ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា គ្រោង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ​ដែល​មាន​អ្នក​ជាប់​រហូត​ដល់ ៦៧,០៧ ​ភាគរយ​ស្មើនឹង​ ៧៦ ០៣៤ នាក់​ជា​ចំនួន​ខុស​ពី​ប្រកាស​លើក​មុន​ដែល​មាន​តែ​ ៦៦,២១ ​ភាគរយ​។ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​កាលពី​ម្សិលមិញ​។

ការសម្រេច​ប្រកាស​លទ្ធផល​ប្រឡង​ជាថ្មី​នេះ​បាន​កើតឡើង​ បន្ទាប់ពី​គណៈកម្មការ​កោសល្យវិច័យ​របស់​ក្រសួង​អប់រំ​ទើប​បាន​រកឃើញ​ដំណើរការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន​ ៧៤០ ​បន្ទប់​ដែល​ជា​ការរកឃើញ​ក្រោយ​ពី​មាន​បេក្ខជន​ចំនួន​ជាង​ ១០០០ ​នាក់​បាន​ដាក់​បណ្ដឹង​ខណៈ​ពិន្ទុ​របស់​ពួកគេ​មាន​ភាព​ខុស​ប្រក្រតី​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​លទ្ធផល​អ្នក​ជាប់​ពិតប្រាកដ​មាន​ដល់ ៧៦ ០៣៤ នាក់​ក្នុង​នោះ​និទ្ទេស​ A ​មាន​ ៤០៨ ​នាក់​,​និទ្ទេស B មាន​ ២ ២២២ ​នាក់​,​និទ្ទេស C ចំនួន ៦០៤១ នាក់ និទ្ទេស D ចំនួន ១៥១៨០ នាក់ និង​និទ្ទេស E មាន​ចំនួន ៥២ ១៨៣ ​នាក់​។

យ៉ាង​ណា​ក្ដី​ការរកឃើញ​នេះ​មាន​ការ​ទាក់ទង​តែ​ផ្នែក​វិទ្យាសាស្ត្រ​រីឯ​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម​​មិន​មាន​ផល​ប៉ះពាល់​ទេ​។

បើ​តាម​ក្រសួង​អប់រំ​ថា ការចេញ​លទ្ធផល​ថ្មី​សម្រាប់​ថ្នាក់​វិទ្យាសាស្ដ្រ​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី​ ១៤ ខែ​កញ្ញា ឆ្នាំ​ ២០១៨ ​នេះ​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​ក្រសួង និង​នៅ​ថ្ងៃ ទី​១៥ ខែ​កញ្ញា ឆ្នាំ​ ២០១៨ នៅ​តាម​មន្ទីរ​​អប់រំ យុវជន និង​កីឡា​។

នៅ​មុន​ពេល​រកឃើញ​ភាព​មិន​ប្រក្រតី​នេះ​ក្រសួង​បាន​ប្រកាស​លទ្ធផល​ឃើញ​មាន​អ្នក​ប្រឡង​ជាប់​ ៦៦,២១ ​ភាគរយ​ស្មើនឹង​ ៧៥០៥៩ នាក់​ចាប់ពី​និទ្ទេស A ដល់ E ក្នុង​នោះ​អ្នក​ជាប់​និទ្ទេស A មាន ២៩០ នាក់​,​និទ្ទេស B មាន​​ ១៥៣២ ​នាក់​,​និទ្ទេស​ C ​មាន ៤៦៣១ នាក់​,​និទ្ទេស​ D ​មាន​ ១៣- ៩៩៩ នាក់ និង​និទ្ទេស E មាន ៥៤ ៦០៧ នាក់ ខណៈ​អ្នក​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​មាន​ ១៧ ​នាក់​។

យ៉ាង​ណា​ក៏ដោយ​បន្ទាប់ពី​ចេញ​លទ្ធផល​លើក​មុន​មក​មាន​អ្នក​ដាក់​ពាក្យ​បណ្ដឹង​មក​ក្រសួង​អប់រំ យុវជន និង​កីឡា​ជាង​ ១០០០ ​នាក់​ដោយ​ភាគច្រើន​មិន​អស់​ចិត្ត​លើ​ពិន្ទុ​ដែល​ពួកគេ​ទទួល​បាន​ជាពិសេស​មុខវិជ្ជា​គណិតវិទ្យា​។

ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​ពិន្ទុ​នេះ​ដែរ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​កាលពី​ម្សិលម្ង៉ៃ​បាន​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ពន្យារពេល​ការប្រឡង​ជ្រើសរើស​អាហារូបករណ៍ ប្រឡង​ចូល​សាកលវិទ្យាល័យ​ និង​គ្រឹះស្ថាន​នានា​ដើម្បី​ឱ្យ​អ្នក​ដាក់ពាក្យ​បណ្ដឹង​អស់​ចិត្ត​នឹង​លទ្ធផល​ប្រឡង​របស់​ពួកគេ​។

លិខិត​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​បាន​ផ្ញើជូន​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្ហាញ​ថា​មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាច្រើន​បាន​ប្ដឹង​ពី​បញ្ហា​ពិន្ទុ​គណិត និង​លទ្ធផល​ប្រឡង​របស់​ពួកគេ​។

លិខិត​ដដែល​នោះ​បាន​បញ្ជាក់​ថា​ «​ដើម្បី​ឲ្យ​បេក្ខជន​មក​តវ៉ា​មាន​ឱកាស​បាន​ប្រឡង​គ្រូមធ្យម អាហារូបករណ៍ និង​ចូលរៀន​តាម​សាកលវិទ្យាល័យ និង​គ្រឹះស្ថានសិក្សា​នានា សមាគម​គ្រូបង្រៀន​ឯករាជ្យ​សុំ​ឲ្យ​ក្រសួង​អប់រំ​ពន្យារ​​ពេល​ការប្រឡង​ចូល​រៀន​នៅ​គ្រប់​កន្លែង​ដោយ​រង់ចាំ​ដំណោះស្រាយ​អំពី​ការតវ៉ា​របស់​បេក្ខជន​ចប់​រួចរាល់​សិន​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​មើល​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​ចំពោះ​លទ្ធផល​ប្រឡង​របស់​សិស្សានុសិស្ស​។

លទ្ធផល​ធ្វើឲ្យ​ពួកគាត់​មាន​ការ​ខក​ចិត្ដ​ពិសេស​ចំពោះ​សិស្ស​ដែល​រៀន​ពូកែ​ដូចជា​មុខវិជ្ជា​គណិតវិទ្យា​ជាដើម​»​។

លោកស្រី​បន្ថែម​ថា​៖ «​ក្រសួង​ក៏​យល់ព្រម​បើក​វិញ្ញាសា​ម្ដង​ទៀត​ដែរ​។ អ៊ីចឹង​ក្នុង​នាម​ជា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ខ្ញុំ​សុំ​ស្នើ​ទៅ​ក្រសួង​ពន្យារពេល​ចំពោះ​ការប្រឡង​ចូល​នានា​គឺ​គួរ​តែ​លើក​ពេល​ការប្រឡង​គ្រូ​ ឬ​ប្រឡង​ចូល​សាកលវិទ្យាល័យ​អីហ្នឹង​រហូត​មាន​ដំណោះស្រាយ​ចាំ​បើក​ការប្រឡង​ចូល​ឡើង​វិញ​»​។

លោកស្រី​បាន​លើក​ឡើង​ថា​ការសុំ​ពន្យារពេល​ប្រឡង​នេះ​គឺ​ដើម្បី​ឲ្យ​សិស្ស​បាន​អស់​ចិត្ដ​ចំពោះ​លទ្ធផល​របស់​ពួកគេ​ថា តើ​ពិត​ជា​ធ្លាក់​បែប​នេះ​ឬ​ក៏​អត់​? ហើយ​ក្រសួង​អប់រំ​ក៏​អាច​បង្ហាញ​ថា​បាន​​ដឹកនាំ​ការប្រឡង​ទៅ​ដោយ​រលូន​យ៉ាង​ណា​ដែរ ហើយ​ក៏​ដើម្បី​ឲ្យ​ទទួល​បាន​យុត្ដិធម៌​ល្អ​ទាំង​សង​ខាង​ផង​ដែរ​។

លោកស្រី​បន្ថែម​ថា​៖ «​យើង​សប្បាយ​ចិត្ដ​ដែល​ក្រសួង​យល់​ព្រម​ពិនិត្យ​ឡើង​វិញ​នូវ​សំណៅ​វិញ្ញាសា​របស់​សិស្ស​នេះ​។ ​ប៉ុន្ដែ​យើង​សុំ​ឲ្យ​ពន្យារពេល​ចំពោះ​ការប្រឡង​ចូល​តាម​ស្ថាប័ន​ផ្សេងៗ​នេះ​ដើម្បី​ឲ្យ​បេក្ខជន​អស់ចិត្ត​... »​។

លោក ឌី ខាំបូលី អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្រសួង​អប់រំ​បាន​ទទួល​លិខិត​របស់​សមាគម​នោះ​ហើយ ប៉ុន្ដែ​រាល់​ការសម្រេច​ផ្សេងៗ​គឺ​​មិន​ទាន់​មាន​គោលការណ៍​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​មិន​ទាន់​មាន​គោលការណ៍​អ្វី​ទាំងអស់​ទុក​ពេល​ឲ្យ​គណៈកម្មការ​កោសល្យវិច័យ​ធ្វើការ​សិន​...​។ យ៉ាង​ណា​លោក ឌី ខាំបូលី បាន​បញ្ជាក់​បន្ថែម​កាលពី​យប់មិញ​ថា​៖ «​ក្រសួង​បាន​កែតម្រូវ​រួចរាល់​ហើយ​​នឹង​ចេញ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ស្អែក​[ ថ្ងៃនេះ​] ​ហើយ​លទ្ធផល​នេះ​គឺ​ទូទាំង​ប្រទេស​»​។

គួរ​រំឭក​ថា​ខណៈ​កំពុង​ទទួល​បាន​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់ ក្រសួង​អប់រំ​​យុវជន និង​កីឡា​ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់ថា​​ក្រសួង​កំពុង​រៀបចំ​គណៈកម្មការ​កោសល្យវិច័យ​ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​ជូន​ដល់​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ដូច​ដែល​ធ្លាប់​បាន​អនុវត្ត​តាម​​នីតិវិធី​នា​ឆ្នាំ​កន្លង​មក​៕