កំពង់ឆ្នាំងៈ​ ត្រាក់​ទ័រ​ចំនួ​ន ១៣ ​គ្រឿង​​ និង​កាណូត​បា​ឡាស្មា​ច់​ ២ ​គ្រឿង ​រួម​ទាំង​មនុស្ស ​៧ នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​កំពង់ឆ្នាំង​ សហ​ការ​ជា​មួយ​ប្រជាសហ​គមន៍​នេសា​ទ​និង​អាជ្ញាធរ​មូល​ដ្ឋាន​បង្ក្រាប​និងចាប់​បាន​ជា​បន្ត​បន្ទាប់​​ក្នុង​យុទ្ធនាការ​នា​រដូវ​ប្រាំង​កន្លង​មក​នេះ។​

លោក ​លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផ​ល​ខេត្ត​កំពង់​ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ពី​ម្សិល​មិញ​ថា​ត្រាក់​ទ័រ​ទាំង ១៣ ​គ្រឿង​នោះ ​ត្រូវ​បាន​បង្ក្រាប​ក្នុង​ភូមិ​សាស្ត្រ ​ឃុំ​ច្រ​ណូ​ក, ឃុំ​ដារ, ឃុំ​ស្វាយ​រំពារ និងឃុំ​សំរោង​សែន នៃស្រុក​​កំពង់​លែង ខណៈ​ម្ចាស់​យក​មក​លាក់​ទុក​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ដែល​ត្រូវ​បាន​ហាម​ឃាត់​ក្នុងបំណង​​ឈូស​​ឆាយ​វាត​យក​ដីជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។

លោក​បាន​បន្ត​ថា​ បច្ចុប្បន្ន​ត្រាក់​ទ័រ​ទាំង​នោះ​ត្រូវ​បាន​​រក្សា​ទុក​នៅ​សាលា​ស្រុកនិង​អធិការដ្ឋាន​នគរ​បាល​ស្រុក​កំពង់​លែង​ខណៈ​សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សា​លា​ដំបូង​ខេត្ត​រួច​ហើយ​ដើម្បី​ចាត់ការ​បន្ត។

លោក​ថា៖​ «ចំពោះ​ករណី​ត្រាក់​ទ័រ​ទាំង ​១៣ ​គ្រឿង​ នោះ​យើង​បាន​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ទៅ តុលាការ​រួច​រាល់​ហើយ​ បន្ទាប់​ពី​គ្មាន​នរណា​ម្នាក់​មក​អះ​អាង​ថា ​ជា​ម្ចាស់​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់»។​

លោក​បាន​បន្ថែម​ថា៖ «យោង​តាម​ភ័ស្ដុ​តាង​ដែលយើ​ង​រកឃើញ​ដី​ព្រៃលិច​ទឹក​ជាង​២​ហិក​តា​ត្រូវ​បាន​គេ​កាប់​រាន​និងឈូសឆាយ​ក្នុង​គោល​បំ​ណង​រឹប​អូស​មក​ធ្វើ​ជា​ដីក​សិកម្ម​ឯកជន​ដោយ​ខុស​ច្បាប់។ បទ​ល្មើសកា​ប់រាន​និងឈូស​ឆាយ​ដីព្រៃ​លិច​​ទឹក ជា​បទ​ល្មើស​ថ្នាក់​ទី​ ១ ដែល​ត្រូ​វផ្ដន្ទា​ទោស​ជាប់​ពន្ធ​នាគា​រពី ​៣ ឆ្នាំ​​ទៅ​ ៥ ​ឆ្នាំ»។

ក្រៅ​ពី​ត្រាក់​ទ័រ​ ១៣​ គ្រឿង​នោះ​ សមត្ថ​កិច្ច​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ ៧ ​នាក់​ បញ្ជូន​ទៅ​សា​លា​ដំបូង​ផង​ដែរ​ ពាក់​​ព័ន្ធ​ករណី​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បា​ប់ និង​រឹបអូ​សវ​ត្ថុតាង​កាណូត​បាឡា​ស្មាច់​​ ២ ​គ្រឿង ម៉ូតូ ​១ ​គ្រឿង​ និង​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ​​១​ ចំនួន​ទៀត។​ នេះ​បើ​តាម​របាយ​ការ​ណ៍​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ជល​ផល​ចាប់​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៨​ ដល់ចុ​ង​ខែ​ឧសភា​ឆ្នាំ​ ២០១៩ នេះ​របស់​ខណ្ឌ​រដ្ឋ​បា​ល​ជល​ផល​ខេត្ត​កំពង់​ឆ្នាំង ដែល​ភ្នំ​ពេញប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ។

​របាយ​កា​រ​ណ៍ដដែលប​ញ្ជាក់ថា​ កូនត្រី​ច​ម្រុះ​​ចំនួន ២,១៥៧​ គីឡូ​ក្រាម​ ត្រូ​វបាន​លែង​ទៅ​ក្នុង​បឹង​ធម្មជា​តិវិ​ញ​ ក្រោយ​ពេលបង្ក្រា​បបទ​ល្មើ​សនិងបា​នដុត​បំផ្លាញ​ឧប​ក​រណ៍​នេ​សា​​ទខុសច្បា​ប់​ រួ​មមាន ​របាំង​សាច់​អួន ស្បៃមុង សរុ​ប ១៤​,៦៨០​ ម៉ែត្រ​ និងបង្គោល​សម្រាស់ ១៣,​៤០៧​ ដើម។

យ៉ាង​ណាក៏​ដោយ​ លោក​ ​លី ឡា​ បាន​អះអាង​ថា បទ​ល្មើស​ជល​ផល​និង​ករណី​កាប់ព្រៃ​លិច​ទឹក​នៅ​តែ​បន្ត​មាន​​ស្ទើរ​គ្រប់​ទី​កន្លែង​ដែល​ទាម​​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ការ​ការ​ពារ និ​ងបង្ក្រាប​​ខណៈ​ពេល​នេះ​រដូវ​ហាម​ឃាត់​នេសាទ​បាន​មក​ដល់៕