ព្រះសីហនុៈ ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ជួយ​រំដោះ​ចេញ​ពី​បន្ទប់​ផ្ទះជួល​ ១ ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ ៣ ក្រុងព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​ ១៤ ខែ​មករា បន្ទាប់ពី​នាង​ត្រូវបាន​ក្រុម​ជនជាតិចិន​ដូចគ្នា​ ៥ ​នាក់​ទៀត​ចាប់​បង្ខាំង​ទុកជា​ច្រើន​ថ្ងៃ ដើម្បី​ជំរិត​ទារប្រាក់​ពី​ក្រុមគ្រួសារ​របស់​នាង​នៅ​ប្រទេស​ចិន ឯ​ជនសង្ស័យ​ដែល​ចាប់​នាង​បង្ខាំង​នោះ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផងដែរ​។

អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ្ត​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ ថា​ស្ត្រី​រងគ្រោះ​ជនជាតិ​ចិន​ក្នុង​ករណី​ចាប់ជំរិត​ទារប្រាក់​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​ខាងលើ​ឈ្មោះ​ CHEN GUIQONG អាយុ​ ៣៤ ​ឆ្នាំ ​ជា​អ្នកបម្រើ​ការងារ​នៅក្នុង​ក្លិប​កម្សាន្ត​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ ១ ​ក្នុង​ក្រុងព្រះសីហនុ​។

ចំណែក​ក្រុម​ជនសង្ស័យ​ ៥ ​នាក់​ ដែល​រួមគំនិត​គ្នា​ក្នុង​អំពើ​ចាប់ជំរិត​ទារប្រាក់​ពី​ស្ត្រី​រងគ្រោះ​ខាងលើ​នេះ​លោក​នៅ​មិនទាន់​ដឹង​អំពី​អត្តសញ្ញាណ​នោះទេ ព្រោះ​លោក​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​លម្អិត​ពី​មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​នៅ​ឡើយ​។

លោក​ ហ៊ី បញ្ជាក់ថា​៖ «​យោងតាម​សេចក្ដីរាយការណ៍​ផ្ទាល់មាត់​ពី​ខាង​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ [​ម្សិលមិញ​]​នេះ ជនសង្ស័យ​ និង​ជនរងគ្រោះ​កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ធ្វើការ​សាកសួរ​ចម្លើយ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

បើ​តាម​ការអះអាង​របស់​លោក កែវ សុផល មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ប្រតិបត្តិ​ការរំដោះ​ជនរងគ្រោះ​ពី​អំពើ​ចាប់​បង្ខាំង និង​ធ្វើ​ទារុណកម្ម​ដើម្បី​ជំរិត​ទារប្រាក់ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជនជាតិ​ចិន​ដូចគ្នានេះ ធ្វើឡើង​តាម​បណ្ដឹង​របស់​ស្ត្រី​ជនជាតិចិន​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​ ១៤ ខែ​មករា​។ ស្ត្រី​ជនជាតិ​ចិន​នោះ អះអាង​ថា​មិត្ត​រួម​ការងារ​របស់គាត់​ម្នាក់​ [​ស្ត្រី​រងគ្រោះ​] បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃទី​ ១១ ​មករា បន្ទាប់ពី​នាង​បាន​ចេញទៅ​ក្រៅ​ជាមួយ​ភ្ញៀវ​ជនជាតិ​ចិន​ ១ ​ក្រុម​មាន​គ្នា​ ៤-៥ ​នាក់​។

លោក​ សុផល និយាយ​ថា​៖ «​ក្រោយ​ទទួលបាន​បណ្ដឹង​នោះ កម្លាំង​របស់​យើង​បានចាប់ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ​លើ​ករណីនេះ ហើយ​បាន​ឈាន​ដល់​ការចាប់​ឃាត់​ខ្លួន​ក្រុម​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​ ៥ ​នាក់ និង​បាន​រំដោះ​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​ជនរងគ្រោះ​ផងដែរ​»​។

លោក​បញ្ជាក់ថា​៖ «​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​វាយខ្នោះ​ដៃ​ជាប់​នឹង​តុ បង្ខាំង​នៅក្នុង​បន្ទប់​ផ្ទះជួល និង​មាន​ស្នាម​ជាំ​ដោយ​ការ​វាយ​ធ្វើ​ទារុណកម្ម​លើ​រាងកាយ​របស់​នាង​ដែរ​»​។

បើតាម​លោក​ សុផល ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន​រួមមាន លុយ​យន់​ ១៥០ ​យន់ លុយ​ខ្មែរ​ ៦៩ ០០០ ​រៀល លិខិត​ឆ្លងដែន​ ៤ ​ក្បាល រថយន្ត​ស្តារិច ពាក់​ស្លាក​លេខ​ព្រះសីហនុ​ 2C-8756 ១ ​គ្រឿង ទូរស័ព្ទ​ ២ ​គ្រឿង អត្តសញ្ញាណប័ណ្ណ​ចិន​ ៧ ​សន្លឹក កាបូបស្ពាយ​ចំហៀង​ ១ ស្រោម​បិទមុខ​ ៨ ម៉ាស់​បិទមុខ​ ១ ម៉ាស៊ីន​វេរ​លុយ​ ១ ​គ្រឿង​។

លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ទាំង​ជនរងគ្រោះ និង​ជនសង្ស័យ​កំពុង​ស្ថិតក្រោម​នីតិវិធី​នៃ​ការស៊ើបសួរ​ចម្លើយ​ដោយ​ក្រុម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​៕