ភ្នំពេញៈ តុលាការ​កំពូល​ពី​ម្សិលមិញ​បាន​ជំនុំជម្រះ​រឿងក្តី​របស់​ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ម្នាក់​ប្រចាំខេត្ត​រតនគិរី​ដែល​សរសេរ​ពី​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​លំផាត់​កាប់រាន​ដីព្រៃ​កាលពី​ឆ្នាំ​ ២០១៣ ហើយ​ត្រូវ​បាន​ប្តឹង​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​រឿងក្តី​នេះ​ត្រូវ​បាន​តុលាការ​ទាំង​ ២ ​ថ្នាក់​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ ១០ ​លាន​រៀល​ទៅ​ដើម​បណ្តឹង​រដ្ឋប្បវេណី​។

តាម​កំណត់ហេតុ​របស់​តុលាការ​បង្ហាញថា លោក​ ប្រាក់ សុវណ្ណ អាយុ​ ៤៥ ​ឆ្នាំ​ ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​បាន​សរសេរ​ចុះផ្សាយ​ក្នុង​ទំព័រ​កាសែត​របស់​ខ្លួន​ពាក់ព័ន្ធ​ឈ្មោះ​ ផុន ជ័យ ជា​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​លំផាត់ ខេត្ត​រតនគិរី​ថា​បាន​កាប់រាន​ដីព្រៃ​របស់​រដ្ឋ ដែល​មាន​ចំនួន​ ៨០ ​ហិកតា​ នៅ​ស្រុក​លំផាត់​កាលពី​ថ្ងៃទី​ ២២ ខែ​ មីនា ឆ្នាំ​ ២០១៣​។

បន្ទាប់ពី​មាន​ការចុះផ្សាយ​លោក​ ផុន ជ័យ បាន​ទាមទារ​ឲ្យ​លោក​ ប្រាក់ ​សុវណ្ណ ​ធ្វើការ​ចុះផ្សាយ​កែតម្រូវ​ក្នុង​ទំព័រ​កាសែត​របស់ខ្លួន​វិញ​។ ប៉ុន្តែ​ពេលនោះ​លោក​ ប្រាក់ សុវណ្ណ ទាមទារ​ឲ្យ​លោក​ ផុន ជ័យ រក​ភ័ស្តុតាង​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ទើប​លោក​ចុះផ្សាយ​កែតម្រូវ​ឲ្យ​បាន​។ ​ប៉ុន្តែ​កាលនោះ​លោក​ ផុន ជ័យ មិន​បាន​ផ្តល់​ភ័ស្តុតាង​ឲ្យ​លោក​ ប្រាក់ ​សុវណ្ណ ​ទេ​ហើយ​លោក​ក៏​មិន​ចុះផ្សាយ​កែតម្រូវ​ឲ្យ​ដែរ​។

កំណត់ហេតុ​បន្តថា ដោយសារ​តែ​គ្មាន​ការចុះផ្សាយ​កែតម្រូវ​បែប​នេះ​ហើយ ទើប​លោក​ ផុន ជ័យ ធ្វើ​ពាក្យបណ្តឹង​ប្តឹង​លោក​ ប្រាក់ សុវណ្ណ និង​ទាមទារ​សំណង​ ២០ ​លាន​រៀល​។

សំណុំ​រឿងនេះ​ត្រូវ​បាន​សាលាដំបូង​ខេត្តរតនគិរី​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៨ កុម្ភៈ ឆ្នាំ​ ២០១៤ សម្រេច​ឲ្យ​លោក​ ប្រាក់ សុវណ្ណ សង​ទៅ​លោក​ ផុន ជ័យ ១០ ​លាន​រៀល និង​ពិន័យ​ប្រាក់​ ១ ​លាន​រៀល​ចូល​ថវិការដ្ឋ ដោយ​ចោទ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​មាត្រា​​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។ ដោយ​មិន​សុខចិត្ត​នឹង​សេចក្តីសម្រេច​របស់​សាលា​ដំបូង​ខេត្ត​រតនគិរី​ទើប​លោក​ សុវណ្ណ ​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ហើយ​ត្រូវ​ឧទ្ធរណ៍​ប្រកាស​សាលដីកា​ថ្ងៃទី​ ១៩ ធ្នូ ឆ្នាំ​ ២០១៥ ដោយ​តម្កល់​សាលក្រម​របស់​តុលាការ​ថ្នាក់ក្រោម​នៅ​ដដែល​។

ពី​ម្សិលមិញ​ទាំង​លោក​ ប្រាក់ សុវណ្ណ និង​លោក​ ផុន ជ័យ មិន​បាន​ចូលរួម​ជំនុំជម្រះ​ទេ ប៉ុន្តែ​បើ​តាម​សារណា​របស់​លោក​ ប្រាក់ សុវណ្ណ ដាក់​ចូល​ក្នុង​សំណុំរឿង​នៅ​តុលាការ​កំពូល​ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​ម្សិលមិញ​សរសេរ​ថា ពលរដ្ឋ​រាយការណ៍​ថា ឈ្មោះ​ ផុន ជ័យ បាន​កាប់រាន​ដីព្រៃ​របស់​រដ្ឋ​ជាច្រើន​ហិកតា​នៅ​ភូមិ​ប៉ាទាត់ និង​តាម​ផ្លូវជាតិ​លេខ​ ៧៦ ​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី​។ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នោះ​លោក​បាន​ចុះទៅ​ទីតាំង​ដី​ក្នុង​ភូមិ​ប៉ាទាត់ ក្នុង​ឃុំ​សេដា​នោះ​ហើយ​បាន​ជួប​ពលរដ្ឋ​ ១ ​គ្រួសារ​ដែល​ស៊ីឈ្នួល​ចាំចម្ការ​ឲ្យ​ឈ្មោះ​ ជ័យ​។

លោក​ សុវណ្ណ បន្ត​ក្នុង​សារណា​ថា ក្នុង​នាម​ជា​អ្នកកាសែត​វិជ្ជាជីវៈ​លោក​បាន​ទាក់ទង​ប្រភព​ដែល​ពាក់ព័ន្ធ​ហើយ​បាន​ទាក់ទង​ទៅ​លោក​ ផុន ជ័យ គាត់​ឆ្លើយថា​មាន​តែ​ដី​ ២០ ​ហិកតា​ទេ​។ បន្ទាប់មក​លោក​សរសេរ​ផ្ញើ​ទៅ​កាសែត​រស្មីកម្ពុជា ហើយ​ក៏​បានចេញ​ផ្សាយ​។

លោក​បញ្ជាក់​ក្នុង​សារណា​ថា​៖ «​ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​មាន​យុត្តិធម៌​ដល់​ខ្ញុំបាទ ខ្ញុំ​សុំ​តុលាការ​ឲ្យ​ខ្ញុំ​រួច​ផុតពី​បទចោទប្រកាន់​នេះ​»​។

លោក​ ជុំ សំបាន តំណាង​មហាអយ្យការ​សន្និដ្ឋានថា ក្រោយ​ពិនិត្យ​តាម​អង្គហេតុ លោក​យល់​ថា ការដែល​ឧទ្ធរណ៍​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្ត​រតនគិរី​គឺ​មាន​សំអាង​ហេតុ​ត្រឹមត្រូវ​។ លោក​ថ្លែងថា​៖ «​ជនជាប់ចោទ​ជា​អ្នកសារព័ត៌មាន ហើយ​ជនរងគ្រោះ​មិនដែល​ស្គាល់​គ្នា​ទេ​។ ដូច្នេះ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​តាមច្បាប់​»​។

លោក​ ផុន សុភ័ស្ត មេធាវី លោក​ ប្រាក់ សុវណ្ណ ថ្លែង​ថា​កូនក្តី​លោក​មុន​ចុះផ្សាយ​បាន​ទាក់ទង​សួរ​គ្រប់​ប្រភព​ពាក់ព័ន្ធ​ និង​ទាមទារ​ឲ្យ​លោក​ ផុន ជ័យ បង្ហាញ​ភ័ស្តុតាង​ដើម្បី​ចុះផ្សាយ​កែតម្រូវ តែ​លោក​ ផុន ជ័យ មិនបាន​ផ្តល់​ឲ្យ​កូនក្តី​របស់​លោក​ទេ​។

លោក​ថ្លែងថា​៖ «​ហេតុដូច្នេះ​សូម​តុលាការ​កំពូល​ពិចារណា​ឲ្យ​កូនក្តី​ខ្ញុំ​រួចផុត​ពី​បទចោទ​ផង​»​។

លោក​ គង់ ស្រ៊ីម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​សាលដីកា​នឹង​ប្រកាស​ថ្ងៃទី​ ២៦ កុម្ភៈ​៕