ភ្នំពេញៈ របាយការណ៍​ស្តីពី «បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយឯករាជ្យ​ ឆ្នាំ​២០១៧»​ ដែល​ចេញ​ផ្សាយ​កាលពី​ព្រឹកមិញ​នេះ បង្ហាញ​ថា កាសែត​ ភ្នំពេញ ប៉ុស្តិ៍​ ដែល​មាន​ភាសា​ខ្មែរផង និង​អង់គ្លេស​ផង គឺ​ជា​កាសែត​ ដែល​​ឯករាជ្យ​បំផុត​មួយ បើ​​ប្រៀប​ធៀប​នឹង​ស្ថាប័ន​សារ​ព័ត៌មាន​ផ្សេងទៀត​ទាំង​វិទ្យុ​ ​ទូរទស្សន៍ និង​ សារព័ត៌មាន​អន​ឡាញ​។

យោង​តាម​ការ​ដាក់​ចំណាត់​ថ្នាក់ ដោយ​ការ​ស្រាវជ្រាវ របស់​មជ្ឈ​មណ្ឌលកម្ពុជា​ ដើម្បី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​(CCIM) បាន​ដាក់​ពិន្ទុ ១ ចំពោះប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បំផុត និង​ ពិន្ទុ ៥ ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ភាព​លំអៀង។

ក្នុង​នោះ កាសែត ភ្នំពេញ ប៉ុស្តិ៍ ទទួល​ បាន​ពិន្ទុ ១.៩ ដែល​របាយការណ៍​សរសេរ​ថា កាសែត​ ភ្នំពេញ​​​ ប៉ុស្តិ៍ «ត្រូវ​គេ​ចាត់​ថា​ ជា​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​បំផុត​មួយ​...​ ហើយ​កាសែត​នេះ ក៏​ផ្សាយ​ជា​ភាសា​ខ្មែរ ដ៏ពេញ​និយមដែរ...»។

ក្នុង​តារាងមួយ​ដែល​បោះពុម្ពក្នុង​របាយការណ៍​នេះ បង្ហាញ​ថា កាសែត ភ្នំពេញ ប៉ុស្តិ៍ ​ស្ថិត​នៅចំណាត់​ថ្នាក់​​លេខ​ ២ បន្ទាប់​ពី​កាសែត ខេម​បូឌា ដេលី ដែល​បាន​បិទ​ទ្វារ​ទៅហើយ​នោះ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧។

ទាក់​ទង​នឹង​ការ​ចេញ​របាយ​ការណ៍​នេះ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​បាន​ចូលរួម​ផ្សព្វ​ផ្សាយ​កាល​ពី​ព្រឹក​មិញ​នេះ​ដែរ អះអាងថា លោក​មិន​បាន​ដឹង​ពី​របៀប​នៃ​ការ​ស្រាវជ្រាវ និង​ការ​ស្ទង់​មតិ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​ថា [របាយ​ការណ៍​នេះ] វា​ប្រសើរ​ជាង​មិន​ធ្វើ​អ្វីសោះ។ លោក​ថ្លែង​ថា «ការ​បណ្តុះ​បណ្តាល​ជំនាញ​សារព័ត៌មាន​ពិត​ជា​មាន​ច្រើន ប៉ុន្តែ​អ្នក​ដែល​យក​វិជ្ជាជីវៈ​ទាំងនេះ​មក​ប្រើ នៅ​មាន​កម្រិត​នៅ​ឡើ​យ»។

គួរ​បញ្ជាក់​ថា CCIM បាន​ស្ទង់​មតិតលើ​អ្នក​ធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ចំនួន​ ៧៥ ​នាក់ ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៧​ មក​។

របាយការណ៍នេះដែរ ក៏​បាន​បង្ហាញ​ថា ៨៣ ភាគរយនៃ​អ្នក​ឆ្លើយ យល់​ថា សេរីភាព​សារព័ត៌មាន​ បាន​ធ្លាក់ចុះ ដោយ​យោង​ទៅ​លើ​ឆ្នាំ ២០១៧​ នេះ ស្ថានីយ៍​វិទ្យុ និង​កាសែត​ឯករាជ្យ​មួយ​ចំនួន​ ត្រូវ​បង្ខំ​ឲ្យ​ឈប់​ផ្សាយ និង​បិទ​ទ្វារ​ ខណៈ​ការ​គំរាមកំហែង​ នៅ​តែ​បន្ត​កើត​មាន ៕