ភ្នំពេញ/សៀមរាបៈ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ ដោយ​ដាច់​ក្បាល​ចេញពី​ដងខ្លួន​នៅលើ​កំណាត់​ផ្លូវដែក​ភ្នំពេញ-ក្រុង​ព្រះសីហនុ​ នៅ​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ជា​គ្រោះថ្នាក់​ដែល​សមត្ថកិច្ច​អះអាងថា មកពី​រថភ្លើង​បុក​ហើយ​កិន​ពីលើ ខណៈ​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃអាទិត្យ​មាន​ករណី​ក្រឡាប់​រថយន្ត​នៅ​ចំណោតភ្នំ​គូលែន​ស្លាប់ ២ និង​របួស ១១ នាក់។

លោក ហង្ស មុនី អធិការ​ខណ្ឌ​កំបូល​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ជនរងគ្រោះ ឈ្មោះ លី លាភ អាយុ ៣៧ ឆ្នាំ ជាជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ក្នុងភូមិ-សង្កាត់ កើតហេតុ​ខាងលើ។ លោក​ថា តាម​សាក្សី​នៅ​យប់​ថ្ងៃអាទិត្យ​គេ​ឃើញ​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្ត​រួម​ការងារ​រហូតដល់​ម៉ោង ១១ និង ៣០ នាទី​យប់​ទើប​ឈប់​បន្ទាប់មក​ជនរងគ្រោះ​បាន​ដើរទៅ​អង្គុយ​លើផ្លូវ​រថភ្លើង​និយាយ​ទូរស័ព្ទ​ម្នាក់ឯង។ លុះ​ព្រឹក​ឡើង​ក៏ត្រូវ​បាន​គេ​ឃើញ​ស្លាប់​នៅ លើ​កំណាត់​ផ្លូវដែក​នោះ​ដោយ​ក្បាល​ដាច់​ចេញពី​ដងខ្លួន។

លោក មុនី បាន​បញ្ជាក់ថា៖ «បើតាម​សាក្សី​និង​ស្នាម​ឈាម​លើ​ផ្លូវដែក សមត្ថកិច្ច​ជំនាញ​យើង​សន្និដ្ឋានថា​ការស្លាប់​របស់​ជនរងគ្រោះ គឺ​បណ្ដាលមកពី​ជនរងគ្រោះ​ស្រវឹងស្រា ហើយ​ដេក​លើ​ផ្លូវដែក ហើយ​ត្រូវ​រថភ្លើង​បើក​មក​កិន​ពី​លើ​តែម្ដង»។

ដោយឡែក នៅឯ​ខេត្ត​សៀមរាប មាន​សេចក្ដីរាយការណ៍​ពី​នគរបាល​ចរាចរណ៍​ថា មាន​ជនជាតិចិន ២ នាក់​បាន​ស្លាប់ និង ១១ នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ​និង​ស្រាល​ ដោយសារ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​លើ​កំណាត់​ផ្លូវ​ចំណោត​ចុះ​ពី​ភ្នំគូលែន។

លោក ជឹម សុវណ្ណ ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តសៀមរាប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ជនជាតិ​ចិន​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវ​ហេតុនេះ រួមមាន ឈ្មោះ កៅ ជា ភេទ​ស្រី អាយុ ៥៩ ឆ្នាំ រស់នៅ​ខេត្ត Liaoning ភាគ​ខាងជើង​ប្រទេស​ចិន និង​ម្នាក់ទៀត​ឈ្មោះ ហ៊ូ យូ​ជា ភេទ​ស្រី អាយុ ១៧ ឆ្នាំ រស់នៅក្នុង​ខេត្ត Hebei ភាគ​ខាងជើង​ប្រទេស​ ចិន។

លោក​បាន​បញ្ជាក់ថា៖ «សព​ជនរងគ្រោះ​ត្រូវបាន​នាំយកទៅ​តម្កល់ទុក​ក្នុង​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ​ក្រុង​សៀមរាប​ដើម្បី​រង់ចាំ​មន្ត្រី​កុងស៊ុល​ចិន​ប្រចាំ​កម្ពុជា​មក​ទទួល​នាំយកទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​ និង​សាច់ញាតិ​ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចិន។ ចំណែក​អ្នករបួស ១១ នាក់​ផ្សេង កំពុង​ត្រូវបាន​ជួយសង្គ្រោះ​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ» ។

លោក​បាន​ឲ្យ​ដឹងថា ក្រោយពី​កើតហេតុភ្លាមៗ អ្នកបើកបរ​រថយន្ត និង​មគ្គុទ្ទេសក៍​ទេសចរណ៍​បាន​រត់គេចខ្លួន​ដែល​ពេលនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​កសាង​សំណុំ រឿង​បញ្ជូនទៅ​តុលាការចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

តាម​របាយការណ៍​រប​ស់​នគរបាល​ស្រុក​ស្វាយ​លើ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ខាងលើនេះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃអាទិត្យ ខណៈ​ពួកគេ​ត្រឡប់​ពី​ទស្សនា​តំបន់​រមណីយដ្ឋាន​ភ្នំគូលែន។

របាយការណ៍​បាន​បញ្ជាក់ថា៖ «មូលហេតុ​នៃ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នេះ​គឺ​បណ្ដាលមកពី​អ្នកបើកបរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ និង​ក៏​បណ្ដាលមកពី​កត្តា​ផ្លូវ​មាន​ភាព​បត់បែន​និង​ចោត​ខ្លាំង​ពេក​ផងដែរ»។

បើតាម​ការអះអាង​ពី​លោក ហួ ហុក​ម៉េង នាយរង​ផ្នែក​ចរាចរណ៍​ស្រុក​ស្វាយ​លើ​ថា កាលពី​ជាង ១ សប្ដាហ៍​មុន​ក៏មាន​ករណី​ក្រឡាប់​រថយន្ត​នៅ​ម្ដុំ​ចំណោត​ចុះ​ពីលើ​ភ្នំ​គូលែន​នេះ​ផងដែរ​ដោយបាន​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចំនួន ១១ នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល។

យ៉ាងណាក៏ដោយ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ក្រុមមន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​សៀមរាប បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ដើម្បី​ធ្វើការ​ឈូស​ឆាយ កែ​សម្រួល​ផ្លូវ​នោះ​ឡើងវិញ៕