ភ្នំពេញៈ របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ​ ២០១៩ របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាមួយ​នឹង​អនុសាសន៍​ជាច្រើន​ចំណុច​ផ្តល់​មក​ឲ្យ​កម្ពុជា​ ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ការប្រុងប្រយ័ត្ន ខណៈ​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏បាន​ចាត់ទុក​របាយការណ៍​នេះ​ថា​មាន​សារៈសំខាន់​ផងដែរ​ក្នុង​ការគាំទ្រ​ផែនការ​អភិវឌ្ឍន៍​ជាតិ ។

មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល និង​អ្នកសិក្សា​ស្រាវជ្រាវ​ជិត ១០០ នាក់​ កាលពី​ម្សិលមិញ​បាន​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​របាយការណ៍​នេះ​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​រាជធានី​ភ្នំពេញ​ និង​បាន​ចែករំលែក​នូវ​ខ្លឹមសារ​ជាច្រើន​ទាក់ទង​នឹង​បែបផែន​នៃ​ការអភិវឌ្ឍ​ដែល​ផ្តោតលើ​ទំនាក់ទំនង​រវាង​ការអភិវឌ្ឍ​មនុស្ស និង​និរន្តរភាព​បរិស្ថាន​ដោយ​មិន​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ​។

របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​នៅ​កម្ពុជា​ដែល​មាន​កម្រាស់​ជិត​ ១៥០ ​ទំព័រ​ ជា​ភាសា​អង់គ្លេស​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាច្រើន​នៅតែ​បន្ត​ពឹង​អាស្រ័យ​ខ្ពស់​លើ​ធនធាន​ធម្មជាតិ​សម្រាប់​ជា​ស្បៀងអាហារ​ជា​សំណាញ់​នៃ​សុវត្ថិភាព និង​ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ដែល​ជា​កត្តា​ធ្វើឲ្យ​ពួកគេ​ងាយ​រងគ្រោះ​ពេល​មាន​វិបត្តិ​អាកាសធាតុ​កើតឡើង​។

របាយការណ៍​បាន​បញ្ជាក់ថា​៖ «​ប្រសិន​បើ​កម្ពុជា​ចាត់វិធានការ​ចាប់ពី​ពេល​នេះ​តទៅ ប្រទេស​នេះ​អាច​ពង្រីក និង​ពន្លឿន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​ព្រមទាំង​ធានាថា សមិទ្ធផល​ទាំងនោះ​នៅតែ​បន្ត​និរន្តរភាព​របស់ខ្លួន​បន្ត​ទៀត​។ ​សមិទ្ធផល​ជាច្រើន​អាច​សម្រេច​ទៅ​បាន​គឺ​អាស្រ័យ​លើ​ការផ្តល់​ផលប្រយោជន៍​ដែល​គ្របដណ្តប់​ដល់​ជនបទ​ដែល​មាន​ប្រជាជន​ប្រមាណ​ ៨០ ​ភាគរយ​ កំពុង​រស់នៅ​ក្នុង​នោះ​ភាគច្រើន​ជា​អ្នកក្រីក្រ​»​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​បន្តថា ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយ​ប្រុងប្រយ័ត្ន​នឹង​ជួយ​ពង្រឹង​ភាពធន់​របស់​ពលរដ្ឋ​ព្រមទាំង​រក្សា​បាន​សក្តានុពល​ចំពោះ​ការអភិវឌ្ឍ​មនុស្ស​នាពេល​អនាគត​ស្របពេល​ព្រៃឈើ​គឺជា​ធនធាន​ធម្មជាតិ​សម្បូរ​ជាងគេ​របស់​កម្ពុជា​។

លោកស្រី Valerie Cliff ឧបការីអភិបាល​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​ជា​ប្រធានស្តីទី​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក បាន​ផ្តល់​បទសម្ភាស​ក្នុង​ឱកាស​នោះ​ថា UNDP បាន​ព្យាយាម​ធ្វើការ​ជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកាត់បន្ថយ​ ឬ​ការបាត់បង់​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​។

លោកស្រី​បន្តថា ការយកចិត្ត​ទុកដាក់​នេះ​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ការប្រើប្រាស់​ធនធាន​ទាំងនេះ​មាន​និរន្តរភាព​ដែល​មិន​ខុសពី​ប្រទេស​ក្នុង​ពិភពលោក ដែល​បារម្ភ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ហើយ​នាំមក​នូវ​វិបត្តិ ជាពិសេស​គឺ​វិបត្តិ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​ជាដើម​។

លោកស្រី​បញ្ជាក់ថា​៖ «​សម្រាប់​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​កម្ពុជា​ដែល​ពួកគេ​ដោះដូរ​ធនធាន​ធម្មជាតិ​ប្រើ​ក្នុង​រយៈពេល​ខ្លី​។ ​ប៉ុន្តែ​អ្នក​ចង់​បញ្ជាក់ថា យើង​ធ្វើ​វា​ដើម្បី​ថែរក្សា និង​ធ្វើឲ្យ​ធនធាន​ទាំងនោះ​មាន​និរន្តរភាព​សម្រាប់​ក្មេងជំនាន់ក្រោយ​»​។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ដែរ​ថា ជា​ការពិតណាស់ របាយការណ៍​នេះ​គឺជា​ឯកសារ​មួយ​ដែល​មាន​សារៈសំខាន់​ចូលរួម​គាំទ្រ​ដល់​គោលនយោបាយ​យុទ្ធសាស្ត្រ និង​ផែនការ​នានា​របស់​ក្រសួងបរិស្ថាន​រួមទាំង​ផែនការអភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ នេះ​។

លោក​បន្តថា ខ្លឹមសារ​ក្នុង​របាយការណ៍​នេះ ក៏​ជា​កត្តា​ជំរុញ​មួយ​ជួយ​ឲ្យ​ការការពារ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​ជាមួយ​នឹង​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការប្រែប្រួល​អាកាសធាតុ​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ធ្វើ​ម៉េច ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​យើង ឈប់​ពឹងផ្អែក​លើ​ធនធាន​ធម្មជាតិ​។ អ៊ីចឹង​ទេ ការគិតគូរ​របស់​យើង​ត្រូវតែ​ផ្តុំគ្នា​យ៉ាងម៉េច​? ​ការផលិត​របស់​យើង​យ៉ាងម៉េច​?

ការទទួល​បាន​ប្រាក់ខែ​ខ្ពស់​របស់​ប្រជាជន​យើង​ជា​ជម្រើស​ល្អ​»​។

លោក សុខ ឃីម ប្រធាន​កម្មវិធី​នៃ​​អភិបាលកិច្ច​ធនធាន​ធម្មជាតិ​ Oxfam ដែល​ចូលរួម​ព្រឹត្តិការណ៍​នោះ​បាន​លើកឡើង​ថា នេះ​ជា​រឿង​ល្អ​ដែល​របាយការណ៍​នេះ​បាន​ផ្តោត​លើ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព​សម្រាប់​ទាំងអស់​គ្នា​ពីព្រោះ​កម្ពុជា​កំពុង​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន ហើយ​ក៏​ជា​ពេលវេលា​នៃ​ការដាក់​សម្ពាធ​លើ​ការធ្វើ​អាជីវកម្ម​នៃ​ធនធាន​ធម្មជាតិ​ផង​ដែរ​។

លោក​ថា​៖ «​របាយការណ៍​នេះ​គួរតែ​ផ្តោត​យកចិត្ត​ទុកដាក់​បន្ថែម​ទៅលើ​ការវិនិយោគ​កសិពាណិជ្ជកម្ម​កម្រិត​ធំ ការរុករក​រ៉ែ និង​ហេដ្ឋារចនាសម្ព័ន្ធ​កម្រិត​ធំ ដែល​ធ្វើឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ​។ នៅក្នុង​របាយការណ៍​គួរតែ​មាន​អនុសាសន៍​ផងដែរ​ចំពោះ​អ្នកវិនិយោគ​កសិពាណិជ្ជកម្ម​កម្រិត​ធំ និង​ក្រុម​រុករក​រ៉ែ ដើម្បី​ធ្វើ​ឲ្យ​អេកូ​ទេសចរណ៍​មាន​តុល្យភាព​នៅក្នុង​តំបន់​វិនិយោគ និង​របៀប​​ដែល​ពួកគេ​រួមចំណែក​នៅក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

តាម​របាយការណ៍​ថ្មី​របស់ UNDP បាន​បង្ហាញ​ថា​សហគមន៍​ជាច្រើន​នៅ​កម្ពុជា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ទទួល​បាន​ការអភិវឌ្ឍ​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់ ប៉ុន្តែ​ការអភិវឌ្ឍ​ខ្លាំង​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ខ្លាំង​ដូចគ្នា​។ ការអះអាង​ដូច្នេះ​ដោយ UNDP បាន​លើក​ជា​ឧទាហរណ៍​មួយ​នៃ​ការបាត់បង់​ព្រៃឈើ​ដែល​នៅក្នុង​​ឆ្នាំ ២០១០ ប្រទេស​កម្ពុជា​មាន​គម្រប​ព្រៃឈើ​ ៥៧,០៧ ​ភាគរយ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៨ កម្ពុជា​មាន​គម្រប​ព្រៃឈើ​ប្រមាណ​ ៤៧,៨៤ ​ភាគរយ​ប៉ុណ្ណោះ​។

ជាមួយ​នឹង​ការបារម្ភ​នេះ UNDP បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការនាំ​ចេញ​ឈើ​ខុស​ច្បាប់​ត្រូវ​ចាត់វិធានការ​គតិយុត្ត ដើម្បី​ពន្លឿន​ការផ្លាស់ប្តូរ​ទៅ​រក​ផលិតផល​ប្រកប​ដោយ​និរន្តរភាព ហើយ​ត្រូវ​ខិតខំ​បង្កើន​ផលិតផល​ជំរុញ​សេដ្ឋកិច្ច​នៅ​តាម​មូលដ្ឋាន និង​ពង្រឹង​សហគមន៍ ដើម្បី​រួមគ្នា​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ការប្រើប្រាស់​ដីធ្លី​ប្រកប​ដោយ​ប្រសិទ្ធភាព​៕