ឧត្តរមានជ័យៈ ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង គណៈគ្រប់គ្រង​ខេត្ត​ឧត្តរមានជ័យ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​អន្លង់វែង​លើក​ទី​ ២ ក្រោម​ប្រធានបទ ​“​ថ្មើរជើង​ប្រវត្តិសាស្ត្រ​” ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​ ៧-៩ ខែ​កុម្ភៈ​នៅ​ទី​រួម​ស្រុក​អន្លង់វែង​។

បើ​យោង​តាម​លោក​ លី សុខឃាង ប្រធាន​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បាន​ឲ្យ​ដឹងថា កម្មវិធី ​“​ថ្មើរជើង​ប្រវត្តិសាស្ត្រ​” ​ដែល​មាន​រយៈពេល​ ២ ​ថ្ងៃ​កន្លះ គឺមាន​បំណង​ចម្បង​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​តំបន់​អន្លង់វែង​។ នៅក្នុង​ពិធី​នេះ​ក៏មាន​ការតាំងពិព័រណ៍​រូបថត​ចំនួន​ ១០០ ​ផ្ទាំង ចំបាប់​ខ្មែរ ការប្រណាំង​ទូក ការប្រកួត​បាល់ទាត់ និង​បាល់ទះ​មិត្តភាព​កម្ពុជា-ថៃ ពិព័រណ៍​ម្ហូបអាហារ​កម្ពុជា-ថៃ ការប្រណាំង​កង់​យឺត ការសម្តែង ប្រដាល់​គុន​ខ្មែរ​ និង​ថៃ ព្រមទាំង តន្ត្រី និង​ការ​រាំលេង​កម្សាន្ត​។

លោក​បាន​បន្តថា​កាលពី​ថ្ងៃទី​ ៨ ខែ​កុម្ភៈ កម្មវិធី ​“​ថ្មើរជើង​ប្រវត្តិសាស្ត្រ​លើក​ទី​២” ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​មនុស្ស​ចូលរួម​ចំនួន​ប្រមាណ ​១ ៥០០ ​នាក់ ដែល​មកពី​ស្ថាប័ន​ផ្សេងៗ​មានដូចជា សិស្សានុសិស្ស ប្រជាជន​ស៊ីវិល ទាហាន និង​មន្ត្រីរាជការ​។ កម្មវិធី​ក៏​បាន​ថ្លែង​នូវ​អំណរគុណ ចំពោះ​ការគាំទ្រ​ពី​សំណាក់​អាជ្ញាធរខេត្ត​ឧត្តរមានជ័យ និង​គណៈកម្មការ​រៀបចំ​កម្មវិធី​ដល់​ការងារ​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ក្នុង​ការអភិរក្ស និង​លើកកម្ពស់​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។

លោក ​លី សុខឃាង បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ ថា​៖ «​រយៈពេល​ ២ ​ថ្ងៃ​កន្លះ​នេះ ប្រជាពលរដ្ឋ​មាន​ភាពសប្បាយ​រីករាយ ច្រើន​ក្នុង​មូលដ្ឋាន ក្នុង​ស្រុក​អន្លង់វែង គឺ​ទាំង​ពលរដ្ឋ​ខ្មែរ​នៅក្នុង​អន្លង់វែង​ និង​ជនជាតិ​ថៃ​ផង​។ ជាពិសេស​ការរត់​ថ្មើរជើង ប្រវត្តិសាស្ត្រ​លើ​ភ្នំ​ដងរែក​ដែល​យើង​ឃើញ​ភាគី​ថៃ​មក​ចូលរួម​ ៧៥០ ​នាក់​។ យើង​ធ្វើ​ព្រឹត្តិការណ៍​កីឡា​នេះ ដើម្បី​គាំទ្រ​ដល់​សន្តិភាព សន្តិសុខ​ក៏ដូចជា​នាំមក​នូវ​ភាពរុងរឿង​សម្រាប់​ស្រុក​អន្លង់វែង​ផងដែរ​»​។

លោក​ ប៉ែន កុសល អភិបាលខេត្ត​ឧត្តរមានជ័យ​លើក​ឡើង​ក្នុង​សុន្ទរកថា​របស់ខ្លួន​ថា កម្មវិធី​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នេះ​នឹង ​“​ពង្រឹង​មិត្តភាព​រវាង​កម្ពុជា-ថៃ​” ​ជាពិសេស​នៅតាម​តំបន់​ព្រំដែន​ដូចជា​ខេត្ត​ឧត្តរមានជ័យ​នេះ​ផ្ទាល់​។ លោក​ថា​៖ «[​គណៈកម្មការ​] ​គ្រោង​នឹង​រៀបចំ​កម្មវិធី​រៀងរាល់​ឆ្នាំ ដើម្បី​បង្កើន​កេរ្តិ៍ឈ្មោះ​តំបន់​អន្លង់វែង និង​ធ្វើឲ្យ​តំបន់​នេះ​ក្លាយ​ជា​ទិសដៅ ទេសចរណ៍​ដ៏មាន​សក្តានុពល​»​។

លោក​យល់ឃើញ​ថា ព្រឹត្តិការណ៍​ប្រភេទ​នេះ​ក៏​គួរតែ​រៀបចំ​ឡើង​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​នៅ​តាម​បណ្តោយ​ព្រំប្រទល់​ថៃ​។

បើ​តាម​លោក​ លី សុខឃាង ដែល​ស្រង់​សម្តី​ពី​ភាគី​ថៃ​គឺ​លោក​ សំរួយ កេធិគុណ អភិបាលរង​ខេត្ត​ស៊ីសាកេត សម្តែង​ការ​ជឿជាក់​ថា​សកម្មភាព​នេះ​នឹង​ជួយ​រឹតបន្តឹង​ដល់​ចំណង​មិត្តភាព​របស់​កម្ពុជា-ថៃ ព្រមទាំង​ជា​កាយវិការ​ដ៏ប្រសើរ​សម្រាប់​ប្រជាជន​ទាំង​ ២ ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា​។

លោក​បញ្ជាក់ថា​៖ «​ភាគី​ថៃ​រីករាយ និង​ប្រាកដ​ជា​សហការ​គាំទ្រ​ព្រម​ទាំង​ចូលរួម​រាល់​សកម្មភាព​មិត្តភាព ដែល​ភាគី​កម្ពុជា​ផ្តួចផ្តើម​ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​ និង​ប្រជាជន​ទាំង​ ២»​។

លោក​ សុខឃាង ក៏បាន​ស្រង់​សម្តី​លោក​ប្រយោជន៍​ដែល​ជា​គ្រូបង្រៀន​មកពី​ខេត្ត​ស៊ីសាកេត​ដែល​បានបង្ហាញ​ចំណាប់​អារម្មណ៍​ពេញចិត្ត​ចំពោះ​កម្មវិធី​នេះ​ដោយ​លើកឡើង​ថា កម្មវិធី​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នេះ “​ពិតជា​ល្អ​”​។ លោក​បានបញ្ជាក់​ថា​៖ «​ដោយសារ​តែ​យើង​បាន​បង្កើត​ជា​ “​វប្បធម៌​ដ៏ប្រសើរ​” រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ថៃ ពីព្រោះ​ថ្ងៃនេះ​យើង​បាន​ដើរ​ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌ ដើរ​ដើម្បី​ការសិក្សា ដើរ​ដើម្បី​ព្រះពុទ្ធសាសនា និង​ដើរ​ដើម្បី​កីឡា​ហើយ​នេះ​គឺជា​សកម្មភាព​ជា​ទីប្រសើរ​សម្រាប់​ប្រជាជន​ទាំង​ ២ ​ប្រទេស​»​។

លោក​ ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​ប្រសាសន៍​ថា​៖ «​ផ្លូវ​ទៅកាន់​សន្តិភាព​មួយ​គឺ​ពិតជា​ឆ្ងាយ ថ្មើរជើង​ទៅ​កាន់​ប្រវត្តិសាស្ត្រ​មួយ​គឺ​ពិតជា​លន្លង់លន្លោច ប្រសិន​បើ​យើង​មិន​ដើរ​ជាមួយគ្នា​»​។

បើតាម​ការរៀបរាប់​របស់​លោក​ លី សុខឃាង ដដែល​តាម​ហ្វេសប៊ុក​ការដាក់​តាំង​បង្ហាញ​ «​ពិព័រណ៍​រូបថត ​១០០ ​សន្លឹក ដើម្បី​ជា​ការចងចាំ និង​អប់រំ​» ​នៅក្នុង​បរិវេណ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​គឺជា​ផ្នែក​មួយ​នៃ​ការចងចាំ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ដែល​ចាប់ផ្តើម​កាលពី​ប្រមាណ​ ៦០ ​ឆ្នាំ​មុន ព្រមទាំង​បង្ហាញ​ពី​បរិបទ​សង្គម​នយោបាយ​នៃ​ការធ្វើ​សមាហរណកម្ម​ចុងក្រោយ​នៃ​អតីត​ចលនា​តស៊ូ​ខ្មែរក្រហម​នៅ​ឆ្នាំ​ ១៩៩៨​។

លោក​ ឌី ថារ៉េន ម្ចាស់​បទ​ «​អន្លង់វែង​ស្នេហា​» ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់ លោក​ ស៊ុំ សារឿន ក៏​នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ឱកាស​នោះដែរ​ដើម្បី​បន្លឺ​សូរសៀង​ផ្ទាល់​ជូន​ដល់​ក្រុម​កីឡាករ-កីឡាការិនី​ទាំងឡាយ​។

បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅក្នុង​ឆ្នាំ ​១៩៧៩ ចលនា​តស៊ូ​របស់​មេដឹកនាំ​ខ្មែរក្រហម​មិន​បាន​បញ្ចប់ទៅ​ភ្លាមៗ​ទេ​។ មេដឹកនាំ​ទាំង​នោះបាន​ភៀសខ្លួន​ទៅ​ទីតាំង​នៅតាម​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង​ព្រំដែន​ប្រទល់​ថៃ​ដោយ​បាន​ប្រមូល​កៀរគរ​យក​សមាជិក និង​ប្រជាជន​សាមញ្ញ​ទៅ​ជាមួយ​ផង​។ មេដឹកនាំ​ខ្មែរក្រហម​បាន​បន្ត​ចលនា​របស់​ខ្លួន​តាម​តំបន់​ទាំងនេះ​ដោយ​បង្ក​ជា​ភាពវឹកវរ និង សង្គ្រាមស៊ីវិល នៅក្នុង​ប្រទេស រហូត​ដល់​សមាហរណកម្ម​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​ ១៩៩៨ បន្ទាប់ពី​មរណភាព​របស់​ ប៉ុល ពត មេដឹកនាំ​ខ្មែរក្រហម​។ ភាគច្រើន​នៃ​ប្រជាជន​រស់នៅក្នុង​ស្រុក​នេះ បច្ចុប្បន្ន​គឺជា​អតីត​សមាជិក​នៃ​របប​ខ្មែរក្រហម​។

អន្លង់វែង គឺជា​ទីតាំង​ដំបូង​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បង្កើត​ការិយាល័យ​ស្រាវជ្រាវ​ដំបូង​បំផុត​នោះ​គឺ​ «​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​»​។ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​បាន​ចាប់បដិសន្ធិ​ឡើង​នៅក្នុង​ឆ្នាំ​ ២០១៤ ​ក្នុង​គោលបំណង​បន្ត​ការស្រាវជ្រាវ​អំពី​របប​ខ្មែរក្រហម​។ ជាពិសេស​ប្រវត្តិសាស្ត្រ​នៃ​តំបន់​អន្លង់វែង​ផ្ទាល់ ជំរុញ​ឲ្យ​មាន​ការផ្សះផ្សា​រវាង​អតីត​សមាជិក និង​អ្នក​រស់រាន​មាន​ជីវិត​នៃ​របប​ខ្មែរក្រហម​តាមរយៈ​វប្បធម៌​សន្ទនា​រវាង​ក្រុម​ទាំង​ ២ ក៏ដូចជា​ការដឹកនាំ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​នេះ​។

តាម​លោក ​លី សុខឃាង ក៏បាន​ឲ្យ​ដឹង​ទៀតថា​មជ្ឈមណ្ឌល សន្តិភាព​អន្លង់វែង​បាន​ធ្វើការ​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ដើម្បី​ថែរក្សា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏មាន​សារៈសំខាន់​ទាំង​ ១៤ ​ទីតាំង​ដែល​រួមមាន ទីតាំង​ដុត​សព​ ប៉ុល ពត ទីតាំង​កប់​សព​របស់​ ប៉ុល ពត ផ្ទះ​តាម៉ុក និង​ទីស្នាក់ការ​របស់​តាម៉ុក​ជាដើម​ក្នុង​គោលបំណង​អប់រំ និង​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន​ជំនាន់​ក្រោយ និង​ធានាថា​របប​ឃោរឃៅ​នេះ​នឹង​មិន​កើតឡើង​វិញ​ជា​រៀងរហូត​៕