ភ្នំពេញ: លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីម្សិលមិញបានប្រកាសបដិសេធរាល់ខ្លឹមសារទាំងឡាយណាដែលបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ Gro Angel ដែលប្រើរូបថតរបស់លោក ទន្ទឹមគ្នានេះដែរ មន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទបានជំរុញឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោក ទៀ បាញ់ បានសរសេរប្រកាសលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកពីម្សិលមិញថា៖ «សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា គណនីហ្វេសប៊ុក (Facebook Account) ឈ្មោះ Gro Angel មិនមែនជា គណនីហ្វេសប៊ុក របស់ខ្ញុំនោះទេ។ ខ្ញុំមិនមានពាក់ព័ន្ធទៅនឹងរាល់ការផ្សព្វផ្សាយព័ត៌មានរបស់ គណនីហ្វេសប៊ុក ឈ្មោះ Gro Angel នេះឡើយ។ ហេតុដូច្នេះសូសាធារណជនជ្រាបជាព័ត៌មាន»។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងពីម្សិលមិញថា ពេលថ្មីៗនេះ មានហ្វេសប៊ុកមួយឈ្មោះ Gro Angel បានយករូបលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រើប្រាស់ដាក់តាំងក្នុងគណនីហ្វេសប៊ុក (Facebook) របស់ខ្លួន ដោយបានសរសេរពាក្យរិះគន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចេតនាបង្កឲ្យមានការភាន់ច្រឡំដល់សាធារណជន។
លោកបន្តថា៖ «សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ខ្លឹមសារចោទប្រកាន់នានា ដែលបានបង្ហោះនៅលើហ្វេសប៊ុក ឈ្មោះ Gro Angel នេះមិនមានការពាក់ព័ន្ធជាមួយនឹង សម្តេចពិជ័យសេនា ទៀ បាញ់ នោះទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិ រូបនេះក៏បានព្រមានដល់ជនដែលបង្កើតហ្វេសប៊ុកមួយនេះ ឲ្យបញ្ឈប់ការប្រើប្រាស់រូប រដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ ហើយបានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវចំពោះហ្វេសប៊ុកឈ្មោះ Gro Angel នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ កាលពីម្សិលមិញបានថ្លែងថា មិនទាន់បានទទួលពាក្យបណ្ដឹងជាផ្លូវការនៅឡើយ ប៉ុន្ដែសមត្ថកិច្ចក៏ធ្វើការលើរឿងនេះដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំដឹងរឿងហ្នឹងហើយ តែខ្ញុំមិនទាន់បានទទួលពាក្យបណ្ដឹងពីក្រសួងការពារជាតិទេ។ ទោះបីគាត់មិនទាន់ដាក់ពាក្យបណ្ដឹងមក ប៉ុន្ដែសមត្ថកិច្ចយើងកំពុងធ្វើការងារហើយ ព្រោះវាពាក់ព័ន្ធបញ្ហាសន្ដិសុខជាតិយើង។ ឥឡូវនេះ ខ្ញុំអត់ហ៊ានសន្និដ្ឋានថា ជនសង្ស័យរស់នៅក្រៅប្រទេស ឬនៅក្នុងប្រទេសទេ ដោយរង់ចាំសមត្ថកិច្ចយើងចាប់បានសិន»។
ជាមួយគ្នានេះដែរ រូបថតរបស់លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ក៏ត្រូវបានគេយកទៅដាក់តាំងក្នុងគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «Hang Hing» ដែរ ប៉ុន្ដែកាលពីម្សិលមិញ ភ្នំពេញប៉ុស្ដិ៍ មិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីលោក ហ៊ីង ប៊ុនហៀង បានទេ។
តាមសារព័ត៌មាន Fresh News បានផ្សាយកាលពីម្សិលមិញថា បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី ២២ ឧសភា នេះ បានប្រកាសច្រានចោល និងថ្កោលទោសចំពោះគណនីហ្វេសប៊ុក (Facebook) មួយឈ្មោះ «Hang Hing» ដែលបានរូបរបស់លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ទៅប្រើប្រាស់ និងបង្ហោះសារវាយប្រហាររាជរដ្ឋាភិបាលផងដែរ។ បញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជនដែលបង្កើត Facebook មួយនេះ ឲ្យបញ្ឈប់ការប្រើប្រាស់រូបថតលោក ហ៊ីង ប៊ុនហៀង ហើយបានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចស្រាវជ្រាវចំពោះ អ្នកប្រើ Facebook ឈ្មោះ Hang Hing នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោក អុឹម សុធី នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) បានគាំទ្រវិធានការទាំងឡាយណាដែលប្រឆាំងទង្វើល្មើសច្បាប់ ទន្ទឹមគ្នានេះដែរក៏បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវតែបន្ថែមការផ្សព្វផ្សាយទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលដំណឹងនេះ ហើយពួកគាត់អាចនឹងចៀសវាងពីការប្រព្រឹត្តបទល្មើស។
លោកបញ្ជាក់ថា៖ «ការអនុវត្តច្បាប់គឺល្អហើយ ប៉ុន្ដែសូមអ្នកពាក់ព័ន្ធជួយផ្សព្វផ្សាយបន្ថែមទៀតផង ព្រោះមានពលរដ្ឋមួយចំនួន គាត់ទើបតែបង្កើតគណនីហ្វេសប៊ុក ហើយគាត់អត់ដឹងថា ចែករំលែក ឬដាក់រូបហ្នឹងទៅវាខុសច្បាប់ ហើយអាជ្ញាធរទៅចាប់គាត់ភ្លាមៗ គឺគាត់គិតថា វាអយុតិ្តធម៌ ប៉ុន្ដែបើយើងផ្សព្វផ្សាយបានទូលាយ គឺគាត់នឹងចៀសវាងជាមិនខាន»។
លោក សុធី ថ្លែងថា ការចាត់វិធានការច្បាប់ វាអាចនឹងមានផលប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ប៉ុន្ដែស្នើឲ្យពលរដ្ឋបញ្ចេញមតិកុំធ្វើឲ្យប៉ះពាល់សិទ្ធិអ្នកដទៃឬមួលបង្កាច់ដោយគ្មានហេតុផលត្រឹមត្រូវ។
លោកថា៖ «ព័ត៌មានទាំងឡាយណាដែលមិនមានប្រភពត្រឹមត្រូវ កុំនាំគ្នាចែករំលែក ហើយត្រូវពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយសិន»៕