ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានដឹកនាំប្រតិភូយោធាចាកចេញពីទីក្រុងភ្នំពេញកាលពីម្សិលមិញឆ្ពោះទៅកាន់ប្រទេសតួកគីក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៦ ថ្ងៃពីថ្ងៃទី ២៦-៣១ ខែមករា ឆ្នាំ ២០២០។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កាលពីថ្ងៃ ២២ ខែ មករា ឆ្នាំ ២០២០។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋធានីអង់ការ៉ាលោក ទៀ បាញ់ និងគណៈប្រតិភូគ្រោងនឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋតួកគី លោក ហ៊ូលូស៊ី អាការ៍ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំង ២។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃការពង្រឹង និងពង្រីកទំនាក់ទំនង និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសតួកគីទៅលើវិស័យ យោធា និងការពារជាតិដែលនឹងជួយលើកស្ទួយឲ្យវិស័យការពារប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន។
លោកបានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងប្រទេសតួកគីថ្មីៗនេះកំពុងតែមានការរីកចម្រើន គួរឲ្យកត់សម្គាល់តាមរយៈនៃការធ្វើដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំវាបង្ហាញពីការរីកចម្រើននៃទំនាក់ទំនង។ ពាក់ព័ន្ធនឹងវិស័យការពារជាតិរវាងប្រទេសទាំង ២ កន្លងមក យើងមិនទាន់មានបានការវិវឌ្ឍជាដុំកំភួនតែពេលនេះប្រទេសទាំង ២ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចការតំបន់ និងពិភពលោក»។
លោកបានបន្តថាភាគីទាំង ២ បាននិងកំពុងខិតខំប្រឹងប្រែងបើកទំព័រប្រវតិ្តសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំង ២ ហើយប្រទេសទាំង ២ គឺអាចពឹងពាក់គ្នាទៅវិញទៅមកនាពេលអនាគត ហើយទស្សនកិច្ចនេះចង់បង្ហាញផងដែរថាកម្ពុជាមិនមែនមានតែទំនាក់ទំនងជាមួយប្រទេសចិន ឬ ប្រទេសណាមួយនោះទេ តែកម្ពុជាក៏មានទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសដទៃផ្សេងទៀតនៅក្នុងតំបន់ និងពិភពលោក ហើយវាជួយបង្កើត និងពង្រឹងទីផ្សារដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនង ហើយថាលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិអាចនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសតួកគី តែលោកថា តួកគីអាចជួយតិចតួចណាស់ដល់ប្រទេសកម្ពុជាទាំងវិស័យយោធា និងសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា៖ «វាជាផ្នែកមួយនៃការពង្រឹងប្រទេសទាំង ២។ ជាធម្មតាប្រទេសនីមួយៗតែងតែត្រូវការពឹងពាក់គ្នាទៅវិញទៅមក។ ប្រទេសតួកគី មិនបានជួយធំដុំអីដល់កម្ពុជានោះទេទាំងយោធា និងសេដ្ឋកិច្ច»។ កម្ពុជា និងតួកគីធ្លាប់មានទំនាក់ទំនងការទូតរវាងគ្នាតាំងពីឆ្នាំ ១៩៧០។ ចំណងការទូតបានបាត់បង់ក្រោយឆ្នាំ ១៩៧៥ ដែលកម្ពុជាបានធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ទំនាក់ទំនងរវាងកម្ពុជា និងតួកគីបានវិលត្រឡប់មកវិញក្រោយឆ្នាំ ១៩៩៣ ដែលមានការបោះឆ្នោតសកលលើកដំបូង។ ទំនាក់ទំនងរវាងកម្ពុជា និងតួកគី ក្រោយមកកាន់តែបានពង្រឹងបន្ថែមទៀត ជាពិសេសក្រោយដំណើរទស្សនកិច្ចលោក ហ៊ុន សែន ទៅកាន់ប្រទេសតួកគីកាលពីខែតុលាឆ្នាំ ២០១៨។ នាអំឡុងទស្សនកិច្ចនៅតួកគីកាលនោះ លោក ហ៊ុន សែន និងលោកប្រធានាធិបតីតួកគី Erdogan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនដោយកម្ពុជាបានបើកស្ថានទូតក្នុងទីក្រុងអង់ការ៉ារបស់តួកគីហើយតួកគីបានបើកស្ថានទូតរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។
ជុំវិញការជំរុញទំហំពាណិជ្ជកម្មឲ្យដល់ ១ ពាន់លានដុល្លារអាមេរិក លោក ហ៊ុន សែនលើកជាគំនិតថា គួរធ្វើបញ្ជីមុខទំនិញដែលអាចនាំចេញ-នាំចូលរវាងប្រទេសទាំង ២ ពោល តើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន? ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន? ក្រោយមកទៀតនៅចុងខែកក្កដាឆ្នាំ ២០១៩ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើទស្សនកិច្ចក្នុងក្រុងអង់ការ៉ា ហើយរដ្ឋមន្ត្រីនៃប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការលើកកម្ពស់នៃទំនាក់ទំនងទ្វេភាគីប្រឆាំងនឹងអំពើភេរវកម្ម៕