ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០១៩-២០២៣ ដោយបានផ្ដោតលើការងារអាទិភាពមួយចំនួនដូចជាសម្រួចយុទ្ធសាស្ត្រអប់រំ បង្ការ ទប់ស្កាត់ ដោយផ្អែកលើយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយតម្រូវឲ្យមានការពង្រីកកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាតិ និងស្ថាប័នអន្តរជាតិនៅក្នុងវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានសិក្សា និងទីកន្លែងផ្សេងៗដែលងាយធ្វើឲ្យមានអំពើពុករលួយ។
យោងតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០១៩-២០២៣ ដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីខែកក្កដា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី ២៦ ខែមករា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តោតលើការងារអាទិភាពចំនួន ៦ គឺទី១- សម្រួចយុទ្ធសាស្ត្រ អប់រំ ទប់ស្កាត់ និងបង្ក្រាបដោយផ្អែកលើផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងក្របខ័ណ្ឌ “មិនហ៊ាន មិនអាច និង មិនចង់” ប្រព្រឹត្តអំពើពុករលួយ។ ទី២- ការពង្រឹង និងពង្រីកការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានបច្ចុប្បន្នភាពស្តីពីសេវា សាធារណៈ លិខិតបទដ្ឋានគតិយុត្ត និង ឯកសារ គោលនយោបាយជាតិ។ ទី៣- ការជំរុញឲ្យមានការចូលរួមពីសំណាក់ប្រជាជនក្នុងដំណើរការនៃការអភិវឌ្ឍ ការរៀបចំគោលនយោបាយ និងការអនុវត្ត។ ទី៤- ការជំរុញការអនុវត្តយន្តការទទួលព័ត៌មានត្រឡប់ និងដោះស្រាយបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវារួមបញ្ចូលទាំងការពិនិត្យលទ្ធភាពប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីគាំទ្រការអនុវត្ត។ ទី៥- ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយន្តការអធិការកិច្ច និងសវនកម្មក្នុងវិស័យសាធារណៈ និងទី៦- ការពង្រឹងប្រសិទ្ធភាពរៀបចំ និង អនុវត្តក្រមសីលធម៌ការងារ ព្រមទាំងគោលការណ៍ វិសមិតភាពមុខងារ និងទំនាស់ផលប្រយោជន៍នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។
ផែនការយុទ្ធសាស្ត្រដដែលនេះបានឲ្យដឹងថា៖ «ដើម្បីអនុវត្តបណ្តាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ទិសដៅ របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងក្រសួងមុខងារសាធារណៈ រួមមាន ពង្រឹងការអប់រំមិនឲ្យប្រព្រឹត្តអំពើពុករលួយ បន្តពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយច្បាប់ ការអប់រំស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយទាំងក្នុង និងក្រៅសាលារៀន តាមគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ និង បន្តពង្រីកដល់គ្រឹះស្ថានឧត្តមសិក្សា សាលា វិជ្ជាជីវៈ ដើម្បីបញ្ជ្រាបការយល់ដឹងពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងស្មារតីសុចរិតភាពក្នុងការបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត។ បំផុសការចូលរួមប្រឆាំងអំពើពុករលួយ និងបន្តជំរុញតាមរយៈការរៀបចំវេទិកាប្រកួតប្រជែងចំណេះដឹងអំពីការប្រឆាំងអំពើពុករលួយ»។
ផែនការយុទ្ធសាស្ត្រដដែលនេះក៏បានឲ្យដឹងទៀតថា៖ «បង្ការទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយ ពង្រឹងសុចរិតភាព អភិបាលកិច្ចល្អក្នុងស្ថាប័នសាធារណៈ និងឯកជនជាយុទ្ធសាស្ត្រគន្លឹះក្នុងការបង្ការទប់ស្កាត់អំពើពុករលួយ។ បន្តជំរុញការរៀបចំ និងអនុវត្តផែនការប្រឆាំង អំពើពុករលួយក្នុងស្ថាប័នសាធារណៈ និងកម្មវិធីប្រឆាំងអំពើពុករលួយក្នុងវិស័យឯកជន និងបង្កើតគំនិតផ្តួចផ្តើមថ្មីៗរួមគ្នាលើកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ។ ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈសំដៅបង្កើនការជឿទុកចិត្តលើរាជរដ្ឋាភិបាល បន្តអនុវត្តតាមរយៈការចូលរួមពិនិត្យ ដាក់ចេញ និងកែសម្រួលនូវប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ»។
ផែនការយុទ្ធសាស្ត្រដដែលនេះបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលតម្រូវឲ្យមានមេរៀនស្តីពីការប្រឆាំងអំពើពុករលួយសម្រាប់គ្រឹះស្ថានឧត្តមសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងការផ្សព្វផ្សាយអំពីការប្រឆាំងអំពើពុករលួយនៅវិស័យ សាធារណៈ វិស័យឯកជន គ្រឹះស្ថានសិក្សា និងទីកន្លែងដែលងាយរងគ្រោះដោយអំពើពុករលួយ ពង្រីកវិសាលភាពគោលដៅដែលត្រូវប្រកាសទ្រព្យសម្បតិ្ត និងបំណុលបង្កើតឲ្យមានការិយាល័យ ប្រឆាំងអំពើពុករលួយ នៅតាមរាជធានីខេត្តជំរុញឲ្យមានការពង្រឹងសីលធម៌ សុចរិតភាព និងអភិបាលកិច្ចល្អក្នុងស្ថាប័នសាធារណៈ និងពង្រឹងប្រសិទ្ធភាព និងតម្លាភាពចំណូលចំណាយសាធារណៈ។
ផែនការយុទ្ធសាស្ត្រដដែលនេះបានឲ្យដឹងថា៖ «ដើម្បីសម្រេចឲ្យបាននូវគោលដៅនៃចក្ខុវិស័យនេះក្រសួងបានដាក់ចេញនូវគោលនយោបាយចម្បងមួយគឺការលើកកម្ពស់អភិបាលកិច្ចល្អតាមរយៈការអប់រំទប់ស្កាត់បាតុភាពអសកម្ម បង្កើនគណនេយ្យភាពប្រសិទ្ធភាព ការងារ និងពង្រឹងនីតិរដ្ឋ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថាក្រោយពីទទួលបានសារលិខិតរបស់លោក ហ៊ុន សែន ចុះថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៤ ក្រសួងអប់រំ យុវជន និងកីឡាសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំជាសៀវភៅសិក្សា ទាំងសៀវភៅសម្រាប់សិស្ស និងសៀវភៅសម្រាប់គ្រូ ការអប់រំស្តីពីការប្រឆាំងអំពើពុករលួយ។
លោកបានបញ្ជាក់ថា៖ «ការបណ្តុះបណ្តាល គ្រូក៏បានធ្វើចប់សព្វគ្រប់រួចហើយដែរ។ ឥឡូវនេះបាននិងកំពុងអនុវត្តពេញលេញគ្រប់ភូមិសិក្សាហើយដែរ»។
នាយកកម្មវិធីអង្គការតម្លាភាពអន្តរជាតិ-កម្ពុជាលោក ពេជ្រ ពិសី ថ្លែងថា ផែនការនេះនឹងជួយលើកកម្ពស់សុចរិតភាព សង្គម និងការកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
លោកថា៖ «ខ្ញុំគិតថា ជាយុទ្ធសាស្ត្រមួយដ៏ល្អហើយយើងធ្វើការគាំទ្រចំពោះយុទ្ធសាស្ត្រនេះ ហើយកន្លងមកយើងក៏បានធ្វើកិច្ចសហប្រតិបត្តិការច្រើន ជាមួយស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយក៏ដូចជាក្រសួងអប់រំដើម្បីដាក់កម្មវិធីសិក្សាពាក់ព័ន្ធទៅនឹងការលើកកម្ពស់សុចរិតភាព សង្គម និងការប្រឆាំងអំពើពុករលួយ។ យើងគឺទាមទារឲ្យពលរដ្ឋយល់ដឹងឲ្យច្រើនពីសុចរិតភាពសង្គម និងផលប៉ះពាល់ជាអវិជ្ជមានដែលកើតពីអំពើពុករលួយនៅក្នុងសង្គមយើង»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងសុំការអត្ថាធិប្បាយពាក់ព័ន្ធនឹងផែនការប្រឆាំងអំពើពុករលួយនេះបានទេកាលពីថ្ងៃម្សិលមិញ៕