ភ្នំពេញៈ រាជ​រដ្ឋាភិបាល ​អាច​តម្រូវ​ឲ្យ​អ្នក​ចុះ​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត ​ផ្គត់​ផ្គង់​ចំណែក​ផល​ប្រេង​កាត​របស់​ខ្លួន​ មិន​លើស​ពី​ ២៥ ​ភាគរយ​ ដើម្បី​បំពេញ​តម្រូវ​ការ​ចាំ​បាច់​ ក្នុង​ស្រុក។ ក្នុង​ករណី​មាន​ការ​អាសន្ន​ក្នុង​ការ​ផ្គត់​ផ្គង់​ក្នុ​ងប្រទេស ការ​នាំ​​​ចេញ​ប្រេង​កាត​ អាច​ត្រូវ​បាន​ហាម​ឃាត់។ នេះ​បើ​តាម​មាត្រា​ ៣១ នៃ​ច្បាប់​​ស្ដី​ពី​ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត ​ដែល​ព្រះ​មហាក្សត្រ ​បាន​ឡាយ​ព្រះហស្ដ​លេខា​ ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ពេល​ថ្មីៗ​នេះ។​

​ច្បាប់​​ស្ដី​ពី​ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត​ ត្រូវ​បាន​​​ព្រះ​មហាក្សត្រ​ បាន​ឡាយ​ព្រះហស្ដ លេខា​ដាក់​ឲ្យ​ប្រើ​ប្រាស់​ កាល​ពី​ថ្ងៃ​ទី ១២ ខែ​ កក្កដា ឆ្នាំ​ ២០១៩ កន្លងមកនេះ​ ក្រោ​យ​ពេល​ព្រឹទ្ធសភា បាន​អនុម័ត​កាល​ពី​ចុង​ខែ​មិថុនា។

យោង​តាម​ឯកសារ​ច្បាប់​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន ច្បាប់​នេះ​មាន​ ៩​ ជំពូក និង ​៧២​ មាត្រា ដែល​កំណត់​អំពី​សមត្ថកិច្ច និង​ការ​គ្រប់​គ្រង ការ​​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​​ហ៊ុន ការ​ដាក់​ទោស​ទណ្ឌ​ដល់​​ក្រុមហ៊ុន និង​រូបវន្ត​បុគ្គល​ ដែ​ល​ល្មើស​ច្បាប់​នេះ​ ការ​ការពារ​បរិ​​ស្ថា​ន និង​បង្ការ​គ្រោះ​ថ្នាក់​នានា។

ច្បាប់​នេះ​បែង​ចែក​​ការ​គ្រប់​​​គ្រង​សកម្មភាព​ប្រេង​កាត​ជា ២ ​ផ្នែកគឺ​សកម្មភាព​នៅ​ផ្នែក​​​​អាប់ស្ទ្រីម និង​ដោនស្ទ្រីម។

សកម្មភាព​អាប់​ស្ទ្រីម​រួម​មា​ន​​បុរេសនា ការ​ស្វែង​រុក​រក ការ​អភិវឌ្ឍ និង​ផលិត​កម្ម​ប្រេង​កាត ។ ចំណែក​​ការ​​គ្រប់​គ្រង​សកម្មភាព​ដោន​ស្ទ្រីម​រួម​មាន កា​រ​ធ្វើ​ប្រព្រឹត្តកម្ម ការ​ដឹក​ជញ្ជូ​ន សន្និធិ និង​ពាណិ​ជ្ជកម្ម​ប្រេង​កា​ត និង​ផលិត​ផល​ប្រេង​កាត លើក​លែង​តែ​ការ​លក់​ និង​ការ​នាំ​ចេ​ញ​ប្រេង​កាត​ ដែល​ត្រូវ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ប្រេងកាត។

ច្បាប់​នេះ​ បញ្ជាក់​ថា ក្រសួង​រ៉ែ ​និង​ថាមពល​ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​គ្រង​ និង​ត្រួត​ពិនិ​ត្យ​រាល់​សកម្មភាព​ក្នុង​វិស័​យ​​ប្រេង​កាត ដូច្នេះ​រាល់​រូបវន្ត​បុគ្គល និ​ង​នីតិបុគ្គល​ ដែល​មាន​បំណង​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ប្រេង​កាត​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​រ៉ែ​និង​ថាមពល។ អ្នកចុះ​កិច្ច​ព្រម​ព្រៀង​ ត្រូវ​ប្រគល់​គ្រប់​ទិន្នន័យ​ប្រេង​កាត​ទាំង​អស់ពី​ប្រតិប​ត្តិ​​ការ​របស់​ខ្លួន ទៅ​ក្រសួង​រ៉ែ និង​ថាមពល។

មាត្រា​ ១៧ នៃ​ច្បាប់​នេះ ​ចែង​​ថា៖ «កិច្ច​ព្រម​ព្រៀង​ប្រេង​កាត​ ត្រូវ​មាន​រយៈ​ពេល​សុពល​ភាព​មិន​លើស​ពី​ ៣០ ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា។ អ្នក​ចុះ​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត ​អាច​ស្នើ​សុំ​ពន្យារ​បន្ត​សុពល​ភាព​នេះ​បា​​ន​ប៉ុន្តែ​រយៈ​ពេល​សរុប ​នៃការ​ពន្យារ​មិន​ត្រូវ​លើស​ពី​១៥​ឆ្នាំ»។

ប៉ុន្តែអ្នក​ចុះ​កិច្ច​ព្រម​ព្រៀងដែ​ល​ខក​ខាន​មិន​បាន​អនុវត្ត​សកម្មភាព​​របស់​ខ្លួនឲ្យ​បាន​ពេញ​លេ​ញ​ក្នុង​រយៈ​ពេល​៥​ឆ្នាំកិច្ច​ព្រម​ព្រៀ​ង​នោះ​នឹង​ត្រូវ​បញ្ចប់ដូច​មាន​ចែ​ង​​ក្នុង​មាត្រា​ទី​ ២៤។

មាត្រា​ ២៧ បាន​ចែង​ថា អ្នក​ចុះ​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត​ ត្រូ​វ​​ចរចា​ជាមួយ​ម្ចាស់​ដី​ ឬ​អ្នក​គ្រប់​គ្រង​ដី​ស្រប​ច្បាប់ មុន​នឹង​ធ្វើ​សកម្មភាព​របស់​ខ្លួន​ ឬ​អាច​ស្នើ​សុំ​ក្រសួង​រ៉ែ​ និង​ថាមពល​ ក្នុង​ការ​សម្រប​សម្រួល​ ក្នុងករណី​ដែល​ពុំ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ម្ចាស់ដី។

យោង​តាម​មាត្រា​ ៣៦ រាជ​រដ្ឋាភិបាល​ត្រូវ​កាត់​ទុក​នូវ​សួ​យ​​សារ​ប្រេង​កាត មុន​អនុញ្ញាត​ឲ្យ​អ្នក​ចុះ​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត​ធ្វើ​ការ​ទូទាត់​សោហ៊ុយ​ប្រេង​កា​ត​ និង​បែង​ចែក​ផល​ប្រេង​កាត។ ផល​ដែល​នៅ​សេស​សល់​ក្រោ​យ​​ពី​កាត់​សួយ​សារ ត្រូវ​បែង​ចែក​រវាង​រដ្ឋាភិបាល​ និង​អ្នក​ចុះ​កិច្ច​ព្រម​ព្រៀង។ ជំពូក​ទី​ ៧ ​នៃ​ច្បា​ប់​នេះ​ចែង​អំពី​ទោស​ប្បញ្ញត្តិដែ​ល​រួម​មាន​ការ​ដកហូត ឬ​ព្យួរ​សិទ្ធិ​ ដែល​ផ្ដល់​ក្រោម​ច្បាប់​នេះ ការ​ជួស​ជុល​ ការ​ខូចខាត ការ​ផាក​ពិន័យ ការ​រឹប​អូស​វត្ថុតាង និង​ទោស​ដាក់​ពន្ធនាគារ។

មាត្រា​ ៥៨ នៃ​​ច្បាប់​នេះ​ចែង​ថា៖ «រូប​វន្ត​បុគ្គល​ ដែល​ធ្វើ​សក​ម្ម​​ភាព​ស្វែង​រុក​រក អភិវឌ្ឍ ឬ​ផលិ​ត​ប្រេង​កាត​ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត ឬ​កិច្ច​ព្រម​ព្រៀង​ប្រេង​កាតត្រូវ​​ព្យួរ ត្រូវ​ផ្ដន្ទា​ទោស​ ដាក់​ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ពី ​១០០ ​លានរៀល ទៅ​ ២៥០​ លាន​រៀល។ ចំពោះ​ក្រុមហ៊ុន​វិញ ​ត្រូវ​ពិន័យ​ពី​ ៤ ​ពាន់​លាន​រៀ​ល (១ លា​ន​​​​ដុល្លារ) ទៅ ៤០ ពាន់​លាន​រៀល​ ( ១០ លាន​ដុល្លារ)»។

ទោស​ទណ្ឌ​ក៏​នឹង​ត្រូវ​អនុវត្ត​ផង​ដែរ​ លើ​អ្នក​ចុះ​កិច្ច​ព្រម​ព្រៀ​ង​ ដែល​ធ្វើ​មិន​បាន​ត្រឹម​ត្រូវ​ តាម​លក្ខណៈ​បច្ចេកទេស​ និង​បទ​​​ដ្ឋា​​ន​អន្តរជាតិ ឬ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ និង​សង្គម ឬ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ដោយ​ការ​ធ្វេស​ប្រហែស។ ការ​ដាក់​ទោ​ស​​​ទណ្ឌ ​រួម​មាន​ ការ​ផាក​ពិន័យ​ពី​ ៤០០ ​លាន​រៀល ទៅ ​២ ពាន់​លានរៀល។

មាត្រា​ ៦២​ ចែង​អំពី​ការ​ដាក់​ពិន័យ​លើ​ការ​ក្លែង​បន្លំ​របាយការណ៍​ហិរញ្ញវត្ថុ​ ក្នុង​វិស័យ​ប្រេង​កាត ដោយ​អ្នក​ប្រព្រឹត្ត​ ត្រូវ​ទទួល​ទោស​ព្រហ្ម​ទណ្ឌ។ លើស​ពី​នេះ​ អ្នក​ដែល​ផ្សព្វផ្សាយ​ឬ​ផ្ដល់​ទិន្ន​ន័យ​ប្រេ​ង​កាត​ ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ១ ​ខែ ទៅ​ ១ ​ឆ្នាំរួម​ទាំង​ការ​ពិន័យ​ប្រាក់។

មាត្រាដដែល​ បាន​ចែង​ថា៖ «បុគ្គល​ណា​ ដែល​ប្រគល់ ឬ​ផ្ដល់​របាយការណ៍​ ទិន្នន័យ ឬ​ព័ត៌មាន​ ក្នុង​វិស័យ​ប្រេង​កាត​ ក្នុង​គោល​បំណង​បំភាន់​ ឬ​ធ្វើ​ឲ្យ​មាន​ការ​យល់​ខុសដល់​ក្រ​សួ​​ង​​ធន​ធានរ៉ែ និង​ថាម​ពល ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ​១​ ឆ្នាំទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ពី​ ៥​០​ លានទៅ​ ១ ពាន់​លានរៀល»។

ច្បាប់​នេះ​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ ដែល​ពុំ​មាន​អាជ្ញាបណ្ណ​ឬ​លិខិ​ត​អនុញ្ញាត ត្រូវ​បំពេញ​បែប​បទ​ស្នើ​សុំ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ក្នុង​រយ:​​ពេល​ ១​​ ឆ្នាំ​ក្រោយ​ច្បាប់​នេះ ​ចូល​ជា​ធរមាន។ ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់។

លោក មាស នី អ្នក​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​សង្គម​យល់​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​​អំពី​ច្បាប់​នេះ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ដែល​មាន​គណ​​ប​ក្ស​តែ​មួយដែល​ទំនង​មិន​មា​ន​ការ​ជជែក​ដេញ​ដោល​គ្នា​ច្រើន​។ លោក​ថា​ធន​ធាន​ធម្មជាតិ​ប្រេង​កាត​នេះ​ជា​សម្បត្តិ​របស់​ខ្មែរ​ មិន​មែន​តែ​សម្រាប់​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្តែ​សម្រាប់​អនាគត​វែង​ឆ្ងាយ​ទៀត ព្រោះ​វា​ជា​ធន​ធាន​មិន​កើ​ត​ឡើង​វិញ។

លោក​បន្ត​ថា៖ «ការ​ព្រួយ​បារម្ភ​ទី​ ២​ គឺ​ការ​អនុវត្ត​ច្បាប់​ដោយសារ​ស្រុក​យើង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ទន់​ខ្សោយ ដូច្នេះ​វិស័យ​រ៉ែ​ក៏​ដូចគ្នា​ដែរ បើ​រដ្ឋាភិបាល​មិន​ប្រឹង​ប្រែង​ទេ ធន​ធាន​ប្រេង​និង​ផល​ដែល​បាន​មក​នឹង​អាច​ក្លាយ​ជា​ធន​ធាន​សំខាន់​ដែល​មាន​តែ​អ្នក​មាន​អំណាចណា​មួយដែល​អាច​យក (សម្រាប់​)​ ជា​ក្រុម​របស់​ខ្លួន ឬ​បក្ស​របស់​ខ្លួន ហើយ​យក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​គាប​សង្កត់​អ្នក​ដទៃ​ទៀ​ត​ដែល​មាន​មតិ​រិះ​គន់​លើ​ការ​ប្រើប្រាស់​ប្រេង​នេះ»។

លោក គិន ភា ប្រធាន​វិទ្យា​​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា​យ​ល់​​ថា ការ​មាន​ច្បាប់​សម្រាប់​គ្រប់​​គ្រង​លើ​វិស័យ​ប្រេង​គឺ​ជា​ការ​ចាំ​​បាច់​បំផុត​មិន​អាច​ខ្វះ​បាន​ដើ​ម្បី​​ធានា​ការ​គ្រប់​គ្រង តម្លា​ភាព​លើ​ការ​ប្រើ​ប្រាស់​និង​គ្រប់​គ្រង​ចំណូល​ដែល​បាន​ពី​វិស័យ​​ប្រេ​ង​ ដើម្បី​ចៀស​វាង​ការ​ទទួល​ប​ណ្ដា​​​​​សា​ប្រេង​ដូច​នៅ​ប្រទេ​ស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្រ្វិក​ គឺពួក​គេ​នៅ​តែ​ក្រីក្រ ឬ​មាន​សង្គ្រាម​ស៊ីវិល។

ប៉ុន្តែ​លោក គិន ភា មិន​យល់​ដូច​លោក មាស​ នី ទេ​អំពី​​ដំណើរ​ការ​តាក់​តែង​ច្បាប់​នេះ​ឡើងដោយ​លោក​ថា បើ​ទោះ​បី​ជារដ្ឋ​សភា​មាន​បក្ស​ប្រឆាំង​ដើម្បី​ដេញ​ដោល​លើ​ខ្លឹម​សារ​ច្បាប់​ក៏​ដោយ​ ក៏​ជា​ទូទៅ​បក្ស​ប្រឆាំង​មិន​សូវ​បាន​ធ្វើ​ជា​ប្រ​​យោ​​ជន៍​ដល់​ច្បាប់​ទេ បាន​តែ​ដេញ​ដោល​ក្នុង​លក្ខណៈ​ប្រជាភិថុតិ។

លោក​បាន​ថ្លែង​ថា៖ «ជា​​ទូទៅ​ខ្លឹម​សារ​ច្បាប់​នៅស្រុក​យើង​វា​មិន​អាក្រក់​ទេ ច្បាប់​គេ​ធ្វើនោះ​វា​ល្អ​ហើយ​ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភ្នាក់​ងារ​ផ្ដល់​ជំនួយ និង​ស្ថាប័ន​ដៃ​គូ​អភិវឌ្ឍន៍​ផ្សេងៗច្រើន ប៉ុន្តែ​រឿង​ការ​អនុវត្ត​ច្បាប់​ទៅ​វិញ​​ថា​ វា​មាន​ប្រសិទ្ធភាពកម្រិត​ណា មាន​និរន្តរភាព​កម្រិត​ណា ហើយ​វា​សមភាព​កម្រិត​ណា?​ មាន​ន័យ​ថា​ អនុវត្ត​បាន​ទូទៅ​ទេ មាន​ស្ដង់ដា ២៣ ទេនេះ​ទើប​ជា​បញ្ហា»៕