ភ្នំពេញៈ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក​ គង់ គាំ កាលពី​ម្សិលមិញ​បាន​ប្រកាស​ត្រៀម​ខ្លួន​ចូល​ធ្វើ​នយោបាយ​សាជាថ្មី បន្ទាប់ពី​រដ្ឋសភា​បាន​អនុម័ត​ដោយ​សំឡេង​ឯកច្ឆន្ទ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​បដិសេធ​ចូលរួម​ឡើង​វិញ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក គង់ គាំ អ្នក​នយោបាយ​ជើងចាស់​ដែល​មាន​ប្រវត្តិ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ចូលរួម​នយោបាយ​ជាមួយ​លោក សម រង្ស៊ី ក្នុង​ទសវត្សរ៍​ទី​ ៩០ និង​ក្រោយមក​បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ សម រង្ស៊ី (​បច្ចុប្បន្ន​គណបក្ស​ភ្លើង​ទៀន​) ​បាន​ប្រកាស​ថា លោក​គ្មាន​បំណង​ចូលនិវត្តន៍​ពី​កិច្ចការ​នយោបាយ​ទេ ក្រោយ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​មាត្រា ៤៥ ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ចូល​ជាធរមាន​នោះ​។

ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​លោក​ គង់ គាំ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នកនយោបាយ​ទាំង ១១៨ ​រូប​នៃ​អតីត​បក្សប្រឆាំង​ដែល​ត្រូវ​ហាមឃាត់​ការធ្វើ​នយោបាយ​រយៈពេល ៥ ​ឆ្នាំ​បាន​ប្រកាស​ស្វាគមន៍​ការអនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​អះអាង​ថា​លោក​ «​នឹង​ធ្វើ​លិខិត​» ​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្នើសុំ​ឲ្យ​លោក​អាច​មាន​លទ្ធភាព​ចូល​ធ្វើ​នយោបាយ​ឡើងវិញ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​មាន​គំនិត​ថា​នឹង​បញ្ចប់​ជីវភាព​នយោបាយ​ទេ ដូច្នេះ​ទោះបី​ជា​ខ្ញុំ​ត្រូវ​បម្រាម​តុលាការ​កំពូល ក៏​ខ្ញុំ​អន្ទះអន្ទែង​ដែរ ដូច្នេះ​ខ្ញុំ​ទន្ទឹង​ថា​នឹង​បាន​នីតិសម្បទា​ដើម្បី​ធ្វើ​នយោបាយ​ឡើងវិញ​។ ឥឡូវ​នេះ​មាន​វិសោធនកម្ម​ហើយ ដូច្នេះ​ខ្ញុំ​តាំងចិត្ត និង​ត្រៀម​ខ្លួន​ថា​នឹង​ធ្វើ​នីតិវិធី​ដែល​អាច​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​បាន​វិញ​»​។

លោក​អះអាង​ថា​លោក​គ្មាន​បំណង​វិល​ទៅ​រក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​លោក​ សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​គណបក្ស​នោះ​ទេ គឺ​លោក​មាន​បំណង​ទៅ​ធ្វើ​ជា​ «​ទីប្រឹក្សា​» ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក​ គង់ មុនីកា ដែល​ត្រូវ​ជា​កូនប្រុស​របស់​លោក​ជំនួស​វិញ​។

លោក​បន្ថែម​ថា​៖ «​បំណង​ខ្ញុំ​គឺជា​ទីប្រឹក្សា​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​គេ​ថា​ជា ប៉ូល​ថ្មី​មួយ​។ ខ្ញុំ​នៅ​តែ​មិន​រារាំង​...​គណបក្ស​សង្គ្រោះ​ជាតិ​ទេ សង្គ្រោះ​ជាតិ​គេ​តស៊ូ​សម្រេច​តាម​គោលការណ៍​គេ​យ៉ាង​ណា​ស្រេច​តែ​គេ​ចុះ​។ ខ្ញុំ​អាច​ត្រឹម​តែ​ជា​ទីប្រឹក្សា​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​កូនប្រុស​ខ្ញុំ​គឺជា​ប្រធាន និង​ជា​ប៉ូល​ថ្មី និង​ឱកាស​ថ្មី​ដល់​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​ដែល​គេ​មិន​នៅ​ចាំ​ (CNRP)​។ ជា​ឱកាស​ថ្មី និង​ជា​ជម្រើស​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​នឹង​ប្រកួតប្រជែង​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​នា​ថ្ងៃ​អនាគត​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ផ្តោត​តែ​ទៅលើ​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ ដូច្នេះ​ខ្ញុំ​មាន​ឱកាស​ដើម្បី​ចូលរួម​កសាង អភិវឌ្ឍ និង​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​អនាគត​នេះ​ដោយ​ប្រែក្លាយ​ការ​ជ្រុលនិយម ប្រឆាំង​ផ្តេកផ្តួល​អី​នោះ​មក​ជា​ការប្រជែង ចូលរួម​ការពារ កសាង ហើយ​ប្រជែង​គ្នា​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​»​។

លោក​ សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទើប​ក្លាយ​ជា​ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា ក្នុង​ចំណោម​អ្នក​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​រយៈពេល ៥ ​ឆ្នាំ​ដែល​ចង់​ទទួល​បាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​វិញ​គឺជា​ជន​ «​ក្បត់​» អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​ទេ​។

ទោះ​យ៉ាងណា​លោក​ គង់ គាំ ដែល​ធ្លាប់​ជា​មនុស្ស​ជំនិត​របស់​លោក​ សម រង្ស៊ី បាន​ប្រតិកម្ម​ជំទាស់​នឹង​ការតែងតាំង​លោក​ សម រង្ស៊ី ជា​ «​ប្រធាន​ស្ដីទី​» ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ធ្វើ​ឲ្យ​ «​បែកបាក់​ផ្ទៃក្នុង​» និង បាត់បង់​សាមគ្គីភាព​គ្នា​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ការដែល​ធ្វើ​សន្និសីទ​កម្រិត​ពិភពលោក​លើក​ទី​ ១ នៅ​អាត្លង់តា សហរដ្ឋអាមេរិក បាន​ន័យ​ថា​គិតតែ​ក្រុមបក្ខ​ពួកខ្លួន អ៊ីចឹង​គណបក្ស​គេ​ដែល​ចូលរួម​គ្នា​គឺ​គណបក្ស​សិទ្ធិមនុស្ស ហើយ​នឹង​គណបក្ស​ សម រង្ស៊ី បែក​គ្នា​អ៊ីចឹង​មិន​ខុស​ពី​អ្នក​កាន់​អំណាច​សព្វថ្ងៃ​ដែល​ត្រូវ​ចោទ​ថា​ឯកបក្ស តែ​ខ្លួនឯង​ក្នុង​បក្ស​ ២ ក៏​មិន​យក​មតិរួម​ដែរ យក​មតិ​តែ​ម្ខាង គឺ​តែ​អតីត​បក្ស​ សម រង្ស៊ី តែ​ម្ខាង​។ ដូច្នេះ​មិន​អាច​មក​ដឹកនាំ​ប្រទេស​ជា​នីតិរដ្ឋ​បាន​ទេ មិន​អាច​ធ្វើឲ្យ​កម្ពុជា​ប្រែប្រួល​ជា​វិជ្ជមាន​បាន​ទេ​»​។

លោក គង់ គាំ បាន​ថ្លែង​ទៀត​បន្ត​ថា​៖ «​គាត់​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ក្ដី ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី មើល​ទៅ​អត្តនោម័ត លោក​ប្រធាន​ សម រង្ស៊ី ក្រុម​និន្នាការ សម រង្ស៊ី មួយ​ចំនួន​ធ្វើ​ឲ្យ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​បែកបាក់ ហើយ​មាន​វិវាទ​គ្នា​ច្បាស់លាស់​រវាង​លោក​ប្រធាន សម រង្ស៊ី និង​លោក​ប្រធាន​ កឹម សុខា​។ ខ្ញុំ​ឃើញ​ច្បាស់​ដែរ​ដូច្នេះ​ខ្ញុំ​ជឿ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាកដ​ជា​មិន​មាន​អត្តសញ្ញាណ​ឡើង​វិញ ហើយ​មិន​បាន​សាមគ្គី​គ្នា​ដូច​ការរំពឹង​ទុក​របស់​សកម្មជន ឬ​ប្រជាពលរដ្ឋ​ទេ​»​។

លោក​ សម រង្ស៊ី កាលពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​អតីតមន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨ រូប កុំ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ព្រោះ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​គឺជា​សិទ្ធិ​ដែល​មាន​ស្រាប់​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​៕