ភ្នំពេញៈ លោក​ កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ជិតខាង និង​មួយ​ចំនួន​នៅក្នុង​អាស៊ី​នៅ​អឺរ៉ុប និង​អាមេរិក ខណៈ​ពលរដ្ឋ​សហគមន៍​ និង​ក្រុម​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ក្នុង​ការរៀបចំ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​ ៧០ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឲ្យ​ «​រួម​គ្នា​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​និង​ប្រជាធិបតេយ្យ​»​។

ការលើក​ឡើង​របស់​លោក​ កែវ រ៉េមី ធ្វើ​ឡើង​នៅក្នុង​ពិធី​អបអរសាទរ​ខួប​ទី​ ៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០ ​ធ្នូ​ក្រោម​ប្រធានបទ​ «​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស​» ព្រឹក​ថ្ងៃ​ទី​ ១០ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ​ដែល​មាន​លោក​​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​ចូលរួម​ជា​អធិបតី និង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​ ៣០០០ ​នាក់​ក្នុង​នោះ​មាន​សមាជិក ព្រឹទ្ធសភារដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​តំណាង​សហគមន៍ តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិត នៅ​សាល​មហាស្រប​កោះពេជ្រ​នៃ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ រាជធានី​ភ្នំពេញ​។

លោក​ កែវ រ៉េមី ថ្លែង​ថា​នៅ​លើ​សកលលោក​នេះ​មិន​មាន​ប្រទេស​ណា​មួយ មាន​ការ​គោរព​សិទ្ធិមនុស្ស​ដោយ​ឥតខ្ចោះ​នោះទេ​។ លោក​អះអាង​ថា​នៅ​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​គឺ​សុទ្ធ​តែ​មាន​បញ្ហា​សិទ្ធិមនុស្ស​ដូចគ្នា​។ វា​គ្រាន់​តែ​មាន​បញ្ហា​តិច​ ឬ​ច្រើន​តែ​ប៉ុណ្ណោះ ហើយ​លោក​បាន​លើក​ឡើង​ពី​សហភាព​អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី​រឿង​ទទួល​ជនភៀសខ្លួន​ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើហិង្សា​នៅក្នុង​ពន្ធនាគារ និង​ការរំលោភ​សិទ្ធិ​។

លោក កែវ រ៉េមី ថ្លែង​ថា​៖ «​នៅ​សហគមន៍​អឺរ៉ុប​ក៏​នៅ​មាន​បញ្ហា​សិទ្ធិមនុស្ស មាន​ការ​ចោទប្រកាន់​ក្នុង​ការទទួល​ជនភៀសខ្លួន​ពី​ប្រទេស​សេរី​។ នេះ​ជា​ចំណុច​មួយ​ដែល​ខ្វះខាត​។ ប្រទេស​អូស្ត្រាលី​ក៏​មាន​បញ្ហា មាន​ការ​ចោទប្រកាន់​ខ្លាំង ទាក់ទង​ទៅ​នឹង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ដែល​ធ្វើ​ដំណើរ​តាម​ទូក​មក​ប្រទេស​អូស្ត្រាលី ហើយ​បាន​យក​ទៅ​ដាក់​លើ​កោះ​មួយ​ដែល​មាន​បញ្ហា​ថា មិន​មាន​ការយកចិត្ត​ទុកដាក់​នៅ​ទី​នោះ​»​។

លោក​បាន​សង្កត់ធ្ងន់​ថា​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លះ​មាន​ការ​យល់ច្រឡំ​ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​បិតា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ប៉ុន្តែ​តាម​ការពិត​សហរដ្ឋអាមេរិក​មិនមែន​ជា​ប្រទេស​បិតា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នោះ​ទេ ហើយ​ប្រទេស​នេះ​មាន​បញ្ហា​ច្រើន​ណាស់​។

លោក​បាន​លើក​ឡើង​នូវ​ការសិក្សា​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​អាមេរិក​ដែល​បាន​លើក​ឡើង​ពី​បញ្ហា​អ្នក​ជាប់គុក​ដ៏ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​រហូត​ទៅ​ដល់​ ២៥ ​ភាគរយ​នៃ​អ្នក​ជាប់គុក​នៅ​ទូទាំង​សកលលោក​ដែល​មាន​ចំនួន​ស្មើ​នឹង​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទីក្រុង​ភ្នំពេញ​។ លោក​បាន​អះអាង​ថា ៦០ ​ភាគរយ​នៃ​អ្នក​ជាប់គុក​នោះ​មាន​ស្បែក​ខ្មៅ ជនជាតិ​ម៉ិកស៊ិក និង​អាស៊ី​។

លោក​ រ៉េមី ​បាន​បញ្ជាក់​ថា​៖ «​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ បើ​ប្រៀបធៀប​បណ្តា​ប្រទេស​ជិត​ខាង និង​មួយ​ចំនួន​នៅក្នុង​អាស៊ី​នៅ​អឺរ៉ុប​នៅ​អាមេរិក​។ ស្ថានភាព​របស់​យើង​គឺ​មាន​លក្ខណៈ​ល្អប្រសើរ​»​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឡើង​ថ្លែង​ថា​ពិធី​នេះ​បាន​ជួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចូលរួម​ការគោរព​សិទ្ធិមនុស្ស​កាន់​តែ​ល្អប្រសើរ​ខ្លាំង ដើម្បី​គោលការណ៍​ប្រយោជន៍​ជាតិ​។

លោក​បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​ការលើក​ទឹកចិត្ត​ខ្ពស់​ដល់​គ្រប់​អង្គការ សមាគម​នានា ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ដោយ​អាច​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន មុន​ពេល​ធ្វើ​សកម្មភាព​ដូច​ពេល​មុន​ឡើយ​។

លោក​ រ៉ុង ឈុន ថ្លែង​ក្នុង​ទិវា​សិទ្ធិមនុស្ស​ ១០ ​ធ្នូ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ម្សិលមិញ​។ផា លីណា

លោក​បន្ត​ថា​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាន់​នូវ​គោលការណ៍​សិទ្ធិ​មនុស្ស និង​សេរីភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ ពិសេស​សិទ្ធិ​ក្នុង​ការ​សម្តែង​មតិ​ការប្រមូល​ផ្តុំ​តវ៉ា​ដោយ​សន្តិវិធី តែ​សិទ្ធិ​ទាំង​នេះ​ស្ថិត​ក្រោម​ច្បាប់ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកសម្របសម្រួល និង​ថ្លឹងថ្លែង​ចំពោះ​សិទ្ធិ​របស់​បាតុករ និង​សិទ្ធិ​របស់​អ្នក​ដទៃ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ និង​គោលការណ៍​សណ្តាប់ធ្នាប់​សាធារណៈ​។

លោក​បញ្ជាក់​ថា​៖ «​បើ​យើង​ក្រឡេក​មើល​ការប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដូចជា Facebook Twitter Whatup Line Telegram​។​ល​។ តាមរយៈ​សេវា អ៊ីនធឺណិត បើ​តាម​ទិន្នន័យ​បាន​បង្ហាញ​ថា ចំនួន​អ្នក​ប្រើប្រាស់​បាន​កើនឡើង​ជាង​ ៣០០ ​ដង​ពី​ឆ្នាំ​ ២០០៨ ដល់​ឆ្នាំ​ ២០១៧ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទទួល​ព័ត៌មាន​គ្រប់​ច្រកល្ហក​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​។ សម្រាប់​រាជធានី​ភ្នំពេញ​ក្នុង​នាម​ជា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ​បាន​អនុវត្ត​ដោយ​យក​ចិត្ត​ទុកដាក់ និង​ទទួល​ខុស​ត្រូវ​ខ្ពស់​នូវ​រាល់​គោលការណ៍​ចាត់តាំង​អនុវត្ត​ច្បាប់​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ក្នុង​ការ​ថែរក្សា​សិទ្ធិមនុស្ស​ឈាន​ទៅ​រក​ការអនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​យ៉ាង​ពិតប្រាកដ​»​។

ក្នុង​ឱកាស​នោះ​ដែរ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​មាន​ប្រសាសន៍​ថា ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ថា សិទ្ធិមនុស្ស​មិន​ត្រូវ​បាន​គោរព​នោះ​ទេ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កើត​មាន​សង្គ្រាម​ភាពចលាចល និង​អសន្តិសុខ​សង្គម​ហើយ​ថា​ជាក់ស្តែង​ប្រជាជន​កម្ពុជា​ធា្លប់​ទទួល​រង​នូវ​ការរំលោភ​សិទ្ធិមនុស្ស​គ្រប់​បែប​យ៉ាង​ចាប់​តាំងពី​ការកើត​មាន​សង្គ្រាម​នា​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ​មក​ម្ល៉េះ ជាពិសេស​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ​ ១៩៧៩ ​ដោយ​ពួកគេ​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ជាតិ​ខ្ទេចខ្ទី​លើ​គ្រប់​វិស័យ​មាន​ជាអាទិ៍​ប្រព័ន្ធ​អប់រំ ប្រព័ន្ធ​សុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ និង​សិទ្ធិមនុស្ស សាសនា ប្រពៃណី និង​វប្បធម៌ ហើយ​ថា​ប្រជាជន​មិន​ដែល​ហ៊ាន​បញ្ចេញមតិ​ទាមទារ​យុត្តិធម៌ ប្រើប្រាស់​សិទ្ធិ និង​សេរីភាព ឬ​ប្រជាធិបតេយ្យ​ចំពោះ​មុខ​រដ្ឋអំណាច​អាវ​ខ្មៅ​នោះ​ឡើយ ពីព្រោះ​សិទ្ធិ​ទាំងឡាយ​ត្រូវ​បាន​អង្គការ​ខ្មែរក្រហម​ដកហូត​ទាំងអស់​។

លោក​ញ្ជាក់​ថា​៖ «​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​តាម​នយោបាយ​ឈ្នះឈ្នះ​នា​ឆ្នាំ​ ១៩៩៨ និង​ទប់ស្កាត់​ទាន់​ពេលវេលា​នូវ​ចលនា​បដិវត្តន៍​ពណ៌​ដែល​បាន​ប៉ុនប៉ង​បង្កើត​សង្គ្រាម​នៅ​កម្ពុជា និង​បាន​នាំ​មក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជូន​ជាតិ​មាតុភូមិ​ដូច​សព្វ​ថ្ងៃ​នេះ​»​។

ដោយឡែក​ក្នុង​ការ​រៀបចំ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ពី​ម្សិលមិញ​នេះ​ដែរ​នៅ​ទីលាន​ប្រជាធិបតេយ្យ​មាន​អ្នក​ចូលរួម​ប្រមាណ​ ៥០០ ​នាក់​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​សហគមន៍ ក្រុម​សង្គម​ស៊ីវិល​។ ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទី​នោះ បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​មិន​ឲ្យ​ពួកគេ​ដង្ហែ​ក្បួន​ក្រោម​ហេតុផល​ថា​ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​។

លោក ស មូរី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ថ្លែង​ថា​ការរៀបចំ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​ ៧០ ​ដែល​មាន​ប្រធានបទ​ «​រួម​គ្នា​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​ជា​មូលដ្ឋាន និង​ប្រជាធិបតេយ្យ​» នេះ​គឺ​ដើម្បី​ជួយ​លើក​កម្ពស់​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​៕