ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​ទទួល​ពិន្ទុ ២១ លើ​ពិន្ទុ​ខ្ពស់​បំផុត ១០០ ក្នុង​ឆ្នាំ ២០១៧ ដោយ​ឈរ​នៅ​លេខ​រៀង​ទី​ ១៦១ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស ដែល​នេះ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មាន​កម្រិត​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ ខណៈ​ចំណាត់​ថ្នាក់​នេះ​មិន​មាន​ភាព​ប្រែប្រួល​នោះ​ទេ ក្នុង​រយៈពេល ៤ ឆ្នាំ​មក​នេះ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃ​នេះ​របស់​អង្គការ​តម្លាភាព​កម្ពុជា​។

ការ​ចេញ​ផ្សាយ​ដែល​យោង​ទៅ​លើ​លទ្ធផល​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៃ​លេខាធិការដ្ឋាន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់​ពិន្ទុ​ទៅ​លើ​សន្ទស្សន៍​ពី ០ (​ពុករលួយ​ខ្លាំង​) ដល់ ១០០ ពិន្ទុ​ (​ស្អាតស្អំ​ខ្លាំង​)​។ លទ្ធផល​នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា​នៅ​តែ​មិន​មែន​ភាព​ប្រែប្រួល​នូវ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ ទោះបី​ជា​ឆ្នាំ​នេះ​មាន​ការ​កើនឡើង​នូវ​ចំនួន​ប្រទេស​ចំនួន ៤ នៅ​ក្នុង​ការ​ផ្តល់​ពិន្ទុ​នេះ​ក្តី​។

បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​ទាប​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន ហើយ​ជា​ប្រទេស​ទទួល​បាន​ពិន្ទុ​ទាប​ទី ៣ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច ស្រប​ពេល​ដែល​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន​មាន​ការ​ប្រែប្រួល​នូវ​ចំនួន​ពិន្ទុ​។

ជាក់ស្តែង​ប្រទេស​ប្រ៊ុយណេ​កើនឡើង​ពី ៥៨ ទៅ ៦២ ប្រទេស​ថៃ ពី ៣៥ ទៅ ៣៧ ប្រទេស​វៀតណាម​កើន​ពី ៣៣ ទៅ ៣៥ ប្រទេស​មីយ៉ាន់ម៉ា​កើន​ពី ២៨ ទៅ ៣០​។ ឯ​ប្រទេស​ម៉ាឡេស៊ី​ថយ​ពី ៤៩ ​មក​ ៤៧ ប្រទេស​ហ្វីលីពីន​ថយ​ពី​ ៣៥ ​មក​ ៣៤ ប្រទេស​ឡាវ​ថយ​ពី ៣០ មក ២៩ ប្រទេស​សឹង្ហបុរី​បាន ៨៩ ពិន្ទុ និង​ប្រទេស​ឥណ្ឌូនេស៊ី​រក្សា​ពិន្ទុ​ដដែល​ដូច​កម្ពុជា​ដែរ​។

ចំពោះ​ប្រទេស​កម្ពុជា ប្រភព​ទិន្នន័យ​ចំនួន​ ៨ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គណនា​ពិន្ទុ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​មាន​ដូចជា​៖ សន្ទស្សន៍​នៃ​បម្រែបម្រួល​របស់​មូលនិធិ​ Bertelsmann ឆ្នាំ ២០១៧-២០១៨ ចំណាត់​ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​របស់​ទីភ្នាក់ងារ​សេដ្ឋវិទូ ឆ្នាំ ២០១៧ ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​ស្តីពី​ការ​យល់​ដឹង​ជា​សកល​ឆ្នាំ ២០១៦ ទីភ្នាក់ងារ​ប្រឹក្សា​ហានិភ័យ​នយោបាយ និង​សេដ្ឋកិច្ច​ទ្វីប​អាស៊ី​ឆ្នាំ ២០១៧ ការ​វាយតម្លៃ​ស្ថាប័ន និង​គោលនយោបាយ​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​ឆ្នាំ ២០១៧ ការ​ស្ទង់មតិ​ពី​ធុរៈជន​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (EOS) ឆ្នាំ ២០១៧ សន្ទស្សន៍​ស្តីពី​នីតិរដ្ឋ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ ២០១៧-២០១៨ និង​គម្រោង​នៃ​ភាព​ផ្សេង​គ្នា​នៃ​ប្រជាធិបតេយ្យ (V-Dem) ឆ្នាំ ២០១៧​។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​ថា៖ «​រដ្ឋាភិបាល​កម្ពុជា​គួរ​អនុវត្ត​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​សង្គម​ស៊ីវិល អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​សហគមន៍​ក្នុង​ការ​បង្ការ ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ និង​លើក​កម្ពស់​ការ​យល់ដឹង​របស់​សាធារណជន​ទៅ​លើ​អត្ថិភាព​មូលហេតុ ភាព​ធ្ងន់ធ្ងរ និង​ការគំរាម​កំហែង​នានា​ដែល​បង្ក​ឡើង​ដោយ​អំពើ​ពុករលួយ​ដូច​មាន​ចែង​ក្នុង​មាត្រា ១៣ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រានចោល​របាយការណ៍​ថា រកឃើញ​មាន​អំពើ​ពុករលួយ​ខ្លាំង ហើយ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​រឿង​ចំណាត់​ថា្នក់ អំពើ​ពុករលួយ​នេះ​ឡើយ សំខាន់​សង្គម​មាន​ការ​អភិវឌ្ឍន៍​។

លោក​ថ្លែង​ដូច្នេះ​ថា៖ «​មាន​អ្នក​ថា ថា​បាន​តើ តែ​បើ​គេ​ឲ្យ​រក​អំពើ​ពុករលួយ​តិច​ថា​រក​មិន​ឃើញ​។ ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​រឿង​ចំណាត់ថ្នាក់ ១,២,៣ ​ទេ បញ្ហា​សំខាន់​ឲ្យ​តែ​សង្គម​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ មាន​ការ​រីកចម្រើន ហើយ​ជីវភាព​របស់​ប្រជាជន​មាន​ការ​កែលម្អ​ជា​បន្តបន្ទាប់​បណ្ដើរៗ​ប្រចាំ​ថ្ងៃ​ទៅ​រក​ការ​រីកចម្រើន​។ អ៊ីចឹង​វា​ឆ្លុះ​បញ្ចាំង​ថា​វា​អត់​មាន​អំពើពុករលួយ​ដូច​គាត់​ថា​ទេ​។ វា​មាន​បន្តិចបន្តួច តែ​យើង​ទៅ​រក​ឯណា ពាក្យ​ថា​លួច​គេ​មិន​ឲ្យ​ដឹង​ឯណា​។ អាពាក្យ​មិន​ឲ្យ​ដឹង​ហ្នឹង​គេ​ថា​លួច​»៕

(រាយការណ៍​បន្ថែម នៀម ឆេង)