ព្រះសីហនុៈ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកគ្រោងដាក់របាយការណ៍ស្រាវជ្រាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្តាហ៍ក្រោយ ដើម្បីសុំអន្តរាគមន៍ករណីចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញដីសាលានៃក្តីសង្ឃឹមទំហំជាង ១ ហិកតា នៅខេត្តព្រះសីហនុដែលក្រសួងសង្គមកិច្ចដាក់ឱសានវាទ ៣ ខែឲ្យសាលានេះរើចេញ។
កាលពីដើមខែសីហានេះគេហទំព័រសាលារៀននៃក្តីសង្ឃឹមក្នុងខេត្តព្រះសីហនុបានបង្ហោះនូវសារមិនសុខចិត្តមួយដោយអះអាងថា សាលារបស់ខ្លួនកំពុងដំណើរការបំពេញតាមគោលនយោបាយរាជរដ្ឋាភិបាលអស់ពេលជិត ២០ ឆ្នាំមកហើយដោយបណ្ដុះបណ្ដាលសិស្សក្រីក្រ និងចិញ្ចឹមកុមារកំព្រាប្រមាណ ៧ ម៉ឺននាក់ គិតមកទល់បច្ចុប្បន្ន ស្រាប់តែក្រសួងសង្គមកិច្ចបានបញ្ជាឲ្យសាលា លោកគ្រូ អ្នកគ្រូរៀបចំឯកសាររើចេញពីក្នុងសាលា។
ការបង្ហោះសារនេះបាននាំឲ្យលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផងនោះបានប្រកាសចុះស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីទាំងនេះ ខណៈក្រសួងសង្គមកិច្ចក៏ទើបតែប្រកាសឲ្យសាលាអង្គការមួយកន្លែងក្នុងរាជធានីភ្នំពេញឈ្មោះថា សាលារៀនទន្សាយដែលបើកបង្រៀនក្មេងមានបញ្ហាអូទីសឹមរើចេញពីតាំងដីក្រសួងដូចគ្នា។
បន្ទាប់ពីចុះស្រាវជ្រាវលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានចាត់ទុកថា ករណីនេះគឺជារឿងអំពើពុករលួយ និងឃុបឃិតជាប្រព័ន្ធក្នុងចេតនាយកដីសាលានេះលក់ឲ្យក្រុមហ៊ុនឯកជន។
លោកបន្តថាការដាក់ឱសានវាទឲ្យសាលានៃក្តីសង្ឃឹមដែលបើកបង្រៀនសិស្សជាយូរឆ្នាំរើចេញនេះគឺជារឿងមិនត្រឹមត្រូវទេ ព្រោះសាលានេះបានចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងបានចូលរួមជួយសង្គមនេះយ៉ាងច្រើនមកហើយ។
លោក វឌ្ឍនាសាប៊ុង បញ្ជាក់កាលពីម្សិលមិញថា៖ «បើយើងចង់អភិវឌ្ឍ ធ្វើវា (សាលា) ឲ្យទៅជាស្តង់ដាអន្តរជាតិទៅ ប៉ុន្តែវាមិនមែនអ៊ីចឹងទៀតតាមដឹងមានប្លង់រហូតទៅដល់ក្រុមហ៊ុនឯកជន ហើយនៅពេលមានការប្តឹងដល់ខ្ញុំ មានអ្នកយកលុយទៅសូក ហើយនេះគឺបង្ហាញពីភាពមិនប្រក្រតីហើយ»។
បើតាមលោក វឌ្ឍនាសាប៊ុង ឯកសារស្រាវជ្រាវនឹងដាក់ទៅលោកនាយករដ្ឋមន្ត្រីជួយរកយុត្តិធម៌នៅថ្ងៃចន្ទសប្តាហ៍ក្រោយជាមួយនឹងភ័ស្តុតាង ជុំវិញភាពមិនប្រក្រតីនេះស្របពេលលោកក៏ប្រកាសដែរថា៖ «ខ្ញុំនឹងប្រឹងឲ្យអស់លទ្ធភាពក្នុងកិច្ចការនេះមិនថា ប្រឈមធំប៉ុនណាទេ។
សំខាន់ខ្ញុំរីករាយនឹងបម្រើប្រជាជនរបស់ខ្ញុំដោយស្ម័គ្រចិត្តហើយរឿងនេះអ្នកពាក់ព័ន្ធក៏ត្រូវត្រៀមខ្លួនដែរ កុំថា គេចទៅណា អត់គេចរួចទេ»។
លោក ភុំ ណារិទ្ធ នាយកសាលានៃសេចក្តីសង្ឃឹមបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រសួងសង្គមកិច្ចបានប្រើល្បិចកលទុច្ចរិតបញ្ឆោតឲ្យប្រធានអង្គការរបស់លោកដែលជាជនបរទេសមិនចេះភាសាខ្មែរ ចុះហត្ថលេខាលើឯកសារសរសេរជាអក្សរខ្មែរក្នុងការផ្ដល់ដីសាលាជូនក្រសួងសង្គមកិច្ចខណៈដីជាង ១ ហិកតានោះ អង្គការបានដោះដូរជាទឹកប្រាក់ពីពលរដ្ឋ និងបន្តកាន់កាប់តាំងពីឆ្នាំ ២០០២ មកនោះ។
លោកបន្តថា៖ «ខ្ញុំមិនដឹងថាលក់ឲ្យក្រុមហ៊ុនឯកជនមួយណាទេ តែគ្រាន់តែបានដឹងថា ក្រោយដីនៅក្នុងតំបន់នេះឡើងថ្លៃ លោកក៏ទទួលបានព័ត៌មានបែបហ្នឹងថា ដីត្រូវបានលក់ហើយ គេផ្អើលពេញក្រុងដែលពួកយើងក៏មិនជឿដែរ។ តែគេលួចធ្វើប្លង់ ហើយលោកគ្រូអ្នកគ្រូរស់នៅលើដីហ្នឹងចូល ២០ ឆ្នាំមកហើយស្រាប់តែពេលនេះចេញប្លង់មកថា លក់ឲ្យគេហើយត្រូវរើសាលាចេញ»។
លោក ណារិទ្ធ បានបញ្ជាក់ថាក្រោយពីផ្ទុះរឿងនេះក៏មានអនុប្រធានមន្ទីរសង្គមកិច្ចមួយរូបបានយកលុយចំនួន ៤ ម៉ឺនដុល្លារអាមេរិកមកឲ្យលោកជាថ្នូរកុំឲ្យប្ដឹងតវ៉ា និងផ្សព្វផ្សាយព័ត៌មានទាំងនេះ៖ «ថ្ងៃអាទិត្យទី ១១ គាត់ណាត់ជួបខ្ញុំ ហើយខ្ញុំក៏ទៅជួបដោយប្រាប់គាត់ថាត្រូវធានាសុវត្ថិភាពរបស់ខ្ញុំ ខ្ញុំនឹងទៅ ហើយពេលទៅជួបគាត់ គាត់ថា រិទ្ធ មានលុយពីខាងក្រុមហ៊ុន ៤ ម៉ឺនដុល្លារលើកទឹកចិត្ត រិទ្ធ ឯង តែខ្ញុំថា ខ្ញុំមិនអាចទទួលយកលុយហ្នឹងបានទេ។ ជាចេតនារបស់ខ្ញុំគឺខ្ញុំមិនអាចទទួលយកលុយនោះបានទេ ហើយការឲ្យលុយខ្ញុំនេះ គឺឲ្យខ្ញុំលុបព័ត៌មានទាំងនេះចេញ» ។
យ៉ាងណាលោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុវនីតិសម្បទាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការសម្រេចរបស់ក្រសួងគឺមានឯកសារត្រឹមត្រូវដែលបញ្ជាក់ថា ដីទាំងនេះគឺជាកម្មសិទ្ធិរបស់ក្រសួង ហើយការដែលតម្រូវឲ្យសាលានេះរើចេញ ពីព្រោះក្រសួងត្រូវការទីតាំងដើម្បីអភិវឌ្ឍ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍នេះជាអ្វីនោះទេ ដោយលោកគ្រាន់តែឆ្លើយតបថា ការផ្តល់ដីឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងក៏ជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលដែរ។
បន្ថែមពីនេះលោកក៏បានរិះគន់មកលើប្រធានគណបក្សខ្មែរក្រោកចំពោះធ្វើការហួសដែនសមត្ថកិច្ចខ្លួនជុំវិញករណីនេះ និងមិនបានសាកសួរទៅក្រសួងផ្ទាល់នៅពេលចុះស្រាវជ្រាវ ប៉ុន្តែលោកបានអះអាងថាក្រសួងនឹងឆ្លើយតបជានិច្ច បើទោះជាករណីនេះទៅដល់ប្រមុខរដ្ឋាភិបាលក៏ដោយ។
លោកបានបញ្ជាក់ថា៖ «គាត់សិក្សាអី សិក្សាទៅ ប៉ុន្តែសម្រាប់ក្រសួងមានឯកសារគ្រប់គ្រាន់សម្រាប់បញ្ជាក់លើករណីនេះបាទ ហើយយើងអាចតតាំងគ្នាតាមរយៈឯកសារ បើគាត់ទិញពីប្រជាជនយកឯកសារមក ហើយបើដាក់ទៅសម្តេចនាយក គាត់នឹងមានវិធានការមកកោះហៅក្រសួងទៅសួរ និងបំភ្លឺហើយបាទ» ។
បើតាមលោកនាយកសាលានៅក្នុងឆ្នាំសិក្សាថ្មីនេះ សាលានៃក្តីសង្ឃឹមមានសិស្សកំពុងតែបន្តការសិក្សាចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២ ជាង ៣៥០ នាក់ និងគ្រូបង្រៀនជិត ៥០ នាក់។ ក្នុងនោះលោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សផងនោះបានលើកឡើងនៅក្នុងហ្វេសប៊ុកថា បើសាលានេះត្រូវរើចេញ តើឲ្យពួកគេទៅរៀន និងបង្រៀននៅឯណា? ដូច្នេះមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះដែលអាចជួយធ្វើអន្តរាគមន៍ក្នុងការរក្សាដីសាលានេះឲ្យនៅគង់វង្សដដែលបាន៕