ៊ុន​ ម៉ា​ស្ទ័រ​ខេ​សិន ​ក្រុម​ហ៊ុន ​យ៉ាន់​ចាវ ​ក្រុមហ៊ុន ​ថាច់​វូដ ​ក្រុមហ៊ុន​វិ​ជ្ជរី​ និង​ក្រុម​ហ៊ុន ​ណេង​ណា ​ខណៈ​ក្រុមហ៊ុន ​លឹម​ រ៉ូយ៉ាល់ ​មិនមាន​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ព្រៃឈើ​ទេ។

លោកប​ញ្ជាក់​ថា​៖ «បើ​ក្រុមហ៊ុន​នោះ​ធ្វើ​ល្មើស​ច្បាប់ ​យើង​នឹង​ដក​អាជ្ញាប័ណ្ណ ​តែ​រង់ចាំ​ការស៊ើប​អង្កេត​សិនបើ​យើង​ទៅ​បិទ​របស់​គេ​ មិនទាន់​ចប់​ការ​ស៊ើ​បអង្កេត​នោះ ​គឺ​មិន​ផ្តល់​ភាព​យុត្តិធម៌​ទេ»។

លោក​ អេង ហ៊ី ​បន្ថែមថា ​ខណៈ​នេះ​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ជនសង្ស័យ​ពាក់ព័ន្ធ​ចំនួន​​ ៩ នាក់​ទៀត ​បន្ទាប់ពី​សមត្ថ​កិច្ច​បាន​រឹបអូស​ឈើ​ប្រណីត​ខុសច្បាប់​ចំនួន​ ១ ៧០០ ម៉ែត្រ​គុប​ នៅ​ខេត្ត​មណ្ឌល​គិរី។ ក្នុង​ប្រតិបត្តិការ​នោះ​ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ល្មើស​ ៤៣ គ្រឿង ​ដែល​ពាក់ព័ន្ធ​នឹង​ការដឹក​ឈើ។ ដោយ​ឡែក​មាន​ចំនួន ២៩​ គ្រឿង​ទៀត​ ត្រូវ​បាន​បំផ្លាញ​ចោល។

លោក​ស្រ៊ុន ដា​រិទ្ធ ​រដ្ឋលេខា​ធិការ​ក្រសួង​បរិស្ថានថ្លែង​ថា ​ក្រុមហ៊ុន​ទាំង ៦ នេះ ​ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ដល់​ទី​តាំង​ក្នុង​នោះ​គេ​បាន​រកឃើញ​មុខសញ្ញា​បទល្មើស​ព្រៃឈើ​ចំនួន ៥ ក្រុមហ៊ុន។

មុនពេល​សម្រេច​ដកហូត​អាជ្ញាប័ណ្ណ ​ឬ​បិទ​ក្រុម​ហ៊ុន​នោះ ​មន្ត្រី​ពាក់ព័ន្ធ​បាន​និងកំពុង​ស៊ើប​អង្កេត ​និង​ផ្ទៀងផ្ទាត់​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល។

រថយន្តដឹក​ឈើ​ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​ហើយ​ដុត​ចោល​​។ សហការី

លោក​បញ្ជាក់ថា​៖ «ការវាយ​តម្លៃ ​ឬ​ស្រាវជ្រាវ​បទល្មើស​លើ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ​មិនមែន​ឈរ​លើ​រឿង​តែមួយ​ទេ​ ព្រោះ​យើង​មាន​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល។ អ៊ីចឹង​យើង​ត្រូវយក​កិច្ចសន្យា​ទាំងអស់​ហ្នឹង​មក​ផ្ទៀង​ផ្ទាត់​គ្នា​ធ្វើ​ជា​គោល»។

លោកប​ន្ថែមថា​៖ «បើ​យើង​ស៊ើបអង្កេត​ឃើញ​មាន​អ្វីដែល​ពាក់ព័ន្ធ​រឿង​ផ្សេង ​ដែល​ផ្ទុយ​ពី​កិច្ចសន្យា​នោះ​ យើង​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ចា​ត់​វិធានការ។ យើង​មិនមែន​ឃើញថា​ ក្រុមហ៊ុន​ហ្នឹង​ខុសច្បាប់ ​ស្រាប់តែ​ទៅ​បិទ​ក្រុម​ហ៊ុន​គេ​ភ្លាមៗ ​គឺ​អត់​ត្រូវ​ទេ ​ប៉ុន្ដែ​បើ​រក​ឃើញ​ជាក់លាក់​ហើយ ​គឺ​ចាត់​វិធានការ​តែម្ដង»។

លោក​ គ្រើង តុលា ​សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរីថ្លែងថា ​ចាប់តាំងពី​មានការ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​របស់​គណៈកម្មការ​ជាតិ​មក ​ក្រុមហ៊ុន​ដែល​ធ្លាប់​តែមាន​ការកាប់ ​និង​ដឹកជញ្ជូន​ឈើ​ចូលក្នុង​ក្រុមហ៊ុន​យ៉ាង​សន្ធឹក​សន្ធាប់​នោះ​ ក៏មាន​ស្ថានភាព​ស្ងប់ស្ងាត់ ​ខណៈ​ម្ចាស់​ក្រុមហ៊ុន​បាន​រត់​គេច​ខ្លួន​ទាំង​អស់​ រួមទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក៏​កំពុង​រត់​គេច​ខ្លួន​ដែរ។ ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​បន្ត​ការ​បោស​សម្អាត​ឈ្មួញ​ទុច្ចរិត​ទាំងនេះ ​ព្រោះ​ពួក​គេ​បានធ្វើ​អាជីវកម្ម​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ​ដោយ​មិន​មាន​ការ​ទប់ស្កាត់​ទេ។

លោក​ថា​៖ «ក្រុមហ៊ុន​អាជីវកម្ម​ឈើ​ទាំងនេះ ​មាន​មួយចំនួន​គាត់​កាប់​ឈើ​ខ្លួន​គាត់​ដោយផ្ទាល់ ​កាប់​ក្នុង​ដី​សម្បទាន​អស់​ ងាក​មក​កាប់​តាម​តំបន់​ផ្សេង​ទៀត។ ​ក្រុមហ៊ុន​មួយចំនួន​ទៀត ​គាត់​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ​គាត់​ក៏​ជួល​ឲ្យ​ក្រុមហ៊ុន​ផ្សេង​កាប់​ព្រៃ ​ហើយ​សម្អាត​ដី​ឲ្យ​គាត់​ ពេល​​សម្អាត​ដី​ហើយ ​គាត់​ទុក​ចោល ​ហើយ​រត់​ទៅ​កាប់​ឈើ​នឹង​គេ​ដែរ»។

ជាមួយ​គ្នានេះ ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ​សហ​ការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ​បាន​បន្ដ​​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​រថ​យន្ដ​ប៉ាកុង​ដឹកឈើ​បាន ៦ ​គ្រឿង​ទៀត ​នៅ​ស្រុក​សេ​សាន ​ហើយ​រថយន្ត​ទាំងនោះ​ត្រូវបាន​ដុត ​និង​កាត់​ជា​កំណាត់ៗ ​ដើម្បី​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង។

លោក អេង ហ៊ី​ ក៏បាន​ថ្លែង​ក្នុង​សន្និសីទ​ទៀតថា​ ក្រោមការ​ដឹក​នាំ​អនុវត្ត​ដោយ​លោក​ អៀង វ៉ាន់ឌី ​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹងត្រែង ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ បាន​រកឃើញ​រថយន្ដ​ប៉ា​កុង​ចំនួន ៦ ​គ្រឿង ​នៅ​ចំនួន ​៥ កន្លែង​ផ្សេងគ្នា ​ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ។

លោក​បញ្ជាក់ថា​៖ «អាវុធហត្ថ​ខេត្ត បាន​រុក​រកឃើញ​រួច​ប្រមូល​មក​ដុតបំផ្លាញ​ចោល​ចំនួន​ ៣​ កន្លែង។ ក្នុង​នោះ ​សមត្ថកិច្ច​បាន​ដុត​នៅ​ចំណុច​ភូមិឃុំ​ស្រែគរ​ថ្មី ​ស្រុក​សេសាន​ ចំនួន​ ៤ គ្រឿង ​និង​ដុតនៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង​ចំនួន​ ២ គ្រឿង។ ដោយឡែក​ឈើ​លេខ​ ១២ ​ចំនួន​ ២ គំនរ​មិនទាន់​វាស់វែង បាន​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​រក្សា​ទុក»។

គួររំឭក​ថា ​រហូតមកដល់​ពេលនេះ ​មាន​មនុស្ស​ទាំង​ជនជាតិ​ខ្មែរ ​និង​ចិន​ចំនួន ​៩ នាក់​បន្ថែមទៀត ​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន ​និង​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​ចូលខ្លួន​បំភ្លឺ​ជុំវិញ​ករណី​បទល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​ជា​មួយ​ឧកញ៉ា​ ស៊ឹង សំអុល ​ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួចហើយ​ ខណៈដែល​ជនជាតិ​វៀតណាម ​២ នាក់ ​និង​ខ្មែរ ចំនួន​ ៣ នាក់ ​ក្នុង​បទល្មើស​ព្រៃ​ឈើ​មួយ​ផ្សេង​ទៀត ​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់ ​និង​បញ្ជូនទៅ​ឃុំខ្លួន ​កាលពី​ថ្ងៃទី ១៥ ខែ​កក្កដា៕