ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បានចាត់ទុក​ព្រឹត្ដិការណ៍​តាំងពិព័រណ៍​សៀវភៅ​លំដាប់​ពិភពលោក «Big Bad Wolf Book Sale» ថា ជា​ឱកាស​មាស​សម្រាប់​យុវជន និង​សិស្សានុសិស្ស​ក្នុង​ការទិញ​សៀវភៅ​យកមក​ទុក​អាន ខណៈ​សៀវភៅ​ភាសា​អង់គ្លេស​លំដាប់​ពិភពលោក​ដែល​ធ្លាប់​មាន​តម្លៃ​ខ្ពស់​នៅ​បរទេស​ត្រូវបាន​យកមក​លក់​បញ្ចុះតម្លៃ​ជាច្រើន​នៅ​កម្ពុជា​។

ការថ្លែង​របស់​លោក​ ខៀវ កាញារីទ្ធ បែបនេះ​បាន​ធ្វើឡើង​ក្នុង​ពេល​លោក​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​សម្ពោធ​​ពិព័រណ៍​សៀវភៅ​ Big Bad Wolf Book កាលពី​ចុង​សប្ដាហ៍​មុន​នៅ​ផ្សារ​រុងរឿង​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ដោយ​លោក​បាន​លើក​ទឹក​ចិត្ដ​ឱ្យ​យុវជន និង​សិស្សានុសិស្ស​ឆ្លៀតឱកាស​ទៅ​ទិញ​សៀវភៅ​ជា​ភាសា​អង់គ្លេ​ស​ច្បាប់ដើម​យក​ទៅ​ទុក​អាន ។

លោក​បាន​ថ្លែងថា​៖ «​យើង​ក៏​អាច​រក្សាទុក​សៀវភៅ​នេះ​ឱ្យ​កូន​យើង​អាន​ ឬ​ទុក​ឲ្យ​គាត់​អាន​នៅពេល​ជិះឡាន​ពេល​ទំនេរ ​ឬ​ពេល​ទៅ​សម្រាក​នៅទីណា​មួយ​។ ពិតមែនតែ​សៀវភៅ​នេះ​ជា​ភាសា​អង់គ្លេស ប៉ុន្ដែ​យើង​ដឹង​ហើយ​ថា ឥឡូវ​ភាសា​អង់គ្លេស​គឺជា​ភាសា​ទូទៅ​ទៅហើយ​។ ដូច្នេះ​យើង​អាចឱ្យ​ក្មេង​រៀន​ស្គាល់​ភាសា​តាមរយៈ​ការអាន​សៀវភៅ​នេះ​។ ដូច​ខ្ញុំ​បាន​ចេះ​ភាសា​អង់គ្លេស​ក៏​ខ្ញុំ​បាន​មើល​តាម​សៀវភៅ​ដែរ​»​។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា​៖ «​ពលរដ្ឋ​យើង​ធម្មតា​ទិញ​សៀវភៅ​ ១ ​ក្បាល​តម្លៃ​ ៥០ ​ដុល្លារ ពិបាក​ទិញ​ណាស់ (​មិនមាន​សមត្ថភាព​ទិញ​) ​ឥឡូវ​យើង​មើលសៀវភៅ​ខ្លះ​តម្លៃ ៥០​ ដុល្លារ ប៉ុន្ដែ​ក្នុង​ពិព័រណ៍​នេះ​ដាក់លក់​ត្រឹម​តម្លៃ ៥-៨ ដុល្លារ​ប៉ុណ្ណោះ​ដែល​នេះ​វា​ជា​ឱកាស​មាស​មួយ​ដែល​យើង​អាច​ទិញ​សៀវភៅ​បានល្អ​យក​មក​ទុក​នៅផ្ទះ ហើយ​យើង​អាច​មើល​បាន​គ្រប់ពេល​»​។

លោក ខៀវ កាញារីទ្ធ បាន​កត់សម្គាល់​ឃើញថា បច្ចុប្បន្ន​យុវជន​ខ្មែរ​ភាគច្រើន​ចូល​ចិត្ដ​អាន​សៀវភៅ​កាន់តែ​ច្រើនឡើង​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​ហើយ​លោក​បាន​លើក​ទឹកចិត្ដ​ឱ្យមាន​ការរៀបចំ​ព្រឹត្ដិការណ៍​ពិព័រណ៍​សៀវភៅ​លំដាប់​ពិភពលោក​បែបនេះ​ជា​រៀងរាល់​ឆ្នាំ​នៅ​កម្ពុជា​។

លោក​ថា​៖ «​ខ្ញុំ​អាច​និយាយថា​ប្រសិន​​បើ​ព្រឹត្ដិការណ៍​ពិព័រណ៍​សៀវភៅ​នេះ​មក​ធ្វើ​កាលពី​ ២០ ​ឆ្នាំ​មុន ខ្ញុំ​នឹង​បារម្ភ​ណាស់​ច្បាស់​ជា​គ្មាន​អ្នក​មក​មើល​ប៉ុន្មាន​ទេ​។ ប៉ុន្ដែ​យើង​បាន​សាកល្បង​កាលពី​ខែ​មុននេះ (​ខែធ្នូ ឆ្នាំ​ ២០១៩) ​ក្នុង​ពិព័រណ៍​​សៀវភៅ​លើក​ទី​ ៨ នៅ​បណ្ណាល័យ​ជាតិ​រយៈពេល ៣ ​ថ្ងៃ ​មាន​អ្នកចូលរួម​ចំនួន​ ១៧ ​ម៉ឺន​នាក់​បាន​ន័យថា ក្មេងៗ​ឥឡូវនេះ​ចាប់ផ្ដើម​អាន​ឡើងវិញ​ខុសពី​អ្នក​ដែល​និយាយថា ក្មេងៗ​ឥឡូវ​​មិនសូវ​ចូល​ចិត្ដ​អាន​សៀវភៅ​»​។

លោក​ AndrewYap ​សហស្ថាបនិក​ពិព័រណ៍​សៀវភៅ​នេះ​បាន​ថ្លែងថា ព្រឹត្ដិការណ៍​នេះ​មិន​គ្រាន់តែ​ជា​ពិព័រណ៍​សៀវភៅ​នោះទេ ប៉ុន្ដែ​វា​ក៏​ជា​យុទ្ធនាការ​មួយ​ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ភាសា​អង់គ្លេស​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​បេសកកម្ម​ចម្បង​របស់​យើង​គឺ​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក​ជាមួយ​សៀវភៅ​ ១ ​ក្បាល​ ដោយ​ធ្វើឲ្យ​ប្រាកដ​ថា សៀវភៅ​របស់​យើង​មាន​តម្លៃ​សមរម្យ និង​អាច​រក​ទិញ​បាន​សម្រាប់​មនុស្ស​គ្រប់រូប​។ មាន​មនុស្ស​ច្រើនណាស់​ដែល​គ្មាន​លទ្ធភាព​ទទួល​បាន​សៀវភៅ​ដោយសារ​តម្លៃ​ខ្ពស់​។ វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់​ព្រោះ​តាមរយៈ​ការអាន​សៀវភៅ​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស និង​ជួយ​ជំរុញ​ឱ្យ​មនុស្ស​ព្យាយាម​សម្រេច​នូវ​ក្តី​ស្រមៃ​របស់ខ្លួន​»​។

យុវតី ជា ឆេងឡាង ជា​និស្សិត​ឆ្នាំ​ទី​ ២ នៃ​វិទ្យាស្ថាន​វិទ្យាសាស្ដ្រ​សុខាភិបាល​ខេមរភូមិន្ទ​បាន​លើក​ឡើង​ក្នុងពេល​មក​ទស្សនា​ពិព័រណ៍​សៀវភៅ​នេះ​ថា ការតាំងពិព័រណ៍​សៀវភៅ​លំដាប់​ពិភពលោក​នេះ​គឺ​ខុសប្លែក​ពី​ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​ដូច​សព្វដង ព្រោះ​ពិព័រណ៍​នេះ​មាន​សុទ្ធតែ​សៀវភៅ​ភាសា​អង់គ្លេស​ច្រើន​ប្រភេទ​រាប់លាន​ក្បាល​។

យុវតី​រូបនេះ​បាន​បន្តថា​៖ «​ក្នុង​ពិព័រណ៍​សៀវភៅ​យើង​ធ្លាប់ធ្វើ​កន្លងមក​មិនសូវ​សម្បូរ​សៀវភៅ​ជា​ភាសា​អង់គ្លេស​ទេ​។ ប៉ុន្ដែ​ពិព័រណ៍ Bad Wolf Book នេះ មាន​សៀវភៅ​ជា​ភាសា​អង់គ្លេស​គ្រប់​ប្រភេទ ហើយ​សៀវភៅ​សុទ្ធតែ​ថ្មីៗ​ទាំងអស់​»​។

យុវតី​ម្នាក់ទៀត​ឈ្មោះ សៀក ហ្វិកជូ បាន​ថ្លែង ខណៈ​កំពុង​ស្វែងរក​សៀវភៅ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​សៀវភៅ​ប្រលោមលោក​នៅ​សាលពិព័រណ៍​នៃ​ផ្សារ​រុងរឿង​កាលពី​ចុងសប្ដាហ៍​មុន​ដែរ​ថា ក្នុង​ពិព័រណ៍​នេះ​មាន​សុទ្ធ​តែ​សៀវភៅ​ភាសា​អង់គ្លេស​ប្លែកៗ​​ច្រើន​ដែល​ពី​មុនមក​មិន​ធ្លាប់​ឃើញ​លក់​តាម​បណ្ណាគារ​នៅ​កម្ពុជា​ទេ​។

យុវតី​វ័យ​ ១៩ ​ឆ្នាំ​រូបនេះ​បន្តថា​៖ «​ឥឡូវ​ទាំង​ខ្ញុំ​ទាំង​យុវជន​ផ្សេង​ចូល​ចិត្ដ​អាន​សៀវភៅ​ជាង​លេង​ទូរស័ព្ទ​។ កាលពី​មុន​ការអាន​សៀវភៅ​យុវជន​មិនសូវ​ចាប់អារម្មណ៍​ទេ​។ ប៉ុន្ដែ​យុវជន​ដែល​មាន​វ័យ​ប្រហាក់ប្រហែល​ខ្ញុំ​នេះ​ចាប់ផ្ដើម​ចូលចិត្ដ​អាន​សៀវភៅ​ដោយ​យល់ថា ការអាន​សៀវភៅ​ដូចជា​មាន​អ្វីមួយ​មក​ទាក់ទាញ​អ៊ីចឹង​ពេល​អាន​ច្រើន​រឹត​តែមាន​អារម្មណ៍​ថា ជក់​ចិត្ដ​កាន់តែ​ខ្លាំង​ឡើងៗ​» ៕