ភ្នំពេញៈ ក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំដោយលោក គី តិច កាលពីថ្ងៃចន្ទម្សិលមិញបានជួបពិភាក្សាជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពីការផ្ដល់មេធាវីការពារដល់អ្នកសារព័ត៌មានដែលរងបណ្ដឹងនានាក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន។
ជំនួបនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានជួបជាមួយអ្នកសារព័ត៌មានកាលពីសប្ដាហ៍មុន ហើយក៏បានយល់ព្រមតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការផ្ដល់មេធាវីការពារដល់អ្នកសារព័ត៌មានដែលត្រូវបានគេប្ដឹងក្នុងវិជ្ជាជីវៈរបស់ពួកគេ។
លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចនេះទៅលោក គី តិច ដែលជាមេធាវីរបស់លោកផ្ទាល់ដើម្បីបន្តកិច្ចការនេះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់នាពេលនោះថា ក្រុមមេធាវីរបស់លោកការពារតែអ្នកសារព័ត៌មានណាដែលបំពេញវិជ្ជាជីវៈហើយរងបណ្ដឹងប៉ុណ្ណោះ ហើយក្រុមមេធាវីរបស់លោកមានសិទ្ធិបដិសេធចំពោះការស្នើសុំរបស់អ្នកសារព័ត៌មានណាដែលជេរម្រាយគេ ដែលបំភ្លៃការពិត។
លោក ហ៊ុន សែន បានថ្លែងថា៖ «បើខ្ញុំប៉ាវទាំងអស់ស្មើនឹងការលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានយកពាក្យស្លោករបស់ខ្ញុំនេះ កន្សែងយ័ន្តរបស់ខ្ញុំមិញនេះ ដែលថាអ្នកសារព័ត៌មានកុំបំពារបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត មិនខុសបាត់ទៅហើយ»។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងកាលពីម្សិលមិញថា ជំនួបរវាងលោក គី តិច មេធាវីលោកនាយករដ្ឋមន្ត្រី និងលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មិនទាន់បានពិភាក្សាអ្វីស៊ីជម្រៅនៅឡើយដោយសារតែវាជាជំនួបដំបូងដើម្បីស្វែងពិភាក្សាមុននឹងឈានដល់ការបង្កើតនីតិវិធីសម្រាប់ផ្ដល់មេធាវីដល់អ្នកសារព័ត៌មាន។
លោក ផុស សុវណ្ណ បានថ្លែងថា៖ «បើសិនជាត្រូវការជំនួយសូមឲ្យក្រសួងព័ត៌មានបញ្ជាក់ថា អ្នកសារព័ត៌មានណាត្រូវការជំនួយមានន័យថា ពួកគាត់ត្រូវការបញ្ជាក់ពីក្រសួងព័ត៌មានជាមុន មុននឹងក្រុមមេធាវីគាត់ការពាររឿងអ្វីមួយ»។
លោកបានបន្តថា លក្ខខណ្ឌលម្អិតដើម្បីទទួលបានជំនួយផ្នែកច្បាប់នេះ នឹងមានការពិភាក្សាលម្អិតនាពេលក្រោយទៀតតាមរយៈក្រុមការងារដែលនឹងត្រូវបង្កើតឡើង។
លោក គី តិច ប្រធានក្រុមមេធាវីលោក ហ៊ុន សែន បានថ្លែងបន្ទាប់ពីជំនួបកាលពីម្សិលមិញថា ជំនួបពីម្សិលមិញគឺជាការអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី។ លោកបញ្ជាក់ថា ការស្នើសុំជំនួយមេធាវីត្រូវធ្វើឡើងតាមរយៈក្រសួងព័ត៌មានពីព្រោះមានតែក្រសួងព័ត៌មានទេដែលដឹងថា អ្នកសារព័ត៌មាននោះពិតជាបានចុះបញ្ជីត្រឹមត្រូវ។
លោក គី តិច បានថ្លែងថា៖ «មានអ្នកខ្លះតាំងខ្លួនជាអ្នកសារព័ត៌មាន ប៉ុន្តែខ្លួនឯងមិនបានមកចុះបញ្ជីទទួលបានសិទ្ធិធ្វើអ្នកសារព័ត៌មានទេ គ្រាន់តែមានទូរស័ព្ទមួយថតបានទៅតាំងខ្លួនជាអ្នកសារព័ត៌មាន។ អាហ្នឹងគេមិនហៅថាអ្នកសារព័ត៌មានទេអាហ្នឹង គេហៅអ្នកលេងហ្វេសប៊ុកទេ។ អ៊ីចឹងសេវាយើងខ្ញុំក៏មិនផ្ដល់ទៅអ្នកទាំងអស់នោះដែរ»។
លោកបានថ្លែងឲ្យដឹងដោយយោងទៅលើប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ ថា ការផ្ដល់សេវាមេធាវីនេះមិនមែនជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មានឲ្យទៅជេរគេជេរឯងនោះទេ។ សិក្ខាសាលាមួយនឹងត្រូវរៀបចំឡើងដោយក្រសួងព័ត៌មានស្ដីអំពីការផ្ដល់សេវាមេធាវីនេះ។
លោកក៏បានស្នើផងដែរឲ្យអ្នកសារព័ត៌មានជួយផ្ដល់ព័ត៌មានអំពីជនក្រីក្រ និងស្ត្រីក្រីក្រពិតប្រាកដ ដែលមិនមានទូរស័ព្ទដែលអាចទទួលបានព័ត៌មានទូលំទូលាយ។
លោក គី តិច បានអះអាងថា បើទោះបីជាកិច្ចប្រជុំទើបតែធ្វើឡើងរវាងក្រសួងព័ត៌មាន និងក្រុមមេធាវីក៏ដោយ ក៏ក្រុមមេធាវីបើកទទួលការស្នើសុំជំនួយជាផ្លូវការហើយគឺជួយអ្នកសារព័ត៌មានទាំងបុរសទាំងស្ត្រី។
លោក ឃុន ប៊ុននី អគ្គលេខាធិការសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា-អន្តរជាតិ បានថ្លែងដោយស្វាគមន៍ការផ្ដល់មេធាវីដល់អ្នកសារព័ត៌មាន ហើយក៏គាំទ្រដល់ការសម្រេចផ្ដល់មេធាវីដល់តែអ្នកសារព័ត៌មានណាដែលបំពេញការងារតាមវិជ្ជាជីវៈ ឬប្រកបដោយសុចរិតភាព។
លោកថ្លែងថា៖ «ខ្ញុំអត់គាំទ្រអ្នកសារព័ត៌ដែលជេរ វាយប្រហារបែបទុច្ចរិត គ្មានឈរលើការពិត»។
លោកថា អ្នកសារព័ត៌មានមួយចំនួនដែលនៅតំបន់ដាច់ស្រយាលប្រហែលជាមានកម្រិតអប់រំវិជ្ជាជីវៈមានកម្រិត ហើយបានប្រព្រឹត្តអំពើមិនគប្បីមួយចំនួន។ លោកស្នើឲ្យអ្នកសារព័ត៌មានទាំងនោះពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែមទៀតតាមវិជ្ជាជីវៈ។
លោក ណុប វី នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ថ្លែងថា ការផ្ដល់មេធាវីការពារអ្នកសារព័ត៌មានជាជម្រើសមួយល្អតាមផ្លូវច្បាប់ក្នុងករណីដែលអ្នកសារព័ត៌មានបានប្រព្រឹត្តនូវកំហុសអ្វីមួយ។ លោកស្នើឲ្យមានការអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មានគឺការកែតម្រូវនៅពេលមានកំហុសកើតឡើងនៅក្នុងព័ត៌មាន។
លោកថា៖ «អ្នកសារព័ត៌មានវិជ្ជាជីវៈភាគច្រើនគាត់ទទួលរងនូវបណ្ដឹងពីមន្ត្រីរដ្ឋាភិបាល។ អ៊ីចឹងរដ្ឋាភិបាលលោកគួរតែមានគោលការណ៍មួយណែនាំទៅដល់មន្ត្រីរបស់ខ្លួនក្នុងការគោរពទៅដល់ការប្រើប្រាស់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ ហើយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ស្ដីពីរបបសារព័ត៌មាន»៕